អានតួអត្ថបទ
បារាំង-អេហ្ស៊ីប

អេហ្ស៊ីប៖​​អង្គការ​​សិទ្ធិមនុស្ស​ ចោទ​​បារាំង​​ថា​​ចូលរួម​​ជួយ​រដ្ឋាភិបាល​អេហ្ស៊ីប ​ធ្វើបាប​​ប្រជាជន​

លោក ម៉ូហាម៉េដ ហ្សាគី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី របស់អេហ្ស៊ីប បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី២កក្កដា។ ការមកដល់បារាំង របស់រដ្ឋមន្ត្រីការពារជាតិអេហ្ស៊ីបនេះ ជួនចំពេលដែលអង្គការការពារសិទ្ធិមនុស្សជាច្រើន បានរួមគ្នាចេញរបាយការណ៍មួយ ចោទប្រកាន់រដ្ឋាភិបាល​បារាំង ថាបានជួយរដ្ឋាភិបាលអេហ្ស៊ីប ក្នុងការសំឡុត និងបង្រ្កាបការបះបោរតវ៉ានានា តាមរយៈការលក់គ្រឿងសព្វាវុធ ​យោធា និងបច្ចេកវិទ្យាទំនើប ទៅឲ្យអេហ្ស៊ីប ដើម្បីយកទៅប្រើ តាមដានការតវ៉ារបស់ប្រជាជន។

លោក Abdel Fattah al-Sissi ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​​អាណត្តិ​ថ្មី​​មួយទៀត។
លោក Abdel Fattah al-Sissi ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​​អាណត្តិ​ថ្មី​​មួយទៀត។ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យកងទ័ពអេហ្ស៊ីប បានបញ្ជាក់ថា​លោក ម៉ូហាម៉េដ ហ្សាគី រដ្ឋមន្ត្រីការពារជាតិអេហ្ស៊ីប បានចូលទៅជួប និយាយពិភាក្សា ស្តីពីសហប្រតិបត្តិការយោធា ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិបារាំង ជាច្រើននាក់។ ដំណើរទស្សនកិច្ចនេះ មិនបានគេចផុតពីការរិះគន់ទេ ព្រោះអង្គការសិទ្ធិមនុស្សជាច្រើន បានយកឱកាសនេះ ចេញផ្សាយរបាយការណ៍មួយ ដោយចោទរដ្ឋាភិបាលបារាំង ថាបានជួយរដ្ឋាភិបាលអេហ្ស៊ីប ក្នុងការរំលោភសិទ្ធិសេរីភាពប្រជាជន។

របាយការណ៍ ដែលមានកំរាស់៦០ទំព័រ នេះ ត្រូវបានរៀបចំចង់ក្រង ដោយសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស រួមជាមួយនឹងវិទ្យាស្ថានទីក្រុងគែរ ដើម្បីសិទ្ធិមនុស្ស សម្ព័ន្ធដើម្បីសិទ្ធិមនុស្ស និងអង្គការអ្នកអង្កេតការណ៍រឿងគ្រឿងសព្វាវុធ។ របាយការណ៍នេះ បានចោទប្រកាន់ដោយចំៗ ថារដ្ឋាភិបាលបារាំង រួមជាមួយនឹងក្រុមហ៊ុនបារាំង មួយចំនួន បានចូលរួមក្នុងការបង្រ្កាបសិទ្ធិសេរីភាពនៅអេហ្ស៊ីប។ របាយការណ៍នេះលើកឡើងជាអាថទិ៍ថា ក្រុមហ៊ុនបារាំង មួយចំនួន បានលក់បច្ចេកវិទ្យា ឲ្យរដ្ឋាភិបាលអេហ្ស៊ីប យកទៅប្រើ ដើម្បីធ្វើការតាមដាន អង្កេតលើទំនាក់ទំនងនៅតាមបណ្តាញសង្គម ហើយឈានទៅចាប់ឃាត់ខ្លួនមនុស្ស ឬសកម្មជនតវាប្រឆាំងជាច្រើននាក់។

របាយការណ៍ បានរំលឹកថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានសម្រេច ​ព្យួរ​មិនឲ្យប្រទេសសមាជិក លក់ទៅឲ្យអេហ្ស៊ីប នូវបច្ចេកវិទ្យាទាំងឡាយណា ដែលអាចត្រូវគេយកទៅប្រើប្រាស់ ដើម្បីបង្រ្កាបការរើបំរះ បះបោរផ្ទៃក្នុង។ អង្គការសិទ្ធិមនុស្សដែលចូលរួមក្នុងរបាយការណ៍នេះ បានទាមទារឲ្យរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនបារាំង ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ហើយបានអំពាវនាវ ឲ្យគណបកម្មសភាបារាំង បើកការស៊ើបអង្កេត ស្តីពីការលក់គ្រឿងសព្វាវុធទៅឲ្យអេហ្ស៊ីប ចាប់ពីឆ្នាំ២០១៣មក។

គួរកត់សម្គាល់ថា សហប្រតិបត្តិការយោធា រវាងបារាំង និងអេហ្ស៊ីប បានរីកចំរើនល្អ ចាប់តាំងពីឆ្នាំ២០១៤មក ក្រោយ​​ការឡើង​កាន់អំណាច របស់លោក Abdel Fattah al-Sissi។ លោកប្រធានាធិបតីរូបនេះ ទើបតែឈ្នះឆ្នោតអាណត្តិថ្មី កាលពីថ្ងៃទី២ មិថុនាកន្លងទៅ។ បើរាប់ពីឆ្នាំ២០១៥មក អេហ្ស៊ីប បានចុះកិច្ចសន្យាទិញសម្ភារៈ សព្វាវុធយោធាពីបារាំង ក្នុងទឹកប្រាក់ប្រមាណ៦ពាន់លានអឺរ៉ូ។ ក្នុងនោះ មានជាអាថទិ៍ កិច្ចសន្យាទិញនាវាផ្ទុកឧត្ថម្ភាគចក្រចំនួន២គ្រឿង មីស៊ីល និងកិច្ចសន្យាទិញយន្តហោះRafal ចំនួន២៤គ្រឿង។

គួរបញ្ជាក់ដែរថ ​រដ្ឋាភិបាលលោក Abdel Fattah al-Sissi ត្រូវបានគេរិះគន់ជាញឹកញាប់ ថាមានទំនោរផ្តាច់ការ ប្រើប្រាស់អំណាចទ័ព ដើម្បីរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំធ្វើបាតុកម្មនានា។ តែយ៉ាងណា រដ្ឋាភិបាល​អេហ្ស៊ីប​​បានអះអាងថា អាទិភាព​របស់រដ្ឋាភិបាល​ គឺរក្សាស្ថិរភាព​ឲ្យបាន​ ខណៈដែលអេហ្ស៊ីប​កំពុងស្ថិតក្នុងភាព​គ្រោះថ្នាក់ ដែលអាចធ្លាក់​ទៅក្នុងសមរភូមិ​របស់ពួកអ៊ីស្លាម​ជ្រុលនិយមភេរវកម្មកម្ម ដូចជាគឺនៅក្នុងតំបន់ខ្ពង់រាបស៊ីណៃជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ