អានតួអត្ថបទ

អ៊ីតាលី៖ ទឹក​សមុទ្រ​ជោរ​លិច​ទីក្រុង​វ៉េនីស ជា​លើក​ទី៣ មិនដល់​មួយ​សប្តាហ៍

ទីក្រុងវ៉េនីសប្រទេសអ៊ីតាលី បន្ទាប់ពីបានរង​នូវការជនùជោរទឹកសមុទ្រ លិចកំពស់ប្រមាណ​ជិត២ម៉ែត្រ កាលពីថ្ងៃពុធ នៅថ្ងៃអាទិត្យទី១៧វិច្ឆិកា​ ទីក្រុងដ៏ល្អវិចិត្រនេះ ត្រូវស្ថិតក្នុងការគំរាមកំហែងសារជាថ្មី ដោយ​ទឹក​សមុទ្រ​អាចជោរលិច ឡើងកំពស់ប្រមាណ​១ម៉ែត្រ៦០។ រដ្ឋាភិបាលអ៊ីតាលីបានប្រកាសស្ថានភាពអាសន្ន ចំណែកលោក​អភិបាលក្រុងវ៉េនីសវិញ បានលើកឡើងថា គ្រោះមហន្តរាយទឹកសមុទ្រពន្លិចទីក្រុងនេះ បានបង្កឲ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ គិតជាទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ។

អ្នកទេសចរ​ដើរលុយទឹក នៅ​ទីលាន​ខាងមុខព្រះវិហារ San Marco ទីក្រុង​វ៉េនីស ថ្ងៃទី​១៦ វិច្ឆិកា ២០១៩​
អ្នកទេសចរ​ដើរលុយទឹក នៅ​ទីលាន​ខាងមុខព្រះវិហារ San Marco ទីក្រុង​វ៉េនីស ថ្ងៃទី​១៦ វិច្ឆិកា ២០១៩​ REUTERS/Manuel Silvestri
ផ្សាយពាណិជ្ជកម្ម

យោងតាមការព្យាករណ៍ ទឹកសមុទ្រនឹងឡើងកំពស់ ប្រមាណ​១ម៉ែត្រ៦០ នៅថ្ងៃអាទិត្យទី១៧វិច្ឆិកានេះ ហើយនឹងពន្លិចទីក្រុងវ៉េនីស សឹងតែ​៨០%។ នេះគឺជាការជន់លិច ក្នុងកំពស់ខ្ពស់បំផុត ជាលើកទី៣ ក្នុងរវាង៥ថ្ងៃចុងក្រោយនេះ ដោយកាលពីថ្ងៃពុធ ទឹកសមុទ្របានឡើងកំពស់ ១ម៉ែត្រ៨៧ ហើយនៅថ្ងៃសុក្រ ទឹក​ឡើង​កំពស់ ១ម៉ែត្រ៥៤។

កាលពីថ្ងៃសុក្រ លោក​រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីតាលី បានទៅដល់ទីក្រុង​វ៉េនីស ដើម្បីពិនិត្យមើលពីភាពខូចខាត។ យោងតាមការប៉ាន់ស្មានបឋម ព្រះវិហារកាតូលិកចំណាស់រាប់សតវត្ស ប្រមាណ​ជា​៥០ទីតាំង  បានខូចខាតខ្លាំង។ លោក Luigi Brugnaro អភិបាលក្រុងវ៉េនីស បាន​លើកឡើងថា ការខូចខាតសរុប ដោយសារទឹកលិចប្រមាណ​ជិតមួយសប្តាហ៍នេះ គឺមាន​តម្លៃប្រហែល ១ពាន់លានអឺរ៉ូ។ រដ្ឋាភិបាលអ៊ីតាលី បានប្រកាសទទួសស្គាល់ស្ថានភាពអាសន្ន និងបាន​បញ្ចេញប្រាក់បន្ទាន់ចំនួន​២០លានអឺរ៉ូ។ ប្រជាជនដែលរងការខូចខាតផ្ទះសំបែង ​នឹងអាចទទួលជំនួយ​ ចំនួន​៥ពាន់អឺរ៉ូ ហើយចំនែកពាណិជ្ជករវិញ នឹងអាចបានទទួលរហូតដល់ ២ម៉ឺនអឺរ៉ូ។

មានប្រជាជនរស់នៅតែប្រមាណ​៥ម៉ឺននាក់ ទីក្រុងវ៉េនីសត្រូវ​ទទួលភ្ញៀវ​ទេសចរមកទស្សនា ចំនួន​៣៥លាននាក់ ជារៀងរាល់ឆ្នាំ។ លោកអភិបាលក្រុងវ៉េនីស បានប្រកាសថា អាជ្ញាធរនឹងបង្កើតគណនីធនាគារមួយ ដើម្បី​ទទួលជំនួយថវិការ ពីមហាជនទាំងអស់​ ពីព្រោះការជួសជុលកែលម្អឡើងវិញ ត្រូវចំណាយប្រាក់ច្រើនមហាសាល។ គំនិតនេះ ត្រូវបានអ្នកទេសចរខ្លះ សម្តែងការគាំទ្រ ដោយបានលើកឡើងថា វ៉េនីស​គឺប្រៀបបាននឹងដុំពេជ្រ ហើយជាសម្បត្តិរបស់មនុស្សជាតិទាំងអស់គ្នា។

សូមបញ្ជាក់ថា ទីក្រុងវ៉េនីស ដែលត្រូវបាន​​ចាត់បញ្ចូលក្នុងបញ្ជីរសម្បត្តិបេតិកភណ្ឌមនុស្សជាតិនេះ​ ត្រូវបាន​កសាងឡើង នៅលើកូនកោះធម្មជាតិ និង​សិប្បនិមិត្ត ចំនួន​១១៨កោះ​។ ជានិច្ចជាកាល ទីក្រុងដ៏អស្ចារ្យ​នេះ តែងតែត្រូវទឹកសមុទ្រជន់លិចបន្តិចបន្តួច តែបាតុភូតទឹកសមុទ្រ​ជន់លិច​ខ្លាំង​ដូចបច្ចុប្បន្ននេះ គឺកម្របំផុត។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន​អ៊ីតាលី បានលើកឡើងថា មួយរយៈចុងក្រោយនេះ ជាមួយនឹងកត្តាបំរែបំរួលអាកាសធាតុ ដែលកាន់តែលឿនរហ័ស ទីក្រុងវ៉េនីស ត្រូវ​រងនូវបាតុភូតធម្មជាតិ កាន់តែធ្ងន់ធ្ងរ និងកាន់តែ​​ញឹកញាប់ ដូចជាខ្យល់បក់ខ្លាំងបង្កជារលកធំៗ ភ្លៀងធ្លាក់យ៉ាងគំហុក និងករណីទឹកសមុទ្រជន់​ជោរខ្លាំងជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ