អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ ទី២៨មេសា ប្រជាជនអេស្ប៉ាញ ត្រូវទៅចូលរួម បោះឆ្នោតជ្រើសរើសសមាជិកសភា និងរុះរើសមាជិកព្រឹទ្ធសភា​មួយចំនួនធំ។ នេះគឺជាការបោះឆ្នោតមុនអាណត្តិ ​បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ប៉េដ្រូ សាន់ឆេ បរាជ័យក្នុងការអនុម័តច្បាប់ថវិកាជាតិ។ វិបត្តិនយោបាយអេស្ប៉ាញ បានអូសបន្លាយប្រមាណ​ជិត៤ឆ្នាំមកហើយ ជាមួយនឹងការបោះឆ្នោតសភាមុនអាណត្តិ ម្តងហើយម្តងទៀត និងការរំលាយរដ្ឋាភិបាល ដល់ទៅ២ដង។ សម្រាប់ការបោះឆ្នោតលើកនេះ អ្វីដែលជាការព្រួយបារម្ភ គឺការកើនឡើងនូវប្រជាប្រិយភាព របស់គណបក្សស្តាំ ជាតិនិយមជ្រុល ដែលជាបក្សថ្មីទើបតែកកើត ព្រោះថា​ប្រជាជនអេស្ប៉ាញ អស់ជំនឿ លើគណបក្សធំៗទាំងឆ្វេង ទាំងស្តាំ ដែលមិនដែលចេះចុះសម្រុងនឹងគ្នា។

បុគ្គលិក​ការិយាល័យ​បោះឆ្នោត កំពុងរៀបប្រអប់​​គូស​​សន្លឹកឆ្នោត​។ ក្រុង​ Alcala de Henares ថ្ងៃទី​​២៨ មេសា​ ២០១៩
បុគ្គលិក​ការិយាល័យ​បោះឆ្នោត កំពុងរៀបប្រអប់​​គូស​​សន្លឹកឆ្នោត​។ ក្រុង​ Alcala de Henares ថ្ងៃទី​​២៨ មេសា​ ២០១៩ REUTERS/Juan Medina
ផ្សាយពាណិជ្ជកម្ម

បោះឆ្នោតលើកទី៣ ក្នុងរវាងជាង៣ឆ្នាំ

ជាង៣ឆ្នាំ បោះឆ្នោតសភាដល់ទៅ៣ដង គឺវាបង្ហាញពីវិបត្តិនយោបាយ មិនចុះសម្រុងគ្នា យ៉ាងធ្ងន់ធ្ងរ។ វិបត្តិនយោបាយអេស្ប៉ាញ បានផ្តើមឡើង នៅចុងឆ្នាំ២០១៥ ក្នុងឱកាសបោះឆ្នោតសភា ដែលកាលនោះ អេស្ប៉ាញបានឈានចូលទៅក្នុងបរិយាកាសនយោបាយ​ថ្មីមួយ ដែលបក្សធំទាំង២ គឺបក្សសង្គមនិយម និងបក្សអភិរក្សស្តាំនិយម ដែល​ធ្លាប់តែគ្រប់គ្រងសម្លេងភាគច្រើនក្នុងសភានោះ បានបាត់សម្លេងឆ្នោត មិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។

ព្រមជាមួយគ្នានោះ គឺសង្កេតឃើញថា មានបក្សតូចៗ បានលេចមុខឡើយ ឈានជើងចូលសភា គឺបក្ស Podemos ដែលជាបក្សឆ្វេងនិយមជ្រុល និងបក្សCiudadanos ដែលជាបក្សស្តាំកណ្តាលនិយម។ កាលនោះ ចរចាគ្នាមិនត្រូវ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ​បាន អេស្ប៉ាញត្រូវបង្ខំចិត្ត បោះឆ្នោតម្តទៀត នៅខែមិថុនា ២០១៦។ ក្នុងពេលនោះ លោក Mariano Rajoy មកពីបក្សស្តាំអភិរក្សនិយម បានសម្លេងឆ្នោតគ្រាន់បើជាងគេ ហើយឈានទៅរៀបចំរដ្ឋាភិបាលចំរុះ។ ក៏ប៉ុន្តែជារដ្ឋាភិបាលដែលទន់ខ្សោយបំផុត។ ក្រោយមក វិបត្តិទាមទារបំបែកទឹកដី នៅតំបន់កាតាឡូញ៉ា ក៏បានផ្ទុះឡើង ធ្វើឲ្យបរិយាកាសនយោបាយ កាន់តែរួមរឹត តានតឹង នៅរវាងចុងឆ្នាំ២០១៧ ដល់២០១៨។

ខែឧសភា ២០១៨ គណបក្សស្តាំអភិរក្សនិយម ត្រូវបាន​តុលាការអេស្ប៉ាញ ទទួលស្គាល់ថាបានប្រព្រឹត្តិអំពើពុករលួយ។ លោក Mariano Rajoy បានលាលែងពីតំណែង ហើយ​រដ្ឋាភិបាល ត្រូវបានរំលាយចោល ។ លោក Pedro Sanchez មកពីបក្សសង្គមនិយម បានដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ក៏ប៉ុន្តែរដ្ឋាភិបាលលោក មិនអាចអនុម័តច្បាប់ថវិកាជាតិ យកទៅចំណាយ តាមស្ថាប័នរដ្ឋ និងសេវាសាធារណៈបានទេ ដោយសារ​តែ​ក្រុមបក្សផ្សេងទៀត មិនយល់ព្រមបោះឆ្នោត។ ទៅមុខមិនរួច ថយក្រោយក៏​មិនរួច បក្សប្រឆាំងបានរួមគ្នា ដាក់ពាក្យស្នើសុំរំលាយរដ្ឋាភិបាលរបស់លោក Sanchez កាលពីខែកុម្ភៈ ហើយរៀបចំបោះឆ្នោតម្តងទៀត នៅថ្ងៃទី​២៨មេសានេះ។

VOX បក្សស្តាំនិយមជ្រុល ឡើងសន្ទុះខ្លាំង

សម្រាប់ការបោះឆ្នោតលើកនេះ គេសង្កេតឃើញ ថាមានវត្តមាន របស់គណបក្សថ្មីមួយ ដែលជាបក្សស្តាំនិយមជ្រុល។ បក្សនេះកំពុងឡើងប្រជាប្រិយភាពខ្លាំង ដែលអ្នកវិភាគនយោបាយនៅអេស្ប៉ាញ ក៏ដូចជានៅអឺរ៉ុប បានសំដែងការព្រួយបារម្ភ។ បើគិតជាទូទៅ ចរន្តគំនិតនយោបាយ និងការគាំទ្ររបស់ប្រជាជន ដែលងាកទៅរកបក្សស្តាំនិយមជ្រុលនេះ មាននៅតាមច្រើនប្រទេសនៅអឺរ៉ុប ជាក់ស្តែងនៅអ៊ីតាលី នៅបារាំង នៅហ្វាំងឡង់ជាដើម។ បក្សស្តាំនិយមជ្រុល ជាទូទៅជាបក្ស មានទ្រឹស្តីនយោបាយបិទទ្វារ ជាតិនិយមជ្រុល ហើយកំហុសគ្រប់យ៉ាង គឺមកពីប្រទេសផ្សេង​ មកពីសហភាពអឺរ៉ុប។ ហើយបក្សស្តាំនិយមជ្រុលនេះ ស្អប់ជនបរទេស ស្អប់ជនអន្តោប្រវេសន៍ណាស់ គិតថា អន្តោប្រវេសន៍មកពីស្រុកផ្សេង ជាអ្នកទាញឲ្យស្រុកគេក្រ ឬជាអ្នកធ្វើឲ្យមានអសន្តិសុខជាដើម។

សម្រាប់អេស្ប៉ាញ បក្សជាតិនិយមជ្រុលនេះ មានឈ្មោះថា VOX ដែលដឹកនាំដោយលោក Santiago Abascal។ មានវ័យ ត្រឹមតែ៦ខែទេ តែបក្សនេះ បានឡើងប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ ដោយបានប្រមូលសម្លេងឆ្នោតបានជិត១១% នៅក្នុងការបោះឆ្នោតតំបន់ Andalousie។ បើតាមការស្ទាបស្ទង់មតិ នៅក្នុងការបោះឆ្នោតសភា លើកនេះ គណបក្សVOX អាចប្រមូលសម្លេងឆ្នោត បានជាង១០% បើគិតទៅ ក៏ប្រហែល៣០អាសនៈដែរ ក្នុងចំណោមអាសនៈសភាអេស្ប៉ាញ ដែលមាន៣៥០អាសនៈ។ មានន័យថា សភាអេស្ប៉ាញអាណត្តិថ្មី អាចនឹងកាន់តែបែកបាក់ ជាក្រុមនយោបាយតូចៗ ដែលចូលចិត្តឈ្លោះប្រកែកគ្នា។

លោក Pedro Sanchez សង្ឃឹមនាំមុខ តែមិនគ្រប់សម្លេងភាគច្រើន

បើតាមការប៉ាន់ស្មានស្ទាបស្ទង់មតិ គណបក្សសង្គមនិយម របស់លោក Pedro Sanchez អាចប្រមូលអាសនៈ ចន្លោះពី ១២០ ទៅ ១៣០អាសនៈ។ ច្រើនលើសគេមែន តែនៅតែមិនគ្រប់ ១៧៦ ដើម្បីអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯង។ មានន័យថា លោក Pedro Sanchez ត្រូវតែបង្ខំចិត្ត ធ្វើសម្បទាន ចរចាជាមួយបក្សផ្សេង ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ។

ក្រុមបក្សដែលគេសម្លឹងឃើញ ថាអាចធ្វើរដ្ឋាភិបាលចម្រុះ ជាមួយបក្សសង្គមនិយមបាន គឺអាចមានបក្ស Podemos និងគណបក្សឯករាជ្យនិយមនៅតំបន់កាតាឡូញ៉ា។ បក្សទាំង២នេះ សុទ្ធតែធ្លាប់បានសហការ ជាមួយបក្សសង្គមនិយម។ តែលើកនេះ លោក Pedro Sanchez ទំនងជាមិនចង់ហុចដៃទៅកាន់បក្សឯករាជ្យនិយម កាតាឡូញ៉ាទេ ព្រោះបក្សនេះត្រូវគេចោទគ្រប់គ្នា ថាជាបក្សមិនស្រលាញ់ជាតិ ចង់ផ្តាច់ទឹកដី។

ដោយឡែក អ្នកវិភាគខ្លះ បានលើកឡើង ថា មិនត្រូវមើលស្រាល កម្លាំងគាំទ្រ របស់បក្សស្តាំនិយមជ្រុល នោះទេ។ ថាមិនត្រូវបក្សនេះ អាចប្រមូលកៅអីបានច្រើន ហើយអាចឈានទៅបញ្ចុះបញ្ចូលបក្សស្តាំងអភិរក្សនិយម និងបក្សកណ្តាលនិយម ឲ្យធ្វើរដ្ឋាភិបាលចម្រុះជាមួយ។ បក្សទាំងអស់នេះ ថ្វីបើមិនត្រូវគ្នាមែន តែពួកគេមានសត្រូវរួមតែមួយ គឺបក្សសង្គមនិយម និងលោក​ Pedro Sanchez។ ដើម្បីកំចាយបក្សសង្គមនិយមពីអំណាច គេអាចព្រួតដៃគ្នាមួយគ្រាសិន ក៏ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ