អានតួអត្ថបទ

បាតកម្ម​អាវកាក់លឿង សប្តាហ៍ទី១៧ មនុស្ស​ចូលរួម​កាន់តែ​ចុះខ្សោយ

ដូចរៀងរាល់ថ្ងៃសៅរ៍ នៅប្រទេសបារាំង ក្រុមចលនាបាតុកម្មអាវកាក់ពណ៌លឿង​ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម នៅ​តាមទីក្រុងធំៗនានា។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺក្រុមអាវកាក់ពណ៌លឿង មានមនុស្សចូលរួម កាន់តែតិចទៅៗ ខណៈដែលវេទិកាជួបជជែកស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ រៀបចំដោយរដ្ឋាភិបាលបារាំងនោះ​ ជិតដល់ថ្ងៃបិទបញ្ចប់។ នៅទីក្រុងប៉ារីស ក្រុមអាវកាក់លឿង បានព្យាយាមអូសទាញក្រុមចលនាបាតកម្មផ្សេងទៀតឲ្យចូលរួម​ជាមួយខ្លួន តែមិនបានសម្រេច។

ក្រុមអាវកាក់លឿង នៅលើ​មហាវិថី Champs Elysée ថ្ងៃទី​៩​ មីនា​ ២០១៩
ក្រុមអាវកាក់លឿង នៅលើ​មហាវិថី Champs Elysée ថ្ងៃទី​៩​ មីនា​ ២០១៩ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃសៅរ៍ ទី៩មីនា ក្រុមអាវកាក់ពណ៌លឿង បានចាប់ផ្តើមជួប​ជុំគ្នា នៅទីលានវិមានជ័យជំនះ ក្នុងសង្កាត់សង់អេលីហ្សេ ទីក្រុងប៉ារីស។ នៅមិនឆ្ងាយប៉ុន្មានពីទីនោះ មានចលនាបាតុកម្មរបស់ក្រុមផ្សេងៗទៀត មានដូចជាក្រុមអាវកាក់ក្រហម ដែលជាក្រុមសហជីពពលករ និងក្រុមអាកាក់ពណ៌ផ្កាឈូក ដែលជាក្រុមបុគ្គលិកមើលថែរកុមារ។ ក្រុមទាំងនេះ សុទ្ធតែមានកម្មវត្ថុរៀងៗខ្លួន ក្នុងការធ្វើបាតុកម្ម ទាមទារឲ្យ​រដ្ឋាភិបាល​លោកម៉ាក្រុង ដោះស្រាយ។

នៅតាមបណ្តាញសង្គម ក្រុមបាតុកម្មអាវកាក់លឿង បានអំពាវនាវឲ្យមនុស្សមកជួបជុំ បោះទីតាំងជុំគ្នានៅខាងក្រោម Tour Eiffel នៅពេញមួយចុងសប្តាហ៍នេះ។ ក៏ប៉ុន្តែ​ កាលពីយប់ថ្ងៃសុក្រ នរគបាល បានចុះមករំសាយបាតុករអាវកាក់លឿង ដែលកំពុងតែចាប់ផ្តើម រៀប​ចំធ្វើរោងបោះជំរុំ។

គួររំលឹក​ថា ក្រុមអាវកាក់ពណ៌លឿង ដែលបានចាប់ផ្តើមធ្វើបាតុកម្ម​តាំងតែពីខែវិច្ឆិកា ហាក់ថយកម្លាំងគាំទ្រខ្លាំង ហើយមិនអាចប្រមែរប្រមូលកម្លាំងបាតុករ របស់ក្រុមផ្សេង ឲ្យចូលរួមជាមួយខ្លួនទេ។ អំពើហិង្សាដែលកើតមានជាបន្តបន្ទាប់ បង្កឡើងដោយក្រុមបាតុករអាវកាក់លឿងខ្លះ បានធ្វើឲ្យចលនាបាតុកម្មនេះ ត្រូវគេរិះគន់ខ្លាំង។

សូមបញ្ជាក់ថា វេទិកាជជែកដោះដូរយោបល់ទូទាំងប្រទេស ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលលោកម៉ាក្រុង​ ដើម្បីស្វែងយល់ពីតំរូវការ​ និងបញ្ហាប្រឈមនានា របស់ប្រជាជនគ្រប់មជ្ឈដ្ឋាន។ វេទិកានេះ គឺជាការឆ្លើយតបរបស់រដ្ឋាភិបាលបារាំង ទៅនឹងចលនាតវ៉ា របស់ក្រុមអាវកាក់ពណ៌លឿង ដែលបានធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលគិតគូរ ពីជីវភាពរបស់ប្រជាជន ហើយត្រូវផ្តល់យុត្តិធម៌ដល់ប្រជាជនបារាំង ដែលក្រីក្រ។

គួរកត់សំគាល់ដែរថា កាលពីថ្ងៃទី១៧វិច្ឆិកា ក្នុងឱកាសបាតុកម្មលើកទីមួយ របស់ក្រុមអាវកាក់លឿង គឺមានមនុស្សចូលរួមទូទាំងប្រទេស ប្រមាណ​២សែន៩ម៉ឺននាក់។ ក៏ប៉ុន្តែ កាលពីបាតុកម្មថ្ងៃទី​២មីនា គឺនៅសល់មនុស្សតែ ៤ម៉ឺននាក់ប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ ក្រុមតំណាងអាវកាក់លឿង នៅតែអះអាងថា ការតវ៉ានៅតែមានសន្ទុះខ្លាំង ហើយសន្យាថា នឹងប្រមូលកម្លាំងឲ្យបានច្រើន នៅថ្ងៃទី​១៦មីនា ចំពេលដែលវេទិកាជជែកយោបល់ទូទាំងប្រទេស ត្រូវបិទបញ្ចប់ជាស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ