អេស្ប៉ាញបោះឆ្នោតសភាជាលើកទី៤ ក្នុងរវាង៤ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
ប្រមាណ៤ឆ្នាំមកហើយ ដែលអេស្ប៉ាញស្ថិតក្នុងបរិបទនយោបាយមិនទៀងទាត់ ដោយរដ្ឋាភិបាលត្រូវរុះរើជាញឹកញាប់ ហើយមិនអាចមានសម្លេងគ្រប់គ្រាន់ក្នុងសភា ដើម្បីសម្រេចកិច្ចការនានា។ ថ្ងៃអាទិត្យទី១០វិច្ឆិកានេះ ប្រជាជនអេស្ប៉ាញប្រមាណ៣៧លាននាក់ ត្រូវទៅបោះឆ្នោតជ្រើសរើសសមាជិកសភាសាជាថ្មី ដែលនេះគឺជាលើកទី៤ហើយ ក្នុងរវាង៤ឆ្នាំនេះ។ តែយ៉ាងណា គេមិនសង្ឃឹមថា ការបោះឆ្នោតលើកនេះ នឹងមានបក្សណាមួយ អាចឈ្នះបានសម្លេងភាគច្រើនក្នុងសភា ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ។ ជាមួយគ្នានេះ អ្វីដែលគេសង្កេតឃើញមួយទៀត គឺការឈានឡើងកាន់តែខ្លាំង របស់គណបក្សស្តាំនិយមជ្រុល ដែលមាននិន្នាកាជាតិនិយមជ្រុល ស្អប់ជនបរទេស និងស្អប់ជនអន្តោប្រវេសន៍។
៤ឆ្នាំបោះឆ្នោត៤ដង
បរិយាកាសនយោបាយ នៅអេស្ប៉ាញ ពោរពេញដោយភាពរញ៉េរញ៉ៃ គ្មានស្ថិរភាព មិនត្រូវគ្នា ប្រជែងគ្នា ទាំងដែលគ្មានគណបក្សណាមួយ អាចលេចធ្លោជាងអ្នកណា។ យើងឃើញថាមតិសាធារណៈរបស់ប្រជាជនអេស្ប៉ាញ គឺកំពុងពុះចែកគ្នាខ្លាំងណាស់។ បញ្ហាទាំងនេះ គឺបានចាប់ផ្តើមលេចរូបរាង្គនៅឆ្នាំ២០១៥ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសភា បានបង្ហាញថា សភាអេស្ប៉ាញ លែងមានតែ២បក្ស ដូចរាល់ដងទៀតហើយ។
ពីមុន ឆាកនយោបាយអេស្ប៉ាញ គឺគ្រប់គ្រងប្រជែងគ្នាដោយបក្សនយោបាយធំ តែ២ទេ គឺបក្សសង្គមនិយម ដែលមាននិន្នាការឆ្វេង និងបក្សប្រជានិយម ដែលមាននិន្នាកាស្តាំអភិរក្សនិយម។ ក៏ប៉ុន្តែឆ្នាំ២០១៥ មានបក្សតូចៗ២បានលេចរូបរាង្គ ហើយបានឈ្នះអាសនៈខ្លះក្នុងសភា នោះគឺបក្ស Podemos និន្នាកាឆ្វេងនិយមជ្រុល និងបក្ស Ciudadanos និន្នាកាសេរីនិយម។
បោះឆ្នោតម្តងជា២ដង ក៏នៅតែគ្មាននរណាបានសម្លេងភាគច្រើនក្នុងសភា ហើយលោកនាយករដ្ឋមន្ត្រី Mariano Rajoy ក៏ត្រូវបង្ខំចិត្តលាលែងពីតំណែង នៅខែមិថុនាឆ្នាំ២០១៨ ក្រោយការធ្វើនីតិវិធីទំលាក់ ពីសំណាក់សមាជិកសភា។ បន្ទាប់មក លោក Pedro Sanchez មកពីបក្សសង្គមនិយម ក៏បានរៀបចំរដ្ឋាភិបាល តែនៅតែមិនអាចសម្រេចអ្វីបានដដែល ដោយសារតែគ្មានសម្លេងភាគច្រើនក្នុងសភា ហើយបក្សតូចៗផ្សេងទៀត មិនស្តាប់តាម។ ក្រោយមកការបោះឆ្នោតសភាម្តងទៀត ក៏បានរៀបចំឡើងនៅខែមេសាឆ្នាំ២០១៩នេះ តែលទ្ធផលនៅតែដដែល គឺបក្សឆ្វេងនិយម បានអាសនៈតែ១២៣ ក្នុងចំណោម៣៥០អាសនៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត នោះគឺថា មានបក្សថ្មីមួយទៀតបានលេចមុខហើយឈានចូលក្នុងសភាអេស្ប៉ាញ នោះគឺបក្ស VOX ដែលជាគណបក្សស្តាំនិយមជ្រុល មាននិន្នាកាជាតិនិយមជ្រុល។
វិបត្តិតំបន់កាតាឡូញ៉ា និងបញ្ហាអន្តោប្រវេសន៍ ធ្វើឲ្យបក្សស្តាំនិយមលេចធ្លោ
វិបត្តិតំបន់កាតាឡូញ៉ា បានក្លាយជាស្នូលបញ្ហា ដែលអ្នកនយោបាយអេស្ប៉ាញ យកមកធ្វើចំណុចនៃការឃោសនា។ ព្រមជាមួយគ្នានេះ គណបក្សឯករាជនិយមនៅតំបន់កាតាឡូញ៉ានេះ ក៏កាន់តែមានសន្ទុះខ្លាំងដែរ ហើយបានដាក់សំពាធទៅលើគណបក្សធំៗផ្សេងទៀត ឲ្យគេធ្វើសម្បទាន ដើម្បីទទួលបានការសហការពីខ្លួននៅក្នុងសភា។
វិបត្តិផ្តាច់ខ្លួន នៅតំបន់កាតាឡូញ៉ានេះ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងបញ្ហាបូរណភាពដែនដី អធិបតេយ្យភាពរបស់អេស្ប៉ាញទាំងមូល។ បញ្ហានេះ ត្រូវបានក្រុមបក្សជាតិនិយមជ្រុល យកមកបំប៉ោង ឃោសនាបន្ថែម ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ គណបក្សVOX ដែលជាបក្សជាតិនិយមជ្រុល មាននិន្នការស្អប់ជនបរទេសនេះ បានដំឡើងសម្លេងខ្លាំងៗណាស់ ថាត្រូវតែចាប់មេដឹកនាំផ្តាច់ខ្លួនតំបន់កាតាឡូញ៉ា រុញបញ្ចូលគុកទាំងអស់ ហើយនិងព្យួរស្វយ័តភាពតំបន់នេះចោលទៀងផង។ ដូច្នេះហើយបានគណបក្សVOX មានសន្ទុះគាំទ្រ ហើយបានទទួលអាសនៈសភាចំនួន២៤ កាលពីពេលបោះឆ្នោតនៅខែមេសា។ គោលជំហរជ្រុលនិយម របស់បក្សVOXនេះ គឺវារិតតែពុះចែកមតិសង្គមអេស្ប៉ាញឲ្យកាន់តែឈ្លោះប្រកែកគ្នា។ ម្ខាងគាំទ្រការផ្តាច់ខ្លួនតំបន់កាតាឡូញ៉ា ម្ខាងខឹងតំបន់នេះ ដែលចង់ផ្តាច់ខ្លួន។
ក្រុមបក្សស្តាំនិយមនេះ កេងចំណេញពីបញ្ហាវិបត្តិតំបន់កាតាឡូញ៉ានេះហើយ ហើយថែមទាំងកេងចំណេញពីស្ថានភាពសង្គម បញ្ហាសេដ្ឋកិច្ចទៀតផង។ បក្សនេះដំឡើងសំឡេង រិះគន់រដ្ឋាភិបាលមុន ថាបានបើកទ្វារឲ្យជនបរទេស ចូលមករស់នៅបង្កភាពរញ៉ៃរញ៉ៃ ដណ្តើមការងារប្រជាជនអេស្ប៉ាញ ហើយបង្កអសន្តិសុខ។ លោក Santiago ABASCAL ដែលជាមេដឹកនាំបក្សVOX នេះ ធ្លាប់បាននិយាយបែបម៉ៃសរុបថា រាល់ថ្ងៃនេះតាមផ្លូវនៅអេស្ប៉ាញ គឺពោរពេញដោយពួកចោរ ពួកឧក្រិដ្ឋជនបរទេស។
បក្សឆ្វេងនិយម ចង់បង្កើតរដ្ឋាភិបាលទាំងដោយគ្មានសម្លេងភាគច្រើន?
តាមការរំពឹងទុក គឺការបោះឆ្នោតនៅលើកនេះ គឺនៅតែគ្មានបក្សណាមួយ ឈ្នះដាច់បានសម្លេងភាគច្រើនក្នុងសភាទេ។ គណបក្សសង្គមនិយម ដែលតំណាងដោយលោក Pedro Sanchez ដែលបច្ចុប្បន្នមានអាសនៈ១២៣ អាចនឹងបាត់បង់អាសនៈថែមទៀតផង។ ចំណែកគណបក្សប្រជានិយម ដឹកនាំដោយអ្នកនយោបាយវ័យក្មេង Pablo Casado អាចប្រហែលជាបានអាសនៈថែមខ្លះ លើសពី៦៦អាសនៈ កាលពីលើកមុន។
ចំណែកគណបក្សស្តាំនិយមជ្រុល VOX វិញ ត្រូវគេរំពឹងថា ប្រហែលជាអាចកើនអាសន្នៈបានដល់មួយទ្វេរជា២។ បើសិនជាលទ្ធផលដូច្នេះមែន បក្សនេះ នឹងក្លាយជាបក្សធំទី៣នៅក្នុងសភា។ Santiago ABASCAL មេដឹកនាំបក្សស្អប់ជនបរទេសនេះ មានអ្នកគាំទ្រកាន់តែច្រើន ដោយការប្រើប្រាស់បណ្តាញសង្គម Facebook Twitter ជាដើម ដើម្បីវាយលុកអូសទាញមតិមហាជន។
បើតាមការវិភាគលោក Pedro Sanchez ដែលជាប្រធានគណបក្សសង្គមនិយម អាចនឹងព្យាយាម បង្កើតរដ្ឋាភិបាលតែម្នាក់ឯង ដោយគ្មានសម្លេងភាគច្រើនក្នុងសភា។ លោក Pedro Sanchez ធ្លាប់និយាយថា គណបក្សទាំងអស់ គួរតែទុកឱកាសឲ្យបក្សដែលឈ្នះបានអាសនៈច្រើនជាងគេ បង្កើតនិងដឹកនាំរដ្ឋាភិបាល ដោយត្រូវបោះឆ្នោតអនុបវាទ នៅក្នុងពេលបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រដ្ឋាភិបាលថ្មី។ តែសួរថា តើគណបក្សផ្សេងៗ សុខចិត្តធ្វើបែបនេះដែរឬទេ? បើអ្នកឈ្នះនៅតែមិនអាចបង្កើតរដ្ឋាភិបាលបានទេ នោះមានន័យថា វិបត្តិនយោបាយអេស្ប៉ាញនឹងនៅតែបន្តរ៉ាំរ៉ៃទៅមុខទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ