អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ឃាតករម្នាក់ក្នុង ចំណោម​ពីរដែល​សម្លាប់​សង្ឃ​កាតូលិក គឺជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្រៅឃុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អង្គារ ​ទី​២៦​កក្កដា ​ភេរវជន​ពីរ​នាក់​បាន​ចាប់​មនុស្ស​៦នាក់​ជា​ចំណាប់ខ្មាំង ​ក្នុង​វិហារ​កាតូលិក​មួយ ​នៅ​ខាង​ត្បូង​ក្រុង​រូអង់​ប្រទេស​បារាំង​ ហើយ​បាន​យក​កាំបិត​អារក​សម្លាប់​សង្ឃ​កាតូលិក​ម្នាក់ ​យ៉ាង​សាហាវ​ព្រៃផ្សៃ។​ អត្ត​សញ្ញាណ​របស់​ឃាតករ​ម្នាក់ ​ដែល​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​នេះ ​ធ្លាប់​មាន​បំណង​រត់ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី​២ដង​រួច​មក​ហើយ ​ហើយ​ត្រូវ​បាន​តុលាការ​បារាំង​ផ្តន្ទាទោស។​ ក្នុង​ពេល​កើត​ហេតុ ​ជននេះ​កំពុង​ស្ថិត​ក្នុង​ការ​អនុវត្ត​ទោស​ក្រៅ​ឃុំ ​ដោយ​មាន​ពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​អេឡិច​ត្រូនិច​ជាប់​ខ្លួន​ផង។ អ្នក​នយោបាយ ​ក៏ដូច​ជា​មតិ​សាធារណៈ​ បាន​លើក​ឡើង​អំពី​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល ​និង​វិស័យ​តុលាការ ​ដែល​បណ្តោយ​ឲ្យ​មនុស្ស​ដ៏​គ្រោះថ្នាក់​បែបនេះ ​ដើរហើរ​ដោយ​សេរី។

នគរបាល​ប្រឆាំងអំពើភេរវកម្ម នៅខាងមុខ​វិហារ ​Saint-Etienne-du-Rouvray ក្រោយ​​ហេតុការណ៍​ភេរវកម្ម​ថ្ងៃួទី​២៦កក្កដា២០១៦
នគរបាល​ប្រឆាំងអំពើភេរវកម្ម នៅខាងមុខ​វិហារ ​Saint-Etienne-du-Rouvray ក្រោយ​​ហេតុការណ៍​ភេរវកម្ម​ថ្ងៃួទី​២៦កក្កដា២០១៦ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​អារក​សម្លាប់​សង្ឃ​កាតូលិក​អាយុ​៨៦ឆ្នាំ ​បាន​កើត​ឡើង​នៅ​ក្នុង​វិហារ​កាតូលិក​ Saint-Etienne du Rouvray​ នៅក្បែរ​ ក្រុង​Rouen ​ភាគ​ខាង​ជើង​ប្រទេស​បារាំង។ ភេរវជន​ទាំងពីរ​នាក់​ដែល​នគរបាល​បាន​បាញ់ស្លាប់​នៅ​នឹង​កន្លែង ​ គឺ​ជា​ជន​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម។ ប៉ុន្មាន​ម៉ោង​ ក្រោយ​ហេតុ​ការណ៍​នេះ ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ បាន​ចេញ​មក​ប្រកាស​ថានេះ​ជា​ស្នាដៃ​របស់​កូន​ចៅ​អ៊ីស្លាម​គ្នាវា។

Adel Kermiche ​ធ្លាប់​ប៉ុនប៉ង​រត់​ទៅ​ធ្វើ​ជីហាដ​នៅ​ស៊ីរី ​២ដង៖
មកត្រឹម​ពេល​នេះ​ គឺ​ទើបតែ​បាន​ដឹង​ពី​អត្តសញ្ញាណ​របស់​ជន​ជីហាត​តែ​ម្នាក់​ប៉ុណ្ណោះ។ ការ​យឺតយ៉ាវ​ គឺ​ដោយសារ​តែ​គេ​មាន​ការ​បារម្ភ​ថា ​ឃាតករ​ទាំងពីរ ​មាន​បង្កប់​គ្រាប់បែក​នៅ​ក្នុង​ខ្លួន ​ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ក្រុម​ដោះមីន ​បាន​ចំណាយ​ពេលជា​ច្រើន​ម៉ោង ​ដើម្បី​ពិនិត្យ​នៅ​ជុំវិញ​ខ្លួន​ឃាតករ​ទាំងពីរ ​ហើយ​បាន​រកឃើញ​ថា ​ឃាតករ​ទាំងពីរ​បាន​ផលិត​គ្រាប់​បែក​ក្លែងក្លាយ​ស្ពាយ​ជាប់​នឹង​ខ្លួន ​ ដើម្បី​បន្លំ​សមត្ថកិច្ច។
 

សង្ឃកាតូលិក Jacques Hamel អាយុ៨៦ឆ្នាំ ដែលជនជីហាត​បានអារក​សម្លាប់
សង្ឃកាតូលិក Jacques Hamel អាយុ៨៦ឆ្នាំ ដែលជនជីហាត​បានអារក​សម្លាប់ REUTERS

លោក ​François Molins ​រដ្ឋអាជ្ញា​ទទួល​បន្ទុក​ការ​ស៊ើបអង្កេត ​បាន​ធ្វើ​សន្និសីទ​កាសែត ​កាល​ពី​យប់​ថ្ងៃ​ទី២៦ កក្កដា​ ដើម្បី​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ឃាតករ​ម្នាក់ ​ដែល​មាន​ឈ្មោះ​ថា ​Adel Kermiche។ ជននេះ​ មាន​អាយុ​១៩ឆ្នាំ​ ជា​ជន​ជាតិ​បារាំង​ កើត​នៅ​បារាំង​ តែ​មាន​ឱពុកម្តាយ​ដើម​កំណើត​អាល់ហ្សេរី។ តាមការ​ឲ្យ​ដឹង​ទៀត​គឺ​ថា ​ជន Adel Kermiche ​នេះ​ធ្លាប់​មាន​បំណង​រត់​ឆ្លង​ទៅ​ស៊ីរី​ ២ដង​នៅ​ឆ្នាំ​២០១៥ ​ដើម្បី​ទៅ​ធ្វើ​ជា​ជន​ជីហាត​ជាមួយ​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

លើក​ទីមួយ​នៅ​ខែ​មីនា ​២០១៥ ​តែ​នគរបាល​អាល្លឺម៉ង់​ចាប់​បាន​នៅ​ក្រុង​មុយនីច​ រួច​បញ្ជូន​ឲ្យ​នគរបាល​បារាំង។ កាល​នោះ​ ជន​នេះ​ជា​អនីតិជន​ មាន​អាយុតែ​១៧​ឆ្នាំ​ទេ ​ដូច្នេះ​តុលាការ​បាន​សម្រេច​ទុក​ជន​នេះ​ ឲ្យ​នៅ​ក្រៅ​ឃុំ។ មិនបាន​ប៉ុន្មាន​ខែ​ក្រោយ​មក​ផង​ ជននេះ​បាន​លួច​រត់​ចង់​ឆ្លង​ទៅ​ស៊ីរី​ម្តង​ទៀត​ នៅ​ខែ​ឧសភា​ តែត្រូវ​នគរបាល​តួកគី​ឃាត់​ខ្លួន​បាន​នៅ​អ៊ីស្តង់ប៊ូល ​ហើយ​បញ្ជូន​មក​ឲ្យ​បារាំង​វិញ។​​លើក​ទីពីរនេះ​ទៀត ​ថ្វីបើ​មាន​ការ​ប្រឆាំង​ពី​រដ្ឋអាជ្ញា ​ចៅក្រម​បារាំង​បាន​សម្រេច​ឲ្យជន ​Adel Kermiche ​នេះ​អនុវត្ត​ទោស​នៅ​ក្រៅឃុំ​ ដោយ​ត្រូវ​ពាក់​ឧបករណ៍​អេឡិចត្រូនិក ​ដើម្បី​ត្រួត​ពិនិត្យ

ឆ្លៀតធ្វើភេរវកម្ម ទាំងខ្លួនត្រូវអនុវត្តទោសដោយនៅក្រៅឃុំ៖
ឆ្លងតាម​ការ​សើររើ​សំណុំរឿង ​បាន​បង្ហាញ​ថា ​មូលហេតុ​ដែល​ចៅក្រម​សម្រេច ​ឲ្យ​ជន​Adel Kermiche​ អនុវត្ត​ទោស​នៅ​ក្រៅឃុំ​ ដោយសារ​ចៅក្រម​យល់​ឃើញ​ថា​យុវជន​នេះ ​ហាក់​ដូច​ជា​យល់​ដឹង​ពី​កំហុស​របស់​ខ្លួន​ ហើយ​មាន​បំណង​លប់លាង​កំហុស​ និង​កសាង​អនាគត​ជាថ្មី។ នៅ​ចំពោះមុខ​តុលាការ​ជននេះ ​បាន​បង្ហាញ​ពី​ភាព​ស្តាយក្រោយ​របស់​ខ្លួន ​ហើយ​ក្នុង​ពេល​ឃុំឃាំង​បណ្តោះអាសន្ន ​ជន​នេះ​ធ្លាប់​បាន​ព្យាយាម​សម្លាប់​ខ្លួន​ទៀត។

ចំណុចមួយទៀត​ដែល​គួរ​លើក​ឡើង​ដែរ ​គឺ​ថា​តាំង​ពី​តូច​មក​ជន​នេះ ​មិនមែន​ជា​ក្មេង​ធម្មតា​ទេ ​តែ​ជា​ក្មេង​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ​ពេល​ស្លូតៗ​គួរ​ឲ្យ​អាណិត ​ពេល​កាច​គឺ​កាច​ខ្លាំង ​រករឿង​គេ​ឯង​តែម្តង។ ជន​នេះ​ធ្លាប់​បាន​គេ​បណ្តេញ​ចេញ ​ពី​សាលារៀន ​ជា​ច្រើន​លើក​ ដោយសារ​ចរិក​ហិង្សា ​ហើយ​ធ្លាប់​ត្រូវ​បាន​ឪពុក​​ម្តាយ​​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រោគចិត្ត​ទៀត​ផង។ ជារួម​ គឺ​​ជននេះ​ធ្លាប់​ជា​មនុស្ស​មាន​ស្មារតី​មិន​នឹងន។ នៅចំពោះមុខ​តុលាការ ​ក៏ដូច​ជា​មុខ​ក្រុម​គ្រូពេទ្យ​ចិត្តសាស្ត្រ ​ជននេះ​បាន​ធ្វើ​ឲ្យ​គេ​យល់​ថា​មាន​ភាព​ធូរស្រាល ​ហើយ​មាន​ចិត្ត​ចង់​កសាង​អនាគត​ជាថ្មី ​ទើបធ្វើ​ឲ្យ​គេ​សម្រេច​ផ្តល់​ឱកាស​ឲ្យ​ជននេះ ​ព្រោះ​ឃើញគ្នា​ក្មេង​ អាយុ​ទើប​តែ​១៨​ឆ្នាំ។

តែធាតុ​ពិត​ ជន​នេះ​ជា​មនុស្ស​ងាយ​ជឿគេ​អូស​ទាញ​ណាស់។​​ ជាក់ស្តែង​ជន​នេះ​បាន​សេព​គប់​មនុស្ស​មួយ​ចំនួន​នៅ​វិហារ​ម៉ូស្កេ ​ដែល​មាន​ទំនោរ​អ៊ីស្លាម​ជ្រុល​និយម​ ព្រម​ទាំង​ក្នុង​ពេល​ដែល​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ជននេះ ​បាន​ទាំង​ស្គាល់គ្នា​ជាមួយ​អ្នក​ទោស​ផ្សេង​ទៀត ​ដែល​សុទ្ធ​ជា​ជន​ជីហាត​អ៊ីស្លាម ​ដែល​វិល​មក​ពី​ស៊ីរី​វិញ ​ទៀត​ផង។ ឪពុក​ម្តាយ​ និង​បង​ប្អូន​របស់​ជននេះ ​បាន​ប្រាប់​ថា ​ជន​នេះ​បាន​ប្រែប្រួល​ទាំងស្រុង​ ក្លាយ​ជា​មនុស្ស​ជ្រុល​និយម ​និយាយ​តែ​ពី​រឿង​សាសនា​អ៊ីស្លាម​ ហើយ​ចង់​ទៅ​ពលី​ជីវិត​ប្រយុទ្ធ​នៅ​ស៊ីរី។

អ្វីដែល​អាជ្ញាធរ ​ទាំង​នគរបាល ​ទាំង​តុលាការ ​មិន​នឹក​ស្មាន​ដល់​ គឺ​ថា​ ​គេ​នឹក​ស្មាន​ថា​ជន​នេះ​ មាន​បំណង​ចង់​តែ​រត់ទៅ​ស៊ីរី​ដើម្បី​ធ្វើ​ជីហាត​ ​តែ​គេ​មិន​នឹក​ស្មាន​ថា​ជន​នេះ ​ហ៊ានធ្វើ​អំពើ​ភេរវកម្ម ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​បែប​នេះ​ទេ។
 
ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ចង់បង្ក​សង្រ្គាម​សាសនា៖

គ្រិស្តបរិស័ទយប់​សោក​នៅមុខ​​វិហារកា​តូលិក​ ក្រោយការ​សម្លាប់​​សង្ឃ​កាតូលិក​​ដោយ​​ជន​ជីហាត​​២នាក់
គ្រិស្តបរិស័ទយប់​សោក​នៅមុខ​​វិហារកា​តូលិក​ ក្រោយការ​សម្លាប់​​សង្ឃ​កាតូលិក​​ដោយ​​ជន​ជីហាត​​២នាក់ reuters

សង្រ្គាម​សាសនា ​ភាព​ចលាចល​ក្នុង​សង្គម ​ភាព​ភ័យខ្លាច​រអារ ​របស់​ប្រជាជន​ ទាំងអស់​នេះ ​គឺ​ជា​អ្វី​ដែល​ក្រុម​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម ​ចង់​ធ្វើវា ​ហើយ​មិន​ថា​នៅ​បារាំង​តែ​មួយ​ទេ ​ ​គឺ​នៅ​ទូទាំង​ពិភព​លោក​តែ​ម្តង។ ចាប់​ចំណាប់​ខ្មាំង ​នៅក្នុង​វិហារ​កាតូលិក ​អារក​សម្លាប់​សង្ឃ​កាតូលិក ​ទាំងអស់​នេះ​ ​គឺ​ជា​ការ​វាយ​ប្រហារ​មក​លើ​និមិ្មតរូប​ដ៏ធំ ​នៃ​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ប្រទេស​លោក​ខាងលិច។

 
សង្គម​បារាំង​ទាំងមូល ​កំពុង​តែ​ប្រឈមមុខ​នឹង​ភាព​បែកបាក់​កាន់តែ​ខ្លាំង​ ជា​ពិសេស​រវាង​អ្នក​កាន់​សាសនា​កាតូលិក ​និង​អ្នក​កាន់​សាសនា​អ៊ីស្លាម។ កន្លង​មក​មិន​ថា​ខាង​ណាទេ​ គឺ​តែងតែ​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក ​តែ​ឆ្លងកាត់​ករណីថ្មី​ដែល​សង្ឃ​កាតូលិក ​ត្រូវ​បាន​ជន​ជីហាត​អ៊ីស្លាម ​អារក​សម្លាប់​បែបនេះ ​គឺ​វា​នឹង​ជម្រុញ​ឲ្យមាន​ទឹកចិត្ត​ខឹង​សម្បារ ​ពី​សំណាក់​អ្នកកាន់​សាសនា​កាតូលិក។ ដូច្នេះ​ហើយ ​បាន​ជា​ក្រោយ​ហេតុការណ៍​នេះ ​គេ​ឃើញ​អ្នក​តំណាង​សាសនា​អ៊ីស្លាម ​និង​អ្នក​តំណាង​សាសនា​កាតូលិក ​នៅ​បារាំង​ បាន​អំពាវនាវ​អំពី​ការ​គោរព​ស្រលាញ់​អនុគ្រោះគ្នា​ទៅ​វិញ​ទៅមក។ ការ​ស្អប់គុំគួន​គ្នា ​មិនមែន​ជា​ការ​ដោះស្រាយ​បញ្ហាទេ។

 
នយោបាយ​បារាំង​កាន់តែ​បែកបាក់៖
ចំណែក​ក្នុង​ក្របខណ្ឌ​នយោបាយ​បារាំង​វិញ ​យើងឃើញ​ថា​ភាព​បែកបាក់​នេះ ​គឺ​កាន់​តែ​ធំ​រវាង​គណបក្ស​នយោបាយ។ គណបក្ស​លោក​ប្រធានាធិបតី​បារាំង​ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​គ្រប់​ជំពូក ​ទាំង​អសមត្ថភាព​ ទាំង​គ្មាន​ឆន្ទៈ​គ្រប់គ្រាន់។ ម្នាក់ៗ ​សុទ្ធតែ​បាន​ឆក់​ឱកាស​នេះ ​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល ​ថា​គ្មាន​សមត្ថភាព ​ដើម្បី​កេង​ចំណេញ​នយោបាយ។

សម្រាប់​ប្រជាជន​ទូទៅ ​វាជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ ​ ដែល​ជនម្នាក់ ​ដែល​នគរបាល​និង​តុលាការ ​ដឹង​យ៉ាង​ច្បាស់​ថា​ជា​មនុស្ស​អាច​បង្ក​គ្រោះថ្នាក់ ​ មាន​បំណង​រត់ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី​ ដល់​ទៅ​ពីរដង​ តែ​បែរ​ជា​បណ្តោយឲ្យ​នៅក្រៅ​ឃុំ​ទៅ​វិញ។​ ទោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ​ សម្រាប់​មនុស្ស​ទូទៅ ​ដែល​កំពុង​តែ​ភ័យ​បារម្ភ​នឹង​សន្តិសុខ​ស្រាប់​ផង​ ​គឺ​គេ​ពិត​ជា​មិនអាច​ មិន​បន្ទោស​រដ្ឋាភិបាល​បារាំង​បានទេ។ ទាំង​ប្រជាជន​ ទាំង​អ្នក​នយោបាយ ​គេ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដាក់​វិធានឲ្យ​តឹង​ និង​ម៉ឺងម៉ាត់ ​ដើម្បី​កម្ចាត់​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ បាន​ឆ្លើយ​តប​ថា ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​វា​មាន​ការ​លំបាក​ណាស់។​ គេមិន​អាច​ដោះស្រាយ​បញ្ហា​អ៊ីស្លាម​ជ្រុល​និយម​តែ​មួយ​ថ្ងៃ​បាន​ទេ។ ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម​នេះ ​ បាន​ចាក់​រឫសនៅ​គ្រប់​ទី​កន្លែង​ ហើយ​គេ​មិន​អាច​ចាប់​មនុស្ស​ដែល​គ្រាន់​ថា​សង្ស័យ​ថាដើរ​តាម​ក្រុម​ជីហាត ​ យក​មក​ដាក់​ឃុំ​ទាំង​អស់​បាន​ទេ។ ធ្វើ​ដូច្នេះ ​ មិនត្រឹម​តែ​ផ្ទុយ​ពី​គោលការណ៍​គ្រិះ​នៃ​រដ្ឋ​ធម្មនុញ្ញ​ទេ ​តែ​គឺ​គ្មាន​ប្រសិទ្ធិភាព​ទៀត​ផង។

យ៉ាងណា​ក៏ដោយ ​សុភ័ក្ត្រ ​ក្នុង​កាលៈទេសៈ​នេះ​ បើសិន​ជា​សង្គម​ សាសនា ​និង​អ្នក​នយោបាយ​បារាំង​មិនរួបរួម​គ្នា​ទេ ​គិត​តែ​មក​បន្ទោស​គ្នា​ទៅវិញ​ទៅមក ​គឺ​វា​មិនខុស​ពី​រឹត​តែ​ធ្វើ​ឲ្យ​ពួក​ជីហាត​ជ្រុល​និយម​ទាំង​នោះ​បានចិត្ត​ សប្បាយ​រីករាយ​នឹង​ជោគជ័យ​របស់​ពួកវា​ទេ។ ព្រោះនេះ​ហើយ​ជា​កម្មវត្ថុ​នៃ​សង្រ្គាម​របស់​ពួក​តិរិច្ឆាន​នេះ ​គឺ​បំបាក់​ទឹកចិត្ត​សាមគ្គីភាព ​បំបាក់​ស្មារតី​រួមរួម​គ្នា ​អត់ឱន​ឲ្យ​គ្នា​របស់​មនុស្ស​ជាតិ ​ដើម្បី​ឲ្យ​ពួកវា​ បន្ត​ការ​កាប់​សម្លាប់​បាន​តាម​ចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ