អានតួអត្ថបទ
សហភាពអឺរ៉ុប-តួកគី

តួកគីនិង​សហភាព​អឺរ៉ុប ជួប​និយាយ​គ្នា តែ​គ្មាន​លទ្ធផល

កាលពីយប់ថ្ងៃចន្ទ ទី ២៦មីនា នាយករដ្ឋមន្ត្រីប៊ុលហ្ការី ដែលត្រូវដល់​វេន​ធ្វើជា​ប្រធាន​សហភាព​អឺរ៉ុបនោះ បានរៀបចំពិធីជួបពិភាក្សាមួយ រវាងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ជាមួយនឹងលោកប្រធានាធិបតីតួកគី។ កម្មវត្ថុ​នៃ​ជំនួបពិភាក្យានេះ គឺដើម្បីកាត់បន្ថយភាពតានតឹង និងសង្រ្គាម​ពាក្យ​សម្តីរវាងសហភាពអឺរ៉ុប និងប្រធានាធិបតីតួកគី ហើយក៏ដើម្បី​និយាយ​គ្នា អំពីដំណើរឈានទៅមុខ នៃការចរចា ដើម្បីបញ្ចូល​តួកគី ជាសមាជិកសហភាពអឺរ៉ុបដែរ។ ក៏ប៉ុន្តែ ជំនួបកាលពីថ្ងៃចន្ទនេះ ត្រូវបានគេមើលឃើញថា មិនបានលទ្ធផលអ្វីទាល់តែសោះ។

នាយករដ្ឋមន្ត្រី ប៊ុលហ្ការី (ឆ្វេង) លោក Donald Tusk លោកប្រធានាធីបតីតួកគី និងលោកJean-Claude Juncker។ ក្រុងវ៉ារណា ថ្ងៃទី​២៦ មីនា ២០១៨
នាយករដ្ឋមន្ត្រី ប៊ុលហ្ការី (ឆ្វេង) លោក Donald Tusk លោកប្រធានាធីបតីតួកគី និងលោកJean-Claude Juncker។ ក្រុងវ៉ារណា ថ្ងៃទី​២៦ មីនា ២០១៨ Bulgarian Government Press Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប និង​តួកគី ដែល​មាន​បញ្ហា​ចំរូងចំរាស់ មិនត្រូវគ្នាជាច្រើនរឿង តែបានសុខ​ចិត្តព្រមចូលតុបាយ​ជាមួយគ្នា នៅឯទីក្រុងVarna ប្រទេសប៊ុលហ្ការី កាលពីយប់ថ្ងៃចន្ទ ទី២៦ មីនា។ លោក អ៊ែរដូហ្កាន់ បានប្រកាសថា តួកគី នៅតែរក្សាជំហរ សុំស្នើ​បេក្ខភាពខ្លួន ចូលជាសមាជិកសហភាពអឺរ៉ុបដដែល។ នេះគឺជា “កម្មវត្ថុយុទ្ធសាស្ត្រ” របស់​តួកគី ហើយ​ដែលតួកគី ត្រូវការចង់ឲ្យសហភាពអឺរ៉ុប ពន្លឿនដំណើរនេះ ឲ្យបានទៅមុខជាងនេះ។

លោក អ៊ែរដូហ្កាន់ ក៏បានឆ្លៀតលើកឡើងដែរ អំពីតួនាទីដ៏សំខាន់របស់តួកគី ក្នុងការជួយទប់ជនភៀសខ្លួន មិនឲ្យធ្វើដំណើរឆ្លងចូលសហភាពអឺរ៉ុបដោយខុសច្បាប់។  លោកបានបញ្ជាក់ថា បញ្ហា​ជនភៀសខ្លួន​នេះ បានបង្កការលំបាកច្រើនណាស់ ដល់តួកគី និងសហភាពអឺរ៉ុប ក៏ប៉ុន្តែភាគីទាំង២បានរួមគ្នា ដោះស្រាយបាន។ តែយ៉ាងណា លោកអ៊ែរដូហ្កាន់ ក៏បានឆ្លៀតរអ៊ូដែរ អំពីភាពយឺតយ៉ាវ នៃការ​ប្រគល់កញ្ចប់ប្រាប់ចំនួន៣ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុប បានសន្យាថាប្រគល់ឲ្យតួកគី ដើម្បីចាយវាយចាត់​ចែងក្នុងបញ្ហាជនភៀសខ្លួននេះ។

ដោយឡែក លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានមានប្រសាសន៍ថា ចាប់តាំងពីមានរដ្ឋប្រហារមិនបានសម្រេច កាលពីខែកក្កដាឆ្នាំ២០១៦មក តួកគី បានដើរថយក្រោយខ្លាំងណាស់ ក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តួកគីបានធ្វើអន្តរាគមន៍យោធានៅក្នុងទឹកដីស៊ីរី ហើយព្រមទាំងបានធ្វើសកម្មភាពបំពានមួយចំនួន នៅក្នុងដែនអធិបតេយ្យរបស់ប្រទេស​ក្រិក និង​ប្រទេសឈីពរ៍ ដែលជាសមាជិកសហភាពអឺរ៉ុបទៀតផង។ ដូច្នេះ ដរាបណា​ បញ្ហាទាំងនេះនៅតែបន្តទៅមុខទៀត សហភាពអឺរ៉ុប នឹងមិនអាចពន្លឿនការចរចា ស្តីពីបេក្ខភាពរបស់តួកគីបានទេ។

ដូចគ្នាដែរ លោក Jean-Claude Juncker ប្រធានគណកម្មការអឺរ៉ុប​ បានលើកឡើងថា សហភាពអឺរ៉ុបចង់ឃើញតួកគី ដកចេញនូវច្បាប់អាជ្ញាសិក ដែលខ្លួនបានអនុវត្តក្រោយរដ្ឋប្រហារមិនបានសម្រេច។ ច្បាប់អាជ្ញាសិកនេះ បានបំពានធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតួកគី។ សហភាពអឺរ៉ុប ក៏ចង់ឲ្យតួកគី ពិចារណាឡើងវិញ អំពីការចាប់ឃុំខ្លួនអ្នកកាសែត និងអ្នកនយោបាយប្រឆាំងនានាដែរ។

គួរកត់សម្គាល់ថា​ ជំនួបកាលពីថ្ងៃទី២៦មីនានេះ​ មិនបានផ្តល់លទ្ធផលអ្វីជាធំដុំទេ។ តែយ៉ាងណា គេអាចចាត់ទុកថា ជាការបោះជំហានថ្មី វិលទៅរកការនិយាយគ្នាដោយស្ងាត់ស្ងៀម មិនមែនជាការប្លោងសង្រ្គាមពាក្យសំដីដាក់គ្នា ដូចកាលពីមួយរយៈមុន។ គេសង្កេតឃើញថា លោកប្រធានាធិបតីតួកគី ហាក់បានបន្ទន់ឥរិយាបថខ្លះ ទល់នឹងការរិះគន់របស់សហភាពអឺរ៉ុប ជាពិសេសពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់។ ជាក់ស្តែង តួកគី បានយល់ព្រមដោះលែងអ្នកកាសែតមួយចំនួន ដែលខ្លួនបានចាប់ដាក់ឃុំ។ សម្រាប់សហភាពអឺរ៉ុបវិញ ក៏មិនអាចអត់តួកគីបានដែរ។ តួកគីមានតួនាទីធំណាស់ ក្នុងការជួយទប់ជនភៀសខ្លួន។ បើតាមប្រសាសន៍លោក Jean-Claude Juncker ចាប់តាំងបានចុះកិច្ចព្រមព្រៀងនឹងគ្នា ក្នុងបញ្ហាជនភៀសខ្លួន នៅឆ្នាំ២០១៦មក តួកគីបានជួយទប់ជនភៀសខ្លួន មិនឲ្យឆ្លងចូលអឺរ៉ុប ប្រមាណជា៩៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ