អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាព​អឺរ៉ុប​បើក​ទំព័រថ្មី​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស២៣នៃសហភាពអឺរ៉ុប ​ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយ លើវិស័យការពារជាតិ។ នេះគឺជាការបោះជំហាន មួយដ៏ធំរបស់អឺរ៉ុ​ប ក្រោមការជ្រោមជ្រែងជាពិសេស ​របស់រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ ដែលមានបំណង ចង់ឃើញអឺរ៉ុប អាចមានលទ្ធភាពការពារខ្លួន និងធ្វើអន្តរាគមន៍រក្សាសន្តិភាព ដោយមិនចាំបាច់ពឹងផ្អែកលើមហាអំណាចណាមួយផ្សេងទៀត។ តើកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ដែលសហភាពអឺរ៉ុបនឹងចាប់ផ្តើមនេះ មានខ្លឹមសារ និងវិសាលភាពយ៉ាងណា? តើវាពិតជាការចាំបាច់មែនឬ ដែលត្រូវចំណាយប្រាក់ គិតគូរពីកម្លាំងទ័ព និងសព្វាវុធ ខណៈដែលប្រជាជនអឺរ៉ុប​ កាន់តែមានជីវភាពក្រីក្រ?

រដ្ឋមន្ត្រីការពារជាតិ និងការបរទេស ទាំង២៣ប្រទេស ​ប្រជុំគ្នា​ចុះហត្ថលេខា​នៅក្រុងព្រុចសែល ថ្ងៃទី​១៣ វិច្ឆិកា ២០១៧
រដ្ឋមន្ត្រីការពារជាតិ និងការបរទេស ទាំង២៣ប្រទេស ​ប្រជុំគ្នា​ចុះហត្ថលេខា​នៅក្រុងព្រុចសែល ថ្ងៃទី​១៣ វិច្ឆិកា ២០១៧ REUTERS/Emmanuel Dunand
ផ្សាយពាណិជ្ជកម្ម

ទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការនៃវិស័យការពារជាតិ  ក្របខណ្ឌសហភាពអឺរ៉ុប ទើបតែត្រូវបើកឡើង បន្ទាប់ពីប្រទេស២៣ បានចុះហត្ថលេខា កាលពីថ្ងៃចន្ទ ទី១៣វិច្ឆិកា លើកិច្ចព្រមព្រៀងមួយ ដែលមានឈ្មោះថា សហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្ត្រៃយ៍ (PESCO)។​ ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប ទាំង២៧ មាន៥ប្រទេស​ដែលបានជ្រើសរើស សុខចិត្តនៅក្រៅចំណងសហប្រតិបត្តិការនេះ គឺ​ដាណឺម៉ាក អៀរឡង់ ម៉ាល់ត៍ និងព័រទុយហ្កាល់។

ការផ្តួចផ្តើម របស់បារាំង និងអាល្លឺម៉ង់

គេគួរអរគុណ អាល្លឺម៉ង់ និងបារាំង ដែលបានខិតខំដុតដៃដុតជើង ប្រឹងប្រែង ឲ្យមានការបើកសហប្រតិបត្តិការក្នុងវិស័យការពារជាតិនេះ។ តាមពិតទៅ គំរោងបង្កើតសហគមន៍អឺរ៉ុបក្នុងវិស័យការពារជាតិនេះ ធា្លប់បានផ្តួចផ្តើមម្តងរួចទៅហើយ នៅឆ្នាំ១៩៥៤  ក៏ប៉ុន្តែវាមិនអាចធ្វើចេញទៅបាន។ ជាងកន្លះសតវត្សមកនេះ អឺរ៉ុបបានកសាងសសរគ្រិះនៃសហប្រតិបត្តិការ តែទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាចំបង។ ចំណែកវិស័យការពារជាតិ ត្រូវប្រទេសសមាជិកម្នាក់ៗ ចាត់ទុកថា ជាវិស័យអធិបតេយ្យជាតិផ្ទាល់ខ្លួនរបស់គេរៀងៗខ្លួន ដូច្នេះ គេមិនត្រូវការឲ្យសហភាពអឺរ៉ុបមកលូកដៃកកូរកកាយទេ។

ក៏ប៉ុន្តែ ស្ថានភាពឆ្នាំ២០១៧នេះ ខុសគ្នាឆ្ងាយណាស់ ពីឆ្នាំ១៩៥៤។ សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹង វិបត្តិសន្តិសុខ ស្ថិរភាពដែលត្រូវដោះស្រាយ។ ការគំរាមកំហែងភេរវកម្ម ដែលបានកើនឡើងកាន់តែខ្លាំង ក្នុងរវាង៥ឆ្នាំចុងក្រោយនេះ បានតំរូវឲ្យប្រទេសសមាជិកអឺរ៉ុប ត្រូវចាប់ដៃធ្វើការជាមួយគ្នា ដោះដូរតួលេខ និងចែកចាយទិន្ន័យឲ្យគ្នា  មិនថាជាតួលេខតាមដានស៊ើបការសម្ងាត់ ឬក៏ទិន្ន័យនៃចរាចរណ៍ធ្វើដំណើរផ្លូវអាកាស។ វិស័យសន្តិសុខ បានក្លាយទៅជាអាទិភាពសម្រាប់ប្រទេសសមាជិកអឺរ៉ុប។

អឺរ៉ុប ត្រូវតែរកវិធីការពារខ្លួន ដោយខ្លួនឯង

សង្រ្គាម នៅតំបន់ដើមបូព៌ា និងតំបន់អាហ្វ្រិក កំពុងតែជះឥទ្ធិពលដោយផ្ទាល់ មកលើទ្វីបអឺរ៉ុប។ អឺរ៉ុបមិនអាចមានសន្តិភាពតែម្នាក់ឯងទេ បើសិនជាតំបន់ផ្សេងទៀត ត្រូវយាយីដោយសង្រ្គាម ជាពិសេសគឺសង្រ្គាម​សាសនា ភេរវកម្មជ្រុលនិយម។ ដូច្នេះហើយ បានជាបារាំង និងអាល្លឺម៉ង់ ដែលជាចលករធំនៅអឺរ៉ុប  បានព្យាយាមរិះរកវិធី ផ្តល់លទ្ធភាពឲ្យសហភាពអឺរ៉ុប ចាប់ដៃគ្នា អាចធ្វើអន្តរាគមន៍ នៅតាមតំបន់មួយចំនួន នៅអាហ្វ្រិក និងដើមបូព៌ា។ អន្តរាគមន៍ដោយផ្ទាល់ នៅអ៊ីរ៉ាក់ នៅម៉ាលី សហប្រតិបត្តិការកងនាវាល្បាត នៅសមុទ្រមេឌីទែរ៉ាណេ និងនៅមហាសមុទ្រឥណ្ឌា ទាំងអស់នេះ គឺសុទ្ធតែចាំបាច់ ដើម្បីរក្សាសន្តិសុខ និងសន្តិភាពសម្រាប់អឺរ៉ុប។

ហេតុផលមួយទៀតដែល​ អឺរ៉ុបបានពិចារណាថាគួរតែត្រូវមានកំលាំងការពារខ្លួននោះ គឺក្រោយពេលដែលលោកដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ កន្លកមក អង្គការអូតង់​ដែលមានសហរដ្ឋអាមេរិក ជាអ្នកដឹកនាំនោះ គឺជាអ្នកការពារ រក្សាសន្តិសុខឲ្យអឺរ៉ុប។ ក៏ប៉ុន្តែលោកដូណាល់ ត្រាំបានបង្ហាញជំហរច្បាស់ហើយថា អាមេរិក មិនអាចចំណាយប្រាក់ការពារប្រទេសដ៏ទៃបានទៀតទេ។​ គឺក្នុងហេតុផលនេះហើយ​ ដែលលោកម៉ាក្រុង និងលោកស្រីមែរគែល បានសម្លឹងឃើញថា ដល់ពេលហើយ ដែលអឺរ៉ុប​មានប្រព័ន្ធសហប្រតិបត្តិការយោធាដោយខ្លួនឯង។

ចេតនាចង់ការពារខ្លួននេះ បានចាប់ផ្តើមមានពន្លក បន្ទាប់ពីរុស្ស៊ីបានលើកទ័ពមកដណ្តើមយកតំបន់គ្រីមេ ពីដៃអ៊ុយក្រែន។ ប្រឈមមុខនឹងរុស្ស៊ី ដែលកាន់តែមានកម្លាំង ហើយងាកទៅរំពឹងលោក ដូណាល់ ត្រាំ និងអង្គការអូតង់ឯណោះ ក៏មិនអាចទុកចិត្តបានទាំងស្រុង ដូច្នេះសហភាពអឺរ៉ុប ត្រូវតែរកវិធីការពារខ្លួន ដោយខ្លួនឯង។ មួយវិញទៀត អង់គ្លេស ដែលជាកន្លងមក ជាប្រទេសប្រឆាំងដាច់ខាត ចំពោះការបើកសហប្រតិបត្តិការយោធា ក្នុងក្របខណ្ឌអឺរ៉ុបនេះ នឹងលែងនៅក្នុងសហភាពអឺរ៉ុបទៀតហើយ ដូច្នេះគ្មានសិទ្ធិអ្វីមករារាំងទេ។

សហប្រតិបត្តិការរចនាសម្ព័ន្ធអចិន្ត្រៃយ៍

ត្រលប់មកនិយាយ ពីសហប្រតិបត្តិការក្នុងវិស័យយោធា ដែលទើបតែបានចុះហត្ថលេខា កាលពីថ្ងៃចន្ទទី​១៣ វិច្ឆិកានេះវិញ​ តើគេបានចែងសំដៅលើអ្វីខ្លះ?

សម្រាប់ដំណាក់កាលដំបូងនៃសហប្រតិបត្តិការនេះ គឺជាគំរោងអភិវឌ្ឍន៍ វិស័យផលិតសម្ភារៈ បច្ចេកទេស​ និងបច្ចេកវិទ្យាយោធា មានដូចជា ការផលិតរថពាសដែក យានស៊ើបការសម្ងាត់គ្មានមនុស្សបើក ព្រមទាំងយន្តហោះយោធាជាដើម។ ស្ថិតក្នុងក្របខណ្ឌនេះ មានគំរោងចំនួនជាង៥០ហើយ ដែលកំពុងត្រូវបានពិនិត្យ ហើយដែលគំរោងទាំងនោះ នឹងចូលរួម អភិវឌ្ឍន៍វិស័យឧស្សាហកម្មយោធា របស់អឺរ៉ុប។ ទៅថ្ងៃខាងមុខ សហភាពអឺរ៉ុប និងបង្កើតមូលនិធិមួយ ដើម្បីជំរុញវិស័យឧស្សាហកម្មយោធារបស់ខ្លួន  ក្នុងទឹកប្រាក់ប្រមាណជា ៥៥០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។ វាក៏គឺជាឱកាស ឲ្យឧស្សហកម្មនេះ អាចជ្រោងខ្លួនឡើង ប្រជែងជាមួយនឹងឧស្សហកម្មយោធា របស់អាមេរិកដែរ។

បន្ថែមពីនេះ នៅមានគំរោងបង្កើតមន្ទីរពេទ្យយោធាអឺរ៉ុបមួយ។ គោលដៅទៅថ្ងៃមុខ គឺនឹងត្រូវបង្កើត ជាទីបញ្ជាការដ្ឋានយោធាអឺរ៉ុបមួយ ឬក៏ទីបញ្ជាការចាត់ចែងភស្តុភារសម្រាប់សហភាពអឺរ៉ុប។ ប្រទេសហត្ថលេខី ទាំង២៣ ក៏បានសន្យានឹងគ្នា​ថានឹងតម្លើង ជាប្រចាំនូវថវិកា ដែលចំណាយក្នុងវិស័យការពារជាតិ។ ក្រៅពីនេះ ប្រទេសទាំងអស់ មានកាតព្វកិច្ច ជំរុញ​ការចំណាយលើវិស័យស្រាវជ្រាវ ឲ្យបាន២% នៃថវិកាការពារជាតិរបស់​ខ្លួន។

គួររំលឹកថា កាលពីចុងខែកញ្ញា លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសពីគោលបំណងរបស់លោក ដែលចង់កសាងប្រព័ន្ធការពារជាតិអឺរ៉ុបឲ្យរឹងមាំ តាមរយៈការបង្កើត  ឲ្យមានកម្លាំងធ្វើប្រតិបត្តិការរួមគ្នាមួយ ការបង្កើតឲ្យមានកញ្ចប់ថវិកាការពារជាតិរួមគ្នាមួយ និងការបង្កើតទ្រឹស្តីនៃប្រតិបត្តិការរួមគ្នាមួយ។ តាមរយៈពាក្យថា ទ្រឹស្តីនៃប្រតិបត្តិការរបស់អឺរ៉ុបនេះ គឺគេចង់សំដៅថា ជាទ្រឹស្តីដែលខុសពីទ្រឹស្តីរបស់កងទ័ពអាមេរិក ឬអង្គការអូតង់។

ជាការពិត ថ្នាក់ដឹកនាំអង្គការអូតង់​ មិនបានលាក់ពីការទើសទ័លចិត្តទេ នៅចំពោះមុខការបង្កើតចំណងសហប្រតិ​បត្តិការយោធា របស់អឺរ៉ុបនេះ។ តែយ៉ាងណា ថ្នាក់ដឹកនាំអឺរ៉ុប បានអះអាងរួចហើយថា វាគ្មានអ្វីទៅប្រជែងនឹងការងាររបស់អូតង់ទេ។ ផ្ទុយទៅវិញ ប្រព័ន្ធការពារជាតិអឺរ៉ុប និងអូតង់ នឹងធ្វើការជាមួយគ្នា បែងចែកតួនាទីគ្នា ជួយគ្នាទៅវិញទៅមក។

មានតែទ្រឹស្តី តែត្រូវរងចាំមើលការអនុវត្ត

ទ្រឹស្តីនៃការចង់បានប្រព័ន្ធការពារជាតិ ដោយខ្លួនឯងរបស់អឺរ៉ុប គឺវាជាចំណុចប្រសើរណាស់។ ក៍ប៉ុន្តែ មិនមែនមានន័យថា គេនឹងសម្រេចធ្វើទៅបាន ដោយគ្មានឧបសគ្គនោះទេ។ យន្តការនៃការសម្រេចធ្វើអ្វីមួយ ដោយប្រទេសទាំង២៣ ប្រាដកជាជួបនឹងការរាំងស្ទះ នៅពេលណា ដែលប្រទេសសមាជិកណាមួយជំទាល់។ មួយវិញទៀត គេមិនត្រូវភ្លេចទេថា មានតែបារាំងម្នាក់តែប៉ុណ្ណោះ ដែលមានវិស័យការពារជាតិល្អជាងគេ ឯប្រទេសឯទៀត នៅពុំមានគ្រប់គ្រាន់ មិនថាសម្ភារៈ បច្ចេកទេស និងបទពិសោធន៍។ តើបារាំង តែម្នាក់ឯង អាចជ្រោងប្រទេសដ៏ទៃទៀតបានដែរឬទេ?

តើការនេះ នឹងត្រូវចំណាយទំហំទឹកប្រាក់ប៉ុណ្ណា? តើប្រទេសទាំងអស់ សុខចិត្តច្បិចពីមាត់ពីក ដើម្បីយកមកចិញ្ចឹមប្រព័ន្ធការពារជាតិរួមនេះដែរ ឬទេ?​ សេដ្ឋកិច្ចអឺរ៉ុបកាន់តែក្រ តែអឺរ៉ុបបែរជាមានទាហាន មានសព្វាវុធទំនើបៗទុកធ្វើសង្រ្គាម។ តើមតិសាធារណៈ អាចទទួលយកបានកំរិតណាដែរ? គេមិនអាចចេញទៅធ្វើសង្រ្គាម ដោយមិនស្គាល់ថាសត្រូវជានរណានោះទេ។ ប្រភពនៃអស្ថិរភាព និងសង្រ្គាមនានា នៅទូទាំងពិភពលោក គឺមកពីអំពើពុករលួយ ភាពក្រីក្រ និងបំរែបំរួលអាកាសធាតុ ។ល។ គេមិនអាចយកចុងកាណុង ទៅដោះស្រាយបញ្ហាទាំងអស់នេះបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ