ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប
 
ការដើរដង្ហែរ​ក្បួន​យោធា នៅលើ​មហាវិថី Champs-Elysees ក្រុងប៉ារីស ថ្ងៃទី​១៤ កក្កដា ២០១៩ REUTERS/Charles Platiau

ថ្ងៃទី​១៤ កក្កដា គឺជាទិវាបុណ្យជាតិបារាំង ដែលដូ​ចជារៀងរាល់ឆ្នាំ នៅទីក្រុងប៉ារីសគឺមានការប្រារព្ធពិធី ដើរក្បួនព្យុហយាត្រាកងទ័ព  រួមទាំងការបង្ហាញ​នូវសម្ភារៈសព្វាវុធ ក្រោមក្រសែភ្នែក​ របស់ប្រធានាធិបតីបារាំង និងប្រមុខរដ្ឋនៃប្រទេសធំៗជាច្រើន​ ដែលត្រូវបានគេអញ្ជើញចូលរួមជាកិត្តិយស។ សម្រាប់ទិវាជាតិ ១៤កក្កដា ឆ្នាំ២០១៩នេះ បានប្រារព្ធឡើង ក្រោមពាក្យស្លោកនៃកិច្ចសហប្រតិបត្តិការផ្នែកកងទ័ព រវាងបារាំង និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។ គោលគំនិត​នៃ​ការបង្កើនសមត្ថភាព​កងទ័ពការពារខ្លួន​របស់អឺរ៉ុប ដោយមិនរំពឹង តែទៅលើ​កងទ័ពអាមេរិកនោះ គឺជាការចង់បាន​របស់លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង។

កងទ័ព និងបច្ចេកវិទ្យាទំនើប

ដូចរៀងរាល់ឆ្នាំ ក្បួនព្យុហយាត្រា កងទ័ព នៅថ្ងៃបុណ្យជាតិបារាំង ១៤កក្កដា គឺមានការចូលរួមពីកងទ័ពថ្មើរជើង កងទ័ពទ័ពជើងទឹក កងទ័ពអាកាស ព្រមជាមួយនឹងកងកម្លាំងពិសេស របស់ប្រទេសផ្សេង ដែលបារាំងអញ្ជើញជាកិត្តិយស។

សម្រាប់ឆ្នាំនេះ មានមន្ត្រីកងទ័ពសរុបទាំងអស់ ៤៣០០នាក់ ដែលបានដើរដង្ហែរក្បួន នៅលើមហាវិថី ហ្សង់​អេលីហ្សេ បេះដូងនៃទីក្រុងប៉ារីស។​​ ក្រៅពីមន្ត្រីយោធា នៅមានសម្ភារៈកងទ័ពជាច្រើនទៀត មានដូចជា រថយន្តរថក្រោះចំនួន​១៩៦គ្រឿង យន្តហោះ​៦៩គ្រឿង ឧត្ថម្ភាគចក្រ៣៩គ្រឿង និងសេះចំនួន​២៣៧ក្បាល។

ម៉ោង ១០ព្រឹក កម្មវិធីបានចាប់ផ្តើម ជាមួយនឹងការធ្វើដំណើរលើរថយន្ តរបស់លោកប្រធានាធិបតីបារាំង ចុះតាមបណ្តោយមហាវិថីហ្សង់អេលីហ្សេ ឆ្ពោះទៅកាន់ទីលានកុងកដ ដើម្បីឡើងទៅលើ​វេទិការ​កិត្តិយស ជាមួយ​នឹងភ្ញៀវឥស្សរជនផ្សេងទៀត។ ភ្ញៀវបរទេសជាកិត្តិយស ដែលលោកប្រធានាធិបតី​បារាំង បានអញ្ជើញគឺមាន៩ប្រទេស ដែលសុទ្ធតែជាប្រទេសអឺរ៉ុប។

សម្រាប់​ឆ្នាំនេះ បារាំងបានបង្ហាញនូវបច្ចេកវិទ្យាទំនើបក្នុងវិស័យកងទ័ព ដោយការដង្ហែរក្បួន បានបើកឆាក ជាមួយនឹងការបង្ហាញនូវ​ មនុស្សយន្តរ៉ូបូ និងយានដ្រូនរបស់កងទ័ពជាដើម។ អ្វីដែលពិសេសបំផុតសម្រាប់​ឆ្នាំនេះ គឺ​ “មនុស្សហោះ” ដែលគេបានដាក់ឈ្មោះថា Flyboard Air។ Flyboard Air នេះ គឺជាម៉ាស៊ីនតូចមួយ ដែលមនុស្សឈរពី​លើ។ ម៉ាស៊ីននេះ ដើរដោយ​ប្រព័ន្ធរ៉េអាក់ទ័របាញ់ខ្យល់ ហើយមនុស្សដែលជាន់ពីលើវា អាច​បញ្ជា​ឲ្យហោះឡើងទៅលើបាន។ Flyboard Air ត្រូវបាន​ស្រាវជ្រាវនិងផលិត ដោយជនជាតិបារាំងម្នាក់ ឈ្មោះ Franky Zapata ហើយគឺលោកនេះផ្ទាល់តែម្តង ​ដែលជាអ្នកជិះវាផ្ទាល់ នៅថ្ងៃបុណ្យជាតិ​១៤កក្កដា។

ចំណងសហប្រតិបត្តិការអឺរ៉ុបផ្នែកកងទ័ព

បើយើងក្រឡេកមើលទៅលើភ្ញៀវឥស្សរជន ទាំង១១នាក់ ដែលលោកម៉ាក្រុងអញ្ជើញ​ជាកិត្តិយសនៅថ្ងៃនេះ គឺយើងដឹងថា លោកម៉ាក្រុង មានបំណងផ្តោតខ្លឹមសារនៃទិវា ១៤​កក្កដា ឆ្នាំនេះ ទៅលើចំណងសហប្រតិបត្តិការអឺរ៉ុប ក្នុងវិស័យ​ការពារជាតិ។

ភ្ញៀវរបស់លោក​ម៉ាក្រុង គឺមានតំណាងស្ថាប័ន​សហភាពអឺរ៉ុប លោក Jean-Claude Juncker និងប្រមុខ ឬតំណាងរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបចំនួន​៩។ ក្នុងនោះមាន​ អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស្ប៉ាញ​ ព័រទុយហ្កាល់ និងហ្វាំងឡង់។ ប្រទេសទាំង៩នេះ សុទ្ធសឹងជាប្រទេស ដែលចង់ចូលរួម កម្មវិធីសហប្រតិបត្តិការ​កងទ័ពអឺរ៉ុប ដែលលោកម៉ាក្រុងបានផ្តួចផ្តើម។ តែលោកម៉ាក្រុង ក៏មិនបានភ្លេច​អញ្ជើញ​ លោកប្រធានអង្គការសម្ព័ន្ធមិត្តអូតង់​ឲ្យចូលរួមនោះទេ។

មុននេះមួយថ្ងៃ លោកម៉ាក្រុងបានមានប្រសាសន៍ថា “ចាប់តាំងពីចប់សង្រ្គាមលោកលើកទី២មក មហាគ្រួសារអឺរ៉ុប មិនដែលមានសារៈសំខាន់ដូ​ចពេលនេះទេ។ ការស្ថាបនាចំណងសហប្រតិបត្តិការ​ផ្នែកកងទ័ព នៅក្នុងក្របខណ្ឌអឺរ៉ុប ព្រមជាមួយ​ចំណងដែលមានក្នុងក្របខណ្ឌអូតង់ គឺជារឿងអាទិភាព​បំផុត សម្រាប់បារាំង ហើយវាគឺជាស្នូលនៃការដើរដង្ហែរក្បួន​ព្យុហយាត្រា ១៤កក្កដា ឆ្នាំ២០១៩នេះ។ យ៉ាងណាមិញ ដើម្បីបង្ហាញ​​ពី​កិច្ចសហការគ្នានេះ អាល្លឺម៉ង់ បានបញ្ជូន​យន្តហោះ​ដឹកជញ្ជូនយោធាធនធំ A400M មួយគ្រឿង ឲ្យមកចូលរួមក្នុងពិធីដង្ហែរក្បួន។ អេស្ប៉ាញ ក៏បានបញ្ជូនយន្តហោះ C130 មួយគ្រឿង ហើយអង់គ្លេសវិញ បានបញ្ជូនឧត្ថភាគចក្រ Chinook ២គ្រឿងផងដែរ។

អឺរ៉ុបត្រូវមាន​ស្វ័យភាព​ផ្នែកកងទ័ព ឈប់រំពឹងតែOTAN

គំនិតនៃការបង្កើត កិច្ចសហប្រតិបត្តិការកងទ័ពអឺរ៉ុបនេះ គឺបានចាប់បដិសន្ធិបាន​១ឆ្នាំហើយ។ លោកម៉ាក្រុង ចង់បង្កើតឲ្យមាន​ការអភិវឌ្ឍន៍ វប្បធម៌យុទ្ធសាស្ត្រចែករំលែកគ្នា រវាងប្រទេសអឺរ៉ុបដែលចូលរួម។ តាំងតែពីចប់សង្រ្គាមលោកលើកទី២មក អឺរ៉ុបរំពឹងទាំង​ស្រុង​ទៅលើអង្គការអូតង់ ដែល​ដឹកនាំដោយអាមេរិក មិនថាក្នុងក្របខណ្ឌការពារខ្លួន ឬក្របខណ្ឌបេសកកម្មអន្តរាគមន៍ខាងក្រៅទេ។

ការបង្កើតចំណងសហប្រតិបត្តិការដាច់ដោយឡែកក្នុងក្របខណ្ឌអឺរ៉ុបនេះ មិនមែនមានន័យថា បារាំងចង់ឲ្យអឺរ៉ុបដោះដៃចោលអូតង់និងអាមេរិកទេ តែលោកម៉ាក្រុង ចង់អឺរ៉ុបមានស្វ័យភាព​ផ្នែកកងទ័ព​ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន កុំរំពឹងអាមេរិកទាំងស្រុង។ គំនិតនេះ បានទទួលការគាំទ្រពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនធំ ដោយសារ​ពួកគេបានសង្កេតឃើញថា អាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ មិនអាចឲ្យគេទុកចិត្តបានទៀតទេ។ បន្ថែមពីនេះទៀត រុស្ស៊ីដឹកនាំដោយលោកពូទីន ដែលនៅជាប់អឺរ៉ុប គឺកាន់តែបង្ហាញមហិច្ឆិតា កាន់តែខ្លាំងទៅៗ។

នៅអឺរ៉ុប បារាំងមានសមត្ថភាពកងទ័ព និងបច្ចេកទេសគ្រាន់បើជាងគេ។ សម្រាប់លោក​ម៉ាក្រុង ចង់ឲ្យ​បារាំងដើរតួនាទី​ធំ ​ក្នុងនាមជាមហាអំណាច​ឡើងវិញ គឺត្រូវតែ​ឆ្លងកាត់សមត្ថភាព​ផ្នែកកងទ័ពនេះ ជាចាំបាច់។ តែលោកម៉ាក្រុងយល់ថា បារាំងមិនអាចដើរតួតែម្នាក់ឯងទេ គឺត្រូវតែមាន​ប្រទេសអឺរ៉ុបចូលរួម ពោលគឺត្រូវមាន​សមត្ថភាព​កម្លាំងកងទ័ព និងយុទ្ធសាស្ត្រក្នុងក្របខណ្ឌអឺរ៉ុបតែម្តង។

ផលិត​​សម្ភារៈ និងសព្វាវុធ ដោយខ្លួនឯង

បារាំងចង់ឲ្យអឺរ៉ុប មានស្វ័យភាព​ ទាំងកម្លាំងយុទ្ធសាស្រ្ត ទាំងសម្ភារៈសព្វាវុធ។ ដូច្នេះហើយទើបបានបារាំង បានហៅអាល្លឺម៉ង់ និងអេស្ប៉ាញ ឲ្យចូលរួមជាមួយ​ ក្នុងការ​ផលិតយន្តហោះចម្បាំងប្រភេទ​ទំនើបថ្មី ​(SCAF)។ ប្រទេសទាំង៣បានចុះហត្ថលេខារួចហើយ កាលពីពេលថ្មីៗនេះ។ យន្តហោះចម្បាំងប្រភេទថ្មី ផលិតដោយបីប្រទេសរួមគ្នានេះ ​គឺជាចំលើយ យ៉ាងច្បាស់ថា ប្រទេសអឺរ៉ុប បើចង់កាត់បន្ថយ​ការពឹងផ្អែក​លើអាមេរិក គឺត្រូវតែ​កាត់បន្ថយ ការ​ទិញសម្ភារៈយោធាពីអាមេរិក ដូចជាយន្តហោះចម្បាំង​F35 ជាដើម។

ជាងនេះទៀត បើបារាំងចង់ធ្វើជាមេគេ ក្នុងវិស័យកងទ័ពនៅអឺរ៉ុប គឺវាបង្ខំឲ្យបារាំង ត្រូវតែប្រឹងប្រែងខ្លួនឯងដែរ។ ហេតុដូច្នេះហើយ បានជានៅក្នុងច្បាប់ថវិកាកងទ័ព​ សម្រាប់ឆ្នាំ​២០១៩-២០២៥ ដែលរដ្ឋាភិបាលបារាំង បានប្រកាស កាលពីថ្ងៃម្សិលមិញ គឺ​មានគម្រោងចំណាយកើនឡើង។ អ្វីដែលថ្មីមួយទៀតនោះ គឺបារាំង នឹងបង្កើតបញ្ជាការដ្ឋាន​អវកាស ស្ថិតក្រោម​ការបញ្ជាផ្ទាល់នៃកងទ័ពអាកាសរបស់បារាំង។

លោកម៉ាក្រុង មានទស្សនវិស័យយល់ឃើញថា វិស័យកងទ័ពអាកាសនេះបើចង់ឲ្យខ្លាំងទៅថ្ងៃខាងមុខ គឺបារាំងត្រូវតែមានយុទ្ធសាស្ត្រ និងស្វ័យភាព​ផ្នែក​អវកាសថែមមួយទៀត។ បច្ចុប្បន្ននេះ ការពារសន្តិសុខ និង​បច្ចេកវិទ្យាជាន់ខ្ពស់​ គឺសុទ្ធតែរំពឹងលើប្រព័ន្ធរ៉ាដា និងប្រព័ន្ធផ្កាយរណប។​ បើសិន​ជាគ្មានការពារឲ្យរឹងមាំទេនោះ មានន័យថាវាជាគ្រោះថ្នាក់ធំណាស់ សម្រាប់សន្តិសុខជាតិ និង​ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា​ទូទៅ។ បារាំងមានគំរោងចំណាយ​ប្រមាណ​៣៦០០លានអឺរ៉ូ សម្រាប់៥ឆ្នាំទៀត ក្នុងវស័យសន្តិសុខអវកាសនេះ។ និយាយត្រលប់ទៅខាងលើវិញ គឺថាបារាំង ចង់ឲ្យខ្លួន ក៏ដូចជាអឺរ៉ុបទាំងមូល​ ឈប់រំពឹងតែទៅលើប្រព័ន្ធរ៉ាដា និងផ្កាយរណបរបស់អាមេរិក៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ