ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អឺរ៉ុប

ទីក្រុង​ប៉ារីស ប្រកាស “ភាព​អាសន្ន​ផ្នែក​អាកាសធាតុ”

media តួអេហ្វែល គ្រប់​ដណ្តាប់​​ដោយ​ផ្សែង​ពុល​អួរអាប់ នៅ​ទីក្រុង​ប៉ារីស។ REUTERS/Gonzalo Fuentes

កាលពីថ្ងៃអង្គារទី៩កក្កដា សាលាក្រុងប៉ារីស រដ្ឋធានីប្រទេសបារាំង បានសម្រេចប្រកាស ដាក់ចុះ នូវស្ថានភាព​អាសន្ន​ផ្នែកអាកាសធាតុ។ ការប្រកាសស្ថានភាពអាសន្ននេះ គឺធ្វើឡើង ក្រោមកម្មវត្ថុ ជំរុញលើកកំពស់ និងអនុវត្តនូវគំរោងនានា ដើម្បីថែរក្សា​ការពារធម្មជាតិ ព្រមទាំងកាត់បន្ថយនូវការកើនឡើងកំដៅផែនដី។ សាលាក្រុងប៉ារីស ក៏បាន​ប្តេជ្ញាថា ត្រូវតែគោរព​កម្មវត្ថុនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស្តីពីអាកាសធាតុ ឲ្យខាងតែបាន​។

លោកស្រី Célia Blauel មន្ត្រីទទួលបន្ទុកផ្នែកបរិស្ថាន នៃសាលាក្រុងប៉ារីស បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ មានកម្មវត្ថុកាត់បន្ថយការកើនឡើងកំដៅផែនដី ហើយដែល​ទីក្រុងប៉ារីស ប្តេជ្ញាថា ត្រូវតែគោរពកម្មវត្ថុនេះឲ្យបាន។ នៅចំពោះមុខក្រុមប្រឹក្សា​ក្រុងប៉ារីស លោកស្រីបានប្រកាសថា ក្នុងន័យនេះ ទីក្រុងប៉ារីស សូមប្រកាស​ដាក់"ស្ថានភាព​អាសន្ន​ផ្នែក​អាកាសធាតុ"

ស្ថិតក្នុងក្របខណ្ឌ នៃស្ថានភាព​អាសន្ន​​ផ្នែកអាកាសធាតុនេះ ក្រុមប្រឹក្សាក្រុងប៉ារីស បានសម្រេច​បង្កើតឡើងនូវ​ “បណ្ឌិតសភា​អាកាសធាតុ”។ បណ្ឌិតសភាអាកាសធាតុនេះ មានកម្មវត្ថុ ផ្តល់ជូនយុវជនក្មេងៗ ឬប្រជាជនទូទៅ នូវទីកន្លែងសាមគ្គី ធ្វើការស្វែងយល់រួមគ្នា  និងទទួលបាននូវការបណ្តុះបណ្តាល ដោយឥតគិតថ្លៃ ដើម្បីឈានទៅលើកចេញជាគម្រោងនានា ដើម្បីបរិស្ថានធម្មជាតិ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាក្រុងប៉ារីស ក៏បានសម្រេច បង្កើតក្រុមការងារជំនាញ មានដូចជាក្រុមអ្នក​ជំនាញ​អាកាសធាតុ ក្រុមអ្នកជំនាញនគរូបនីយកម្ម និងក្រុមអ្នកសង្គមវិទ្យា។ ក្រុមអ្នកជំនាញទាំងនេះ នឹង​ដើរតួនាទីសំខាន់ តាមរយៈការពិគ្រោះយោបល់ មុននឹងដាក់ចុះ នូវគម្រោងគោលនយោបាយ​ណាមួយ របស់ក្រុងប៉ារីស ទាក់ទិននឹងវិស័យបរិស្ថានធម្មជាតិ។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ប្រទេស៣ហើយ ដែលបានប្រកាស​ស្ថានភាព​អាសន្ន​ផ្នែកអាកាសធាតុ ហើយដែលក្នុងន័យនេះ បញ្ហាបរិស្ថាន អាកាសធាតុ គឺជាអាទិភាព​របស់រដ្ឋាភិបាល​។ ប្រទេសទាំង៣នោះមាន បារាំង កាណាដា និងអៀរឡង់។ ក្រៅពីប្រទេស៣នេះ មានទីក្រុងធំៗជាច្រើនដែរ ដែល​បានប្រកាស​ស្ថានភាព​អាសន្ន​ផ្នែកអាកាធាតុ ដើម្បីគូសវាសគោលនយោបាយ​ក្រុងខ្លួន​ ឲ្យឆ្លើយតបទៅនឹងស្ថានភាព​នៃការគំរាមកំហែង បណ្តាលមកពីការកើនឡើងនូវកំដៅផែនដី។

ក្រៅពីទីក្រុងឬប្រទេស មាន ​ សកលវិទ្យាល័យខ្លះ ក៏បានប្រកាសស្ថានភាព​អាសន្នផ្នែកអាកាសធាតុដែរ ដើម្បីពញ្ញាក់ស្មារតី សិស្សនិស្សិត ក៏ដូចជាអ្នកស្រាវជ្រាវ ឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការរកដំណោះស្រាយ ដើម្បីការពារធនធានធម្មជាតិ បរិស្ថាន និងកាត់បន្ថយកំដៅផែនដី ដែលជាប្រភព​នូវ​គ្រោះមហន្តរាយជាច្រើន មកលើជីវិតមនុស្សសត្វ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ