អានតួអត្ថបទ

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អឺរ៉ុប-Mercosur ​ត្រូវ​កសិករ​​អឺរ៉ុប​​ចាត់ទុក​ថា គ្មាន​តុល្យភាព​

កាលពីថ្ងៃសៅរ៍ទី២៩មិថុនា សហភាពអឺរ៉ុបបាន​អបអរសាទរ ចំពោះលទ្ធផលវិជ្ជមាន បន្ទាប់​ពី​សម្រេច​​បាន​​ នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ជាមួយ​នឹងក្រុម​ប្រទេស​អាមេរិកខាង​ត្បូង​៤ប្រទេស​ ដែលហៅកាត់ថា Mercosur។ តែយ៉ាងណា ប្រជាកសិករអឺរ៉ុប ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល បានបរិហារថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងដែលគ្មានតុល្យភាព ហើយគេមិនអាចទទួលយកវាបានទេ។

ថ្នាក់ដឹកនាំអឺរ៉ុប ថតជាមួយ​ប្រធានាធិបតី​អាហ្សង់ទីន និង​ប្រធានាធិបតី​​ប្រេស៊ីល នៅ​ពេល​ប្រជុំ​​G20 ថ្ងៃទី​២៩ មិថុនា ២០១៩​
ថ្នាក់ដឹកនាំអឺរ៉ុប ថតជាមួយ​ប្រធានាធិបតី​អាហ្សង់ទីន និង​ប្រធានាធិបតី​​ប្រេស៊ីល នៅ​ពេល​ប្រជុំ​​G20 ថ្ងៃទី​២៩ មិថុនា ២០១៩​ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ប្រទេសអាមេរិកឡាទីនទាំង៤ មានប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្កា និងប៉ារ៉ាហ្កាយ​ បានសន្យាថានឹងបើកទីផ្សារឲ្យធំ ទទួលយកទំនិញឧស្សាហកម្មរបស់អឺរ៉ុប មានដូចជា​ផលិតរថយន្ត ផលិតផលសារធាតុគីមី ផលិតផល​ឱសថ ព្រមទាំង​បើកចំហរទីផ្សារសាធារណៈ។ ជាថ្នូរវិញ សហភាព​អឺរ៉ុប បានសន្យាបើកចំហរទីផ្សារ ទទួលយកផលិត​ផល​កសិកម្ម​ របស់ប្រទេសទាំង៤នេះ។ ផលិតផលកសិកម្មទាំងនោះ មានជាអាទិ៍ ស្ករ អាល់កុលអេតាណុល សាច់សត្វស្លាប និងសាច់គោជាដើម។

ក៏ប៉ុន្តែ Copa Cogeca សហជីពកសិករធំបំផុតនៅអឺរ៉ុប បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដ៏អយុត្តិតធម៌ ព្រោះទន្ទឹមពេល​ដែល​សហភាពអឺរ៉ុប ដាក់កំហិតយ៉ាងខ្លាំង នូវក្រិត្យក្រម​ស្តង់ដា ឲ្យកសិករអឺរ៉ុប​គោរព​ តែសហភាព​អឺរ៉ុប បែរជាបិទភ្នែក ឲ្យប្រទេសអាមេរិកខាងត្បូង​ នាំផលិតផលចូល ដែលមិនមានស្តង់ដាអនាម័យ និង​បរិស្ថាន​ទៅវិញ។

នាយក​សហជីព​កសិករអាល្លឺម៉ង់ បានចាត់ទុកកិច្ចព្រមព្រៀងនេះ ថាពុំមាន​វិសមភាព​ទាល់តែសោះ ហើយ​វានឹងជះផលអាក្រក់ ដល់កសិដ្ឋាន​ធនតូចជាលក្ខណៈគ្រួសារ នៅតាមប្រទេសអឺរ៉ុប។ ដូចគ្នា​ដែរ លោកស្រីប្រធានសហជីព​កសិករបារាំង បានលើកឡើងថា កិច្ចព្រមព្រៀងដែលគ្មានតុល្យភាព​នេះ នឹងបើកផ្លូវឲ្យ​កសិករអឺរ៉ុប ត្រូវប្រឈមនឹងការប្រកួតប្រជែងមិនស្មោះត្រង់ ហើយអ្នកបរិភោគវិញ ក៏​ត្រូវរងគ្រោះ​ ដោយការបោកប្រាស់។

ក្រៅពី​ការរិះគន់ពីសំណាក់សហជីពកសិករអឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល​ប្រមាណ​៣៤០​អង្គភាព ទាំងអឺរ៉ុប ទាំងអាមេរិកខាងត្បូង បានសរសេរលិខិតរួមគ្នាមួយ ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ អង្គការទាំងនោះ បានលើកឡើងថា មានបញ្ហាប្រឈមពីរ ដែលកិច្ចព្រមព្រៀងនេះ មិនបានគិតដល់ គឺបញ្ហា​បរិស្ថានធម្មជាតិ និងបញ្ហាសិទ្ធិមនុស្សនៅអាមេរិកខាងត្បូង។

គួរកត់សំគាល់ថា បើផ្អែកតាមការសន្និដ្ឋាន ប្រទេសអាមេរិកឡាទិនទាំង៤ អាចនាំ​ចូលសាច់គោ ​មក​​អឺរ៉ុប ចំនួន​ជិត១០ម៉ឺនតោន ជាមួយពន្ធអនុគ្រោះ ដែលមានកំរិតចំនួន​៧,៥%។ បញ្ហានេះ នឹងបន្ថែមការលំបាកដល់កសិដ្ឋានអឺរ៉ុប ដែលជួបវិបត្តិរួចស្រេចទៅហើយ។ ជាងនេះទៀត ការចិញ្ចឹមសត្វនៅតាមប្រទេសអាមេរិកខាងត្បូង ធ្លាប់ត្រូវបានគេដឹងថា បានប្រើប្រាស់នូវសារធាតុគីមី អកម៉ូនថ្នាំផ្សះ ដើម្បីពន្លឿនការរីកធំធាត់របស់សត្វ ដែលបញ្ហានេះ អាចបង្កហានិភ័យដល់អ្នកបរិភោគ។

គួរកត់សំគាល់ថា ជាមួយនឹង​ការរិះគន់ផ្ទួនៗគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងក្រុមប្រទេស Mencosur អាចនឹងជួបឧបសគ្គច្រើន ដោយវាត្រូវឆ្លងកាត់ការបោះឆ្នោតអនុម័តទទួលយក ពីប្រទេសសមាជិកទាំង២៧ ព្រមទាំងពីសំណាក់សភាអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ