ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អឺរ៉ុប

បារាំង បើកសម្ពោធ នាវា​​មុជទឹក​បាត​សមុទ្រ ប្រភេទថ្មី​ឈ្មោះ ​Suffren

media  
នាវាមុជទឹកបាតសមុទ្រ 'Suffren' ប្រភេទ Barracuda តាំងបង្ហាញ​នៅ​​ការដ្ឋាន​សាងសង់ Naval Groupe​។ ថ្ងៃទី​៩ ​កក្កដា​ ២០១៩​ AFP

បារាំងនឹង​បើកសម្ពោធ នាវាមុជទឹកបាតសមុទ្រប្រភេទថ្មី​មួយគ្រឿង ក្នុងចំណោម​៦គ្រឿង ដែលនឹងត្រូវផលិត​ ប្រគល់ទៅឲ្យ​កងទ័ពជើងទឹកបារាំង។ នេះគឺជានាវាមុជទឹកបាតសមុទ្រ ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ និងអាចមានលទ្ធភាព ​វាយប្រហារបាន​ ជាមួយនឹងការ​បាញ់​គ្រាប់មីស៊ីល​ចំងាយមធ្យម។ នាវាប្រភេទថ្មីនេះ ត្រូវបាន​អូស្ត្រាលីកុម្មង់ទិញ​១២គ្រឿងរួចទៅហើយ។

នាវាមុជទឹកថ្មីនេះ មានឈ្មោះថា Suffren ដែលជានាវាទី១ ក្នុងចំណោម៦គ្រឿង ដែលកងទ័ពបារាំង នឹងផលិត​យកមកប្រើប្រាស់។

នាវាទាំងមុជទឹកបាតសមុទ្រ ទាំង៦គ្រឿងនេះ ជាប្រភេទនាវាមុជទឹក Barracuda ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ។ តាមការគ្រោងទុក នាវាទីមួយឈ្មោះថា Suffren នឹងត្រូវ​រួចរាល់ដាក់ចុះទឹក នៅរវាងពាក់កណ្តាល​ឆ្នាំ​២០២០។ ហើយនាវាទី៦ចុងក្រោយគេ នឹងរួចរាល់ មុនឆ្នាំ​២០៣០។ ចំណែកការចំណាយ​វិញ គឺមានទឹកប្រាក់សរុប ប្រមាណ​ជាង​៩ពាន់លានអឺរ៉ូ។

យោងតាមលោក Patrick Van den Ende អ្នកជំនាញផ្នែកនាវាបាទសមុទ្រ បាន​ឲ្យដឹងថា បារាំងមាននាវាមុជទឹកបាតសមុទ្រប្រភេទ Rubis ចំនួន​៦គ្រឿង ដែលប្រើតាំងតែពីឆ្នាំ​១៩៨០។ តែនាវាប្រភេទថ្មី ប្រភេទBarracudaនេះ មានទំហំធំជាងនាវាមុជទឹក​ប្រភេទ Rubis ដល់ទៅជាង២ដង។ នាវាប្រភេទRubis មានទម្ងន់​​​២៥០០តោន រីឯប្រភេទ​ Barracuda  វិញ មានទម្ងន់​ដល់ទៅ​៥៣០០តោន។

ផ្អែកតាមមន្ត្រីរបស់​អគ្គនាយក​ដ្ឋាន​សព្វាវុធបារាំង  នាវាប្រភេទ Barracuda ថ្មីនេះ អាចមុជក្រោមទឹក​ ក្នុងជម្រៅ​៣៥០ម៉ែត្រ និងក្នុងរយៈពេល ​៧០ថ្ងៃជាប់គ្នា។ ក្រៅពីមានតួនាទី​ ការពារ​នាវាចម្បាំង នាវាផ្ទុកយន្តហោះចម្បាំង  ឬក៏ការពារ​នាវាមុជទឹកដែលមានផ្ទុកគ្រាប់នុយក្លេអ៊ែរ នាវាប្រភេទ​ថ្មីឈ្មោះ Suffren នេះ មានតួនាទីថ្មី២ទៀត។ ទីមួយ​ គឺវា​អាចបើកប្រតិបត្តិការវាយប្រហារ ទៅលើគោក ដោយការបាញ់គ្រាប់មីស៊ីលចំងាយមធ្យម ប្រវែង​​១០០០គីឡូម៉ែត្រ។ ហើយទី២ នាវាSuffren អាចបើកប្រតិបត្តិការកងកម្លាំងពិសេស តាមរយៈការរៀបចំឲ្យមាន​ទីតាំង​ ដែលអាចផ្តាច់ខ្លួន​បាន​ ឬតភ្ជាប់វិញបាន​ជាមួយ​នាវា។

គួរកត់សំគាល់ថា បច្ចុប្បន្ននេះ ចំនួននាវាមុជទឹកបាតសមុទ្រ មានចំនួន​៤៥០ ទូទាំងពិភពលោក​។ ចំនួននេះបាន​កើនឡើង ប្រមាណ​ជា៥% ក្នុងរវាង​៥ឆ្នាំចុងក្រោយនេះ។ ដោយឡែក នាវាមុជទឹកបាតសមុទ្រ ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ និងអាចមានសមត្ថភាព​វាយប្រហារបាន គឺ​មានប្រទេស៥ទេ ដែលមាន។ ក្នុងនោះមាន​ចិន បារាំង អាមេរិក រុស្ស៊ី និងអង់គ្លេស។ តែទន្ទឹមនឹងនេះ ប្រទេសមួយចំនួន​ដូចជា ឥណ្ឌា និងអូស្ត្រាលី កំពុងតែ​ចង់ប្តូរថ្មី នូវនាវាមុជទឹកបាតសមុទ្រប្រភេទសាមញ្ញរបស់ខ្លួន​។ រីឯប្រទេសខ្លះទៀត ដូចជា​ម៉ាឡេស៊ី បង់ក្លាដែស ឬវៀតណាម កំពុងតែពិចារណា ចង់កុម្មង់ទិញ នាវាមុជទឹកបាតសមុទ្រ យកមកប្រើនឹងគេដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ