ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អឺរ៉ុប

បារាំង៖ ទិវាពលកម្ម​អន្តរជាតិ ស្ថិត​ក្នុង​បរិយាកាស​អួរអាប់ នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី

media  
ក្រុម​សហជីព​ដើ់រ​ដង្ហែរ​ក្បួន​នៅប៉ារីស Reuters

ជាទំលាប់​ ទិវាពលកម្ម​អន្តរជាតិ ​ថ្ងៃ​ទី​១​ ឧសភា ​តែងតែ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត ​សម្រាប់​បុគ្គលិក​កម្មករ​ និង​ជា​ពិសេស​សម្រាប់​ក្រុម​សហជីព​បារាំង​ ដើម្បី​​រួបរួម​គ្នា​ដើរ​ដង្ហែរ​ក្បួន ​ទូទាំង​ប្រទេស ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ជួយ​កែលំអរ​លក្ខខណ្ឌ​ការងារ ​ព្រមទាំង​ជួយ​ជ្រោមជ្រែង​ជីវភាព ​របស់​ពលករ។ ក៏ប៉ុន្តែ ​ទិវា​ពលកម្ម​ឆ្នាំនេះ ​បាន​ស្ថិត​នៅ​ក្នុង​បរិយាកាស​ ដ៏​អួរអាប់​ដោយសារ​តែ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ ហើយ​សហជីព​បាន​បែក​ខ្ញែក​គ្នា ​ដោយសារ​តែ​មាន​គោល​ជំហរ​នយោបាយ​មិន​ដូចគ្នា ​ទាក់ទិន​ទៅ​នឹង​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី។

ទិវា​ពលកម្ម​អន្តរជាតិ ​ទី១​ឧសភា ​ឆ្នាំនេះ ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បរិយបទ​នយោបាយ ​យ៉ាង​តឹងតែង​​ដោយសារ​តែ​សហជីព​ធំៗ​របស់​បារាំង ​មិន​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា។ វា​ជា​ទំលាប់​នៅ​បារាំង ​ដែល​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​ម្តងៗ ​ ​គឺ​មិន​ថា​គណបក្ស​នយោបាយ​ ​រឺ​សហជីព​ធំៗ​ទាំងអស់ ​តែងតែ​ប្រកាស​គោល​ជំហរ​ខ្លួន ​ ហើយ​អំពាវនាវ​ ឲ្យ​សមាជិក ​ឬ​អ្នក​គាំទ្រ​ខ្លួន ​ បោះឆ្នោត​ទៅ​ឲ្យ​បេក្ខជន​ណា​ម្នាក់។

 
ក្នុង​ចំណោម​សហជីព​ធំៗ​បារាំង ​សហជីព ​CFDT ​និង ​ Unsa ​បាន​អំពាវនាវ​ច្បាស់​តែ​ម្តង​ថា​ ត្រូវ​តែ​បោះឆ្នោត​ឲ្យ​លោក ​Macron ​ដើម្បី​ទប់​កុំឲ្យ​គណបក្ស​ស្តាំ​និយម​ជ្រុល​របស់​លោកស្រី ​Le Pen​ អាច​ឈោង​ចាប់​អំណាច​បាន។ ក៏ប៉ុន្តែ ​ សហជីព​មួយ​ចំនួន​ទៀត ​ដូចជា​ CGT FSU Force Ouvrière ​ជាដើម​គ្រាន់​តែ​បាន​ថ្លែង​បរិហារ​ពី ​នយោបាយ​ដ៏​គ្រោះថ្នាក់ ​របស់​លោកស្រី ​Le Pen ​ក៏​ប៉ុន្តែ​មិន​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​លោក ​Macron​ ទេ។ សម្រាប់ ​សហជីព​ដែល​មាន​ទំនោរ​សង្គម​និយម​ទាំង​នេះ ​បេក្ខភាព​លោក ​Macron ​គឺ​គេ​មិន​អាច​ទទួល​យក​បាន​ទេ ​ដោយសារ​តែ​វា​សេរីនិយម ​គិតតែ​ប្រយោជន៍​មូលធន​ របស់​នាយទុន​ពេក។

គួរ​រំលឹក​ថា ​កាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ​២០០២ ​ដែល​មាន​លោក ​Jean Marie Le Pen ​ឪពុក​របស់​លោកស្រី​ Marine Le Pen ​ជា​បេក្ខជន ​ប្រជែង​ជាមួយ​លោក ​Jacques Chirac ​កាល​នោះ ​សហជីព​បារាំង​ទាំង​អស់ ​បាន​រួមគ្នា​ដើរ​ដង្ហែរ​ក្បួន ​ប្រមូល​មនុស្ស​ដល់​ទៅ​១លាន​៣សែន​នាក់ ​ដើម្បី​ប្រឆាំង​នឹង​បក្ស​ស្តាំនិយម​ជ្រុល​របស់​​គ្រួសារ ​Le Pen ​ហើយ​អំពាវនាវ​ឲ្យ​បោះឆ្នោត​ជូន​លោក​ Jacques Chirac វិញ។ ក៏​ប៉ុន្តែ ​​សម្រាប់​ពេល​នេះ ​សហជីព​បារាំង​បាន​ខ្វែង​គំនិត​គ្នា ​ហើយ​បើ​តាម​ការ​ស្មាន ​ការ​ដង្ហែរក្បូន​នៅ​ថ្ងៃ​នេះ ​នឹង​ត្រូវ​ធ្វើ​ដាច់​ដោយ​ឡែក​ពីគ្នា ​ជាមួយ​នឹង​មនុស្ស​ចូលរួម​ប្រហែល​ជា​៨ម៉ឺន​នាក់​ប៉ុណ្ណោះ។

Jean Marie Le Pen ស្ថាបនិក​​បក្ស​​ស្តាំ​និយម​ជ្រុល​ Le Front National (FN) នឹង​ត្រូវ​ជាឱពុក​លោកស្រី​ Marine Le Pen ​នៅព្រឹកថ្ងៃទី​១ឧសភា ​២០១៧ នៅមុខ​រូប​សំណាក ​Jeanne d'Arc Reuters

 
ដោយឡែក​ ថ្ងៃ​ទី​១​ឧសភា​នេះ ​លោក ​Jean Marie Le Pen ​បាន​ទៅ​ធ្វើ​គារវកិច្ច ​នៅ​ចំពោះ​មុខ​រូប​សំណាក ​នាង​ Jeanne d’Arc​ ដែល​ជា​និម្មិតរូប​នៃ​ចរន្ត​ជាតិ​និយម​របស់​បារាំង។ បក្ស​ស្តាំនិយម​ជ្រុល ​បាន​ឆក់​ឱកាស​ទិវា​ពលកម្ម​នេះ​ ដើម្បី​អូសទាញ​ការ​គាំទ្រ​ពី​សំណាក់ ​ស្រទាប់​ពលករ ​និង​កម្មករ​បារាំង។ ចំនែក​លោក​Macron ​​វិញ​ បាន​យក​បាច់​ផ្កា​ទៅ​ដាក់​នៅ​កន្លែង​ដែល​ជន​ជាតិ​ម៉ារ៉ុក​ម្នាក់ ​ត្រូវ​បាន​សកម្ម​ជន​ស្តាំនិយម​ជ្រុល ​សម្លាប់​ដោយ​សារ​តែ​ការ​រើសអើង​ នៅឆ្នាំ​១៩៩៥។ លោក​បាន​អំពាវនាវ ​ឲ្យ​ប្រជាជន​បារាំង​កុំអាល​ឆាប់​ភ្លេច ​ពី​អតីតកាល​និង​ប្រវត្តិ​របស់​បក្ស​ស្តាំនិយម​ជ្រុល ​Le Front National ​(FN) ដែល​ជា​បក្សជំរុញ​ការ​ស្អប់ខ្ពើម​មនុស្ស​ដូចគ្នា។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ​ឥស្សរជន​នយោបាយ​ធំៗ ​ឬ​សិល្បៈករ​ល្បីៗ ​បាន​នាំគ្នា​ចេញមុខជាបន្តបន្ទាប់​ អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង ​ទៅ​បោះឆ្នោត​ ដើម្បី​រារាំង ​កុំ​ឲ្យ​លោកស្រី ​Marine Le Pen ​អាច​ឈាន​ទៅ​ក្លាយ​ជា​ប្រធានាធិបតី​បារាំង ​បាន​ឲ្យ​សោះ ​ព្រោះ​គណបក្ស ​Le Front National ​របស់​លោក​ស្រី​ម្នាក់​នេះ ​ គឺ​ពោរពេញ​ទៅ​ដោយ​នយោបាយ​ញុះញ៉ង់ ​បំបែក​បំបាក់ ​រើសអើង​ប្រកាន់​ពូជសាសន៍ ​និង​ជា​ពិសេស​គឺ​វា​នឹង​ធ្វើ​ឲ្យ​បារាំង ​ ឯកោ​នៅ​តែ​ម្នាក់ឯង​លើ​ឆាក​អន្តរជាតិ។ បើ​ទោះ​បី​ជា​បេក្ខភាព​លោក ​Macron​​ មិនល្អ​គ្រប់គ្រាន់ ​តែ​សម្រាប់​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ​គេ​ត្រូវ​តែ​បោះឆ្នោត​ឲ្យ​លោក ​Macron ​ដើម្បី​បង្អាក់​ជោគជ័យ​របស់​លោកស្រី ​Le Pen៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ