អានតួអត្ថបទ

ដោយសារ​Brexit ក្រុមហ៊ុន​៤២ រើ​ពី​អង់គ្លេស ទៅ​ហូឡង់ ក្នុង​ឆ្នាំ​២០១៨

យោងតាមរបាយការណ៍មួយ របស់អាជ្ញាធរប្រទេសហូឡង់ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ មានក្រុមហ៊ុនយ៉ាងហោចណាស់ ចំនួន៤២ ដែលបានរើចេញពីប្រទេសអង់គ្លេស ទៅបោះទីតាំង នៅប្រទេសហូឡង់វិញ។ មូលហេតុ គឺដោយសារតែ ការផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប។ ជាងនេះទៅទៀត ទីផ្សារសេដ្ឋកិច្ចទាំងមូល កំពុងបារម្ភពីភាពចលាចលក្នុងសេដ្ឋកិច្ចអង់គ្លេស ដោយសារការផ្តាច់ខ្លួននេះ អាចនឹងពុំមានកិច្ចព្រមព្រៀងណាមួយ ដើម្បីគ្រប់គ្រងចាត់ចែងនោះទេ។

នគរបាលអង់គ្លេសឈរក្បែរបដា របស់ក្រុមប្រឆាំង និងក្រុម​គាំទ្រ​Brexit នៅខាងក្រៅវិមាន​សភា​ Westminster ទីក្រុង​ឡុងដ៍ ថ្ងៃទី​២៩ មករា ២០១៩​
នគរបាលអង់គ្លេសឈរក្បែរបដា របស់ក្រុមប្រឆាំង និងក្រុម​គាំទ្រ​Brexit នៅខាងក្រៅវិមាន​សភា​ Westminster ទីក្រុង​ឡុងដ៍ ថ្ងៃទី​២៩ មករា ២០១៩​ REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​កិច្ចការវិនិយោគបរទេសរបស់ហូឡង់ បានផ្សាយតួលេខបូកសរុប ប្រចាំឆ្នាំ២០១៨ ដែលបង្ហាញថា ក្នុងឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនចំនួន ៤២ ដែលបានរើទីតាំង ឬមានគម្រោងរើទីស្នាក់ការធំ ពីប្រទេសអង់គ្លេស មកនៅប្រទេសហូឡង់។ តួលេខដដែល លំអិតថា ក្រុមហ៊ុន​ដែលរើទីតាំងមកហូឡង់ទាំងនេះ នឹងបង្កើតការងារចំនួនប្រមាណ​​ជាង១៩០០ ហើយដែលមានតម្លៃទឹកប្រាក់វិនិយោគ ប្រមាណ​២៩០លានអឺរ៉ូ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហូឡង់ បានលើកឡើងថា បញ្ហា​Brexit ​ដែលកាលបរិច្ឆេទចុងក្រោយកាន់តែខិតជិតមកដល់នេះ គឺបានធ្វើឲ្យវិស័យឯកជនមានការជ្រួលច្របល់ ហើយដែលវាបានបើកឱកាសខ្លះឲ្យហូឡង់។ ក្រុមហ៊ុនដែលរើទៅ ហូឡង់ មានលាយចំរុះ ដែលភាគច្រើនជាក្រុមហ៊ុនអង់គ្លេស ក្រុមហ៊ុន ឬសាខារបស់ក្រុមហ៊ុនអាស៊ី ប្រចាំនៅអឺរ៉ុប ព្រមទាំងស្ថាប័នអឺរ៉ុបខ្លះផងដែរ។ ភាគច្រើននៃក្រុមហ៊ុន គឺមានក្នុងវិស័យហិរញ្ញវត្ថុ ឧស្សហកម្មឱសថ និងក្រុមហ៊ុនបណ្តាញព័ត៌មានចំរុះ។

យ៉ាងណាមិញ ក្នុងចំណោមក្រុមហ៊ុន ដែលបានរើទីតាំងទៅហូឡង់ ចុងក្រោយគេនេះ មានដូចជា ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ MarketAxess​ ក្រុមហ៊ុន Azimo និងក្រុមហ៊ុនធានារ៉ាបរងផ្លូវសមុទ្រ UK P&I។ ក្រៅពីបាត់បង់ក្រុមហ៊ុនធំទាំងនេះ ទីក្រុងឡុងដ៍របស់អង់គ្លេស ក៏បានបាត់បង់ ទីភ្នាក់ងារអឺរ៉ុប ទទួលបន្ទុកឱសថ (EMA) ដែលនឹងរើទៅទីក្រុងអាំស្ទែដាំ ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយឡែក យោងតាមរបាយការណ៍​ខាងលើដដែល​ ធនាគារវិនិយោគជប៉ុន Norinchukin និងក្រុមហ៊ុនអង់គ្លេស TVT Media បានអះអាងថា និងពង្រីកសាខាបន្ថែមនៅហូឡង់ ដើម្បីអាចបន្តធ្វើការជាមួយប្រទេសសហភាពអឺរ៉ុប។ ក្រៅពីនេះទៀត នៅក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនធំៗ ដូចជា Discovery ទីភ្នាក់ងារBloomberg ជាដើម បានបញ្ជាក់ថា គេនឹងវិនិយោគបន្ថែម នៅហូឡង់។

គួរកត់សំគាល់ថា ការផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប បានធ្វើឲ្យក្រុម​ហ៊ុនសហគ្រាស ដែលមានស្នាក់ការធំនៅអង់គ្លេស ព្រួយបារម្ភជាខ្លាំង ព្រោះថាថ្ងៃកំណត់កាន់តែខិតជិតមកដល់ តែអង់គ្លេស និងសហភាពអឺរ៉ុប នៅតែមិនទាន់ អាចរកឃើញនូវកិច្ចព្រមព្រៀងមួយ ដើម្បីចាត់ចែងការផ្តាច់ខ្លួន ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសផ្សេងទៀតនៃអឺរ៉ុប ជាមួយអង់គ្លេសទេ។

ក្រុមហ៊ុន Dyson ក្រុមហ៊ុន SONY ជាដើម សុទ្ធតែបានប្រកាស ថាគេនឹងរើចេញពីអង់គ្លេស។ ក្រុមហ៊ុនNissan ក៏បានលប់ចោលគម្រោងដំឡើងរថយន្តម៉ូដែលថ្មី នៅអង់គ្លេសដែរ។ គ្រាន់តែនៅចុងខែមករា អាជ្ញាធរហូឡង់ បានឲ្យដឹងថា គេកំពុងមានទំនាក់ទំនង ជាមួយក្រុមហ៊ុនប្រមាណ​២៩០ ដែលចង់ចេញពីអង់គ្លេស។ ជាងនេះទៅទៀត ក្រៅពីហូឡង់ បារាំង អាល្លឺម៉ង អៀរឡង់ជាដើម ក៏អាចជាទីតាំងថ្មី សម្រាប់​ក្រុមហ៊ុនទាំងនោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ