អានតួអត្ថបទ

បារាំង៖ នាយករដ្ឋមន្ត្រី​ទៅសភា ប្រកាស​ពី​គោល​នយោបាយពន្ធ​ និង​ផលវិបាក​លើ​ជីវភាព

នៅថ្ងៃពុធ ទី៥ធ្នូនេះ លោកនាយករដ្ឋមន្ត្រីបារាំង និងត្រូវចូលទៅសភាជាតិបារាំង ដើម្បីធ្វើការប្រកាសអំពីទិសដៅថ្មី នៃគោលនយោបាយពន្ធរបស់រដ្ឋាភិបាល ព្រមទាំងពន្យល់ពីផលវិបាកនានា ដែលអាចមាន ទៅលើជីវភាពប្រចាំថ្ងៃ របស់ប្រជាជនបារាំង។ គួរកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលបារាំង ហាក់ដូ​ចជាកំពុងដកថយខ្លះ ទាក់ទិននឹងគម្រោងការដំឡើងពន្ធ ដែលស្ថិតក្នុងគោលនយោបាយ កាត់បន្ថយឧស្ម័នកាបូនិក និងការបំពុលបរិស្ថាន។ ក៏ប៉ុន្តែគម្រោងដំឡើងពន្ធនេះ បានបង្ក ឲ្យក្លាយជាបាតុកម្មទូទាំងប្រទេស ធ្វើឡើងដោយ ចលនាអាវកាក់ពណ៌លឿង ដែលបានបង្កអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅទីក្រុងប៉ារីស។

លោក Edouard Philippe​នាយករដ្ឋមន្ត្រី​បារាំង
លោក Edouard Philippe​នាយករដ្ឋមន្ត្រី​បារាំង Ludovic MARIN / AFP
ផ្សាយពាណិជ្ជកម្ម

ប្រឈមមុខពីការដាក់សំពាធកាន់តែខ្លាំងឡើងៗ មិនថាពីក្រុមបាតុករ​ ប្រជាជនសាមញ្ញ ឬសមាជិកសភា រដ្ឋាភិបាលបារាំង បានសម្រេចចិត្តចូលសភា ដើម្បីធ្វើការពន្យល់បំភ្លឺ ស្តីពីគម្រោងកម្មវិធីនយោបាយពន្ធអាករ ព្រមទាំងផលវិបាក ដែលជះទៅលើជីវភាពរបស់ប្រជាជនបារាំង។ អន្តរាគមន៍របស់លោក អេឌ័រ ហ្វ៊ីលីព នាយករដ្ឋមន្ត្រីបារាំងចំពោះមុខសមាជិកសភា នៅថ្ងៃពុធទី៥ធ្នូនេះ និងត្រូវភ្ជាប់ជាមួយនឹងការសួរដេញដោល លើកជាយោបល់ ដែលចំណាយពេលប្រមាណជា៣ម៉ោងកន្លះ។ នៅថ្ងៃព្រហស្បតិ៍ស្អែក លោកនាយករដ្ឋមន្ត្រី ក៏ត្រូវចូលទៅព្រឹទ្ធសភា ធ្វើបទបង្ហាញអំពីផែនការបន្ទាន់ផ្នែកពន្ធនេះ ដើម្បីដោះស្រាយវិបតិ្តប្រឆាំងតវ៉ា ដែលកំពុងតែកើតមាន។

សូមបញ្ជាក់ថា ៣សប្តាហ៍ហើយ ដែលបារាំងមានស្ថានភាពវឹកវរ ដោយសារតែបាតុកម្មតវ៉ា របស់ចលនា “អាវកាក់ពណ៌លឿង” ដែលភាគច្រើន ពួកគេគឺជាប្រជាជនបារាំង មានជីវភាពក្រីក្រ មានចំណូលតិច ហើយដែលអត់ទ្រាំលែងបាន និងកម្រិតពន្ធអាករ​ដែលចេះតែឡើង។ បាតុកម្មកាលពីថ្ងៃសៅរ៍សប្តាហ៍​មុន​​ នៅសង្កាត់ហ្សង់អេលីហ្ស៊េ ទីក្រុង​ប៉ារីស បានក្លាយទៅជាទីបញ្ចេញកំហឹង ផ្ទុះអំពើហិង្សាយ៉ាងធ្ងន់ធ្ងរបំផុត។

ក្រោយហេតុការណ៍នេះ គេសង្កេតឃើញថា រដ្ឋាភិបាលបារាំង ហាក់ដូចជាដកថយខ្លះ ដើម្បីព្យាយាមសាកល្បងរំងាប់កំហឹងនិងការតវ៉ា របស់ប្រជាជន។ ជាក់ស្តែង កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានសម្រេច ព្យួរការដំឡើងពន្ធលើឧស្ម័នកាបូន រយៈពេល៦ខែ។ រដ្ឋាភិបាល​ក៏បានធានា ទប់មិនឲ្យឡើងតម្លៃហ្កាស និងភ្លើង​អគ្គីសនី ក្នុងរដូវរងារនេះ ហើយព្រមទាំងសុខចិត្ត បោះបង់ចោលការដាក់កំហិតកាន់តែខ្លាំង ទៅលើការត្រួតពិនិត្យបច្ចេកទេស លើរថយន្តទៀតផង។

លោក បង់ហ្សាម៉ាំង ហ្រ្គីវ៉ូ អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងនៅថ្ងៃពុធនេះថា រដ្ឋាភិបាល អាចនឹងបោះបង់ចោលជាស្ថាពរ នូវគម្រោងការដំឡើងពន្ធអាករ បើសិនជាមិន​អាចរកដំណោះស្រាយបានទេ ពីនេះដល់ខែមីនាឆ្នាំក្រោយ។ បន្ថែមពីនេះទៀត រដ្ឋាភិបាល​កំពុងពិចារណា លើការដាក់ឲ្យអនុវត្តមកវិញ នូវការយកពន្ធលើទ្រព្យសម្បត្តិ នៅ​ក្រោយ​ការឆ្លងកាត់ការ​វិភាគថ្លឹងថ្លែង ពីសំណាក់សមាជិកសភា។

បើតាមការវិភាគ រដ្ឋាភិបាល ខ្លាចក្រែងកំហិងតវ៉ានេះ​ ឆេះរាលដាលទៅក្នុងវិស័យផ្សេងទៀត។ ជាក់ស្តែង សហពន័្ធកសិករបារាំងទូទាំងប្រទេស ក៏បានប្រកាសអំពាវនាវ ឲ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដែរ។ ស្ថានភាពក៏មានការតានតឹង នៅតាមវិទ្យាល័យ​មួយចំនួននៅក្រុងប៉ារីស និងក្រុងម៉ាកសី។ ចំណែកចលនាអាវកាក់​ពណ៌​លឿង នៅតែមានគម្រោងធ្វើបាតុកម្មជាលើកទី៣ នៅថ្ងៃសោរ៍ខាងមុខនេះ បើតាមការស្ថានទុក គឺអំពើហិង្សាអាចនឹងផ្ទុះសារជាថ្មីទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ