ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អឺរ៉ុប

ន័រវែស៖ ការបាញ់រះ​នៅក្នុង​វិហារ​អ៊ីស្លាម បង្ក​ឲ្យ​មាន​ការ​ភ័យបារម្ភ ​ពី​ភេរវកម្ម​ជ្រុល​និយម

media  
រថយន្តនគរបាល និងរថយន្តសង្រ្គោះបន្ទាន់ នៅ​ក្បែរ​ន្លែង​កើតហេតុ​ វិហារ​អ៊ីស្លាម al-Noor ជាយ​ក្រុងអូស្លូ ថ្ងៃទី​​១០សីហា ២០១៩​ NTB Scanpix/Terje Pedersen via REUTERS

សហគមអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសន័រវែស កំពុងមានការភ័យបារម្ភពីសុវត្ថិភាព បន្ទាប់ពីមាន​ករណី​បាញ់រះថ្មីមួយ បានកើតឡើង នៅឯវិហារអ៊ីស្លាមមួយកន្លែង នៅជាយទីក្រុងអូស្លូ កាលពីរសៀល​ថ្ងៃសៅរ៍ ទី​១០សីហា។ បើផ្អែកតាមការអះអាង របស់នគរបាលន័រវែស បើទោះបីការបាញ់រះនេះ មិនបាន​បង្កឲ្យមានមនុស្សស្លាប់ក្តី ក៏ប៉ុន្តែ វាមានលក្ខណៈជាសកម្មភាព​ភេរវកម្ម ដែលសំដៅវាយប្រហារ ទៅលើអ្នកកាន់សាសនាអ៊ីស្លាម។

កាលពីរសៀលថ្ងៃសៅរ៍ ទី​១០សីហា មានករណីបាញ់រះមួយ បានកើតឡើង ដោយជនម្នាក់ បានសម្រុកចូលទៅ​ក្នុងវិហារអ៊ីស្លាមមួយកន្លែង នៅសង្កាត់Baerum ជាយក្រុងអូស្លូ ហើយបានប្រើកាំភ្លើងបាញ់រះ។ ជាសំណាងល្អ បុរសម្នាក់បាន​ចូលខ្លួនមកប្រវាយប្រតប់ ឃាត់ខ្លួន​ជនដៃដល់ មុននឹងនគរបាលមកដល់។ មនុស្សម្នាក់បានរងរបួសស្រាល ក្នុងហេតុការណ៍នេះ។ ប៉ុន្មានម៉ោងក្រោយមក នគរបាល​ន័រវែស បានប្រទះឃើញសាកសព្វស្ត្រីម្នាក់ នៅឯផ្ទះរបស់ជនដៃដល់។

នៅថ្ងៃអាទិត្យ នគរបាលន័រវ៉េស បានបើកការស៊ើបអង្កេត លើករណីមនុស្សឃាត បូកបន្ថែមជាមួយករណីបាញ់រះដែលមានលក្ខណៈជា អំពើភេរវកម្ម​ប្រកាន់ពូជសាសន៍។ អគ្គបញ្ជាការនគរបាល​ក្រុងអូស្លូ បាន​លើកឡើងថា ឆ្លងតាមលទ្ធផលបឋម ជនដៃដល់ដែលមានអាយុ​ជាង២០ឆ្នាំនេះ មានទំនោរមនោគមវិជ្ជា ស្តាំនិយមជ្រុល និងស្អប់ជនបរទេស។ បច្ចុប្បន្នជននេះកំពុងស្ថិតក្នុងការឃុំខ្លួន។

នគរបាលន័រវែសអះអាងថា ជនដៃដល់ មានបំណងចូលទៅបាញ់រះសម្លាប់ប្រជាជន ដែលកាន់សាសនាអ៊ីស្លាម។ នៅ​គេហទំព័រអ៊ីនធ័រនែត ជជែកឆ្លងឆ្លើយមួយ ជនដៃដល់ បានសរសេរសារ ដោយបានលើកឡើង អំពីសង្គ្រាមជាតិសាសន៍។ ជននេះបានឆ្លៀតរំលឹក ពីវីរៈភាពរបស់ឃាតករ២នាក់ ដែលបានធ្វើភេរវកម្ម​ សម្លាប់​អ្នកកាន់សាសនាអ៊ីស្លាម​ជាង៥០នាក់ នៅឯប្រទេសនូវែលសេឡង់ កាលពី​ខែមីនាកន្លងទៅ។

គួរកត់សំគាល់ថា ករណីប៉ុនប៉ងបាញ់រះសម្លាប់មនុស្សនៅវិហារអ៊ីស្លាម​ នៅក្រុងអូស្លូ​នេះ បានធ្វើឲ្យសហគមអ្នកកាន់សាសនាអ៊ីស្លាមមានការភ័យបារម្ភជាខ្លាំង។ ន័រវែស ធ្លាប់ជួបអំពើភេរវកម្មជ្រុលនិយម បែបប្រកាន់ពូជសាសន៍ ម្តងរួចមកហើយ កាលពីខែកក្កដា ឆ្នាំ២០១១ ដែលកាលនោះជនដៃដល់ឈ្មោះ  Anders Behring Breivik បាន់ផ្តាច់ជីវិតមនុស្ស ចំនួន​៧៧នាក់។ លោកប្រធានក្រុមប្រឹក្សាអ៊ីស្លាមន័រវែស បានលើកឡើងថា ករណីបាញ់រះ​នៅវិហារអ៊ីស្លាម នាពេល​នេះ បានស្តែងឲ្យឃើញអំពី​ទំនោរផ្នត់គំនិត ស្អប់ខ្ពើមអ្នកកាន់សាសនាអ៊ីស្លាម ដែលកើនឡើងគួរឲ្យព្រួយបារម្ភ នៅក្នុងសង្គមន័រវែស ហើយដែលរដ្ឋាភិបាល ដូចជាមិនសូវយកចិត្តទុកដាក់។

ដោយឡែក លោកស្រីErna Solberg នាយករដ្ឋមន្ត្រីន័រវែស បានថ្លែងថាករណីបាញ់រះនៅក្នុងវិហារអ៊ីស្លាមនេះ គឺ​ជាអំពើប្រឆាំងនឹងសិទ្ធិសេរីភាព​សាសនា ប្រឆាំងនឹងប្រទេស ក៏ដូចជាប្រជាជនន័រវែស ទោះពួកគេមានដើមកំណើត ឬកាន់សាសនាអ្វីក៏ដោយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ