អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បណ្តាំ​ចុងក្រោយ​របស់​លោក​អូបាម៉ា ឮខ្ទរ​ដល់​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ទី​១០​មករា​ លោក​អូបាម៉ា ​បាន​ថ្លែងសារ​ផ្ញើរ​ជា​ចុងក្រោយ ​ ក្នុង​នាម​ជា​ប្រធានាធិបតី​​អាមេរិក។ ក្រៅពី​បាន​បូក​សរុប​សមិទ្ធិផល​ការងារ ​ ដែល​លោក​បាន​សម្រេច​បាន ​ លោក​អូបាម៉ា ​បាន​ផ្ញើរ​បណ្តាំ​ជាការ​ក្រើន​រំលឹក ​ទៅដល់​រដ្ឋាភិបាល​ថ្មី ​ជា​ពិសេស​គឺ ​ទៅ​ដល់​ប្រជាជន​អាមេរិក​គ្រប់រូប ​ ដែល​ស្រលាញ់​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​បាន​លើក​ឡើង​អំពី​គ្រោះថ្នាក់​ នៃ​​ចរន្ត​ជ្រុលនិយម ​ដែល​បំភិតបំភ័យ​មតិ​សាធារណ​ ធ្វើឲ្យ​ពួក​គេ​បាត់បង់​ហេតុផល។ នេះគឺ​ជា​គ្រោះថា្នក់ ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។ សម្តី​នេះ ​បាន​​ឮ​ខ្ទរ​ដល់​ទ្វីប​អឺរ៉ុប ​ព្រោះ​ស្ថានភាព​នយោបាយ​នៅ​អឺរ៉ុប​បច្ចុប្បន្ន​នេះ ​មិន​ខុស​ពី​សហរដ្ឋ​អាមេរិក​ឡើយ។ ប្រទេស​នៅ​អឺរ៉ុប ​ កំពុង​តែ​ប្រឈមមុខ​នឹង​ចលនា​នយោបាយ​បែប​ប្រជាភិថុត ​និង​ឱកាស​និយមនេះ។

លោក អូបាម៉ា​ យលដៃជូត​ទឹកភ្នែក​ ក្នុង​ពេល​ធ្វើ​សុន្ទរកថា​លា​ជា​ចុងក្រោយ ​នៅថ្ងៃ​១០ មករា ​២០១៦
លោក អូបាម៉ា​ យលដៃជូត​ទឹកភ្នែក​ ក្នុង​ពេល​ធ្វើ​សុន្ទរកថា​លា​ជា​ចុងក្រោយ ​នៅថ្ងៃ​១០ មករា ​២០១៦ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សុន្ទរកថា​ អម​ដោយ​ទឹកភ្នែក​ជាច្រើន​តំណក់​ របស់​លោក​អូបាម៉ា ​ ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​នានា​ យក​ទៅ​ផ្សព្វផ្សាយ ​និង​វិភាគ​យ៉ាង​គគ្រិក​គគ្រេង។ លោក​អូបាម៉ា ​បាន​ថ្លែង​សារ​លា​ប្រជាជន​អាមេរិក ​ កាលពី​ថ្ងៃ​អង្គារ​ទី​១០​មករា ​ពី​ទីក្រុង​ឈីកាហ្កោ ​ជា​សារ​ដែល​ពិរោះ​និង​មាន​ន័យ​បំផុត។ ជា​សារ​នយោបាយ​ ដែល​មាន​ន័យ​សុទិដ្ឋិនិយម ​ តែ​លោក​មិន​ភ្លេច​ក្រើន​រំលឹក​អំពី​គ្រោះថ្នាក់​ទេ ​បើ​សិន​ជា​យើង​ម្នាក់ៗ​ភ្លេច​ខ្លួន។

ត្រូវបន្តតស៊ូ ការពារ ថែររក្សា​ប្រជាធិបតេយ្យ ៖

លោក​អូបាម៉ា ​មាន​ប្រសាសន៍​ថា ៖ ​“លទ្ធិ​ប្រជាធិបតេយ្យ ​អាច​បាក់​ស្រុត​ បើ​សិន​ជា​យើង​ម្នាក់ៗ​ ក្លបខ្លាច​ មិន​ហ៊ាន​តស៊ូ​ប្រឆាំង។ លទ្ធិ​ប្រជាធិបតេយ្យ ​អាច​ជួប​គ្រោះថ្នាក់​ បើ​សិន​ជា​យើង​ភ្លេច​ខ្លួន ​ ភ្លេច​គិត​ដល់​ការ​ថែ​រក្សា​និង​ចិញ្ចឹម​បំប៉ន​វា។ លទិ្ធ​ប្រជាធិបតេយ្យ ​មិនមែន​កើតឡើង​ដោយ​ឯកឯង​ទេ ​​តែ​វា​កើត​ចេញ​ពី​ការ​ចូលរួម​របស់​ប្រជាជន​សាមញ្ញ​ម្នាក់ៗ”

លោក​បន្ត​ថា ​៖ រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​គឺ​ជា​អំណោយ​មួយ​ដ៏​មាន​តំលៃ​បំផុត​សម្រាប់​ប្រជាជន​អាមេរិក​ តែ​វា​គ្រាន់តែ​ជា​សៀវភៅ​មួយក្បាល ​ដែល​មាន​ចារ​អក្សរ​តែ​ប៉ុណ្ណោះ ​វា​គ្មាន​អំណាច​អ្វី​ទេ។ គឺ​ប្រជាជន​ម្នាក់ៗ ​ដែល​មាន​តួនាទី ​ធ្វើ​ឲ្យ​អក្សរ​គ្រប់​ពាក្យ​ នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ ​ មាន​អំណាច​ មាន​ឥទ្ធិពល ​ក្លាយ​ជាច្បាប់​កំពូល។

តាមរយៈ​សម្តី​នេះ ​លោក​អូបាម៉ា ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក ​ ប្រកាន់​ជំហរ​រឹងមាំ ​ហ៊ាន​តស៊ូ ​ហ៊ាន​ប្រឆាំង​រិះគន់​ នៅ​ពេល​ណា​ដែល​រដ្ឋធម្មនុញ្ញ​​ ត្រូវ​គេ​ជាន់​ឈ្លី។ ប្រជាជន​ម្នាក់ៗ ​មិន​ត្រូវ​ចុះចាញ់ទេ​ នៅ​ពេល​សិទ្ធិ​សេរីភាព​ និង​តំលៃរួម​របស់​សហរដ្ឋ​អាមេរិក ​ ជួប​នឹង​ការ​គំរាម​កំហែង។ សហរដ្ឋ​អាមេរិក ​ជា​ទឹកដី​ដែល​មាន​ប្រវត្តិ​ប្រមូល​ផ្តុំ​មនុស្ស​ចំរុះ​ជាតិសាសន៍ ​ពី​​គ្រប់​មជ្ឈដ្ឋាន ​ ជា​ទឹកដី​ដែល​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​ទាំងអស់ ​ដោយ​ឥត​រើសអើស​ព៌ណសំបុរ​ ​រឺ​សាសនា​អ្វី​ឡើយ។

លោក​អូបាម៉ា ​យល់ថា​ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​នយោបាយ ​គឺ​ជា​ការ​ជជែក​ដោះដូរ​យោបល់​គ្នា ​ស្វែងយល់​ពីគ្នា។ លោក​បាន​លើកឡើង​អំពី​សារៈសំខាន់​ នៃ​ការ​ដេញដោល​យោបល់​គ្នា ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ ធ្វើ​បែប​នេះ ​គឺ​ដើម្បី​បង្ហាញ​ពី​ចំណុច​សំខាន់ៗ ​តាម​លំដាប់​លំដោយ ​ នៃ​កម្មវត្ថុ​នយោបាយ ​ព្រមទាំង​ស្វែង​យល់​ពី​មធ្យោបាយ​ដើម្បី​សម្រេច​វា។ ការ​ដេញដោល​គ្នា ​ត្រូវ​តែ​ភាគី​នីមួយៗ​ គោរព​ការ​យល់ឃើញ​របស់​ភាគី​ម្ខាងទៀត​ ហើយ​ទទួល​ស្គាល់​បើ​សិន​ជា​ភាគី​ម្ខាងទៀត​គិត​ត្រូវ​ មាន​ហេតុផល​ល្អ​ជាង​យើង។

សត្រូវពី​ខាងក្រៅ ចង់​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី៖
ប្រសាសន៍​លោក​អូបាម៉ា​ ស្តី​ពី​តំលៃ​នៃ​លទ្ធិប្រជាធិបតេយ្យ ​ស្តីពី​តួនាទី​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​សង្គម​ ដែល​ត្រូវ​ជួយ​ចូល​រួម​កសាង​លទ្ធិ​ប្រជាធិបតេយ្យ ​ស្តីពី​ការ​អត់ឱន​សណ្តោស​យោគយល់​ ចាប់ដៃ​គ្នា ​ ទាំង​អស់​នេះ ​ មិនមែន​មាន​ន័យ​សម្រាប់​តែ​សហរដ្ឋ​អាមេរិក​មួយ​ទេ ​ ​តែ​វា​មាន​ខ្លឹមសារ​សម្រាប់​មនុស្សជាតិ​ទាំងមូល​ទូទាំង​ពិភពលោក។ យ៉ាងណា​មិញ​ ទ្វីប​អឺរ៉ុប​ ដែល​កំពុង​តែ​ស្ថិត​ក្នុង​បរិយាកាស​នយោបាយ ​ដ៏​សែន​ងងឹត ​ ស្រប​ពេល​ដែល​ចរន្ត​នយោបាយ​ជ្រុល​និយម ​ឱកាស​និយម ​និង​ប្រជាភិថុត ​កំពុង​តែ​បំពុល​ ហើយ​អាច​នឹង​ឈាន​ទៅ​បង្ក​គ្រោះថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​អូបាម៉ា ​បាន​លើក​ឡើង​អំពី​ការ​គំរាម​កំហែង​ពី​ខាងក្រៅ ​ដែលគេ​មាន​បំណង​ធ្វើ​ឲ្យ​​ប្រជាធិបតេយ្យ​អាមេរិក​ ជួប​វិបត្តិ។ ទោះ​ជា​លោក​អូបាម៉ា​ មិន​បញ្ចេញ​ឈ្មោះ ​ក៏​គេ​អាច​កាត់​យល់​បាន​ដែរ​ថា ​ លោក​អូបាម៉ា​ចង់​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​រុស្ស៊ី។ រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​បាន​របាយការណ៍​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​សន្និដ្ឋាន​ថា ​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ការ​លួច​យក​ទិន្ន័យ​ព័ត៌មានវិទ្យា​ របស់​គណបក្ស​ប្រជាធិតេយ្យ។ សកម្មភាព​នេះ ​ ត្រូវបាន​លោក​អូបាម៉ា ​គិត​ថា ​រុស្ស៊ី​មាន​ចេតនា​តែ​មួយ​គត់​ គឺ​បង្ករ​ភាព​រញ៉េរញ៉ៃ​ដល់​ការ​បោះឆ្នោត។

អឺរ៉ុប ​កំពុងក្លាយ​ជា​ចំណី​ នៃ​ចរន្ត​ជ្រុល​និយម៖
ស្ថិត​ក្នុង​បរិយាកាស​អួរអ័ព្ទ​ ជាមួយ​នឹង​វិបត្តិ​សេដ្ឋកិច្ច ​ វិបត្តិ​សង្គម ​ និង​ការ​គំរាម​កំហែង​ភេរវកម្ម ​ប្រទេស​នៅ​អឺរ៉ុប​ កាន់តែ​ច្រើន ​ បាន​នាំគ្នា​បត់​ក្បាល​ទៅ​រក​នយោបាយ​បែប​បិទទ្វារ។ ជាមួយ​នឹង​ភាព​ភ័យខ្លាច ​និង​ការ​លំបាក ​ ប្រជាជន​ម្នាក់ៗ​បែរ​ជា​គិត​បែប​យក​រួចខ្លួន ​ ចុះចាញ់​ការ​ប្រកូក​ប្រកាស​បំភិតបំភ័យ ​ដែល​ភាគ​ច្រើន​ សុទ្ធតែ​ជា​ការ​បំភ័យ​ដោយ​គ្មាន​មូលដ្ឋាន។

ការ​បោះឆ្នោត​ប្រជាមតិ ​នាំ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ​គឺ​ជា​មេរៀន​មួយ​យ៉ាង​ធំ ​ សម្រាប់​ប្រជាជន​អឺរ៉ុប​ឯង​ទៀត។ ប្រទេស​ប៉ូឡូញ ​ប្រទេស​ហុងគ្រី ​ សុទ្ធតែ​បាន​នាំ​គ្នា​ជ្រើសរើស​យក​នយោបាយ​អភិរក្ស​ បែប​ស្តាំ​និយម​ជ្រុល ​ដែល​ជា​នយោបាយ​មិន​ត្រឹម​តែ​បែរ​ខ្នង​ដា​ក់ប្រទេស​ដ៍ទៃ ​តែ​ថែម​ទាំង​បែរ​ខ្នង​ដាក់​ប្រជាជន​ខ្លួន​ឯង​ណា ​ដែល​មាន​ដើម​កំណើត​មក​ពី​បរទេស។ អូទ្រីស ​ក៏​សឹង​តែ​ធ្លាក់​ទៅ​ក្នុង​អន្លង់​នេះ​ដូច​គ្នា​ដែរ​ ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានធិបតី​ កាលពី​ពេល​ថ្មីៗ​នេះ។ តែ​ជា​សំណាង​ល្អ ​លោក​Van der Bellen ​អ្នក​នយោបាយ​មក​ពី​បក្ស​ការពារ​បរិស្ថាន​ធម្មជាតិ ​ បាន​យក​ជ័យ​ជំនះ។

ឆ្នាំ​២០១៧​ នេះ ​ប្រជាជន​បារាំង​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ យោង​តាម​ការ​វិភាគ​ បេក្ខជន​ឈរឈ្មោះ​មក​ពី​បក្ស​ស្តាំ​និយម​ជ្រុល ​ លោកស្រី​ ម៉ារីន ឡឺប៉ែន ​ប្រាកដ​ជា​នឹង​ឈាន​ឡើង​ដល់​ការ​បោះឆ្នោត​ជុំ​ទីពីរ។ គណបក្ស​ Front National ​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន​​ គឺ​ជា​បក្ស​ដែល​អំពាវនាវ​ឲ្យ​មនុស្ស​ស្អប់​គ្នា ​ ប្រកាន់​ពូជសាសន៍​នឹង​គ្នា ​លែង​សាមគ្គី​គ្នា។ គណបក្ស​នេះ​ មាន​បំណង​រំលាយ​សហភាព​អឺរ៉ុប​ មាន​បំណង​រំលាយ​ប្រាក់​អឺរ៉ូ ​ មាន​បំណង​ពុះ​បំផ្លាញ​សង្គម​បារាំង​ ជា​ជំរៀកៗ ​ទៅ​តាម​និន្នាកា​សាសនា។

ចំណែក​បក្ស​ស្តាំនិយម​ ដែល​មាន​លោក ហ្វ្រង់ស័រ​ ហ្វ៊ីយ៉ុង ​ជា​បេក្ខជន​វិញ​ ក៏មាន​កម្មវិធី​នយោបាយ ​មិនខុស​គ្នា​ណាស់​ណា ពី​លោកស្រី ​ម៉ារីន ឡឺប៉ែន​ដែរ។ លោក​ហ្វ៊ីយ៉ុង ​មាន​បំណង​រំលាយ​ប្រព័ន្ធ​ធានា​សុខភាព​សង្គម ​ តាម​រយៈ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម។ លោក​ហ្វ៊ីយ៉ុង ​ចង់​លប់​ឈ្មោះ​មន្ត្រី​រដ្ឋការ​រាប់​ម៉ឺន​នាក់។ លោក​ហ្វីយ៉ុង ​ចង់​ហាម​ឃាត់ ​មិន​ឲ្យ​មនុស្ស​ស្រី​មាន​សិទ្ធិ​រំលូត​កូន​ចេញ ។ល។

ជាង​នេះ​ទៅទៀត ​ ទាំង​លោក​ហ្វីយ៉ុង ​ទាំង​លោកស្រី​ ម៉ារីន ឡឺប៉ែន​ សុទ្ធតែ​មាន​ជំហរ​ទន់ទោរ​ទៅ​ខាង​រុស្ស៊ី។ យើង​មិន​អាច​មិន​យល់​ទេ​ រុស្ស៊ី​របស់​លោក​ពូទីន ​មាន​មហិច្ឆិតា​ធំ​កំរិត​ណា។ រុស្ស៊ី​មិន​ដែល​ខ្វល់​ រឺ​គោរព​លទ្ធិប្រជាធិបតេយ្យ​អ្វី​ឡើយ។

អឺរ៉ុប ​អាច​ក្លាយ​ជា​ជនរងគ្រោះ​របស់​រុស្ស៊ី បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក៖
គ្រោះថ្នាក់​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​អាមេរិក ​ ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​បៀតបៀន​របស់​ប្រទេស​មួយ​ដ៏ទៃ ​ដែល​លោក​អូបាម៉ា ​បាន​លើក​ឡើង​ គឺ​មិនមែន​គ្រាន់​តែ​ជា​សារ​ប្រាប់​ទៅ​ប្រជាជន​អាមេរិក ​ឲ្យ​ប្រុង​ប្រយ័ត្ន​ទេ ​តែ​សារ​នេះ​ ក៏​មាន​ន័យ​ដាស់តឿន​ដែរ​ ដល់​របប​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប។

ថ្ងៃនេះ​អាមេរិក​រងគ្រោះ ​ថ្ងៃ​ស្អែក​ អ្នក​រងគ្រោះ​អាច​ជា​អឺរ៉ុប។ ប្រជាជន​អឺរ៉ុប​ម្នាក់ៗ​ ត្រូវ​ត្រៀមខ្លួន​ឲ្យ​រឹងមាំ ​ កុំ​ក្លបខ្លាច​ កុំភ័យ ​កុំ​យក​រួចខ្លួន ​កុំ​បោះបង់​សាមគ្គីភាព ​និង​ភាតរភាព​សង្គម​ឲ្យ​សោះ។ អឺរ៉ុប​ ​ក៏​ត្រូវត្រៀម​ខ្លួន​ ទប់ទល់ ​កុំឲ្យ​មនុស្ស​ចិត្ត​មា​ណា​ម្នាក់ ​ ចូល​មក​បង្ក​បញ្ហា ​ ប្រើ​មធ្យោបាយ​ថោកទាប ​ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ​​របស់​ខ្លួន​ បាន​ជា​ដាច់​ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ