អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដែនដីស្វយ័ត Gibraltar ​ក្លាយជា​កម្មវត្ថុ​ជម្លោះ​ថ្មី​ រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដែន​ដី​ស្វយ័ត​ Gibraltar​ របស់​អង់គ្លេស ​ដែល​ស្ថិត​នៅ​ជ្រោយ​ខាង​ត្បូង​បង្អស់​ នៃ​ប្រទេស​អេស្ប៉ាញ ​កំពុង​តែ​ក្លាយ​ជា​កម្មវត្ថុ​នៃ​ជម្លោះ​ថ្មី​មួយ​ទៀត ​ក្នុង​សំណុំ​រឿង​ផ្តាច់ខ្លួន​ របស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​ បាន​បញ្ជាក់​ថា ​អេស្ប៉ាញ ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ជាមួយ​អង់គ្លេស ​ទាក់ទិន​ទៅ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន ​របស់​អង់គ្លេស ​ចេញ​ពី​សហភាព​អឺរ៉ុប​ នៅ​តំបន់​ស្វយ័ត​នេះ។ តែ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ​បាន​ឆ្លើយ​បក​មក​វិញ​ថា​ គេ​មិន​អាច​តថ្លៃ​តំបន់​ស្វយ័ត ​Gibraltar ​បាន​ទេ។​ ដោយ​ឡែក​ រដ្ឋបាល​ស្វយ័ត​របស់ ​Gibraltar ​បាន​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​រដ្ឋាភិបាល​អេស្ប៉ាញ ​ថា​បាន​បំផុស​បំផុល​រឿង​នេះ ​ដើម្បី​ឆ្លៀត​ឱកាស​នេះ ​ទាមទារ​គ្រប់​គ្រង​តំបន់​ Gibraltar។

ជ្រោយ Gibraltar ដែនដីអង់គ្លេស តែស្ថិត​ក្នុង​ដីអេស្ប៉ាញ
ជ្រោយ Gibraltar ដែនដីអង់គ្លេស តែស្ថិត​ក្នុង​ដីអេស្ប៉ាញ Reuters
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​ ផ្តល់សិទ្ធិ​ឲ្យ​អេស្ប៉ាញ

តំបន់​ Gibraltar​គឺជា​ដែនដី​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ចក្រភព​អង់គ្លេស ​តាំងតែ​ពី​ឆ្នាំ​១៧១៣ ​ម្លេះ ​តែ​ដែនដី​នេះ ​មាន​ភូមិសាស្ត្រ​នៅ​ជ្រោយ​ខាង​ត្បូង​បង្អស់​របស់​អេស្ប៉ាញ ​ទល់មុខ​នឹង​ប្រទេស​ម៉ារ៉ុក។ ប្រភព​នៃ​បញ្ហា​នា​ពេល​នេះ ​ គឺ​ វា​ទាក់ទិន​ទៅ​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស ​ចេញ​ពី​សហភាព​អឺរ៉ុប។

កាលពីថ្ងៃ​ទី​ ៣១​មីនា ​ឯកសារ​មួយ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ​បាន​សរសេរ​ថា  ​“នៅ​ក្រោយ​ពេល​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ​រាល់​កិច្ច​ព្រមព្រៀង​ទាំង​អស់​រវាង ​សហភាព​អឺរ៉ុប ​ និង​អង់គ្លេស​ អាច​អនុវត្ត​ នៅដែន​ដី​ស្វយ័ត ​Gibraltar ​បាន ​ល្គិកណា ​មាន​ការ​ព្រមព្រៀង ​ពី​អេស្ប៉ាញ​ជាមុន”។ ក្នុង​ន័យ​នេះ ​ គឺ​មាន​ន័យ​ថា ​សហភាព​អឺរ៉ុប​ បាន​ផ្តល់​អំណាច ​ទៅ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ ​ជា​អ្នក​ចរចា​ជា​មួយ​អង់​គ្លេស ​ដើម្បី​កំណត់​ពី​លក្ខខណ្ឌ​នានា ​ទាក់ទិន​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ នៅ​តំបន់​ Gibraltar

អញ្ចឹង​មាន​ន័យ​ថា ​អេស្ប៉ាញ ​អាច​មាន​សិទ្ធិ​រារាំង ​ មិន​ឲ្យ​តំបន់​ Gibraltar ​អនុវត្ត​កិច្ច​ព្រមព្រៀង ​ជាមួយ​សហភាព​អឺរ៉ុប។ កន្លែង​នេះ​ហើយ​ ដែល​បាន​កើត​ជា​ការ​មួរម៉ៅ​ក្តៅ​ក្រហាយ ​ពី​សំណាក់​ រដ្ឋាភិបាល​​អង់គ្លេស ​ក៏ដូចជា​រដ្ឋបាល​ស្វយ័ត​របស់ ​Gibraltar

តំបន់​ Gibraltar ​មិន​អាច​ដាក់​លក់​ឡៃឡុង​បាន​ទេ!
នៅថ្ងៃ​អាទិត្យ​នេះ ​ សារព័ត៌មាន ​Sunday Telegraph ​បាន​ស្រង់​សំដី​លោក ​ Boris Johnson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស ​ដែល​បាន​និយាយ​ថា ​ដែនដី ​Gibraltar​ មិន​អាច​ត្រូវ​យក​មក​ដាក់​ដេញ​ថ្លៃ ​លក់​ឡៃឡុង​បាន​ទេ។ លោក​ បន្ថែម​ថា ​គោល​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស ​គឺ​ត្រូវ​តែ​ម៉ឺងម៉ាត់​ មិន​អាច​ចុះញ៉ម ​សហភាព​អឺរ៉ុប​ រឺ​អេស្ប៉ាញ​បាន​ទេ។ គាត់​ឆ្លៀត​រំលឹក​ថា ​ ដែនដី​ Gibraltar ​នេះ ​គឺ​អេស្ប៉ាញ ​បាន​ប្រគល់ ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង់គ្លេស ​តាំងតែ​ពី​ឆ្នាំ​១៧១៣ ​ម្លេះ។

លោក ​Boris Johnson ​បាន​ពន្យល់​ថា ​កាល​ជំនាន់​ ឆ្នាំ​១៩៧៣ ​នៅពេល​អង់គ្លេស ​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ ដែល​កាល​នោះ​អេស្ប៉ាញ ​នៅ​មិន​ទាន់​ក្លាយ​ជា​សមាជិក​អឺរ៉ុប​ទេ ​ក៏​កិច្ច​ព្រមព្រៀង​នានា ​ក្នុង​ក្រប​ខណ្ឌ​អឺរ៉ុប​ ត្រូវបាន​អនុវត្ត​ជា​ធម្មតា​ នៅ​ Gibraltar កាល​ជំនាន់​នោះ។ដូច្នេះ ​បើ​បញ្ច្រាស​ទៅ​វិញ ​ដូច​ស្ថានភាព​នា​ពេល​នេះ ​ ក៏​មិន​ត្រូវ​មាន​បញ្ហា​អ្វី​មក​ចោទ​ដែរ។ Gibraltar ​ជា​ដែនដី​អង់គ្លេស ​អេស្ប៉ាញ ​គ្មាន​សិទ្ធិ​អ្វី​មក​ហារ​ស្តី​ទេ។

ដោយឡែក ​លោក ​Fabian Picardo ​ប្រមុខ​រដ្ឋបាល​ស្វយ័ត​នៃ​តំបន់ ​ Gibraltar ​បាន​និយាយ​ធ្ងន់​ជាង​នេះ​ទៅ​ទៀត ​ ដោយ​បាន​ចោទ​ថា​ រដ្ឋាភិបាល​អេស្ប៉ាញ ​មាន​គំនិត​ពិសពុល ​ ឆក់​ឱកាស​ដែល​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ ដើម្បី​កេង​ចំណេញ ​ ចង់​ដណ្តើម​យក​តំបន់​Gibraltar ​មក​គ្រប់គ្រង។ លោក​ម្នាក់​នេះ ​ថា ​វា​ពិត​ណាស់ ​គឺ​ រដ្ឋាភិបាល​អេស្ប៉ាញ ​ដែល​ជា​អ្នក​ទៅ​ចាក់​សហភាព​អឺរ៉ុប​ ឲ្យ​សម្រេច​គោល​ជំហរ​យ៉ាង​ដូច្នេះ។

ការពារ​ប្រយោជន៍​កូនចៅ​ខ្លួន​ ជារឿងធម្មតា!
 
មន្ត្រី​ធំ​ម្នាក់​នៃ​គណកម្មការ​អឺរ៉ុប​ បាន​ឆ្លើយ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ វា​​ជា​រឿង​ធម្មតា​ទេ ​ដែល​សហភាព​អឺរ៉ុប​​ ត្រូវ​ប្រកាន់​គោល​ជំហរ​ ការពារ​ផល​ប្រយោជន៍​របស់​សមាជិក​ខ្លួន។ អេស្ប៉ាញ ​គឺ​​ជា​សមាជិក​អឺរ៉ុប ​ ចំនែក​អង់គ្លេស ​លែង​ជា​សមាជិក​អឺរ៉ុប​ទៀត​ហើយ។ មួយវិញ​ទៀត ​ការ​ចាកចេញ​របស់​អង់គ្លេស ​ បាន​បង្ក​ជា​បញ្ហា​ប្រទាំង​ប្រទើស​ ផ្នែក​ច្បាប់​បែប​នេះ ​ ច្រើន​កន្លែង​ផ្សេង​ទៀត ​ មិន​មែន​មាន​តែ​តំបន់​ Gibraltar ​នេះ​មួយ​ទេ ​ព្រោះ​ចក្រភព​អង់គ្លេស ​សំបូរ​ដែនដី​ស្វយ័ត​ណាស់។ ជាក់ស្តែង ​តំបន់​អៀរឡង់​ខាង​ជើង ​និង​តំបន់​អេកូស ​រឺ​ស្កុតឡែន ​ជាដើម។

ចំណែក​អេស្ប៉ាញ​វិញ​ បាន​បញ្ជាក់​តាម​រយៈ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខ្លួន​ថា ​ អេស្ប៉ាញ​ពេញចិត្ត​នឹង​ការ​សម្រេច​គោល​ជំហរ​ របស់​សហភាព​អឺរ៉ុប។ រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​លើកឡើង​ថា​ សហភាព​អឺរ៉ុប​បាន​យល់​នូវ​ស្ថានភាព ​ ក៏​ដូច​ជា​ករណី​ពិសេស​ នៃ​តំបន់​ស្វយ័តGibraltar ​នេះ។ អេស្ប៉ាញ​យល់​ថា​ វា​ជា​រឿង​សមរម្យ​ណាស់ ​ដែល​សហភាព​អឺរ៉ុប​ ​បើក​ផ្លូវ​ឲ្យ​អង់គ្លេស ​និង​អេស្ប៉ាញ​ចរចា​និយាយ​គ្នា ​ស្តីពី​អនាគត ​ក៏ដូច​ជា​លក្ខខណ្ឌ​នានា ​នៃ​តំបន់ ​Gibraltar ​នៅ​ពេល​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។ តែយ៉ាង​ណា ​អេស្ប៉ាញ ​ធានា​អះអាង​ថា​ តំបន់​Gibraltar​ នឹងនៅ​តែ​ស្ថិតក្នុង​អធិបតេយ្យ​របស់​អង់គ្លេស​ជានិច្ច។
 

Gibraltar ដែនដី​អង់គ្លេស​ ក្នុងដី​អេស្ប៉ាញ
 
ចំណុច​ពិសេស​ធំ​ចំបង​ ​គឺស្ថិត​នៅ​លើ​ទីតាំង​ភូមិសាស្ត្រ។​ តាមពិត​ទៅ ​តំបន់​ស្វយ័តGibraltar ​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​តែ​ម្តង។ ដូច្នេះ ​រាល់​ការ​ផ្គត់ផ្គង់ ​ទំនិញ ​បន្លែ​ផ្លែឈើ ​សម្ភារៈ​គ្រប់មុខ​ គឺ​ត្រូវឆ្លង​កាត់​អេស្ប៉ាញ​ទាំងអស់។ តំបន់​នេះ ​មាន​ផ្ទៃ​ក្រឡា​តែ​ប្រមាណជា​ជិត​ ៧គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ​ហើយ​មាន​ប្រជាជន​ រស់នៅ​ប្រហែល​៣៣០០០​នាក់។

កន្លង​មក​អេស្ប៉ាញ ​តែងតែ​ធ្វើ​ការ​រិះគន់​ អង់គ្លេស ​ដែល​បណ្តោយ​ឲ្យ​តំបន់​នេះ ​ក្លាយ​ជា​ច្រក​រត់ពន្ធ​ទំនិញ​ខុសច្បាប់​សព្វ​បែប​យ៉ាង ​ ជា​ពិសេស ​គឺ​បារី​ កញ្ឆារ ​និង​ថ្នាំ​ញៀន​ផ្សេងៗ​ ព្រោះ​តំបន់​នេះ ​មាន​កំពង់ផែ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ហើយ​នៅ​ទល់​មុខ​នឹង​ម៉ារ៉ុក ​ ដែល​ស្ថិត​នៅ​លើ​ទ្វីប​អាហ្វ្រិក។ បន្ទាប់​មក​ ទំនិញ​គេចពន្ធ​ ខុសច្បាប់​ទាំង​នោះ ​ត្រូវ​ហូរ​ចូល​ទៅ​អេស្ប៉ាញ ​ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​ផ្សេងទៀត​ នៃ​សហភាព​អឺរ៉ុប។

ក្រៅ​ពី​នេះ ​តំបន់​Gibraltar ​នេះ ​ក៏​គឺ​ជា​ឋានសួគ៌​សម្រាប់​អ្នក​ដែល​ចង់​លាក់លុយ​ គេច​ពន្ធ​ រឺ​ក៏​លាង​លុយ​ក្រខ្វក់​ដើម។ ក្រុមហ៊ុន​ល្បែង​ស៊ីសង ​តាម​អ៊ីនធើនែត​ភាគច្រើន ​គឺមាន​ទីតាំង ​និង​ចុះ​បញ្ជី​នៅ​តំបន់​ Gibraltar​ នេះ។ យ៉ាងណាមិញ ​ អេស្ប៉ាញ ក៏​បាន​ចំណេញ​មួយ​ផ្នែក​ដែរ​ ពី​តំបន់​ នេះ​ ព្រោះ​មាន​ប្រជាជន​អេស្ប៉ាញ ​ប្រមាណ​ជា​១ម៉ឺន​នាក់ ​ដែល​ឆ្លង​ព្រំដែន ​ទៅធ្វើការ​នៅ ​Gibraltar  ​​ព្រោះ​មាន​កំពង់ផែ​ដ៏​ធំ​នៅទីនោះ។ ដូច្នេះ​ បើសិន​ជា​តំបន់​Gibraltar​ អនុវត្ត​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​តាម​អង់គ្លេស ​នោះ​អេស្ប៉ាញ​ប្រាកដ​ជា​ខាត។

តាមពិត​ទៅ​ តំបន់​ស្វយ័ត ​Gibraltar​ នេះ ​តែងតែ​ជា​កម្មវត្ថុ​នៃ​ការ​ប្រកែក​គ្នា​ជា​រឿយៗ ​រវាង​អង់គ្លេស និ​ង​អេស្ប៉ាញ។ កាលពី​ឆ្នាំ​២០០២ ​ប្រជាជន​តំបន់​Gibraltar ​បាន​បោះឆ្នោត​ប្រជាមតិ ​មិន​ព្រម​ចេញ​ពី​ចក្រភព​អង់គ្លេស​ទេ។ ក៏​ប៉ុន្តែ​បើ​យើង​ក្រលេក​មើល​លទ្ធផល​ប្រជាមតិ ​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​វិញ​ គឺ​ប្រជាជន​តំបន់​ Gibraltar ​នេះ ​ប្រមាណ​ជា​៩៦% ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​អង់គ្លេស ​នៅ​ក្នុង​សហភាព​អឺរ៉ុប​តទៅ​ទៀត។ ត្រង់​ចំណុច​នេះហើយ ​ ដែល​អេស្ប៉ាញ ​បាន​លេស ​យក​ស្ថានភាព​នេះ ​ជំរុញ​ឲ្យ​តំបន់​Gibraltar ​ទាមទារ​ឯករាជ្យចេញពី​អង់គ្លេស  ​ដូច​តំបន់​អេកូស។ ក៏​ប៉ុន្តែ​ខុស​ពី​តំបន់​អេកូស ​ថ្នាក់​ដឹក​នាំ​តំបន់​Gibraltar​ នេះ​នៅស្មោះ ​និង​ស្និត​នឹង​រដ្ឋាភិបាល​ទីក្រុង​ឡុង​ខ្លាំង​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ