ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT
អឺរ៉ុប

ក្រិក​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក​ ទាំង​ដែល​ខ្លួន​មាន​ជាប់​បំណុល​សហភាព​អឺរ៉ុប

media  
លោកនាយករដ្ឋមន្ត្រី​ក្រិក​ Alexis​ Tsipras ​និង​លោក​ Trump​ បង្ហាញ​ភាព​​ល្អូកល្អឺន។ ថ្ងៃទី​១៧ តុលា ២០១៧ REUTERS/Kevin Lamarque

បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ក្រិក ​បាន​ធ្វើ​ទស្សនកិច្ច ​នៅ​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​អង្គារ ​ រដ្ឋាភិបាល​ក្រិក ​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ តុលា នេះ​ថា ​គេ​មាន​គំរោង​ ទិញ​យន្តហោះ​ចម្បាំង​របស់​អាមេរិក​​ ក្នុង​ទឹក​ប្រាក់ ​ប្រមាណ​ជា​ ១១០០ ​លាន​អឺរ៉ូ។ គំរោង​ទិញ​យន្តហោះ​ចម្បាំង នេះ​  បាន​ធ្វើ​ឲ្យ​គេ​រិះគន់ ​រដ្ឋាភិបាល​ក្រិក​ជាខ្លាំង​ ខណៈ​ដែល​ប្រទេស​នេះ ​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច ​ហើយ​និង​ជាប់​បំណុល​សហភាព​អឺរ៉ុប​ យ៉ាង​សន្ធឹក​សន្ធាប់។

លោក​​ដូណាល់ ត្រាំ ​បានលើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ ក្រោយ​ពេល​បាន​ជួប​នឹង​ លោក​អាឡិចស៊ីស ​ស៊ីប្រាស ​ថា​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​F16​ ក្នុង​ទឹក​ប្រាក់​ ២៤០០​ ពាន់​លាន​ដុល្លារ​អាមេរិក​ អាច​នឹង​សម្រេច​ក្នុង​ពេល​ឆាប់ៗ។ ស្រាប់តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ​១៩​ តុលា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក្រិក ​បាន​អះអាង​ថា ​ពិត​ជា​មាន​គម្រោង​ទិញ​យន្តហោះ​ច​ម្បាំង​F16​ អាមេរិក​មែន ​តែ​ក្នុង​ទឹកប្រាក់ ​ប្រមាណ​ជា ១១០០ ​លាន​អឺរ៉ូ។

អ្នក​នាំពាក្យ​រូប​នេះ ​បាន​បញ្ជាក់​ថា ​គេ​កំពុង​ចរចា ​ដើម្បី​ឲ្យ​ថ្លៃ​ចំណាយ​នេះ ​ត្រូវ​លាត​ដណ្តប់​រយៈ​ពេល​១០ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត​ចំនួន​ទឹក​ប្រាក់​នេះ ​គឺ​វា​ស្មើ​ទៅ​នឹង​ ចំនួន​២% ​ដែល​ជា​ការ​កំណត់ ​ឲ្យ​ចំណាយ ​ក្នុង​វិស័យ​ការពារ​ជាតិ ​ដែល​អង្គការ​អូតង់ ​បាន​ណែនាំ ​ឲ្យ​ដល់​ប្រទេស​សមាជិក។

សូម​បញ្ជាក់​ថា ​គំរោង​ទិញ​យន្តហោះ​ចម្បាំង​នេះ ​ត្រូវ​បាន​គេ​រិះគន់​ក្រិក​ជា​ខ្លាំង​ មិន​ថា​មតិ​សាធារណៈ​ក្រិក ​ឬក៏​អ្នក​នយោបាយ​ទូទៅ ​ទាំង​នៅ​ក្រិក​ និង​​នៅ​សហភាព​អឺរ៉ុប។ ក្រិក​ដែល​កំពុង​ជាប់​បំណុល​សហភាព​អឺរ៉ុប ​យ៉ាង​សន្ធឹកសន្ធាប់ ​នៅ​មិន​ទាន់​មាន​លំនឹក​សេដ្ឋកិច្ច​ល្អ​ប្រសើរ​  ​មិនគួរ​ណា​ចំណាយ​ប្រាក់​បែប​នេះទេ។

តែ​យ៉ាងណា ​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​នេះ​ អ្នក​នាំពាក្យ​រដ្ឋាភិបាលក្រិក ​បាន​លើក​ឡើង​ថា​ វា​​ជា​ការ​ចាំបាច់ ​ដែល​ក្រិក ​ត្រូវ​ធ្វើ​ទំនើបកម្ម​ ក្នុង​វិស័យ​ទ័ពអាកាស​របស់​ខ្លួន ​ដែល​មាន​តែ​យន្តហោះ​ចាស់ៗ។ លោក​បន្ត​ថា​ ស្ថិត​ក្នុង​កាលៈទេសៈ ​អសន្តិសុខ​ក្នុង​តំបន់​បច្ចុប្បន្ន​នេះ ​ក្រិក​ត្រូវ​ការ​រក​វិធី​ការពារ​ខ្លួន​ ឲ្យ​បាន​ប្រសើរ។ មួយវិញ​ទៀត ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​នេះ ​គឺ​ចាប់​ផ្តើម ​ពី​ចុង​ឆ្នាំ​២០១៨ទៅ​ ពោល​គឺ​បន្ទាប់​ពី​ចប់​កម្មវិធី​កំចី​ឥណ្ឌទាន ​រវាង​ក្រិក ​និង​សហភាព​អឺរ៉ុប។ ដូច្នេះ ​ថ្លៃ​ចំនាយ​ក្នុង​ការ​ទិញ​យន្ត​ហោះនេះ​ នឹង​មិន​ប៉ះពាល់ ​ដល់​តុល្យភាព​ នៃ​ហិរញ្ញវត្ថុ​ក្រិក​ទេ។

ដោយឡែក​ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ក្រិក ​ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ទឹកប្រាក់​សរុប​ ប្រមាណ​ជា​២៤០០​ ​លាន​ដុល្លារ​អាមេរិក​ ដែល​លោក​ដូណាល់ ត្រាំ ​បាន​លើកឡើង​នោះ​ គឺ​គាត់​ចង់​សំដៅ​រួមទាំង​ ទឹក​ប្រាក់​ប៉ះប៉ូវ​ផ្នែក​ឧស្សាហកម្ម​ ដែល​សហរដ្ឋ​អាមេរិក​ នឹង​ផ្តល់​ប្រយោជន៍​ឲ្យក្រិក ​ក្នុង​ករណី​មាន​កិច្ច​សន្យា​ទិញ​លក់​ពិត​ប្រាកដ។

ថ្នាក់​ដឹកនាំ​ក្រិក​ អះអាង​ថា ​វាគ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ បើសិន​ជា​សហភាព​អឺរ៉ុប​ មាន​ការ​ងឿង​ឆ្ងល់ ​ទាក់​ទិន​នឹង​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​នេះ ​ក្រិក​ត្រៀម​ខ្លួន​ ចូលទៅ​ឆ្លើយ​បំភ្លឺ ​គ្រប់​ពេល​វេលា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ