អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃទី១២កញ្ញា សភាសហភាពអឺរ៉ុប បានអនុម័តសំណើអត្ថបទច្បាប់មួយ ស្តីពីការការពារកម្មសិទ្ធិបញ្ញា។ វាគឺជាគំរោងកំណែទម្រង់ថ្មី ដែលសំដៅការពារសិទ្ធិកម្មសិទ្ធិបញ្ញា ឲ្យបានរឹងមាំ ខណៈដែលកន្លងមក ម្ចាស់កម្មសិទ្ធិ ដូចជាអ្នកនិពន្ធអត្ថបទ សិល្បករ ឬបណ្តាញសារព័ត៌មានផ្សេងៗ បានខាតបង់ មិនបានទទួលផលកម្រៃ ពីការចែកចាយអត្ថបទ ឬស្នាដៃខ្លួន នៅលើបណ្តាញអ៊ីនធឺណិតទេ។ វាគឺជាគំរោងច្បាប់ ដែលត្រូវបានអ្នកការពារសិទ្ធិនេះអបអរ តែទន្ទឹមនឹងនេះ វាក៏រងការរិះគន់ដែរពីសំណាក់ អ្នកការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ លើបណ្តាញអ៊ីនធឺណិត។ ជាងនេះទៅទៀត គំរោងច្បាប់ថ្មីនេះ កំពុងត្រូវបានគេរិះគន់ ថានឹងធ្វើឲ្យប៉ះពាល់ ដល់ភាពសេរីបើកចំហ នៃការប្រើប្រាស់អ៊ីនធឺនែត។

Google Amazon Facebook និង Apple សុទ្ធសឹង​ជាក្រុមហ៊ុនធំៗ ដែល​រកស៊ី​ជាមួយ​​នឹង​ទិន្នន័យ​ព័ត៌មាន​​លើ​អ៊ីនធឺណិត
Google Amazon Facebook និង Apple សុទ្ធសឹង​ជាក្រុមហ៊ុនធំៗ ដែល​រកស៊ី​ជាមួយ​​នឹង​ទិន្នន័យ​ព័ត៌មាន​​លើ​អ៊ីនធឺណិត AFP
ផ្សាយពាណិជ្ជកម្ម

ច្បា​ប់កម្មសិទ្ធិបញ្ញា កំពុងតែពុះចែកមតិទូទៅ មិនថាក្នុងចំណោមអ្នកធ្វើច្បាប់ ឬតំណាងសង្គមស៊ីវីល នៅអឺរ៉ុប។ គណៈកម្មការនីតិកម្ម នៃសភាអឺរ៉ុប បានសម្រេចបោះឆ្នោតអនុម័តគំរោងច្បាប់កម្មសិទ្ធិបញ្ញាថ្មីនេះ យ៉ាងប្រផុតប្រផោយ ក្នុងសំលេង១៣​ព្រម ទល់នឹង១១ប្រឆាំង។ តែយ៉ាងណា អត្ថបទនៃគំរោងច្បាប់នេះ នៅមិនទាន់ជាអត្ថបទច្បាប់ចុងក្រោយនៅឡើយទេ។ សភាអឺរ៉ុប នឹងបញ្ជូនសំណើច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពិភ្សាបន្ត។

ការពារសិទ្ធិ​របស់​ម្ចាស់ស្នាដៃ ទល់នឹង​ការ​កេងចំណេញ​របស់​បណ្តាញ​អ៊ីនធឺណិត

ខ្លឹមសាររួមនៃអត្ថបទច្បាប់កម្មសិទ្ធិបញ្ញាថ្មីនេះ គឺសំដៅធ្វើកំណែទម្រង់ ឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងលឿនរហ័ស នៃសម័យកាលបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន ដែលមនុស្សម្នា ប្រើប្រាស់ អាន ចែករំលែក និងស្រង់ប្រភពដំណឹងនានា តែនៅលើបណ្តាញអ៊ីនធឺណិត។ ច្បាប់កម្មសិទ្ធិបញ្ញាថ្មី ដែលអឺរ៉ុបចង់ធ្វើ គឺដើម្បីការពារម្ចាស់កម្មសិទ្ធិ អ្នកនិពន្ធ អ្នកសរសរអត្ថបទ សិល្បករ អ្នកកាសែត ឬបណ្តាញសារព័ត៌មាន ដែលជាម្ចាស់ពិតប្រាកដនៃអត្ថបទ ឬទិន្នន័យទាំងនោះ។

ក្នុងន័យនេះ អ្នកធ្វើច្បាប់របស់សហភាពអឺរ៉ុប មានបំណងចាប់បង្ខំ ឲ្យក្រុមហ៊ុនគ្រប់គ្រងបច្ចេកវិទ្យាអ៊ីនធឺណិតធំៗ ដូចជាក្រុមហ៊ុន Google  Apple Facebook Amazon Twitter និងMicrosoft ជាដើម ឲ្យត្រូវតែគោរពកម្មសិទ្ធិបញ្ញា របស់ម្ចាស់អត្ថបទ ម្ចាស់រូបថត ឬម្ចាស់ស្នាដៃ ដែលមានចរាចរណ៍នៅលើបណ្តាញរបស់ក្រុមហ៊ុនទាំងនោះ។ ការគោរពនេះ គឺអាចស្តែងចេញតាមរយៈ ការសុំការអនុញ្ញាតជាមុន ឬជាការបង់ប្រាក់កម្រៃ មួយចំណែកឲ្យទៅម្ចាស់កម្មសិទ្ធិបញ្ញា។

បើពិនិត្យមួយជ្រុង កម្មវត្ថុនៃច្បាប់កម្មសិទ្ធិបញ្ញាថ្មីនេះ មានលក្ខណៈល្អ ដែលសំដៅការពារម្ចាស់កម្មសិទ្ធិ និងអ្នកដែលមានសិទ្ធដែរ ក្នុងស្នាដៃនោះ។ បណ្តាញសារព័ត៌មាននានា ដែលបាត់បង់អតិថិជន អ្នកជាវអត្ថបទខ្លួន ដោយសារតែគ្រប់គ្នា ទៅ​អាន និងចែករំលែកអត្ថបទ តែនៅលើអ៊ីនធឺណិតនោះ បានសំដែងការត្រេកអរ ដោយសារគេសង្ឃឹមថា អាចបានចំណូលមួយផ្នែក សក្តិសមនឹងការងាររបស់ខ្លួន។ តែផ្ទុយទៅវិញ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញអ៊ីនធឺណិតធំៗ បានរិះគន់កំណែទម្រង់នេះយ៉ាងខ្លាំង។ សម្រាប់ពួកគេ ច្បាប់ថ្មីនេះ នឹងប៉ះពាល់ យ៉ាងខ្លាំង ដល់សិទ្ធិសេរីភាពក្នុងការប្រើប្រាស់ អ៊ីនធឺណិតដោយសេរី ហើយវានឹងធ្វើឲ្យ​ប្រែប្រួលទាំងស្រុង ដល់លំហូរទិន្នន័យនៃការប្រើប្រាស់អ៊ិនធឺណិត។

សិទ្ធិប្រហាក់ប្រហែល​ សម្រាប់​បណ្តាញសារព័ត៌មាន

ជាការពិត  មានមាត្រាចំនួន២ នៃគំរោងអត្ថបទច្បាប់នេះ ដែលត្រូវបានគេជជែកតឹងសរសៃក ហើយដែលបង្កជាការតវ៉ារិះគន់ជាខ្លាំង រយៈពេលប៉ុន្មានខែមកនេះ។ ទីមួយគឺមាត្រា១១។ មាត្រា១១នេះ បានចែងកំណត់ បង្កើតសិទ្ធិប្រហាក់ប្រហែល (Droit voisin) ភ្ជាប់ជាមួយនឹងសិទ្ធិកម្មសិទ្ធបញ្ញា សម្រាប់វិស័យសារព័ត៌មាន។ សិទ្ធិប្រហាក់ប្រហែលនេះ នឹងចាប់បង្ខំ ឲ្យក្រុមហ៊ុនគ្រប់គ្រងបច្ចេកវិទ្យាអ៊ីនធឺណិត ដូចជាGoogle Apple ឬ Mozilla ជាដើម ថាត្រូវតែផ្តល់ប្រាក់កម្រៃឲ្យបានសមរម្យ ទៅឲ្យបណ្តាញព័ត៌មានដែល ជានិយោជក នៃម្ចាស់អត្ថបទព័ត៌មាន បើទោះបីជាបណ្តាញព័ត៌មានទាំងនោះ មិនមែនជាអ្នកនិពន្ធអត្ថបទនោះ ដោយផ្ទាល់​ក៏ដោយ។

ទាក់ទិននឹងចំណុចនេះ អ្នកច្បាប់សហភាពអឺរ៉ុប បានយល់ស្របគ្នាថា ការដែលអ្នកប្រើប្រាស់ ចែកចាយបន្ត​អត្ថបទមួយ ដោយគ្រាន់តែចំលងខ្សែបណ្តាញ (Lien hypertexte) ពីមួយទៅមួយ គឺមិនតម្រូវឲ្យបង់ប្រាក់​កម្រៃ ទៅឲ្យបណ្តាញសារព័ត៌មាននោះទេ។ ក៏ប៉ុន្តែ ការចែករំលែកម្យ៉ាងទៀត ដែលភាសាបច្ចេកទេស ហៅថា “Snippets” ដែលជា​ខ្សែភ្ជាប់ដែរ តែមានលេចចេញ នូវសម្រង់អត្ថបទ ដោយខ្លីមួយផ្នែក។ ការចែករំលែកបន្តរបៀបនេះ គឺវេបសាយសារព័ត៌មាន ដែលជាប្រភពនៃអត្ថបទនោះ ត្រូវតែទទួលបានកំរៃ។ តែផ្ទុយទៅវិញ លក្ខណៈពិសេស និយមន័យ នៃ Snippets នេះ កំពុងស្ថិតក្នុងការមន្ទិលសង្ស័យ ជជែកគ្នា មិនទាន់ដាច់ស្រេចនៅឡើយ។

ការពិតទៅ វិធានច្បាប់ប្រហែលគ្នានេះ ធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តខ្លះហើយ នៅតាមប្រទេសមួយចំនួន ដូចជានៅអេស្ប៉ាញ និងអាល្លឺម៉ង់ជាដើម។ ច្បាប់អេស្ប៉ាញ និងអាល្លឺម៉ង់ បានចាប់បង្ខំGoogle ឲ្យត្រូវតែបង់ប្រាក់ ដល់បណ្តាញព័ត៌មានណា ដែលGoogle យកទៅចែកចាយបន្តនៅលើ Google News។ ជាការឆ្លើយតប Google បានសុខចិត្ត បិទសេវា Google News នៅអេស្ប៉ាញ ចោលតែម្ត​ង ដោយហេតុថាមិនចំណេញ។ ចំណែកនៅអាល្លឺម៉ង់ Google បានដកចេញ ឈប់ចែករំលែកអត្ថបទរបស់បណ្តាញសារព័ត៌មានដែលចង់ទារប្រាក់ពីខ្លួន។ ជាផលវិបាក សារព័ត៌មានទាំងនោះ បានបាត់បង់ចំនួនអ្នកអានលើអ៊ីនធឺណិតយ៉ាងច្រើន។

បន្ថែមពីនេះ តាមរយៈមាត្រា១១ គឺមុននឹងចែកចាយអត្ថបទរបស់បណ្តាញសារព័ត៌​មានណាមួយ អ្នកចែកចាយ ត្រូវតែសុំការអនុញ្ញាតជាមុន។ ទាក់ទិននឹងចំណុចនេះ គេហទំព័រ Wikipedia ដែលរំពឹងទាំងស្រុង ទៅលើប្រភពដោយសេរី បើកចំហ របស់អ្នកប្រើប្រាស់នោះ អាចជួបបញ្ហា។ តំណាង Wikipedia France បានលើកឡើងថា ក្នុងមួយខែ Wikipedia ត្រូវធ្វើការផ្លាស់ប្តូរប្រភពអត្ថបទយោងរបស់ខ្លួន មិនតិចជាង១លានទំព័រទេ។ ដូច្នេះ មាត្រា១១នេះ នឹងបង្អាក់ការងារនេះ ឲ្យរាំងស្ទះទាំងស្រុង។

ក្រៅពីការចែកចាយអត្ថបទយោង ដែលអាចនឹងត្រូវរារាំង ដោយសារតែត្រូវរង់ចាំការយល់ព្រមពី គេហទំព័រម្ចាស់អត្ថបទដើមជាមុនសិននេះ គឺសេរីភាពក្នុងការបញ្ចេញមតិ លើបណ្តាញអ៊ិនធឺណិត តែម្តង ដែលអាចនឹងរងគ្រោះ។ អ្នកប្រើប្រាស់ ប្រាកដជាមិនអាច ដកស្រង់ខ្លឹមសារខ្លះ ឬយោងប្រភពអត្ថបទខ្លះ ដើម្បីយកមកវែកញែក បច្ចេញយោបល់ បានទៀតទេ។

បិទខ្ទប់ទិន្នន័យដោយស្វ័យប្រវត្តិ

ក្រៅពីមាត្រា១១ គឺមានមាត្រ១៣មួយទៀត ដែលចោទជាបញ្ហា។ មាត្រា ១៣នេះ តំរូវឲ្យគេហទំព័រ ដែលចែកចាយទិន្នន័យមិនថាជា​អត្ថបទ រូបភាព សំឡេង ឬវីដេអូ ដូចជាបណ្តាញសង្គម Facebook Twitter Youbube  ជាដើម គឺក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ ត្រូវតែរិះរកបង្កើត បច្ចេកវិទ្យាពិសេសមួយ ដើម្បីតាមបិទខ្ទប់ ជាលក្ខណៈស្វ័យប្រវត្តិ ទៅលើទិន្នន័យណា ដែលត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា។ ពោលគឺត្រូវបិទខ្ទប់ មុនពេលទិន្នន័យទាំងនោះ ចេញផ្សាយជាសាធារណៈលើអ៊ីនធឺណិត។

បទបញ្ញតិ្តនេះ ត្រូវបានគេរិះគន់ថា នឹងធ្វើឲ្យចរាចរណ៍ទិន្នន័យទាំងស្រុងលើអ៊ីនធឺណិត ជួបការរាំងស្ទះ តួយ៉ាង ដូចជាការចែករំលែកទិន្នន័យជាលក្ខណៈឯកជនផ្ទាល់ខ្លួន គ្មានកម្មវត្ថុពាណិជ្ជកម្ម ជាដើម។ ជាងនេះទៅទៀត ការប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីតាមចាប់ បិទខ្ទប់ទិនន័្នយនីមួយៗ ដោយសំអាងលើកម្មសិទ្ធិបញ្ញា គឺជារឿងមួយមិនសមហេតុផលទេ។ អ្នករិះគន់ បានលើកឡើងថា បើដូច្នេះមែន ស្នាដៃនៃការច្នៃ​ប្រឌិត បែបកំប្លែងលេង ឬក៏ការបង្កើត​ស្នាដៃថ្មី​មួយ ដោយទទួលឥទ្ធិពលពីស្នាដៃចាស់ ច្បាស់ជាត្រូវរារាំងទាំងស្រុង។ ក្នុងន័យនេះ មាត្រា១៣ នឹងមានឥទ្ធិពល រារាំង ដល់សិទ្ធិសេរីភាពនៃការបង្កើតថ្មី។

ជាការពិតណាស់ សម្រាប់អ្នករិះគន់ ការប្រើប្រព័ន្ធបច្ចេកវិទ្យា មកចាប់បិទខ្ទប់ទាំងអស់បែបនេះ គឺជារឿងហួសហេតុ ព្រោះថាច្បាប់កម្មសិទ្ធិបញ្ញាមានលក្ខណៈស្មុគស្មាញ ដែលត្រូវពិចារណា មិនមែនឲ្យតែមានអ្វីជាប់ពាក់ព័ន្ធបន្តិច គឺដឹងតែបិទខ្ទប់នោះទេ។ សិល្បករមួយចំនួន ដែលមានអាជីពនៅតាមបណ្តាញអ៊ីនធឺណិត បានសម្តែងការបារម្ភថា ការហាមឃាត់រារាំងជ្រុល ជាលក្ខណៈស្វ័យប្រវត្តិបែបនេះ​ គឺជារឿងមិនត្រឹមត្រូវ ព្រោះថា មុននឹងហាមឃាត់ គេមិនបានមកពិនិត្យលើខ្លឹមសារទាំងស្រុង នៃស្នាដៃនីមួយៗជាមុនទេ។

អ្នកណាខាត អ្នកណាចំណេញ?

ក្រុមម្ខាងគិតថា វាជារឿងធម្មតាទេ ដែលបណ្តាញអ៊ីនធឺណិត ចែកចាយអត្ថបទ ឬស្នាដៃអ្វីមួយ ត្រូវតែសុំការអនុញ្ញាត ឬផ្តល់ប្រាក់កម្រៃ ដល់ម្ចាស់កម្មសិទ្ធិ។ តែសម្រាប់ក្រុមម្ខាងទៀត គិតថា ការហាមឃាត់ជ្រុលហួសហេតុ ការចាប់បង្ខំដោយស្វ័យប្រវត្តិ ប្រាកដជាធ្វើឲ្យសេរីភាពបញ្ចេញមតិ សេរីភាពបង្កើតស្នាដៃសិល្បៈ និងសេរីភាពប្រើប្រាស់អ៊ិនធឺណែត ត្រូវរងការរារាំង។

តែយ៉ាងណាក៏ដោយ អត្ថបទគំរោងច្បាប់កម្មសិទិ្ធបញ្ញារបស់អឺរ៉ុបនេះ នៅមិនទាន់ជាស្ថាពរនៅឡើយទេ។ ក្រុមប្រឹក្សាអឺរ៉ុប ដែលមានតំណាងប្រទេសសមាជិកទាំង២៨ ត្រូវជជែកពិភាក្សាគ្នាបន្ថែម លើខ្លឹមសារ មុននឹងសម្រេចដាក់ចេញជាបទបញ្ញត្តិអឺរ៉ុប (Directive européenne)។ គ្មានច្បាប់ឯណា ដែលល្អឥតខ្ចោះទាំងស្រុងទេ។ អ្នកច្បាប់អឺរ៉ុប អាចមានគំនិត ចង់ការពារម្ចាស់ស្នាដៃ ផ្តល់តំលៃដល់ការងារដែលសម្រេចបាន ជាជាងការបើកចំហ បែបអនាធិបតេយ្យ នៅលើបណ្តាញអ៊ីនធឺណិត។ ចំណែក​ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញ​​បច្ចេកវិទ្យា​អ៊ីនធឺណិត ដែលតែងតែរិះគន់ថា ថាធ្វើបែបនេះ ពិតជាប៉ះពាល់សិទ្ធិសេរីភាពនោះ តែបើ​យើង​គិត​ឲ្យមែនទែនទៅ គឺក្រុមហ៊ុនបច្ចេកវិទ្យា​ទាំងនោះ ដែលយកសិទ្ធិសេរីភាពទាំងនេះមករកស៊ី ព្រោះបើអ្នកប្រើប្រាស់ ងាយចែករំលែក ងាយធ្វើចរាចរណ៍ទិន្នន័យ អ្នកដែលចំណេញ គឺក្រុមហ៊ុនទាំងនោះហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ