បោះឆ្នោតសភាបារាំងជុំផ្តាច់ព្រាត់ បក្សលោកម៉ាក្រុង នឹងក្តាប់សម្លេងភាគច្រើនក្នុងសភាយ៉ាងងាយ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអាទិត្យទី១៨ មិថុនា នេះ គឺជាថ្ងៃបោះឆ្នោតជុំទីពីរ និងជាជុំចុងក្រោយ ដើម្បីជ្រើសរើសសមាជិកសភាបារាំង ទាំង៥៧៧អាសនៈ។ លទ្ធផលជុំទីមួយ កាលពីសប្តាហ៍មុន បានបង្ហាញថា បេក្ខជនតំណាងរាស្ត្រ ជ្រកក្រោមផ្លាកគណបក្សរបស់លោកប្រធានាធិបតីម៉ាក្រុង បានទទួលសម្លេងឆ្នោតលើសគេ។ ជាមួយនឹងលទ្ធផលនេះ គេរំពឹងប្រាកដថា នៅជុំចុងក្រោយថ្ងៃនេះ គណបក្សលោកប្រធានាធិបតីម៉ាក្រុង នឹងប្រមូលបានអាសនៈសភា យ៉ាងហោចណាស់ ជាង៤០០អាសនៈ ក្នុងចំណោមអាសនៈទាំង៥៧៧។
កាលពីជុំទីមួយសប្តាហ៍មុន ប្រជាជនបារាំងភាគច្រើនមិនបានទៅបោះឆ្នោតទេ។ ក្នុងចំណោមប្រជាជនដែលមានឈ្មោះក្នុងបញ្ជីប្រមាណ៤៧លាននាក់ មានតែ ៤៨,៧%ប៉ុណ្ណោះ ដែលបានទៅបោះឆ្នោត ពោលគឺអ្នកមិនទៅ មានដល់ទៅជាង៥១%។
បើតាមការស្ទាបស្ទង់មតិទូទៅ គឺចំនួនអ្នកទៅបោះឆ្នោត នៅជុំទីពីរថ្ងៃនេះ អាចមានតិចជាង កាលពីជុំទីមួយបន្តិចទៀតផង។ ពោលគឺចន្លោះពី៤៦% ទៅ ៤៧%។ តាមការស្មាន ប្រជាជនបារាំង លែងមានអារម្មណ៍ចង់ទៅបោះឆ្នោតទៀត ហើយ សម្រាប់ឆ្នាំនេះ ព្រោះថា ទីមួយបោះច្រើនដងពេក ហើយទីពីរវិញ គឺប្រជាជននឿយណាយ នឹងនយោបាយ មិនចង់ជ្រើសរើសរវាង បេក្ខជនតំណាងរាស្ត្រខ្លះ ដែលឈរឈ្មោះសឹងតែរាល់អាណត្តិ និងបេក្ខជនថ្មីៗភាគច្រើន ពុំមានបទពិសោធន៍ របស់គណបក្សលោក ប្រធានាធិបតី ម៉ាក្រុង។
ជ័យជំនះដែលគេដឹងមុន របស់បក្ស La République en Marche !
យោងតាមលទ្ធផលជុំទីមួយបង្ហាញថា ក្នុងចំណោមអាសនៈ៥៧៧ មានតែតំណាងរាស្ត្រ៤នាក់ទេ ដែលបានឈ្នះដាច់ យកកៅអីភ្លាម កាលពីជុំទីមួយ។ ដូច្នេះជុំទីពីរថ្ងៃនេះ មាននៅសល់៥៧៣អាសនៈ។ នៅជុំទីពីរនេះ បក្សរបស់លោកប្រធានាធិបតីម៉ាក្រុង មានបេក្ខជនឈរឈ្មោះ សរុប ៤៥៤នាក់។ បើសរុបបេក្ខជនដែល មានឈ្មោះប្រកួតប្រជែងនៅជុំទីពីរនេះ មកពីគ្រប់បក្សទាំងអស់ គឺមាន១១៤៦បេក្ខជន ដែលត្រូវដណ្តើមយកអាសនៈដែលនៅសល់ទាំង ៥៧៣។
តួលេខគួរឲ្យកត់សំគាល់ ដែរគឺថា ក្នុងចំណោមបេក្ខជនដែលឡើងមកដល់ជុំទីពីរនេះ មានបេក្ខជនជាស្ត្រី៤០% ហើយស្រ្តីដែលមានសំលេងនាំមុខនោះ មាន២៤៦នាក់។ ដូច្នេះមានន័យថា សភាអាណត្តិថ្មីនេះ អាចមានតំណាងរាស្ត្រជាស្ត្រីច្រើន។
ជាទូទៅនៅជុំទីពីរនេះ គឺនៅតាមសឹងតែគ្រប់មណ្ឌល គឺជាការប្រជែងគ្នារវាងបេក្ខជន២។ មានតែមួយមណ្ឌលគត់ ដែលបេក្ខជនមាន៣ត្រូវប្រជែងគ្នា។ ២ ឬ ៣ ប្រជែងគ្នាគឺវាអាស្រ័យលើសម្លេងឆ្នោតកាលពីជុំទីមួយ។ ដូច្នេះជារួម បេក្ខជនរបស់បក្សលោកប្រធានាធិបតីម៉ាក្រុង ត្រូវប្រជែងជាមួយបេក្ខជនបក្សផ្សេង សឹងតែគ្រប់មណ្ឌល។ បក្សផ្សេង មានដូចជា បក្សស្តាំនិយម Les Républicains មានសល់បេក្ខជន ២៦៤នាក់ បក្សស្តាំនិយមជ្រុល Le Front National មានសល់បេក្ខជន១២០នាក់ បក្ស La France Insoumise មានសល់បេក្ខជន៦៧នាក់ បក្សសង្គមនិយម មានសល់បេក្ខជន៦៥នាក់ និងបក្ស MoDem មាននៅសល់បេក្ខជន៦២នាក់។
គ្មានបក្សប្រឆាំង ក្នុងសភា តែមានសម្លេងប្រឆាំងនៅតាមផ្លូវ
គ្រប់គ្នាដឹងថា បេក្ខជនរបស់បក្សលោកប្រធានាធិបតីម៉ាក្រុង ប្រាកដជាឈ្នះភាគច្រើន ហើយបក្សនេះ នឹងបានសម្លេងភាគច្រើនដាច់ខាតក្នុងសភា។ មិនមែនឈ្នះធម្មតា ទេ គឺឈ្នះដាច់ប៉ិតតែម្តង។ ការប៉ាន់ស្មានរបស់ស្ថាប័នស្ថិតិសឹងតែទាំងអស់ បង្ហាញថា គណបក្ស La République En Marche ! របស់លោកប្រធានាធិបតីម៉ាក្រុង នឹងប្រមូលអាសនៈសភា ចន្លោះពី៤០០ ទៅ៤៧០អាសនៈ។
ងាយយល់ទេ ថាហេតុអ្វីបានឈ្នះយ៉ាងងាយដូច្នេះ គឺថាបក្សលោកម៉ាក្រុង ជាបក្សនៅកណ្តាល ចន្លោះស្តាំនិយម និងឆ្វេងនិយម។ តែកាលណា បេក្ខជនបក្សនេះ ត្រូវប្រជែងជាមួយបក្សឆ្វេងនិយម នោះអ្នកគាំទ្របក្សស្តាំនិយម នឹងនាំគ្នាបោះឲ្យបក្សលោកម៉ាក្រុង។ ហើយបើបេក្ខជនបក្សលោកម៉ាក្រុង ត្រូវប្រជែង ជាមួយបេក្ខជនបក្សស្តាំនិយមវិញ គឺអ្នកគាំទ្រខាងបក្សឆ្វេងនិយម នឹងបោះឲ្យបក្សលោកម៉ាក្រុងដែរ។ ដូច្នេះក្នុងករណីណា ក៏អាចឈ្នះដែរ។
ការឈ្នះដាច់នេះ គឺមានន័យថា អាចមិនមានបក្សប្រឆាំងក្នុងសភា ដែលមានកំលាំងគ្រប់គ្រាន់ទេ។ បក្សស្តាំនិយម អាចនៅសល់អាសនៈ ចន្លោះពី៦០ ទៅ ១៣០ ប៉ុណ្ណោះ។ ចំណែក បក្សសង្គមនិយម ដែលអាណត្តិមុន មានតំណាងរាស្ត្រ ជាង៣០០នាក់ លើកនេះនឹងចាញ់សឹងតែទាំងអស់ សល់តែជាង១០នាក់ប៉ុណ្ណោះ។ បក្សផ្សេងៗទៀត ក៏ដូចគ្នា គឺនឹងមានតំណាងរាស្ត្រ មិនដល់១០នាក់ទេ។ ដូច្នេះចង់បង្កើតជាក្រុមតំណាងរាស្ត្រ ក្នុងសភា ក៏មិនបានដែរ ព្រោះគេត្រូវការឲ្យមាន១៥នាក់ យ៉ាងតិច។
ដូច្នេះគឺនឹងមិនមានសម្លេងប្រឆាំង គ្រប់គ្រាន់នៅក្នុងសភាទេ។ ស្ថានភាពនេះ នឹងបើកឱកាស ឲ្យលោកប្រធានាធិបតីម៉ាក្រុង អាចធ្វើកំណែទម្រង់បានតាមចិត្ត ព្រោះសភា នៅក្នុងដៃបក្សគាត់។ បើក្នុងសភា គ្មានសម្លេងប្រឆាំង អ្វីដែលគេរំពឹងនោះ គឺសម្លេងប្រឆាំងនៅតាមផ្លូវ។ មានន័យថា គឺបាតុកម្ម តវ៉ានានារបស់ប្រជាជន ក្នុងករណីដែលគេមិនសុខចិត្ត នឹងកំណែទម្រង់របស់លោកម៉ាក្រុង។ ដូច្នេះ អាណត្តិថ្មី៥ឆ្នាំនេះ លោកម៉ាក្រុង អាចមានសម្លេងភាគច្រើនក្នុងសភាមែន តែក៏មិនអាចមិនស្តាប់ការតវ៉ារបស់ប្រជាជន នៅតាមផ្លូវដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ