អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​សភា​បារាំង​ជុំទីមួយ៖ បក្ស​ប្រធានាធិបតី​ កំពុង​ឈានទៅ​ច្បាម​យក​សម្លេង​ភាគ​ច្រើន​ក្នុង​សភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិដ្ឋភាព​នយោបាយ​បារាំង​ កំពុងតែ​ផ្លាស់ប្តូរ​ទាំង​ស្រុង​នា​ពេល​នេះ។ ក្រោយ​ពេល​លោក​ម៉ាក្រុង ​ប្រធានាធិបតី​ដែល​ជា​មនុស្ស​ថ្មី​ វ័យក្មេង​ មក​ពី​ចលនា​នយោបាយ​ថ្មី ​ បាន​ឈ្នះ​ឆ្នោត ​ ពេល​នេះ ​បក្ស​របស់​លោក ​កំពុង​តែ​សង្ឃឹម​ច្បាម​យក​សម្លេង​ភាគ​ច្រើន​ នៅក្នុង​សភា ​បន្ទាប់​ពី​បាន​ទទួល​សម្លេង​នាំមុខ​ ក្នុង​ពេល​បោះឆ្នោត ​ជុំទី​មួយ ​ កាល​ពី​ថ្ងៃ​អាទិត្យ ទី១១ ​មិថុនា។ គណបក្ស​នយោបាយ​ធំៗ​ ដែល​មាន​បេក្ខជន​តំណាង​រាស្ត្រ ​ចាស់​វស្សារ ​បាន​ចាញ់​ស្ទើរ​តែ​គ្រប់​មណ្ឌល ​ហើយ​បើក​ឱកាស​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ថ្មីៗ ​មក​ពី​បក្ស​របស់​លោក​ម៉ាក្រុង ​ឈាន​ទៅ​ជុំ​ទីពីរ។ តែ​យ៉ាងណា ​អ្វី​ដែល​គេ​កត់​សំគាល់ ​ខ្លាំង​បំផុត​នោះ គឺ​មាន​ប្រជាជន​បារាំង ​តែ​ជាង​ ៤៨% ​ប៉ុណ្ណោះ ​ដែល​បាន​ទៅ​បោះឆ្នោត។

វិមាន​រដ្ឋសភា​បារាំង ដែល​មាន​អាសន្នៈ ៥៧៧
វិមាន​រដ្ឋសភា​បារាំង ដែល​មាន​អាសន្នៈ ៥៧៧ RFI
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​បារាំង ​ជាង​ពាក់​កណ្តាល​មិន​ទៅ​បោះឆ្នោត

តួលេខ​ផ្លូវការ​នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ១១មិថុនា ​​គឺមាន​តែ​ ​៤៨,៧%​ ប៉ុណ្ណោះ ​ពោល​គឺ​មាន​ន័យ​ថា ​អ្នក​មិន​ទៅ​បោះឆ្នោត ​មាន​ដល់​ទៅ​ ៥១,៣%។ សុរបទៅ ​គឺ​ថា​ជាង​ពាក់​កណ្តាល ​នៃអ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីរ​បោះឆ្នោត ​មិនបាន​ទៅ​បោះឆ្នោត​ទេ។

​តួលេខ​នេះ ​ទាប​មិន​ធ្លាប់​មាន​ទេ ​ហើយ​វា​ជា​រឿង​គួរឲ្យ​ព្រួយ​បារម្ភ​ដែរ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ធ្លាក់​តំលៃ​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​ ធម្មតា​តំណាង​រាស្ត្រ ​រឺសមាជិក​សភា​ម្នាក់ ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សម្លេង​ឆ្នោត ​របស់​ប្រជាជន ​ដូច្នេះ ​គេ​ត្រូវការ​ឲ្យ​ប្រជាជន​ភាគ​ច្រើន​បំផុត​ ទៅ​បញ្ចេញ​មតិ។

ការ​បោះឆ្នោត​ប្រធានាធិបតី ​និងបោះឆ្នោត​សភា​ កៀកគ្នា​ពេក

សួរថា​ ព្រោះ​ហេតុ​អ្វី​ បាន​ជា​ប្រជាជន​បារាំង​ មិន​ទៅ​បោះឆ្នោត?​ វា​មាន​ហេតុផល​ច្រើន ​ដែល​ជំរុញ​ឲ្យ​មាន​ស្ថានភាព​នេះ។ ហេតុផល​ចំបង​បំផុត​នោះ ​គឺ​កាល​បរិច្ឆេទ​បោះឆ្នោត​សភា ​ដែល​ជាប់​កៀក ​និង​ការ​បោះឆ្នោត​ប្រធានាធិបតី ​ ពោល​គឺ​ឃ្លាតគ្នា ​តែ​ជាង​១ខែ​ប៉ុណ្ណោះ។ បារាំង​មាន​របប​នយោបាយ​ចំរុះ ​គឺ​របប​ប្រធានាធិបតី​ផង​ របប​សភា​និយម​ផង។ ដូច្នេះ​ហើយ​ទើប​មាន​ការ​បោះឆ្នោត​២ធំៗ​ បោះឆ្នោត​រើស​សមាជិក​សភា ​និង​បោះឆ្នោត​រើស​ប្រធានាធិបតី។

មុនឆ្នាំ​២០០២ ​អាណត្តិ​ប្រធានាធិបតី​មាន​រយៈពេល​៧ឆ្នាំ​ ឯអាណត្តិ​សភា​មាន​៥ឆ្នាំ។ ដូច្នេះ​ការ​បោះឆ្នោត​សភា ​តែងតែ​នៅ​ចំ​កណ្តាល​អាណត្តិ​របស់​ប្រធានាធិបតី។ ជាទូទៅ ​កាល​ជំនាន់​មុនៗ​ ប្រជាជន​តែង​​នាំគ្នា​ទៅ​បោះឆ្នោត​ច្រើន ​ដើម្បី​ប្រគល់​សំឡេង​ភាគ​ច្រើន​របស់​សភា ​ទៅ​ឲ្យ​បក្ស​ប្រឆាំង​ណា​មួយ​ ដែល​ខ្លាំង។ ធ្វើដូចនេះ ​​គឺ​ដើម្បី​ទប់​អំណាច ​របស់​ប្រធានាធិបតី។

ក៏ប៉ុន្តែ​ឥឡូវ​ ទាំង​សភា ​ទាំង​ប្រធានាធិបតី​ មាន​អាណត្តិ​៥ឆ្នាំ​ដូច​គ្នា ​ហើយ​ការ​បោះឆ្នោត​កៀក​គ្នា​ទៀត។ បើ​តាម​ការ​វិភាគ​ ប្រជាជន​ភាគ​ច្រើន​មិន​ទៅ​បោះឆ្នោត​ ​គឺ​ជា​ប្រជាជន​ ដែល​មិន​បាន​បោះ​ឲ្យ​លោក​ប្រធានាធិបតី។ ពួក​គេ​មាន​អារម្មណ៍​ខ្ជិល ​ព្រោះគិត​ថា ​បក្ស​ដែល​ខ្លួន​គាំទ្រ ​បាន​ចាញ់​ទៅ​ហើយ​ កាល​ពីពេល​បោះ​ឆ្នោត​ប្រធានាធិតី​នៅ​ខែ​មុន។ ការ​បោះឆ្នោត​សភា ​ហាក់​បាន​បាត់​សារៈសំខាន់ ​ដោយ​ភាគ​ច្រើន​គេ​គិត​ថា​ ប្រធានាធិបតី​ថ្មី ​បាន​ជាប់​ឆ្នោត​ទៅ​ហើយ ​ ទៅ​បោះ​រើស​តំណាងរាស្ត្រ​ណា ​ក៏វា​មិន​បាន​ប្រយោជន៍​ដែរ។ ប្រជាជន​បាន​ភ្លេច​គិត​ពី​ទំងន់​អំណាច​របស់​សភា ​ទល់នឹង​អំណាច​ប្រធានាធិបតី។

បញ្ហានេះ ​វា​បូក​ផ្សំ​ជាមួយ​នឹង​ភាព​នឿយណាយ ​របស់​ប្រជាជន​បារាំង​ ជាមួយ​នឹង​ការ​ឃោសនា​នយោបាយ ​រឿង​អាស្រូវ​នយោបាយ ​ជាង​មួយ​ឆ្នាំ​មក​នេះ។ បន្ថែម​ពីនេះ​ទៀត​ មាន​រឿងរ៉ាវ​ផ្សេងទៀត​ ដែល​កើតឡើង ​ដូចជា​បញ្ហា​ភេរវកម្ម​ វិបត្តិ​អន្តរជាតិ ​បញ្ហា​លោក​ដូណាល់ ត្រាំ ​ជាដើម។ល។ ​ដែល​ទាំង​អស់​នេះ ​បាន​ជ្រាប​ចូល​ក្នុង​សតិ​អារម្មណ៍​ប្រជាជន ​ហើយ​ធ្វើ​ឲ្យ​ប្រជាជន ​មិន​សូវ​ចាប់​អារម្មណ៍​ពី ​ការបោះ​ឆ្នោត​សភា​ទេ។ ​ថែមទាំង​មិន​ស្គាល់​បេក្ខជន​នីមួយៗ​ច្បាស់​ទៀត​នោះ ​ម្លោះហើយ​អ្នក​ខ្លះ​ មិន​ទៅ​បោះឆ្នោត​តែ​ម្តង។

បក្ស​លោក​ម៉ាក្រុង ​ច្បាម​យក​សំលេង​ភាគច្រើន​ក្នុង​សភា​យ៉ាងងាយ
 
បើ​យើង​ក្រលេក​មើល​លើ​លទ្ធផល​នៅ​ជុំ​ទីមួយ ​យើង​នឹង​អាច​ស្មាន​ដឹង​ ដល់​លទ្ធផល​នៅ​ជុំ​ទីពីរ។ ជារួម​បេក្ខជន​តំណាងរាស្ត្រ​មក​ពី​បក្ស​របស់​លោក​ម៉ាក្រុង ​បាន​នាំមុខ​សឹង​តែ​គ្រប់​មណ្ឌល។ ហើយ​ដោយសារ​តែ ​អ្នក​ទៅ​បោះឆ្នោត​មាន​តិច ​ គឺមាន​ន័យ​ថា ​មិន​មាន​មណ្ឌល​ណា ​ដែល​មាន​បេក្ខជន​បី ​ត្រូវ​ប្រជែង​គ្នា​នៅ​ជុំ​ទីពីរ​ទេ។ បើតាម​តួលេខ ​ដូចជា​មាន​តែ​មួយ​មណ្ឌល​ប៉ុណ្ណោះ ​ដែល​មាន​បេក្ខជន​បី​ប្រជែង​គ្នា។

ដូច្នេះ​ មានន័យ​ថា​នៅ​ជុំ​ទីពីរ ​គឺ​មាន​តែ​បេក្ខជន​ពីរ​បក្ស ​ប្រជែង​គ្នា ​នៅតាម​មណ្ឌល​នីមួយៗ។ បើ​បេក្ខជន​បក្ស​លោក​ប្រធានាធិបតី​ម៉ាក្រុង ​ត្រូវ​ប្រជែង​ជាមួយ​បក្ស​ស្តាំ​និយម​ជ្រុល ​Le Front National ​នោះ​អ្នក​គាំទ្រ​បក្ស​ឆ្វេង​និយម ​និង​បក្ស​ស្តាំ​កណ្តាល​និយម​ទាំង​អស់​ នឹង​នាំគ្នា​បោះឲ្យ​បេក្ខជន​បក្ស​លោក​ម៉ាក្រុង។ ហើយ​បើ​បេក្ខជន​បក្ស​លោក​ម៉ាក្រុង ​ត្រូវ​ប្រឈមមុខ​នឹង​បេក្ខជន​បក្ស​ស្តាំ​និយម ​Les ​Républicains ​ក្នុង​ករណី​នេះ ​ក៏​អ្នក​គាំទ្រ​បក្ស​ឆ្វេង​និយម ​គេ​ងៀក​មក​បោះ​ ឲ្យ​បេក្ខជន​បក្ស​លោក​ម៉ាក្រុង​ដែរ។ និយាយ​រួម​ ទោះ​ក្នុង​ករណី​ណា​ក៏ដោយ ​នៅតាម​មណ្ឌល​សឹងតែ​ទាំង​អស់​ គឺ​បក្ស ​La République en Mache ! ​នឹង​ឈ្នះ។

យោង​តាម​ការ​ប៉ាន់ស្មាន​នេះ ​នៅ​ជុំ​ទីពីរ ​បក្ស​លោក​ម៉ាក្រុង ​នឹង​បាន​សំលេង​ភាគច្រើន​ក្នុង​សភា ​ពោល​គឺចន្លោះ​ពី​ ៤០០ ​ទៅ​៤៥០ ​តំណាង​រាស្ត្រ ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​អស់​៥៧៧។ គេត្រូវ​ការ​កៅអី ​តែ ​២៨៩ ​កៅអី​ប៉ុណ្ណោះ ​ដើម្បី​បាន​សម្លេង​ភាគច្រើន​ក្នុង​សភា។ ដូច្នេះ​ក្នុង​ករណី​​នេះ ​ បក្ស​លោក​ម៉ាក្រុង ​នឹង​បាន​ជោគជ័យ ​ យ៉ាង​ងាយ​បំផុត។
 
ទិដ្ឋភាព​នយោបាយ​បារាំង​ ផ្លាស់​មុខ​មាត់ថ្មី
 
គណបក្ស ​La République en Marche ! ​របស់​លោក​ម៉ាក្រុង ​បាន​ទទួល​ផល​ល្អ ​ពី​ការ​ដែល​ការ​បោះឆ្នោត​សភា​ នៅ​កៀក ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី ​តែ​ជាង​មួយ​ខែ។ ជា​ទូទៅ ​បក្ស​ដែល​ឈ្នះ​ឆ្នោត ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​តែ​រក្សា​កម្លាំង​គាំទ្រ ​នៅ​នឹង​ នៅ​ក្រោយ​ពេល​ជាប់​ឆ្នោត​ភ្លាមៗ។ មាន​ន័យ​ថា ​អ្នក​ដែល​បោះ​ឲ្យ​លោក​ម៉ាក្រុង ​កាល​ពី​ខែ​មុន​ បាន​បន្ត​បោះ​ឲ្យ​បក្ស​លោក​ម៉ាក្រុង​ទៀត​ នៅ​ពេល​នេះ ​ព្រោះ​ដោយសារ​តែ​វា​នៅ​ថ្មីៗ​ ក្តៅៗ។

និយាយ​ត្រលប់​ទៅវិញ ​ប្រជាជន​មួយ​ចំនួន​ ដែល​មិន​គាំ​ទ្រ​បក្ស​របស់​លោក​ម៉ាក្រុង ​ ក៍​មិន​សូវ​ទៅ​បោះទៀត​ ដោយសារ​តែ​អស់​សង្ឃឹម​ទៅ​ហើយ។ តែ​បើ​យើង​វិភាគ ​មួយ​ជ្រុង​ទៀត​ ​គឺ​លទ្ធផល​បោះឆ្នោត​សភា ​តែង​តែ​ស្រដៀង ​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី ​ដែល​ទើប​តែ​រំលង​ទៅ​ក្តៅៗ​ ដោយ​សារ​តែ​ប្រជា​ជន​ចង់​ផ្តល់​សន្ទុះឲ្យ​ប្រធានាធិបតី​ខ្លួន ​មាន​កម្លាំង ​មាន​សំលេង​ភាគច្រើន​ក្នុង​សភា ​ដើម្បី​ងាយ​ស្រួល​ធ្វើការ។ បើ​សភា​បាន​ទៅ​បក្ស​ផ្សេង ​មាន​ន័យ​ថា ​រដ្ឋាភិបាល ​របស់​ប្រធានាធិបតី​ថ្មី ​ប្រាកដ​ជា​ត្រូវ​សភា​ចងដៃ​ចង​ជើង​ លើ​គ្រប់​គំរោង​មិន​ខាន។ ដូច្នេះ​អ្នក​ដែល​គាំទ្រ ​ចង់​ឲ្យ​មាន​កំណែ​ទំរង់ ​តាម​ការ​ចង់​បាន​របស់​ប្រធានាធិបតី​ថ្មី​ ត្រូវតែ​នាំ​គ្នា​បោះឲ្យ​បេក្ខជន​តំណាងរាស្ត្រ​បក្ស​របស់​លោក​ប្រធានាធិបតី។

ចំណុច​មួយទៀត​ដែល​សំខាន់​នោះ ​គឺ​យើង​អាច​បក​ស្រាយ​ថា ​ប្រជាជន​បារាំង ​មាន​បំណង​ចង់​ផ្តល់​សន្ទុះ ​ផ្តល់​ក្តី​សង្ឃឹម ​ដល់​រដ្ឋាភិបាល​ថ្មី ​ដល់​អ្នក​នយោបាយ​ថ្មីៗ​ ដល់​តំណាង​រាស្រ្ត​ថ្មីៗ​ របស់​បក្ស​លោក​ម៉ាក្រុង។ ប្រជាជន​បារាំង​ នឿយណាយ ​នឹង​អ្នក​នយោបាយ​មុខ​ដដែលៗ​ ​ធ្វើ​តំណាងរាស្រ្ត​រាប់សិប​ឆ្នាំ​ សឹង​គ្រប់​អាណត្តិ ​ក៏ប៉ុន្តែ​ស្ថានភាព​ប្រទេស ​មិន​ល្អ​ប្រសើរ​សោះ។

លោក​ម៉ាក្រុង ​បាន​ចេញ​មុខ​មក ​ជាមួយ​បក្ស​ថ្មី​របស់​គាត់ ​ជាមួយ​មនុស្ស​ថ្មី វ័យក្មេង ​មាន​ភាព​រហ័សរហួន​ ហើយ​ជា​មនុស្ស​មក​ពី​ស្ថាប័ន ​ឬ​វិស័យ​ផ្សេងៗ​គ្នា។ មនុស្ស​ក្នុង​បក្ស​លោក​ម៉ាក្រុង ​មាន​ភាគ​ច្រើន ​ជា​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ច្បាស់ ​ក្នុង​វិស័យ​ជំនាញ​រៀងៗ​ខ្លួន។ ខុស​ពី​អ្នក​នយោបាយ​ចាស់ៗ ​របស់​បក្ស​ធំៗ​ទាំងពីរ​ ដែល​មិន​យល់​ មិន​ដឹង​ពី​ជីវភាព ​និង​ស្ថានភាព​ជាក់ស្តែង​របស់​សង្គម​ ព្រោះ​ភាគ​ច្រើន ​មិន​ដែល​ធ្លាប់​ធ្វើ​ការ​អី​សោះ​ ក្រៅតែ​ពី​ធ្វើ​ជា​តំណាងរាស្ត្រ​អង្គុយ​ក្នុង​សភា។ ហេតុផល​ទាំង​នេះ​ហើយ ​ដែល​ទិដ្ឋភាព​នយោបាយ​បារាំង ​ទាំង​ក្នុង​រដ្ឋាភិបាល ​ទាំង​ក្នុង​សភា ​កំពុងតែ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី ​សឹងតែ​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ