អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញ​បោះឆ្នោត​សភា​ជា​លើក​ទី៤ ក្នុង​រវាង៤ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ៤ឆ្នាំមកហើយ ដែលអេស្ប៉ាញស្ថិតក្នុងបរិបទនយោបាយមិនទៀងទាត់ ដោយរដ្ឋាភិបាលត្រូវរុះរើជាញឹកញាប់ ហើយមិនអាចមានសម្លេងគ្រប់គ្រាន់ក្នុងសភា ដើម្បីសម្រេចកិច្ចការនានា។ ថ្ងៃអាទិត្យទី​១០វិ​ច្ឆិកានេះ ប្រជាជនអេស្ប៉ាញប្រមាណ​៣៧លាននាក់​ ត្រូវទៅ​បោះឆ្នោតជ្រើសរើសសមាជិកសភាសាជាថ្មី​​ ដែលនេះគឺជាលើកទី​៤ហើយ ក្នុង​រវាង​៤ឆ្នាំនេះ។ តែយ៉ាងណា គេមិនសង្ឃឹមថា ការបោះឆ្នោតលើកនេះ នឹងមានបក្សណាមួយ អាចឈ្នះបានសម្លេងភាគច្រើនក្នុងសភា ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ។ ជាមួយគ្នានេះ​ អ្វីដែលគេសង្កេតឃើញមួយទៀត គឺការឈានឡើងកាន់តែខ្លាំង របស់គណបក្ស​ស្តាំនិយមជ្រុល ដែលមាននិន្នាកាជាតិនិយមជ្រុល ស្អប់ជនបរទេស និងស្អប់​ជនអន្តោប្រវេសន៍។

ការិយាល័យបោះឆ្នោត​មួយ​ នៅក្រុងម៉ាឌ្រីត ថ្ងៃទី​១០ វិច្ឆិកា ២០១៩​
ការិយាល័យបោះឆ្នោត​មួយ​ នៅក្រុងម៉ាឌ្រីត ថ្ងៃទី​១០ វិច្ឆិកា ២០១៩​ REUTERS/Susana Vera
ផ្សាយពាណិជ្ជកម្ម

៤ឆ្នាំបោះឆ្នោត៤ដង

បរិយាកាសនយោបាយ នៅអេស្ប៉ាញ ពោរពេញដោយភាពរញ៉េរញ៉ៃ គ្មានស្ថិរភាព មិនត្រូវគ្នា ប្រជែងគ្នា​ ទាំងដែលគ្មានគណបក្សណាមួយ អាចលេចធ្លោជាងអ្នកណា។ យើងឃើញថាមតិសាធារណៈរបស់ប្រជាជនអេស្ប៉ាញ គឺកំពុងពុះចែកគ្នាខ្លាំងណាស់។ បញ្ហាទាំងនេះ គឺបានចាប់ផ្តើមលេចរូបរាង្គនៅឆ្នាំ២០១៥ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត​សភា បានបង្ហាញថា សភាអេស្ប៉ាញ លែងមានតែ២បក្ស ដូចរាល់ដងទៀតហើយ។

ពីមុន ឆាកនយោបាយអេស្ប៉ាញ គឺគ្រប់គ្រងប្រជែងគ្នាដោយបក្សនយោបាយ​ធំ តែ២ទេ គឺបក្សសង្គមនិយម ដែលមាននិន្នាការឆ្វេង និងបក្សប្រជានិយម ដែលមាននិន្នាកាស្តាំ​អភិរក្សនិយម។ ក៏ប៉ុន្តែឆ្នាំ២០១៥ មានបក្សតូចៗ២បានលេចរូបរាង្គ ហើយបានឈ្នះអាសនៈខ្លះ​ក្នុងសភា នោះគឺបក្ស Podemos និន្នាកាឆ្វេងនិយមជ្រុល និងបក្ស Ciudadanos និន្នាកា​សេរីនិយម។

បោះឆ្នោតម្តងជា២ដង ក៏នៅតែគ្មាននរណាបានសម្លេងភាគច្រើនក្នុងសភា ហើយលោកនាយករដ្ឋមន្ត្រី Mariano Rajoy ក៏ត្រូវបង្ខំចិត្តលាលែងពីតំណែង នៅខែមិថុនាឆ្នាំ២០១៨ ក្រោយការធ្វើនីតិវិធីទំលាក់ ពីសំណាក់​សមាជិកសភា។​ បន្ទាប់មក លោក Pedro Sanchez មកពីបក្សសង្គមនិយម ក៏បានរៀបចំរដ្ឋាភិបាល តែនៅតែមិនអាចសម្រេចអ្វីបានដដែល ដោយសារតែគ្មានសម្លេងភាគច្រើនក្នុងសភា ហើយបក្សតូច​ៗផ្សេងទៀត មិនស្តាប់តាម។ ក្រោយមកការបោះឆ្នោតសភាម្តងទៀត ក៏បានរៀបចំឡើងនៅខែ​មេសាឆ្នាំ​២០១៩នេះ តែលទ្ធផលនៅតែដដែល គឺបក្សឆ្វេងនិយម បានអាសនៈតែ១២៣ ក្នុងចំណោម៣៥០អាសនៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត នោះគឺថា មានបក្សថ្មីមួយទៀតបានលេចមុខហើយឈានចូលក្នុងសភាអេស្ប៉ាញ​ នោះគឺបក្ស VOX ដែលជាគណបក្សស្តាំនិយមជ្រុល មាននិន្នាកាជាតិនិយមជ្រុល។​

វិបត្តិតំបន់កាតាឡូញ៉ា និងបញ្ហាអន្តោប្រវេសន៍ ធ្វើឲ្យបក្សស្តាំនិយមលេចធ្លោ

វិបត្តិតំបន់កាតាឡូញ៉ា​ បានក្លាយជាស្នូលបញ្ហា ដែលអ្នកនយោបាយ​អេស្ប៉ាញ យកមកធ្វើចំណុចនៃការឃោសនា។ ព្រមជាមួយគ្នានេះ គណបក្សឯករាជនិយមនៅតំបន់កាតាឡូញ៉ានេះ ក៏កាន់តែមានសន្ទុះខ្លាំងដែរ ហើយបានដាក់សំពាធទៅលើគណបក្សធំៗផ្សេងទៀត ឲ្យគេធ្វើសម្បទាន ដើម្បីទទួលបានការសហការពីខ្លួននៅក្នុងសភា។

វិបត្តិផ្តាច់ខ្លួន នៅតំបន់កាតាឡូញ៉ានេះ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងបញ្ហាបូរណភាព​ដែនដី អធិបតេយ្យភាព​របស់អេស្ប៉ាញទាំងមូល។ បញ្ហានេះ ត្រូវបាន​ក្រុម​បក្សជាតិនិយមជ្រុល យកមកបំប៉ោង ឃោសនាបន្ថែម ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ គណបក្សVOX ដែលជាបក្សជាតិនិយមជ្រុល មាននិន្នការស្អប់ជនបរទេសនេះ បានដំឡើងសម្លេងខ្លាំងៗណាស់ ថាត្រូវតែចាប់មេដឹកនាំផ្តាច់​ខ្លួន​តំបន់​កាតាឡូញ៉ា រុញបញ្ចូលគុកទាំងអស់ ហើយនិងព្យួរស្វយ័តភាពតំបន់​នេះ​ចោលទៀងផង។ ដូច្នេះហើយបានគណបក្សVOX មានសន្ទុះគាំទ្រ ហើយ​បានទទួលអាសនៈសភាចំនួន​២៤ កាលពីពេលបោះឆ្នោតនៅខែមេសា។ គោលជំហរជ្រុលនិយម របស់បក្សVOXនេះ គឺវារិតតែពុះចែកមតិសង្គមអេស្ប៉ាញ​ឲ្យកាន់តែឈ្លោះប្រកែក​​គ្នា។ ម្ខាងគាំទ្រការផ្តាច់ខ្លួនតំបន់កាតាឡូញ៉ា ម្ខាងខឹងតំបន់នេះ ដែលចង់ផ្តាច់ខ្លួន។

ក្រុមបក្សស្តាំនិយមនេះ កេងចំណេញពីបញ្ហាវិបត្តិតំបន់កាតាឡូញ៉ានេះហើយ ហើយថែមទាំងកេងចំណេញពីស្ថានភាពសង្គម បញ្ហាសេដ្ឋកិច្ច​ទៀតផង។ បក្សនេះដំឡើងសំឡេង រិះគន់រដ្ឋាភិបាលមុន ថាបានបើកទ្វារឲ្យជនបរទេស ចូលមករស់នៅបង្កភាពរញ៉ៃរញ៉ៃ ដណ្តើមការងារប្រជាជនអេស្ប៉ាញ ហើយបង្កអសន្តិសុខ។ លោក Santiago ABASCAL ដែលជាមេដឹកនាំបក្សVOX នេះ ធ្លាប់បាននិយាយបែបម៉ៃសរុបថា រាល់ថ្ងៃនេះតាមផ្លូវនៅអេស្ប៉ាញ គឺពោរពេញដោយ​ពួកចោរ ពួកឧក្រិដ្ឋជនបរទេស។

បក្សឆ្វេងនិយម ចង់បង្កើតរដ្ឋាភិបាលទាំងដោយគ្មាន​សម្លេងភាគច្រើន?

តាមការរំពឹងទុក គឺការបោះឆ្នោតនៅលើកនេះ គឺ​នៅតែគ្មានបក្សណាមួយ ឈ្នះដាច់បានសម្លេងភាគច្រើនក្នុងសភាទេ។ គណបក្សសង្គមនិយម ដែលតំណាងដោយលោក Pedro Sanchez ដែលបច្ចុប្បន្នមានអាសនៈ១២៣ អាចនឹងបាត់បង់អាសនៈថែមទៀតផង។ ចំណែកគណបក្ស​ប្រជានិយម ដឹកនាំដោយអ្នកនយោបាយវ័យក្មេង Pablo Casado អាចប្រហែលជាបានអាសនៈថែមខ្លះ លើសពី៦៦អាសនៈ កាលពីលើកមុន។

ចំណែកគណបក្ស​​ស្តាំនិយមជ្រុល VOX វិញ ត្រូវគេរំពឹងថា ប្រហែលជាអាចកើនអាសន្នៈបានដល់មួយទ្វេរជា២។ បើសិនជាលទ្ធផលដូច្នេះមែន បក្សនេះ នឹងក្លាយជាបក្សធំ​ទី៣​នៅ​ក្នុង​សភា។ Santiago ABASCAL មេដឹកនាំបក្សស្អប់ជនបរទេសនេះ មានអ្នកគាំទ្រកាន់តែច្រើន ដោយការប្រើប្រាស់បណ្តាញសង្គម Facebook Twitter ជាដើម ដើម្បីវាយលុក​អូសទាញមតិមហាជន។

បើតាមការវិភាគលោក Pedro Sanchez ដែលជាប្រធានគណបក្សសង្គមនិយម អាចនឹងព្យាយាម បង្កើតរដ្ឋាភិបាលតែម្នាក់ឯង ដោយគ្មានសម្លេងភាគច្រើនក្នុងសភា។​ លោក Pedro Sanchez ធ្លាប់និយាយថា គណបក្សទាំងអស់ ​គួរតែទុកឱកាសឲ្យបក្សដែលឈ្នះ​បាន​អាសនៈច្រើនជាងគេ បង្កើតនិងដឹកនាំរដ្ឋាភិបាល ដោយត្រូវបោះឆ្នោតអនុបវាទ នៅក្នុងពេល​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តដល់រដ្ឋាភិបាល​ថ្មី។ តែសួរថា តើគណបក្សផ្សេងៗ សុខចិត្តធ្វើបែបនេះដែរឬទេ? បើអ្នកឈ្នះនៅតែមិនអាចបង្កើតរដ្ឋាភិបាលបានទេ នោះមានន័យថា វិបត្តិនយោបាយអេស្ប៉ាញ​នឹងនៅតែបន្តរ៉ាំរ៉ៃទៅមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ