អានតួអត្ថបទ

ដាណឺម៉ាក​យល់ព្រម​ឲ្យរុស្ស៊ី សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន Nord ​Stream 2

រដ្ឋាភិបាលដាណឺម៉ាក បានសម្រេចបើកភ្លើងខៀវ ឲ្យគេ​សាងសង់បំពង់បង្ហូរឧស្ម័ន នៃគម្រោង Nord Stream 2 ឆ្លងកាត់ប្រទេសខ្លួន។ សូមបញ្ជាក់ថា គម្រោង​Nord Stream ទី២ មានការចូលរួមពាក់កណ្តាល​ ពីក្រុមហ៊ុន Gazprom របស់រុស្ស៊ី ហើយបំពង់នេះ នឹង​បង្ហូរឧស្ម័នចេញ​ពីរុស្ស៊ី ចូលទៅកាន់អឺរ៉ុប​ ដោយឆ្លងកាត់សមុទ្របាល់ទិក។ តែយ៉ាងណាគម្រោងបំពង់បង្ហូរឧស្ម័ននេះ ត្រូវបាន​គេរិះគន់ថានឹងធ្វើឲ្យអឺរ៉ុប ត្រូវស្ថិតនៅក្រោមគំនៀបថាមពលរបស់រុស្ស៊ី ជារៀងដរាប។

សកម្មភាព​ដាក់បំពង់បង្ហូរឧស្ម័ន នៃ​គម្រោង​​ Nord Stream 2 នៅក្នុង​សមុទ្រ​​បាល់ទិក។ រូបភាព​ថតថ្ងៃ​ទី ១៣កញ្ញា ២០១៩
សកម្មភាព​ដាក់បំពង់បង្ហូរឧស្ម័ន នៃ​គម្រោង​​ Nord Stream 2 នៅក្នុង​សមុទ្រ​​បាល់ទិក។ រូបភាព​ថតថ្ងៃ​ទី ១៣កញ្ញា ២០១៩ REUTERS/Stine Jacobsen
ផ្សាយពាណិជ្ជកម្ម

គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន ប្រវែង១៤៧គីឡូម៉ែត្រ ឆ្លងកាត់ទឹកដី​ដាណឺម៉ាក ត្រូវបាន​ទីភ្នាក់ងារថាមពលនៃប្រទេសនេះ យល់ព្រមសុខចិត្តឲ្យគេសាងសង់។ ដំណឹងនេះ បានធ្វើឲ្យភាគហ៊ុន​នៃ​​ក្រុមហ៊ុន Gazprom របស់រុស្ស៊ី ឡើងថ្លៃបាន​៣% កាលពីថ្ងៃពុធ ទី​៣០តុលា។

សូមរំលឹកថា ក្រុមហ៊ុន Gazprom របស់រុស្ស៊ី មានចំណែកពាក់កណ្តាល នៅក្នុងគំរោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ។ ក្នុងគំរោងនេះ បំពង់បង្ហូរឧស្ម័នរុស្ស៊ីត្រូវឆ្លងកាត់សមុទ្របាល់ទិក និងតំបន់កោះរបស់ដាណឺម៉ាក មុននឹងចូល​ទៅដល់ទឹកដីអាល្លឺម៉ង់។ គម្រោងនេះបានសាងសង់ហើយ ប្រមាណ​៨០%ហើយ។ បំពង់បង្ហូរឧស្ម័ន នៃគម្រោងNord Stream 2 នេះមានតម្លៃសាងសង់សរុប ប្រមាណជាង១ម៉ឺនលានអឺរ៉ូ ហើយនឹងអនុញ្ញាតឲ្យរុស្ស៊ី អាចមានច្រកថ្មីមួយទៀត ក្នុងការនាំឧស្ម័នទៅលក់នៅអឺរ៉ុប។

ដោយឡែក លោក Rick Perry រដ្ឋមន្ត្រីក្រសួងថាមពលរបស់អាមេរិក ធ្លាប់បានលើកឡើងថា ជាមួយនឹង​គម្រោង Nord Stream 2 ដែលរុស្ស៊ីបង្ហូរឧស្ម័ន​ចូលអឺរ៉ុប តាមផ្លូវ​ខាងជើង និងគម្រោងTurkstream ដែលរុស្ស៊ី​​បង្ហូរឧស្ម័នចូលពីខាងត្បូង គឺវានឹងធ្វើឲ្យ​អ៊ុយក្រែនក្លាយជាជនរងគ្រោះ។ លោកបន្ថែមថា អឺរ៉ុបទាំងមូល នឹងចាញ់ប្រៀបរុស្ស៊ី ព្រោះត្រូវរំពឹងលើ​ឧស្ម័នហ្កាស របស់រុស្ស៊ីទាំងស្រុង។

តែយ៉ាងណា ភាគីអឺរ៉ុបដែលការពារគម្រោងនេះ បានលើកឡើងថា គម្រោងនេះ មានលក្ខណៈសេដ្ឋកិច្ច មិនមានចរិកនយោបាយទេ។ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលការពារគម្រោងនេះ បានអះអាងថា Nord Stream 2 នឹងធានា​ឲ្យអឺរ៉ុប អាចមានឧស្ម័នប្រើប្រាស់ ជាប្រចាំ ហើយក្នុងតម្លៃមួយថោកសមរម្យ។ ដូចគ្នាដែរ លោកពូទីន ប្រធានាធិបតីរុស្ស៊ី ធ្លាប់បាន​រិះគន់រដ្ឋាភិបាលអាមេរិក ថាមានជំហររារាំងគម្រោងសហប្រតិបត្តិការ​សេដ្ឋកិច្ច​ រវាងអឺរ៉ុបនិងរុស្ស៊ី។

គួរបញ្ជាក់ថា ដាណឺម៉ាក ដែលជាប្រទេសតូចមួយនៅអឺរ៉ុប ហើយដែលស្ថិតចំផ្លូវឆ្លងកាត់​នៃបំពង់បង្ហូរឧស្ម័ននេះ បានទទួលរងសំពាធជាខ្លាំង ពីសំណាក់ អ្នកគាំទ្រ និងអ្នកប្រឆាំង។ តែយ៉ាងណា លោកពូទីន ធ្លាប់បាន​លើកឡើងថា បើដាណឺម៉ាកមិនព្រម គេក៏​អាចសាងសង់តាមផ្លូវវៀងក៏បាន​។ នៅថ្ងៃពុធ ទី​៣០តុលា លោករដ្ឋមន្ត្រីក្រសួងបរិស្ថានដាណឺម៉ាក បានអះអាងថា ដាណឺម៉ាកបានសម្រេចបើកភ្លើងខៀវមែនតែរដ្ឋាភិបាល​ដាណឺម៉ាក បាន​ជ្រើសរើសយកផ្លូវឆ្លងកាត់នៃបំពង់បង្ហូរឧស្ម័ន ដែលប៉ះពាល់តិចបំផុតដល់បរិស្ថាននិងសុវត្ថិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ