អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុងប៉ារីស​ ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃពុធ​ទី ​១៣​ កញ្ញា​នេះ ​គណកម្មាធិការ​អន្តរជាតិ ​កីឡា​អូឡាំពិក ​នឹង​ត្រូវ​ប្រជុំ​បោះឆ្នោត​សម្រេច ​ប្រគល់​ការ​រៀបចំ​កីឡា​អូឡាំពិក ​ឆ្នាំ​២០២៤ ​និង​ ឆ្នាំ​២០២៨ ​ទៅឲ្យ​ទីក្រុង​ពីរ​ គឺ​ទីក្រុង​ ប៉ារីស ​និង​ទីក្រុង​ ឡូស ​អង់ហ្សឺឡេស។ ថ្វី​បើ​មិន​ទាន់​ក្លាយ​ជា​ផ្លូវការ ​តែ​ទីក្រុង​ប៉ារីស ​សង្ឃឹម​ជឿជាក់​យ៉ាង​ខ្លាំង​ ថា​បេក្ខភាព​ខ្លួន ​នឹង​ត្រូវ​បាន​គណកម្មាធិការ​អន្តរជាតិ​អូឡាំពិក ​ ទទួល​យក។ តែ​យ៉ាងណា ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​នេះ ​មិន​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស ​គេច​ផុត​ពី​ការ​រិះគន់​ឡើយ។ ការ​រិះគន់ ​ដោយ​ផ្អែក​លើ​ការ​ព្រួយ​បារម្ភ​ ​ថា​ទីក្រុង​ប៉ារីស ​ក៏​ដូចជា​រដ្ឋាភិបាល​បារាំង​ នឹង​ចំនាយ​ប្រាក់​ឥត​ប្រយោជន៍ ​ដោយ​ពុំបាន​អ្វី​ត្រឡប់​មក​វិញ។

The logo of the Paris candidacy for the 2024 Olympic and Paralympic Games is seen in front of the Eiffel tower in Paris, France, September 11, 2017.
The logo of the Paris candidacy for the 2024 Olympic and Paralympic Games is seen in front of the Eiffel tower in Paris, France, September 11, 2017. REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

នេះជា​លើក​ទីមួយ​ហើយ ​ ដែល​គណកម្មាធិការ​អន្តរជាតិ​កីឡា​អូឡាំពិក ​ធ្វើការ​បោះឆ្នោត​សម្រេច​ប្រគល់​ការ​រៀបចំ​កីឡា​នេះ​២លើក​ ទៅ​ឲ្យ​ទីក្រុង​២ ​ ក្នុង​ពេល​តែ​មួយ​បែប​នេះ។ ពោល​គឺ​ឆ្នាំ​២០២៤ ​ប្រគល់​ទៅ​ឲ្យ​ទី​ក្រុង​ប៉ារីស ​និង​ឆ្នាំ​២០២៨ ​ប្រគល់​ទៅឲ្យ​ទីក្រុង​ឡូស អង់ហ្សឺឡេស។

ទីក្រុង​ផ្សេងទៀត​ដក​ខ្លួន​ថយ​អស់ ​ទុក​ប៉ារីស​ ឲ្យ​គ្មាន​គូ​ប្រកួត

សួរថា ​មិនទាន់​បោះឆ្នោត​សម្រេច​ផង ​ម្តេច​ក៏​ដឹង​ច្បាស់​ទៅ​ហើយ? ងាយ​យល់​ទេ ​គឺថា​ បេក្ខភាព​ចុង​ក្រោយ​គឺ​នៅ​សល់​តែ​ពីរ​ទីក្រុង​នេះ​ទេ។ តាម​ពិតទៅ ​ពី​ដំបូង ​ទីក្រុង​ឡូស​អង់ហ្សឺឡេស ​គឺ​ជា​បេក្ខភាព​សម្រាប់​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ ​ដូច​ក្រុង​ប៉ារីស​ដែរ​ តែ​ក្រោយ​មក​ ឡូស​អង់ហ្សឺឡេស ​ក៏​សុំ​ដកខ្លួន​វិញ​ សុខចិត្ត​ទទួល​ធ្វើ​នៅ​ឆ្នាំ​២០២៨ ​ជំនួស​វិញ​ ដោយសារ​មូលហេតុ​ហិរញ្ញវត្ថុ។ ដូច្នេះ​ ឆ្នាំ​២០២៤ ​គឺមាន​តែ​ក្រុង​ប៉ារីស​តែមួយ​តែ​ប៉ុណ្ណោះ ក្នុង​ពេល​នេះ។

International Olympic Committee
International Olympic Committee REUTERS/Mariana Bazo

បើ​ពិនិត្យ​ទៅ​លើ​ឯកសារ​ដែល​បេក្ខភាព​នីមួយៗ​ បាន​ដាក់​បង្ហាញ ​តាំងតែ​ពី​ដំបូង​មក ​ទីក្រុង​ប៉ារីស ​មាន​បេក្ខភាព​រឹងមាំ ​ហើយ​បំពេញ​លក្ខខណ្ឌ​បាន​ល្អ​ជាង​គេ។ បេក្ខភាព​ស្នើ​សុំ​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ ​មានច្រើន​ក្រុង​ណាស់ ​ពី​ដំបូង​ ដូចជា​ទីក្រុង ​ហំបួរ​របស់​អាល្លឺម៉ង់ ​ទីក្រុង​ប៊ូដាប៉េស្ត៍ ​របស់​ហុងគ្រី ​ទីក្រុង​ បូស្តុន​របស់​អាមេរិក​ និង​ទីក្រុង​រ៉ូម ​ជាដើម ​ ​តែ​ពីមួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល ​ ទីក្រុង​ទាំង​នោះ ​បាន​ដក​ខ្លួន​ថយ​ទាំង​អស់ ​ទីមួយ​ដោយសារ​មាន​ការ​មិន​យល់​ស្រប​ ពី​សំណាក់ ​មតិ​សាធារណៈ ​និង​រដ្ឋាភិបាល​រៀងៗ​ខ្លួន ​ហើយ​ទីពីរ​ គឺ​បាន​មើលឃើញ​ថា ​បេក្ខភាព​ទីក្រុង​ប៉ារីស ​មាន​ប្រៀប​ជាង​ឆ្ងាយ​ណាស់។ ដូច្នេះ​ហើយ​ បានជា​ពេល​នេះ ​គឺនៅ​សល់​តែ​បេក្ខភាព​ទីក្រុង​ប៉ារីស​តែ​មួយ​គត់​ សម្រាប់​ឆ្នាំ​២០២៤។

ប៉ារីស​ សក្តិសម​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ

មាន​ហេតុផល​ច្រើន ​ដែល​ទីក្រុង​ប៉ារីស​សក្តិសម​នឹង​ទទួល​ ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤។ ទីមួយ ​គឺ​នៅ​ប៉ារីស​នេះ​ហើយ ​ដែល​លោក​ Pierre de Coubertin ​បាន​បង្កើត​គណកម្មាធិការ​អន្តរជាតិ ​នៃ​កីឡា​អូឡាំពិក​ ក្នុងឆ្នាំ​១៨៩៤។ ទីពីរ​ គឺ​ ទីក្រុង​ប៉ារីស​ ធ្លាប់​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​ពីរ​ដង​ គឺ​នៅ​ឆ្នាំ​១៩០០​ និង​ឆ្នាំ​១៩២៤។ ដូច្នេះ ​ដល់​ឆ្នាំ​២០២៤ ​គឺមាន​ន័យ​ថា​ មួយ​សតវត្ស​ក្រោយ​មក​ ប៉ារីស​នឹង​ក្លាយ​ជាម្ចាស់​ផ្ទះ​ម្តង​ទៀត។ ប៉ារីស ​ធ្លាប់​ធ្លាក់​៣ដង​មក​ហើយ ​លើក​ចុង​ក្រោយ​គេ ​គឺ​នៅ​ឆ្នាំ​២០១២ ​ដោយ​ចាញ់​បេក្ខភាព​ជ័យ​លាភី​គឺ​ ទីក្រុង​ឡុងដ៍។ ដូច្នេះ​លើកនេះ ​គឺ​គេជឿ​ថា ​ប៉ារីស ​សក្តិសម​នឹង​ទទួល​បាន​ណាស់។

ហេតុផល​ចំបង​មួយ​ទៀត ​គឺ​ដោយ​ផ្អែក​លើ​សំណុំ​ឯកសារ ​គម្រោង​រៀបចំ​កីឡា​អូឡាំពិក​នេះ ​ដែល​ក្រុមការងារ​ទីក្រុង​ប៉ារីស​ បាន​រៀបចំ​ដាក់​ស្នើរ​ទៅ​គណកម្មការ​អូឡាំពិក។ បើតាម​ប្រសាសន៍​លោក​ Etienne Thobois​ ​ជា​អគ្គនាយក​បេក្ខភាព​ប្រកួត​ បាន​ឲ្យដឹង​ថា ​សំណុំ​ឯកសារ​របស់​ប៉ារីស ​ឆ្លើយតប​ទៅ​នឹង​តថៈភាព​ ហើយ​មាន​លក្ខខណៈ​រឹងមាំ​ជាង​ទីក្រុង​ណាៗ​ទាំងអស់។​ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ ​គឺ​ប៉ារីស​ មាន​ប្រៀប ​និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ ​នៅ​ក្នុង​គណកម្មការ​អន្តរជាតិ​អូឡាំពិក។ ប៉ារីស ​ក៏មាន​ផែនការ​ច្បាស់លាស់ ​ក្នុង​ការ​កែច្នៃ​សំណង់​ទាំងអស់ ​ដែល​សាងសង់​ក្នុង​​ឱកាសនោះ​ យក​ទៅ​ប្រើ​បន្ត ​ឲ្យ​មាន​ប្រយោជន៍ ​មិន​បោះបង់​ចោលទេ។

បទពិសោធន៍​កីឡា​អូឡាំពិក​ទីក្រុង​រីយ៉ូ​ ធ្វើ​ឲ្យ​ប្រជាជន​បារាំង​ខ្លាច

ជាមួយ​នឹង​វិបត្តិ​ ក៏ដូច​ជា​រឿង​អាស្រូវ​ ដែល​កើត​ឡើង​ នៅ​ក្រោយ​ការ​រៀបចំ​កីឡា​អូឡាំពិក​ទីក្រុង​រីយ៉ូ​ ប្រទេស​ប្រេស៊ីល​ កាល​ពី​ឆ្នាំ​២០១៦​ មាន​មតិ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ បារាំង​មិន​គួរ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទេ ​ព្រោះ​គេ​នឹង​ចាយ​ប្រាក់​ឥត​ប្រយោជន៍ ​ខណៈ​ដែល​សេដ្ឋកិច្ច​បារាំង​ កំពុង​តែ​មាន​ដំណើរ​ការ​មិន​សូវ​ល្អ​ផង​នោះ។ ជា​ទូទៅ ​គេ​តែ​និយាយ​ថា ​ស្រុក​ណា​ទទួល​រៀបចំ​កីឡា​អូឡាំពិក​ ស្រុក​នោះ​នឹង​ធ្លាក់​ខ្លួន​ក្រ។ ធ្លាក់​ខ្លួន​ក្រ ​ឬ​យ៉ាងណា ​គឺ​វា​អាស្រ័យ​ទៅ​លើ​ធនធាន ​ដែល​មាន​ស្រាប់ ​ព្រម​ទាំង​គំរោង​ចំណាយ​ របស់​ទីក្រុង​ម្ចាស់​ផ្ទះ។

ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រីយ៉ូ ​គឺ ​មាន​ន័យ​ដូច​ជា​បណ្តាសារ។ ទីមួយ​គឺ​ ប្រេស៊ីល ​លោភ​ ចង់​បាន​មុខ​មាត់​ពេក។ ពោលគឺ​ហ៊ាន​ចាយ​ហួស​មាឌ។ ទទួល​រៀប​ចំ​កីឡា​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ ​ហើយ​ឆ្នាំ​២០១៦ ​កីឡា​អូឡាំពិក​ទៀត។​ ការ​រៀបចំ​កីឡា​សកល​ទាំងពីរ​នេះ​ គឺ​ត្រូវ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនណាស់ ​ដើម្បី​​ទទួល​ការ​ប្រកួត​ គ្រប់​វិញ្ញាសារ ​ទទួល​គណប្រតិភូ​កីឡា ​មកពី​គ្រប់​បណ្តា​ប្រទេស ​ហើយ​បន្ថែម​ពី​នេះ ​ត្រូវ​រៀបចំ​ស្ថាបនា​ទីក្រុង ​និង​មធ្យោបាយ​ធ្វើ​ដំណើរ ​សម្រាប់​អ្នក​ដែល​មក​ទស្សនា​ការ​ប្រកួត។

ទាំងអស់​នេះ ​ត្រូវ​ចំណាយ​ប្រាក់​មហាសាល។ បញ្ហា​ចោទ​មួយ​ទៀត ​គឺ​ប្រើស៊ីល ​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ។ យ៉ាង​ណា​មិញ ​គណកម្មការ​អូឡាំពិក​របស់​ប្រេស៊ីល ​ក៏​កំពុង​តែ​ជាប់​ពាក្យ​បណ្តឹង​ ដែល​គេ​ចោទ​ថា​​បាន​សូកប៉ាន់ ​គណកម្មាធិការ​អន្តរជាតិ​អូឡាំពិក​ ដើម្បី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ រឿង​រ៉ាវ​ពុក​រលួយ ដ៏​ច្រើន​ស្អេកស្កះ ​គឺទាក់ទិន​នឹង​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សំណង់។ ទី​បំផុត​ ក្រោយ​ការ​ប្រកួត ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ពហុកីឡាដ្ឋាន ​ខ្សែ​រថភ្លើង ​ត្រូវ​បាន​បោះបង់​ចោល ​រឺឯ​ប្រជាជន​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ ​ដើម្បី​យក​ដី​សាងសង់ ​ក៏​មិនបាន​ទទួល​សំណង​ត្រឹមត្រូវ។ ទាំងអស់​នេះ​ហើយ ​ដែល​ជា​រូបភាព​ បង្ហាញ​ថា ​ប្រេស៊ីល​សប្បាយ​តែ​មួយពេល ​តែ​ចុងក្រោយ ​រលត់​រលាយ ​កើត​ជា​ការ​ក្តៅ​ក្រហាយ។

ប៉ារីស​ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រាប់គ្រាន់​ នាំឲ្យ​ចំណាយ​ប្រាក់​តិច​បំផុត

ក្រុងប៉ារីស ​មិនមែន​ក្រុង​រីយ៉ូ​ទេ។ ប៉ារីស​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ គ្រប់គ្រាន់​ស្រេច​ទៅ​ហើយ ​មិន​ថា​វិស័យ​កីឡា ​កន្លែង​ស្នាក់នៅ ​និង​វិស័យ​ដឹក​ជញ្ជូន​ទេ។ យោង​តាម​ផែនការ ​ក្រុង​ប៉ារីស​គ្រោង​ចំណាយ​ប្រមាណ​ជា​៦,៦​ពាន់​លាន​អឺរ៉ូ​ ខណៈ​ដែល​ក្រុង​រីយ៉ូ ​បាន​ចំណាយ​លើស​នេះ​ដល់​ទៅ​ជាង​២ដង។

បើ​តាម​ការ​ឲ្យដឹង ​ទីក្រុង​ប៉ារីស ​មាន​គំរោង​សាងសង់​បន្ថែម​ ​តែ​អាង​ហែល​ទឹក​មួយ ​និង​ ភូមិ​កីឡា ​ដើម្បី​ទទួល​កីឡាករ​អត្តពលកម្ម ​មួយ​កន្លែង​ប៉ុណ្ណោះ ​បើ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ​១,៣​ពាន់​លាន​អឺរ៉ូ។ ហើយ​ភូមិ​កីឡា​នេះ ​នឹង​ត្រូវ​កែច្នៃ​យក​ទៅ​ធ្វើ​​ជា​ផ្ទះ​ស្នាក់​នៅ​ សម្រាប់​ប្រជាជន​បារាំង ​នៅ​ពេល​ចប់​ការ​ប្រកួត។ សរុប​រួម ​គឺ​គំរោង​សាងសង់​ទាំងអស់ ​គឺ​គេ​នឹង​កែ​ច្នៃ​ប្រើប្រាស់​បន្ត​ទៀត​ មិនមែន​ទុក​ចោល​ដូច​នៅ​ប្រេស៊ីល​ទេ។

ពេល​ប្រកួត​ ភ្ញៀវ​ទេសចរណ៍​រាប់​លាន​នាក់​ នឹង​មក​ប៉ារីស។ ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​ នឹង​លើក​កិត្តិយស​ក្រុង​ប៉ារីស​ ឲ្យកាន់​តែ​ល្បី​ក្នុង​ក្រសែរ​ភ្នែក​ទេសចរ។ ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​បារាំង​កំពុង​ជាប់​គាំង​ ព្រឹត្តិការណ៍​នេះ ​និង​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ ​ជា​ពិសេស​ដល់​វិស័យ​សេវ៉ាកម្ម ​ទេសចរណ៍ ​សណ្ឋាគារ​បារាំង ​ឲ្យមាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា។ ទាំង​នេះ​ហើយ ​ដែល​ជា​អំណះអំណាង​របស់​ទីក្រុង​ប៉ារីស​ ហើយ​ប៉ារីស​ មាន​សមត្ថភាព ​និង​លទ្ធភាព​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ ​ដោយ​មិន​ឲ្យ​ការ​ចំណាយ​នេះ ​ក្លាយ​ជា​អាសារ​បង់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ