អានតួអត្ថបទ

បារាំង៖ជនអន្តោប្រវេសន៍​គ្មាន​បណ្ណ​ស្នាក់នៅ​៧០០នាក់ សម្រុក​ចូល​ទៅ​វិមាន​ប៉ង់តេអុង

កាលពី​ថ្ងៃសុក្រ ទី១២កក្កដា នៅទីក្រុង​ប៉ារីស មាន​ក្រុម​ជន​អន្តោប្រវេសន៍ដែលគ្មាន​បណ្ណស្នាក់នៅ ប្រមាណ​ជា​៧០០នាក់ បានសម្រុលចូលទៅ​ក្នុង​វិមាន​ប៉ង់តេអុង (Panthéon) ដើម្បី​អំពាវនាវ ឲ្យរដ្ឋាភិបាលបារាំង ផ្តល់ប្រដាសស្នាម បណ្ណស្នាក់នៅដោយស្របច្បាប់​ដល់ពួកគេ។ សមត្ថកិច្ច​បារាំង បាន​បើក​ប្រតិបត្តិការ​បណ្តេញ​ជន​អន្តោប្រវេសន៍ ​ចេញពីវិមាន​ប៉ង់តេអុង ដោយបាន​ចំណាយ​ពេល​អស់​៣ម៉ោង។ ក្រុមអ្នកគាំទ្រជនអន្តោប្រវេសន៍ បានរិះគន់ចំណាត់ការ​បណ្តេញ​ របស់នគរបាលបារាំងនេះ ថាពោរពេញដោយអំពើហិង្សា និង​គ្មានមេត្តាធម៌។

នគរបាល​បារាំង កំពុង​បណ្តេញ​បាតុករ ជាជនអន្តោប្រវេសន៍​គ្មាន​​បណ្ណ​ស្នាក់នៅ នៅ​វិមាន​ប៉ង់តេអុង ក្រុងប៉ារីស ថ្ងៃ​ទី​១២​កក្កដា​ ២០១៩
នគរបាល​បារាំង កំពុង​បណ្តេញ​បាតុករ ជាជនអន្តោប្រវេសន៍​គ្មាន​​បណ្ណ​ស្នាក់នៅ នៅ​វិមាន​ប៉ង់តេអុង ក្រុងប៉ារីស ថ្ងៃ​ទី​១២​កក្កដា​ ២០១៩ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

នៅវេលា​ថ្ងៃត្រង់ ថ្ងៃសុក្រទី​១២កក្កដា ក្រុមជនអន្តោប្រវេសន៍ ដែលគ្មានក្រដាសស្នាម​ស្នាក់នៅ បាននាំគ្នាសម្រុកចូលទៅ​វិមាន​ប៉ង់តេអុង ដែលជាវិមាន​តំកល់សព​ឥស្សរជន​ធំៗរបស់បារាំង នៅ​កណ្តាលទីក្រុងប៉ារីស។ កម្មវត្ថុនៃការសម្រុកចូល​ទៅកាន់វិមាន​ប៉ង់តេអុង របស់ជនអន្តោប្រវេសន៍ ដើម្បីទាមទារ ឲ្យអាជ្ញាធររដ្ឋាភិបាល​បារាំង ជួយ​ផ្តល់​បណ្ណស្នាក់នៅដោយស្របច្បាប់ ដល់ពួកគេ។

នៅវេលាម៉ោង ៤ និង​៤៥នាទី រសៀល សមត្ថកិច្ចបារាំង បាន​សម្រេចចូលទៅបណ្តេញ​ក្រុមជនអន្តោប្រវេសន៍ ដែលតាមការស្មាន មានចំនួន​ប្រមាណជា​៧រយនាក់។ លោក Edouard Philippe  នាយករដ្ឋមន្ត្រីបារាំង បានសរសេរសារ លើTwitterថា សមត្ថកិច្ចបានធ្វើការរំសាយ​ក្រុមជនអន្តោប្រវេស ឲ្យចេញពីវិមាន​ប្រវត្តិសាស្ត្រប៉ង់តេអុង អស់រួចរាល់នៅវេលាម៉ោង ៧និង២០នាទីល្ងាច។

លោកនាយករដ្ឋមន្ត្រីបារាំងបន្ថែមថា បារាំងជាប្រទេសមានច្បាប់ ហើយការសុំបណ្ណស្នាក់នៅ គឺត្រូវធ្វើ​តាមនីតិវិធី ដែលច្បាប់កំណត់ ចំណែក​ការសម្រេចទៀតសោត គឺអាជ្ញាធរបារាំង សម្រេចដោយយុត្តិធម៌ ទៅតាមករណីនីមួយៗ របស់អ្នកស្នើសុំបណ្ណស្នាក់នៅ។ លោកបន្តថា ដូច្នេះការចូលលុកលុយ ចូល​ទៅ​ក្នុងវិមាន​ជាទីតាំងប្រវត្តិសាស្ត្រ​ដ៏មានតម្លៃ គឺមិនមែនជាដំណោះស្រាយ ហើយជារឿងដែលមិនអាចទទួល​យក​បានទេ។

ដោយឡែក យោងតាមអ្នករាយការណ៍ព័ត៌មានបារាំង AFP បានឲ្យដឹងថា នរគបាលបារាំង បាន​ប្រើដំបង់វាយ ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទៅលើហ្វូង​ជនអន្តោប្រវេសន៍ ដើម្បីរុញច្រានពួកគេឲ្យចេញតាមទ្វារក្រោយ។ មានមនុស្ស​រងរបួស ដួលសន្លប់​ ជាច្រើននាក់។ នៅខាងក្រៅ​វិមាន​ប៉ង់តេអុងវិញ មាន​សកម្មជន​ និងប្រជាជនសាមញ្ញ​ជាច្រើនរយនាក់ ដែលបានមកចូលរួម ស្រែកតវ៉ា ចំពោះចំណាត់ការ​របស់អាជ្ញាធរ ដែលពួកគេចាត់ទុកថាមានភាពហិង្សាហួសហេតុ គ្មានអាណិតអាសូរ ដល់ជនអន្តោប្រវេសន៍ស្លូតត្រង់។

សកម្មជនម្នាក់ នៃ​សមាគម Droits Devant ! បានលើកឡើងថា ជនជន្តោប្រវេសន៍ខ្លះ រស់នៅក្នុងភាព​មិនស្របច្បាប់ អស់ជាច្រើនឆ្នាំមកហើយ ដោយពួកគេគ្មានសិទ្ធិអ្វីទាំងអស់។ រដ្ឋាភិបាល​បារាំង កាលពីឆ្នាំ១៩៨១ ជំនាន់លោកប្រធានាធិបតី​មីតេរ៉ង់ ធ្លាប់បានជួយសម្រួលឲ្យស្របច្បាប់ ក្នុងករណីលើកលែងពិសេស ឲ្យដល់ជនអន្តោប្រវេសន៍​។ សកម្មជនដដែល​បានអំពាវនាវថា វាដល់ពេលហើយ ដែលរដ្ឋាភិបាល​​បារាំង ត្រូវពិចារណា ជួយសម្រួលផ្តល់បណ្ណស្នាក់នៅ ក្នុងករណីលើកលែងពិសេស ជាថ្មីម្តងទៀត នាពេល​នេះ ដើម្បីធ្វើឲ្យស្របច្បាប់ ដល់ជនអន្តោប្រវេសន៍ ដែលឆ្លើយតបនឹងលក្ខខណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ