អានតួអត្ថបទ
ក្រិក-សហភាពអឺរ៉ុប

សហភាពអឺរ៉ុប​ដាក់​ឱសានុវាទ​៣ខែ ​ឲ្យ​ក្រិក​ត្រួត​ពិនិត្យ​ព្រំដែន​ឲ្យ​ល្អ

ក្នុង​ខណៈ​ពេល​ដែល​ជន​ភៀសខ្លួន​ នៅតែ​បន្ត​រត់​ឆ្លង​ចូល​មក​អឺរ៉ុប​ ក្រិក​ដែល​ជា​ប្រទេស​នៅ​ជួរមុខ​ កំពុង​តែ​ត្រូវ​បាន​គេ​ស្តីបន្ទោស​ ថា​បាន​អនុវត្ត​ការ​ត្រួតពិនិត្យ​ព្រំដែន ​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន ​បណ្តោយ​ឲ្យ​ជនភៀសខ្លួន​​ ទាំង​ស្រប​ច្បាប់​ទាំង​ខុស​ច្បាប់ ​របូត​ចូល​មក​អឺរ៉ុប។ នៅ​ថ្ងៃ​សុក្រ​ទី ​១២​កុម្ភៈ​ គណៈកម្មការ​អឺរ៉ុប​ បាន​បោះឆ្នោត​សម្រេច​ដាក់​ឱសានុវាទ​៣ខែ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ក្រិក​ រៀប​ចំ​ធ្វើការ​កែតម្រូវ​ ពុំនោះ​ទេ​ សហភាព​អឺរ៉ុប​នឹង​ចាត់​វិធានការ​ទៅ​តាម​ការ​កំណត់​ របស់​ច្បាប់​តំបន់​ឆិនហ្គែន។

នគរបាល​ព្រំដែន​ក្រិក​ កំពុងតែត្រួតពិនិត្យ​ជនភៀសខ្លួន​ ដែល​ទើប​ឆ្លង​មកដល់​លើ​កោះក្រិក​ តាមទូកតូួចៗ
នគរបាល​ព្រំដែន​ក្រិក​ កំពុងតែត្រួតពិនិត្យ​ជនភៀសខ្លួន​ ដែល​ទើប​ឆ្លង​មកដល់​លើ​កោះក្រិក​ តាមទូកតូួចៗ REUTERS/Giorgos Moutafis/Files
ផ្សាយពាណិជ្ជកម្ម

ក្នុងនាម​ជា​ប្រទេស​ស្ថិត​នៅ​ជួរ​មុខ​ ដែល​ជា​ព្រំដែន​ខាង​ក្រៅនៃ​តំបន់​ឆិនហ្គែន ​ ក្រិក​មាន​តួនាទី​ត្រួត​ពិនិត្យ​ព្រំដែន​ឲ្យ​បាន​តឹងរឹង​ ព្រោះ​ថា​បើ​សិន​ជា​ក្រិក​ចេញ​ក្រដាសស្នាម​ អនុញ្ញាតិ ​ឲ្យ​ជន​បរទេស​ម្នាក់​ចូល​ មាន​ន័យ​ថា​ជន​នោះ​នឹង​មាន​សិទ្ធិដើរ​ហើរ​ពាសពេញ​តំបន់​ឆិនហ្គែន ​ពោល​គឺ​ពេញ​សហភាព​អឺរ៉ុប​ទាំង​មូល​តែ​ម្តង។ ដូច្នេះ​ហើយ ​ ទើប​នៅ​ថ្ងៃ​ទី​១២ ​កុម្ភៈ ​គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើការ​ប្រជុំ​សម្រេច ​ដាក់​ចេញ​នូវ​អនុសាស្រ្ត​ចំនួន​ជាង​៥០ ​ដើម្បី​ជម្រុញ​ឲ្យ​ក្រិក​ អនុវត្ត​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ឲ្យ​បាន​ល្អប្រសើរ។

 
ក្នុង​ចំណោម​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ គឺ​មាន​ដូច​ជា ​ ការ​បង្កើន​ការ​យាមកាម​នៅ​ព្រំដែន​សមុទ្រ ​ការ​ដាក់​បន្ថែម​បុគ្គលិក ​ដើម្បី​បង្កើន​ការ​ត្រួតពិនិត្យ ​ និង​ឆែកឆេរ​អត្តសញ្ញាណ​ជន​ភៀសខ្លួ​ន​ ឲ្យបាន​ល្អិនល្អន់ ​មុន​នឹង​ចេញ​ក្រដាស​អនុញ្ញាតិ ​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ទៅមុខ​ទៀត។ កិច្ចការ​នេះ ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ​ជាមួយ​នឹង​ការ​សហការ​គ្នា ​ ផ្តល់​ព័ត៌មាន​ភ្លាមៗ ​ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ជន​ភៀស​ខ្លួន ​ ជាមួយ​នឹង​តារាង​ឈ្មោះ​ជន​សង្ស័យ​ ជា​បណ្តាញ​ភេរវកម្ម​ ដែល​មាន​ស្រាប់​ ក្នុង​តារាង​ទិន្ន័យ​ របស់​នគរបាល​អឺរ៉ុប​ និង​នគរបាល ​ Interpole។ បន្ថែមពី​នេះ ​ ក្រិក​ត្រូវតែ​ត្រួតពិនិត្យ​ឆែកឆេរ​គ្រប់​ជន​ភៀសខ្លួន​ទាំង​អស់ ​ជា​ស្វ័យប្រវត្តិ ​ ដោយ​ឥត​រើសមុខ។ នេះ​បើ​តាម​ឯកសារ ​ទទួល​បាន​ដោយ​ភ្នាក់ងារ​ព័ត៌មាន​បារាំង។

អនុសាសន៍​ ទាំង​អម្បាលម៉ាណ​នេះ ​ ​គឺ​ក្រិក​មាន​ពេល​អនុវត្ត​វា ​ក្នុង​រយៈ​ពេល​៣ខែ ​ពុំនោះ​ទេ ​ សហភាព​អឺរ៉ុប​ នឹង​អនុវត្ត​ទៅ​តាម​មាត្រា២៦​ នៃ​ក្រម​ឆិនហ្គែន។ តាម​មាត្រានេះ​ ចែង​ថា​សហភាព​អឺរ៉ុប​អាច​អនុញ្ញាតិ​ឲ្យ​ប្រទេស​សមាជិក​មួយ​ រឺ​ច្រើន ​ដែល​មាន​ព្រំដែន​ខាង​ក្នុង​តំបន់​ឆិនហ្គែន ​ ឲ្យ​ធ្វើការ​ត្រួត​ពិនិត្យ​នៅតាម​ព្រំដែន​បាន ​ ក្នុង​រយៈ​ពេល​៦ខែ ​អាច​បន្ត​ទៀត​ក្នុង​ករណី​ចាំបាច់។

សន្តិសុខ​របស់​តំបន់​ឆិនហ្គែន​ទាំងមូល ​ កំពុង​ជួប​គ្រោះថ្នាក់ ​ ដោយសារ​តែ​ក្រិក ​បណ្តែត​បណ្តោយ ​មិន​ធ្វើនូវ​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន។ នេះគឺ​ជា​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​អឺរ៉ុប។ យ៉ាងណាក៏​ដោយ ​ រដ្ឋាភិបាល​ក្រិក​បាន​តវ៉ា ​តាម​រយៈ​លិខិត​មួយ ​ដោយ​បាន​សង្កត់​ធ្ងន់​ថា ​ ការ​ធ្វេស​ប្រហែល​ ក្នុង​កិច្ចការ​ត្រួត​ពិនិត្យ​ជន​ភៀសខ្លួន ​វា​មិនមែន​ជា​ចេតនា ​រឺ​ការ​ខ្វះ​ការ​ប្រុង​ប្រយត័្ន​ របស់​អាជ្ញាធរ​ក្រិក​ទេ ​ ​ក៏​ប៉ុន្តែ​គឺ​ដោយសារ​តែ​ក្រិក​គ្មាន​លទ្ធភាព​ធ្វើ​ឲ្យ​បាន​ល្អ ​ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ច។ រដ្ឋាភិបាល​ក្រិក ​គ្មាន​ប្រាក់​ឯណា ​ទៅ​ផ្គត់ផ្គង់​បុគ្គលិក ​ ទៅ​ទិញ​សម្ភារៈ​បន្ថែម ​ដើម្បី​ចាត់ចែង​កិច្ចការ​ត្រួត​ពិនិត្យ ​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ