អ៊ីតាលីក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលចូលរួមក្នុងគម្រោងចិន ផ្លូវមួយខ្សែក្រវ៉ាត់មួយ
កាលពីថ្ងៃសៅរ៍ទី២៣មីនា ប្រមុខរដ្ឋាភិបាលអ៊ីតាលី និងលោកប្រធានាធិបតីចិន បានរួមគ្នា ចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាជាច្រើន ដែលស្ថិតក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន។ ចាប់ពីពេលនេះទៅ អ៊ីតាលី នឹងក្លាយជាប្រទេសអឺរ៉ុប ទីមួយហើយ ដែលបានចូលរួមក្នុងមហាគម្រោងរបស់ចិននេះ ខណៈដែលសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក បានព្យាយាមអំពាវនាវ ឲ្យគ្រប់ប្រទេស មានការប្រុងប្រយ័ត្ន ទាក់ទិននឹងហានិភ័យ នៃការជាប់អន្ទាក់បំណុលរបស់ចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
ក្រោមអធិបតីភាពរបស់លោកស៊ី ជីនពីង ប្រធានធិបតីចិន និងលោក ចូសិប៉េ កុងតេនាយករដ្ឋមន្ត្រីអ៊ីតាលី នៅទីក្រុងរ៉ូម អ៊ីតាលីបានចុះហត្ថលេខា ក្លាយជាសមាជិកចូលរួម ក្នុងគម្រោងមហាសាលរបស់ចិន មានឈ្មោះថា ផ្លូវមួយខ្សែក្រវ៉ាត់មួយ។ វាជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក និងផ្លូវទឹក ដើម្បីផ្សារភ្ជាប់បណ្តាញ និងបើកចំហរទីផ្សារ ដែលមានចិនជាអ្នកផ្តើមគំនិត។
ជារួម មានកិច្ចសន្យា និងគំរោងសហប្រតិបត្តិការ ចំនួន២៩ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋាភិបាលអ៊ីតាលីនិងចិន ក្នុងទឹកប្រាក់ចន្លោះពី៥ ទៅ ៧ពាន់លានអឺរ៉ូ។ តម្លៃនេះអាចកើនឡើងដល់ទៅ២០ពាន់លានអឺរ៉ូ។ ក្រៅពីគម្រោងវិនិយោគរបស់ចិន ទៅលើកំពង់ផែធំៗរបស់អ៊ីតាលី ដូចជាកំពង់ផែទៅក្រុងGênes និងកំពង់ផែទីក្រុង Trieste ចិនបានចុះហត្ថលេខា ក្នុងគម្រោងជាមួយក្រុមហ៊ុនឧស្សាហកម្មធនធ្ងន់ របស់អ៊ីតាលី២ គឺAnsaldo ដែលមានជំនាញឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងក្រុមហ៊ុនDanieli ដែលជាឧស្សាកម្មស្លដែកដ៏ធំ។ ក្រៅពីនេះ ចិន និងអ៊ីតាលី បានចុះហត្ថលេខាជាមួយគ្នា លើគំរោងសហប្រតិបត្តិការ លើវិស័យទេសចរណ៍ វិស័យវប្បធម៌ ព្រមទាំងវិស័យបណ្តាញផ្សព្វផ្សាយព័ត៌មានផងដែរ។
គួរកត់សម្គាល់ថា ការនាំចេញរបស់អ៊ីតាលីទៅកាន់ចិន មានមិនលើសពី១៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំទេ ខណៈដែលការនាំចេញរបស់អាល្លឺម៉ង់ ទៅចិន មានលើសនេះដល់ទៅ៧ដង។ ក្នុងពេលចុះហត្ថលេខា លោកស៊ី ជីនពីង បានធានាអះអាងថា ចិននឹងខឹតខំ ឲ្យមានការដោះដូរពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមក ជាមួយអ៊ីតាលី។
សូមរំលឹកថា ការចូលរួមរបស់អ៊ីតាលី ជាមួយនឹងមហាគំរោងរបស់ចិននេះ គឺវាបានធ្វើឡើង ផ្ទុយពីអ្វីដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងមតិសាធារណៈរមួយចំនួនរបស់អ៊ីតាលី មានការព្រួយបារម្ភ។ អ្នកនយោបាយអ៊ីតាលីខ្លះ បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេស ត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងចិន ទាក់ទិននឹងកត្តាសន្តិសុខ និងការពារអធិបតេយ្យជាតិអ៊ីតាលី។
ចេញពីអ៊ីតាលី លោកប្រធានាធិបតីចិន នឹងត្រូវបន្តដំណើរទៅបារាំង និងអាល្លឺម៉ង់ ដើម្បីជួបថ្នាក់ដឹកនាំអឺរ៉ុបផ្សេងទៀត។ លោកម៉ាក្រុង និងលោកស្រីមែរគែលវិញ បានលើកឡើងថា ប្រឈមមុខជាមួយចិន ប្រទេសសមាជិកសហភាពអឺរ៉ុប មិនត្រូវសម្រេចធ្វើអ្វី ដោយអត្តនោម័តនោះទេ គឺត្រូវរួមគ្នា។ កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប ក៏បានប្រកាសដែរ ថាចិន គឺជាដៃគូប្រជែងរបស់អឺរ៉ុប ច្រើនជាងដៃគូសហប្រតិបត្តិការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ