អានតួអត្ថបទ

បារាំង៖ ជិត២​សែន​គ្រួសារគ្មាន​អគ្គីសនី​ប្រើ ​ដោយសារព្យុះ​ទឹកកក​យ៉ាង​គំហុក

ធាតុអាកាសដ៏អាក្រក់ កំពុងតែបោកបក់ មកលើប្រទេសបារាំង និងប្រទេសមួយចំនួនទៀត នៅអឺរ៉ុប។ បន្ទាប់ពីបានឆ្លងកាត់សីតុណ្ហភាពក្តៅខុសធម្មតា កាលពីសប្តាហ៍មុននេះ ស្រាប់តែពេលនេះ សីតុណ្ហភាព បានធ្លាក់ចុះយ៉ាងគំហុក ដោយនាំមកជាមួយ នូវព្យុះទឹកកក ខ្យល់បក់ក្នុងល្បឿនខ្លាំង អមដោយទឹកភ្លៀង​ផងដែរ។ នៅតំបន់ភាគកណ្តាល​ប្រទេសបារាំង ឈានទៅភាគឥសាន កំពុងរងគ្រោះខ្លាំងជាងគេ ដោយផ្លូវថ្នល់ បណ្តាញរថភ្លើងត្រូវជួបបញ្ហា ដោយសារតែទឹកកកធ្លាក់យ៉ាងគំហុក។ ផ្ទះប្រមាណជិត២សែនគ្រួសារ ​ពុំមានអគ្គីសនីប្រើប្រាស់។ នៅអ៊ីតាលីវិញ មានស្លាប់មនុស្ស៨នាក់។

ក្រុមអន្តរាគមន៍កំពុងទាញយកដើមឈើ​ដែលបាក់រលំលើថ្នល់ ដោយសារ​ទំងន់​ទឺកកក។ តំបន់​Auvergne ភាគ​កណ្តាល​ប្រទេស​បារាំង ថ្ងៃទី​៣០ តុលា ២០១៨​
ក្រុមអន្តរាគមន៍កំពុងទាញយកដើមឈើ​ដែលបាក់រលំលើថ្នល់ ដោយសារ​ទំងន់​ទឺកកក។ តំបន់​Auvergne ភាគ​កណ្តាល​ប្រទេស​បារាំង ថ្ងៃទី​៣០ តុលា ២០១៨​ Thierry Zoccolan / AFP
ផ្សាយពាណិជ្ជកម្ម

នៅវេលាព្រឹកថ្ងៃអង្គារ ទី៣០តុលានេះ យ៉ាងហោចណាស់ មានតំបន់បារាំង ចំនួន​១៧​តំបន់ ដែលត្រូវស្ថិតក្នុងការប្រកាសអាសន្នកំរិតខ្ពស់ ដោយឧត្តុនិយមបារាំង។ ចាប់ពី​ភាគ​កណ្តាល រហូតដល់ភាគខាងកើត ឈាងខាងជើង នៃប្រទេសបារាំង កំពុងរងសំពាធ សីតុណ្ហភាព​ធ្លាក់ចុះ យ៉ាងខ្លាំង ពពកអួរអាប់ មានទឹកភ្លៀង អមដោយទឹកកកសំលី ដែលធ្លាក់ចុះដោយកន្លែង។

នៅតំបន់ Auverge ដែលស្ថិតក្នុងប្រជុំភ្នំ Massif central គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយទឹកកកបានធ្លាក់យ៉ាងគំហុង ក្នុងពេលដ៏ខ្លី នៅយប់ថ្ងៃចន្ទ ឈានចូលថ្ងៃ​អង្គារ។ ទឹកកកធ្លាក់កម្រាស់ ប្រហែល៥០សង់ទីម៉ែត្រ បានបង្កឲ្យមានការរាំងស្ទះ ដល់​ការ​ធ្វើដំណើរតាមផ្លូវថ្នល់ និងផ្លូវដែក។ រថយន្តដឹកទំនិញធន់ធំ ប្រមាណ​១២៥០​គ្រឿង ​និងរថយន្តធម្មតា ប្រមាណ៧០០គ្រឿងទៀត កំពុងជាប់គាំងនៅតាមផ្លូវថ្នល់នានា ក្នុងតំបន់Auverge។

ស្ថានភាពស្រដៀងគ្នានេះ មាននៅតាមតំបន់ផ្សេងៗទៀត សឹងតែមួយចំហៀងខាងកើត ប្រទេសបារាំង។ យោងតាម ក្រុមហ៊ុនគ្រប់គ្រង ការផ្គត់ផ្គង់អគ្គីសនីបារាំង​ Enedis បានឲ្យដឹងថា គ្រួសារប្រហែល១៩៥០០០គ្រួសារ កំពុងតែគ្មានចរន្តអគ្គីសនីប្រើប្រាស់​ ដោយសារ​ទឹកកក បានបំផ្លាញ កាត់ផ្តាច់ចរន្ត។​ យោងតាមឧត្តុនិយមបារាំង ស្ថានភាពនេះ នឹងបន្តនៅថ្ងៃខាងមុខទៀត ដោយសំពាធនេះ នឹងរុញឡើងទៅភាគខាងជើង ធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ អមជាមួយនឹងទឹកភ្លៀង ហើយដែលធ្វើឲ្យផ្លូវថ្នល់ ត្រូវក្រាលដោយ​កម្រាលទឹកកក រឹងរអិល។

សូមបញ្ជាក់ថា ជិត១សប្តាហ៍មកនេះ អឺរ៉ុប កំពុងនូវអាកាសធាតុដ៏អាក្រក់ ក្នុងល្បឿន​លឿន​បំផុត។ កាលពីថ្ងៃចន្ទ កោះCorse ភាគខាងត្បូប្រទេសបារាំង បានជួបនូវខ្យល់​បក់បោក​ខ្លាំង ដែលបានបំផ្លាញបណ្តាញ និងកាត់ផ្តាច់ចរន្តអគ្គីសនីប្រមាណ​២១០០០​គ្រួសារ។ នៅប្រទេសអ៊ីតាលី ភាគខាងជើង ក្នុងតំបន់ភ្នំ ក៏មានការធ្លាក់ទឹកកកយ៉ាងគំហុក ដោយទីតាំងខ្លះ​​ទឹកកកធ្លាក់ រហូតមានកម្រាស់ ១ម៉ែត្រកន្លះ។ មានមនុស្ស៨នាក់ បាន​ស្លាប់ ក្នុងឧបត្តិហេតុផ្សេងៗគ្នាបង្កឡើងដោយព្យុះទឹកកក ក្នុងរវាងថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារនេះ។

គួរកត់សំគាល់ថា ការប្រែប្រួលអាកាសធាតុ កំពុងតែបង្ហាញរូបរាង្គពិតប្រាកដ តាមរយៈ ការប្រែប្រួលនូវ​រដូវកាល សីតុណ្ហភាព ក្តៅ ហើយធ្លាក់មកត្រជាក់ យ៉ាងរហ័ស ខុសពីធម្មតា។ កម្លាំងខ្យល់ និង បរិមាណទឹកកកធ្លាក់ មានកាន់តែខ្ពស់ ក្នុងពេលដ៏ខ្លី ហើយបង្កជា​គ្រោះថ្នាក់ ដែលមនុស្សមិនបានត្រៀមរៀបចំ ទុកជាមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ