អានតួអត្ថបទ
បារាំង-ភេរវកម្ម

អាជ្ញាធរ​បារាំង ចាប់​បាន​ជន​ជីហាត​អ៊ីស្លាម​៥នាក់ ដែល​មាន​បំណង​ធ្វើ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ

កាលពីថ្ងៃទី​២៥ ​វិច្ឆិកា ​លោក​រដ្ឋអាជ្ញា​អមតុលាការ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ ដើម្បី​បង្ហើប​ឲ្យដឹង​អំពី​ ការចាប់​ខ្លួន​ជន​សង្ស័យ​ ជីហាត​អ៊ីស្លាម​៥នាក់។ ជនទាំង​៥​នាក់​នេះ ​​ត្រូវ​បាន​ចាប់ខ្លួន​​កាល​ពី ចុង​សប្តាហ៍​កន្លង​ទៅ​ ក្នុង​ប្រតិបត្តិការ​តាមដាន​និងប្រម៉ាញ់​បណ្តាញភេរវកម្ម​ជីហាត។ ​តាម​ការ​ឲ្យដឹង​ ជន​ទាំង​៥នាក់​នេះ ​កំពុង​ត្រៀម​រៀនចំ​ធ្វើ​ភេរវកម្ម​ទ្រង់​ទ្រាយ​ធំ ​នៅ​ប្រទេស​បារាំង​ ​នៅ​រវាង​ដើមខែធ្នូ​ខាងមុខ​នេះ។

លោក François Molins រដ្ឋអាជ្ញា​អម​តុលាការ​​ក្រុង​​ប៉ារីស ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​​ថ្ងៃទី​​២៥​ ​វិច្ឆិកា​ ​២០១៦
លោក François Molins រដ្ឋអាជ្ញា​អម​តុលាការ​​ក្រុង​​ប៉ារីស ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​​ថ្ងៃទី​​២៥​ ​វិច្ឆិកា​ ​២០១៦ AFP/Geoffroy Van Der Hasselt
ផ្សាយពាណិជ្ជកម្ម

កាល​ពីចុង​សប្តាហ៍​មុន ​ ប្រតិបត្តិការ​ចុះ​បង្រ្កាប​បណ្តាញ​ភេរវកម្ម​ជីហាត​អ៊ីស្លាម ​ត្រូវបាន​ប្រកាស​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង។ ជន​សង្ស័យ​ជា​បក្សពួក​របស់​ក្រុម​ជីហាត​អ៊ីស្លាម​ ៧នាក់ ​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន។ ឆ្លង​តាម​ការ​ពិនិត្យ​លើ​ភស្តុតាង​នានា ​ជន​សង្ស័យ​២នាក់​ ត្រូវបាន​ដោះលែង​ត្រលប់​ទៅវិញ​ តែ​ត្រូវ​ស្ថិត​ក្នុង​ការ​តាម​ដាន​យ៉ាង​ជាប់ស្អិត​ពី​អាជ្ញាធរ។

 
ថ្ងៃទី២៥​ វិច្ឆិកា  ​លោក​ François Molins ​រដ្ឋអាជ្ញា​អម​តុលាការ​ក្រុង​ប៉ារីស ​ បាន​ធ្វើ​សន្និសីទ​កាសែត ​ដើម្បី​ផ្តល់​ព័ត៌មាន​លំអិត​ ស្តីពី​ការ​ចាប់​ខ្លួន​នេះ។ យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋ​អាជ្ញា ​ជនសង្ស័យ​៤នាក់ ​ក្នុង​ចំណោម​៥នាក់​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន ​ គឺ​ជា​មិត្ត​ស្និតស្នាល​នឹងគ្នា ​ហើយ​មាន​ប្រភព​មក​ពី​ទីក្រុង​Strasbourg ​ភាគ​ខាង​កើត​ប្រទេស​បារាំង។ ចំណែក​ជន​សង្ស័យ​ទី៥ ​ គឺ​ជា​ជនជាតិ​ម៉ារ៉ុក ​ អាយុ​៤៦​ឆ្នាំ ​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្រុង​Marseille ​ភាគ​ខាងត្បូង​ប្រទេស​បារាំង។

ឆ្លង​កាត់​ការ​តាមដាន​ រួម​ជាមួយ​នឹង​ភស្តុតាង​ឯកសារ​នានា ​អាជ្ញាធរ​បារាំង​បាន​សន្និដ្ឋាន​ដឹង​ថា ​ ក្រុម​ជនសង្ស័យ​កំពុង​រៀបចំ​ធ្វើ​ភេរវកម្ម​ដ៏​ធំ​មួយ ​នៅ​ដើម​ខែ​ធ្នូ​ខាងមុខ​ នៅ​ក្នុង​ប្រទេស​បារាំង។ ទី​កន្លែង​លាក់​ខ្លួន​ និង​លាក់​អាវុធ​កាំភ្លើង​AK ​ជាច្រើន​ដើម ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ឈ្មោះ ​Montmorency ​ភាគ​ខាង​ ជើង​ក្រុង​ប៉ារីស។ លោក​រដ្ឋ​អាជ្ញាបារាំង​ បញ្ជាក់​ថា ​ ជន​សង្ស័យ​ទាំង​៥មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ ព្រោះ​ពួក​គេ​មាន​ទំនាក់​ទំនង​ នឹង​ទទួល​បញ្ជា​ដោយ​ផ្ទាល់​ពី​មនុស្ស​តែ​ម្នាក់​គត់។ មនុស្ស​នោះ​ គឺ​ជា​មេ​បណ្តាញ​ពួក​ជីហាត​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រចាំ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់​ ដែល​មាន​រហ័ស​នាម​ថា ​Abou Ali ​ហើយ​ប្រហែល​អាច​ជា​ជនជាតិ​បារាំង ​ផង​ក៏​ថា​បាន។

ជន​សង្ស័យ​ទាំង​៥​នេះ ​ សុទ្ធតែ​ធ្លាប់​បាន​ប៉ុនប៉ង​ ឆ្លង​ទៅ​ចូល​ក្នុង​ទឹកដី​ស៊ីរី។ ជាង​នេះទៅ​ទៀត ​គេបាន​រកឃើញ​វីដេអូ ​ផ្សព្វផ្សាយ​មនោគមវិជ្ជា​របស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ជន​សង្ស័យ ​ក៏មាន​វីដេអូ ​ ដែល​ជន​សង្ស័យ​បាន​ថត​ខ្លួន​ឯង ​ ដើម្បី​ប្រកាស​ចុះចូល​បំរើ ​នឹង​សុខចិត្ត​ស្លាប់ ​ជាមួយ​ក្រុម​ដ៏ព្រៃផ្សៃ​នេះ​ទៀតផង។

ការចាប់​ខ្លួន​នេះគឺ​ជា​ដំណឹង​ល្អ​មួយ ​ ​តែ​ក៏​វា​បង្ហាញ​ផងដែរ ​អំពី​ការ​គំរាមកំហែង​ភេរវកម្ម ​ ដែល​មាន​ជា​ប្រចាំថ្ងៃ ​នៅ​ក្នុង​ប្រទេស​បារាំង។ យ៉ាងណា​ក៏ដោយ ​ លោក​រដ្ឋអាជ្ញា​បារាំង ​បាន​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ មាន​ការ​ប្រុង​ប្រយ័ត្ន ​ មុននឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​ ទាក់ទិន​នឹង​ប្រតិបត្តិការ​នេះ ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ផែនការ​តាម​ប្រម៉ាញ់​របស់​សមត្ថកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ