ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ ​ស្វែងយល់​ពី​កម្មវិធី​នយោបាយ ​លើ​វិស័យ​អន្តោប្រវេសន៍ ​របស់​បេក្ខជន​

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ ​ស្វែងយល់​ពី​កម្មវិធី​នយោបាយ ​លើ​វិស័យ​អន្តោប្រវេសន៍ ​របស់​បេក្ខជន​ បដាឃោសនា បេក្ខជនឈរឈ្មោះបោះឆ្នោត​ប្រធានាធិបតីបារាំង ទាំង​១១រូប REUTERS/Eric Gaillard

    នៅ​បាំង​តែ​៤ថ្ងៃទៀត​ប៉ុណ្ណោះ ​ការ​បោះឆ្នោត​ជុំ​ទីមួយ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​បារាំង ​នឹង​មក​ដល់។ ដូច​តាម​ទំលាប់ ​បេក្ខជន​ឈរឈ្មោះ​ម្នាក់ៗ ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន ​មិន​ថា​ក្នុង​បញ្ហា​សេដ្ឋកិច្ច ​ បញ្ហា​សង្គម ​ ​រឺ​នយោបាយ​ការ​បរទេស​ជាដើម។ ការ​គ្រប់គ្រង​លំហូរ​ជន​អន្តោប្រវេសន៍ ​ក៏​គឺ​ជា​ចំណុច​ស្នូល​មួយ​ធំដែរ​ ក្នុង​ឱកាស​បោះឆ្នោត​លើក​នេះ ​ដោយសារ​បញ្ហា​នេះ ​បាន​ធ្វើ​ឲ្យ​សង្គម​បារាំង​បែក​បាក់​ ស្របពេល​ដែល​ រដ្ឋ​បារាំង​កាន់​តែ​ក្រ ​សេដ្ឋកិច្ច​មិន​ដើរ​ទៅមុខ។ បេក្ខជន​ម្នាក់ៗ ​ខិតខំ​តំឡើង​សម្លេង ​ប្រាប់​ពី​គោល​បំណង​ខ្លួន​ នៅ​ក្នុង​វិស័យ​អន្តោប្រវេសន៍ ​ ដើម្បី​អូសទាញ​យក​សន្លឹក​ឆ្នោត។

    បញ្ហា​អន្តោប្រវេសន៍ ​ ចំណុច​ស្នូល​នៃ​កម្មវិធី​នយោបាយ​របស់​បេក្ខជន

    ការ​គ្រប់គ្រង​លំហូរ​ជន​អន្តោប្រវេសន៍ ​ទាំង​ស្របច្បាប់ ​ទាំង​មិន​ស្រប​ច្បាប់ ​បាន​ក្លាយ​ជា​កម្មវត្ថុ​ពិភាក្សា ​វែកញែក ​តឹង​សរសៃ​ក ​ រវាង​អ្នក​នយោបាយ​បារាំង​ ជា​ច្រើន​ខែ​មក​ហើយ។ បញ្ហា​ជន​បរទេស ​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​បារាំង ​ ត្រូវ​បាន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ​ឆ្លៀត​ឱកាស ​យក​មក​ពង្រីក ​មក​បំប៉ោង ​មក​បំភ័យ ​ដើម្បី​អូសទាញ​យក​ការ​គាំទ្រ​ តែ​រៀងៗ​ខ្លួន។
     
    តើ​ជន​បរទេស​ដែល​រស់នៅ​បារាំង ​សុទ្ធតែ​ជា​មនុស្ស​ខ្ជិល​មិន​ប្រឹង​ធ្វើការ ​ចាំតែ​ចាយ​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​បារាំង ​ទាំង​អស់​ឬ? ​តើ​ជន​អន្តប្រវេសន៍ ​សុទ្ធតែ​ជា​ពួក​ភេរវកម្ម​អ៊ីស្លាម​ឬ ? តើ​សេដ្ឋកិច្ច​បារាំង​ ដែល​ធ្លាក់​ដុន​ដាប​ដូច​បច្ចុប្បន្ន​នេះ ​ ដោយសារ​តែ​ជន​អន្តោប្រវេសន៍​ឬ?
     
    ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​ទាំង​១១​រូប​ ពួក​គេ​មាន​និន្នាកា ​មិន​ដូច​គ្នា​ទាំងស្រុង​ទេ ​ដែល​អ្នក​ខ្លះ ​ព្យាយាម​ទំលាក់​កំហុស​ទៅ​លើ​ជន​អន្តោប្រវេសន៍ ​ដោយ​ស្នើ​ឲ្យ​បិទ​ទ្វារ​ឈប់​ទទួល​ជន​អន្តោប្រវេសន៍ ​រឺ​អ្នក​ខ្លះ​វិញ ​ព្យាយាម​នៅ​កណ្តាល ​ខណៈ​បេក្ខជន​ខ្លះ​ និយាយ​ថា​ទេ​ ​អ្វីៗ​មិន​មែន​ជា​កំហុស​ជន​អន្តោប្រវេសន៍​ទេ ​តែ​ត្រូវ​គ្រប់គ្រង​ការ​ចេញចូល​ឲ្យ​បាន​ម៉ដ្ឋចត់។
     
    គួបញ្ជាក់​ថា ​ជន​អន្តោប្រវេសន៍ ​ដែល​មក​រស់​នៅ​ប្រទេស​បារាំង​ មាន​ច្រើន​សណ្ឋាន​ ដែល​អ្នក​ខ្លះ​មក​បន្ត​ការ​សិក្សា ​អ្នក​ខ្លះ​មក​ធ្វើការ ​អ្នក​ខ្លះ​មក​រស់នៅ​ជួបជុំ​គ្រួសារ ​នឹង​អ្នក​ខ្លះ​ជា​ជនភៀសខ្លួន ​ដោយសារ​សង្រ្គាម ​ហើយ​ម្នាក់ៗ​ អាច​បំពេញ​សំណុំ​បែបបទ​ ទទួល​បាន​បណ្ណ​ស្នាក់នៅ ​ទៅ​តាម​ប្រភេទ​រៀងៗ​ខ្លួន។ ​តទៅ​នេះ​ យើងនឹង​ស្វែងយល់ ​ពី​កម្មវិធី​នយោបាយ​របស់​បេក្ខជន​ឈរឈ្មោះ​សំខាន់ៗ​ទាំង​៥​ ទាក់ទិន​នឹង​វិស័យ​អន្តោប្រវេសន៍​នេះ។
     
    កំណត់កូតា ​ទទួល​ជន​អន្តោប្រវេសន៍​ប្រចាំ​ឆ្នាំ
     
    បេក្ខជន​ឈរឈ្មោះ​មួយរូប​ ដែល​សកម្ម​ជាងគេ ​ក្នុង​បញ្ហា​នេះ ​គឺ​លោកស្រី ​Marine Le Penដែល​មក​ពី​បក្ស​ស្តាំនិយម​ជ្រុល​ឈ្មោះថា​ Le Front Nationalដែលគេ​ស្គាល់​ថាជា​បក្ស​ស្អប់​ជន​បរទេស​បំផុត។ នៅ​ក្នុង​កម្មវិធី​នយោបាយ​ខ្លួន​ លោកស្រី ​Marine Le Pen​ បាន​ស្នើ​ឲ្យ​កំណត់​ចំនួន​កូតា ​ទទួល​ជន​អន្តោប្រវេសន៍ ​មិនឲ្យ​លើស​ពី​១ម៉ឺន​នាក់​ទេ ​ក្នុង​មួយ​ឆ្នាំ។ លោកស្រី ​Marine Le Penបានលើក​ឡើង​ពី​តួលេខ​ឆ្នាំ​២០១៦ ​ដែល​រដ្ឋ​បារាំង ​បាន​ប្រគល់​បណ្ណ​ស្នាក់​នៅ​ដល់​ទៅ​ ​ជាង​២សែន​២ម៉ឺន​បណ្ណ ​ថា​ជា​ចំនួន​ច្រើន​ហួស​ហេតុ។ ហើយនៅ​ថ្ងៃ​ទី១៧មេសា​ នេះទៀត ​លោកស្រី ​Marine Le Penថែម​ទាំង​បាន​បន្ថែម​សំណើរថ្មី​មួយទៀត​ គឺ​ផ្អាក​ការ​ប្រគល់​បណ្ណ​ស្នាក់​នៅ​មួយ​រយៈសិន ​បន្ទាប់​ពី​លោកស្រី​ជាប់ឆ្នោត។
     
    ចំណែក​លោក ​François Fillon ​បេក្ខជន​មក​ពី​បក្ស​សាធារណៈរដ្ឋ​វិញ ​ ក៏មាន​គំនិត​ចង់​កំណត់​ចំនួន​កូតា ​ជន​អន្តោប្រវេសន៍​ដែរ។ លោក ​François Fillon ​ ចង់​កំណត់​ចំនួន​អតិបរមា​មួយ​ ជា​រៀងរាល់​ឆ្នាំ ​ដោយ​យោង​ទៅ​តាម​សមត្ថភាព​របស់​រដ្ឋាភិបាល​បារាំង។ លោក ​François Fillon ​ថែម​ទាំង​ចង់​ឲ្យ​គោលការណ៍​នេះ ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បារាំង​ទៀត​ផង។
     
    ដោយឡែក​សម្រាប់​បេក្ខជន​ពីររូប​មក​ពី​បក្ស​ឆ្វេង​និយម​ គឺលោក ​Jean Luc Mélenchon ​និង​លោក​ Benoît Hamon បាន​បដិសេធ​មិន​ចង់​កំណត់​កូតា​ទទួល​ជន​អន្តោប្រវេសន៍។ លោក ​Jean Luc Mélenchon ​បន្ថែម​ទៀតថា​ បើ​លោក​ជាប់​ជា​ប្រធានាធិបតី​ លោក​មិន​ចង់​ទៅ​បិទ​ផ្លូវ​រារាំង ​មិន​ឲ្យ​ជន​អន្តោប្រវេសន៍​មក​រស់នៅ​ប្រទេស​បារាំង​ទេ។​ ផ្ទុយទៅវិញ​ រដ្ឋ​បារាំង​ទេ ​ដែល​ត្រូវ​គិត​គូរ​បន្ថែម​ រៀបចំ​យ៉ាងណា ​ជួយ​ជន​អន្តោប្រវេសន៍ ​ឲ្យធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​បារាំង​ ឲ្យ​បាន​សមរម្យ។ ចំណែក​លោក ​ Emmanuel Macron ​ដែល​តាម​ការ​ស្ទាបស្ទង់​មតិ​ មាន​ការ​គាំទ្រ​គ្រាន់បើ​ជាង​គេ​នោះ ​មិន​បាន​ស្នើ​អ្វី​ទាំង​អស់ ​ទាក់ទិន​នឹង​ការ​កំណត់​កូតា​ទទួល​ជន​អន្តោប្រវេសន៍​នេះ។
     
    នីតិវិធី​ផ្តល់​សិទ្ធិ​ស្នាក់​នៅ ​ដើម្បី​ជួបជុំ​គ្រួសារ
     
    លោកស្រី ​Marine Le Pen ​ប្រាថា្ន​បិទផ្លូវ ​លែង​ឲ្យ​មាន​ការ​ទទួល​បាន​សិទ្ធិ​ស្នាក់នៅ​ដោយ​មូលហេតុ​ជួបជុំ​គ្រួសារ ​ដោយ​ស្វ័យប្រវត្តិ​ទៀត​ហើយ។​​ សម្រាប់​លោក​ស្រី ​នេះជា​បញ្ហា​ធំ​ណាស់ ​ព្រោះ​ជន​បរទេស​ម្នាក់​ បាន​សិទ្ធិ​ស្នាក់​នៅ ​និង​សណ្តោង​បង​ប្អូន​ ប្តី​​ប្រពន្ធ​ កូន​ចៅ​មក​កាន់​តែ​ច្រើន។ សិទ្ធិ​ទទួល​បាន​សញ្ជាតិ​បារាំង​ តាម​រយៈ​អាពាហ៍ពិពាហ៍ ​ក៏​លោកស្រី​ចង់​លប់​ចោល​ដែរ។ លោកស្រី ​ក៏​សន្យា​ថា ​នឹង​លប់​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​បារាំង​ដោយ​ស្វ័យប្រវត្តិ​ ចំពោះ​ក្មេង​ដែល​កើត​នៅលើ​ដី​បារាំង​​ តែ​មាន​ឪពុក​ម្តាយ​ជា​ជន​បរទេស។
     
    ចំណែក​លោក ​François Fillonបាន​ស្នើ​ថា ​ត្រូវ​រឹត​បន្តឹង​លក្ខខណ្ឌ​ក្នុង​ការ​ប្រគល់​បណ្ណ​ស្នាក់​នៅ​ ក្នុង​មូលហេតុ​ជួប​ជុំ​គ្រួសារ​នេះ។ លោក​មាន​បំណង​តំរូវ​ឲ្យ​ជន​បរទេស​ម្នាក់ៗ ​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់ ​មាន​ការងារ ​ផ្ទះ​សំបែង ​អាច​ទំនុកបំរុង​ក្រុម​គ្រួសារ​ខ្លួន​បាន​ ដោយ​មិន​ត្រូវ​រំពឹង​តែ​ប្រាក់​ឧបត្ថម​របស់​រដ្ឋ ​និង​ជា​ពិសេស ​សមាជិក​គ្រួសារ​ថ្មី ​ត្រូវ​បង្ហាញ​ពី​​ឆន្ទៈ ​ក្នុង​ការ​រៀន​ភាសា​បារាំង ​និង​ចូល​ចុះ​ក្នុង​សង្គម​បារាំង​ ពុំនោះទេ​ គេ​មិន​ប្រគល់​បណ្ណ​ស្នាក់​​នៅ​ឲ្យ​ទេ។
     
    រីឯ​លោក​ Jean Luc Mélenchonបាន​លើកឡើង​ថា ​ក្នុង​នាម​ប្រទេស​បារាំង​ ដែល​ធានា​ការពារ​សិទ្ធិ​បុគ្គល​ រដ្ឋ​មិន​អាច​ទៅ​ហាម​ឃាត់ ​មិន​ឲ្យ​មនុស្ស​ម្នាក់ៗ ​រស់នៅ​ជួបជុំ​គ្រួសារ​គេ​ទេ។​ វា​ជា​រឿង​អមនុស្សធម៌​ណាស់ ​ដែល​ទៅ​ហាម​ឃាត់ ​មិន​ឲ្យ​ជន​បរទេស​ម្នាក់ ​មាន​សិទ្ធិ​រស់នៅ​ជួប​ជុំ​ជាមួយ​គ្រួសារ​គេ។ ចំណែក​លោក ​Emmanuel Macronនិង​លោក ​Benoît Hamonមិន​បាន​ស្នើ​អ្វី​ទេ ​លើ​ចំណុច​នេះ។
     
    គ្រប់គ្រង​លំហូរ​ជនភៀសខ្លួន
     
    បញ្ហា​ជនភៀស​ខ្លួន​ ដែល​បាន​សម្រុក​ចូល​មក​បារាំង ​រាប់សែន​នាក់ ​ក្នុង​រយៈពេល​៣ឆ្នាំ​ចុងក្រោយ​នេះ ​ ក៏​ជា​ដំបៅ​សង្គម​បារាំង​ដែរ។ ជន​ភៀសខ្លួន​ទាំង​នោះ ​បាន​ធ្វើ​ដំណើរ​ចូល​ប្រទេស​បារាំង​ដោយ​ខុសច្បាប់​ ​រស់​នៅ​តាម​ជំរុំ​អនាធិបតេយ្យ។ បេក្ខជន​ឈរឈ្មោះ​នីមួយៗ ​បាន​លើក​សំណើរ ​រៀងៗ​ខ្លួន​ តួយ៉ាង​លោកស្រី​ Marine Le Penដែល​ចង់​កំណត់​គោលការណ៍​តែ​មួយ​គត់ ​គឺ​ជន​ភៀសខ្លួន​ម្នាក់ៗ ​ត្រូវ​តែ​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅ​ស្ថានទូត​បារាំង ​ក្នុង​ប្រទេស​ខ្លួន​ជាមុន​សិន ​មិនអាច​ធ្វើ​ដំណើរ​ចូល​ដោយ​ខុស​ច្បាប់ ​ហើយ​ទើប​ដាក់​ពាក្យ​សុំ​តាម​ក្រោយ​ទេ។
     
    ចំនែក​លោក ​François Fillonចង់រឹត​បន្តឹង​លក្ខខណ្ឌ​សុំសិទ្ធិ​ជ្រកកោន​របស់​ជន​ភៀសខ្លួន ​ ដោយ​តម្រូវ​ឲ្យ​ជនភៀស​ខ្លួន​ដាក់​ពាក្យ​សុំ ​ឲ្យ​បាន​មុន​១៥ថ្ងៃ ​ក្រោយ​ចូល​ដល់​ដី​បារាំង។ អាជ្ញាធរ​ត្រូវ​សម្រេច ​ឲ្យ​បាន​មុន​៤ខែ​ ដើម្បី​បញ្ជូន​ជន​នោះ​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ ​ក្នុង​ករណី​បដិសេធ។ រឺ​ឯ​លោក ​Emmanuel Macronចង់​ធ្វើ​កំណែទម្រង់ ​ក្នុង​វិស័យ​គ្រប់គ្រង​លំហូរ​ជនភៀសខ្លួន​នេះ ​ដើម្បី​ពន្លឿន​នីតិវិធី​ ពោល​គឺ​អាជ្ញាធរ​ត្រូវ​សម្រេច ​ក្នុង​រយៈពេល​២ខែ ​ថា​នរណា​អាច​ស្នាក់​នៅ​ក្នុង​នាម​ជា​ជន​ភៀសខ្លួន។
     
    លោក​Jean Luc Mélenchon វិញ ​យល់ថា ​បារាំង​ជា​មហាអំណាច ​ដែល​គោរព​សិទ្ធិ​មនុស្ស ​ដូច្នេះបា​រាំង​ មិនអាច​ឱបដៃ​ឈរមើល ​មិន​ព្រម​ជួយ​ជន​ភៀសខ្លួន​ ដែល​រត់​គេច​ពី​សង្រ្គាម​ និង​ការ​កាប់​សម្លាប់ ​នៅ​ក្នុង​ប្រទេស​ពួក​គេទេ​។ បារាំង​ត្រូវ​រៀបចំ​ធ្វើ​យ៉ាងណា ​ទទួល​ជនភៀសខ្លួន​ទាំង​នោះ ​ឲ្យបាន​ត្រឹម​ត្រូវ​ជា​ពិសេស​កុមារ ​និង​ស្ត្រី ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ពួក​គេ​ ​រស់នៅ​ក្នុង​ជំរុំ​អនាធិបតេយ្យ ​ដែល​ពោរពេញ​ដោយ​បទល្មើស​គ្រប់​ប្រភេទ​ឡើយ។
     
    ដូចគ្នាដែរ ​លោក​​ Benoît Hamon ​បាន​សន្យា​ថា​ បើលោក​ជាប់​ឆ្នោត​ លោក​នឹង​ធ្វើ​យ៉ាងណា ​ជួយ​ជនភៀសខ្លួន ​ដែល​បាន​មក​ដល់​បារាំង​ មិន​បោះបង់​ពួក​គេ​ចោល។ រដ្ឋាភិបាល ​ត្រូវ​យក​ចិត្ត​ទុកដាក់ ​ជ្រោមជ្រែង​ឲ្យ​ពួក​គេ​រៀន​ភាសា​បារាំង​ ហើយ​អាច​ធ្វើ​ការ​បាន​ បន្ទាប់​ពី​បាន​មក​ដល់​ដី​បារាំង​ ចាប់​ពី​៣ខែ​ឡើង​ទៅ។ ធ្វើយ៉ាង​នេះ ​ដើម្បី​ជំរុញ​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​ជនភៀសខ្លួន ​អាច​កសាង​ជីវិត​ថ្មី ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ​លើ​ទឹក​ដី​បារាំង។
     
    ការគ្រប់គ្រង​ព្រំដែន​ជាតិ​ និង​ព្រំដែន​អឺរ៉ុប
     
    កាលណា​យើង​និយាយ​ពី​បញ្ហា ​ជនអន្តោប្រវេសន៍ ​និង​ជន​ភៀសខ្លួន​ គឺ​យើង​ចាំបាច់​ត្រូវ​នឹក​ដល់​ការ​គ្រប់គ្រង​តាម​ព្រំដែន។ បញ្ហា​ព្រំដែន​នេះ ​គឺ​វា​ជាប់គ្នា ​និង​បញ្ហា​សហភាព​អឺរ៉ុប​ ព្រម​ទាំង​កិច្ច​ព្រមព្រៀង​ឆិនហ្កិន (Schengen)។ ស្ថិត​ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប​ និង​កិច្ច​ព្រមព្រៀង​ឆិនហ្កិន ​បារាំង​និង​ប្រទេស​ហេត្ថលេខី​ផ្សេង​ទៀត​ ត្រូវ​បើក​ចំហរ​ទ្វារ​ ដល់​ជន​អន្តោប្រវេសន៍​ណា ​ដែល​បាន​ទទួល​វីហ្សា ​រឺ​សិទ្ធិ​ស្នាក់នៅ​ក្នុង​ប្រទេស​ហត្ថលេខី​ណា​មួយ។
     
    ត្រង់​ចំណុច​នេះ ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ​បាន​លើក​ផែនការ​ផ្សេងៗ​គ្នា ​ដើម្បី​រៀបចំ​ត្រូត​ពិនិត្យ​ព្រំដែន​តំបន់​អឺរ៉ុប​ឆិនហ្កិន។ លោកស្រី ​Marine Le Pen ​សន្យា ​ដាក់​ការ​ត្រួត​ពិនិត្យ​តាម​ច្រក​ចេញ​ចូល​ព្រំដែន​បារាំង​ឡើងវិញ។ រឺ​ឯ​លោកJean Luc Mélenchon ​សន្យា​ថា ​ត្រូវ​រុះរើ​គោល​នយោបាយ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​របស់​អឺរ៉ុប​ចោល ​ដោយ​បារាំង​ ត្រូវ​ចាកចេញ​ពី​កិច្ច​ព្រមព្រៀង​ឆិនហ្កិន។ តែ​យ៉ាង​ណា ​លោក​ប្រឆាំង​ដាច់​ខាត​ ក្នុង​ការ​ដាក់​ទាហាន​ ទៅ​ទប់​ជនភៀសខ្លួន​ នៅ​តាម​ព្រំដែន​ ព្រោះវា​ជា​រឿង​គ្មាន​ប្រយោជន៍។
     
    ចំណែក ​លោក ​Macron ​និង​លោក ​Fillon ​សុទ្ធតែ​សន្យា ​ថា​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ខាង​ក្រៅ​របស់​សហភាព​អឺរ៉ុប ​ ដើម្បី​ទប់​មិន​ឲ្យ​ជន​ភៀសខ្លួន​ និង​ជន​អន្តោប្រវេសន៍​ចូល​មក​ដោយ​ខុស​ច្បាប់។ ​លោក ​Fillon ​ចង់​ចរចា​កែសំរួល​កិច្ច​ព្រមព្រៀង​ឆិនហ្កិន ​ដើម្បី​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​បារាំង ​ត្រង់​ចំនុច​ខ្លះ ​ដែល​អាច​ជា​ច្រក​ចេញ​ចូល​ខុស​ច្បាប់ ​របស់​ជន​អន្តោប្រវេសន៍។ លោកក៏​ចង់​ដាក់​វិធានការ ​ចាប់​បង្ខំ​ប្រទេស​ហត្ថលេខី​ទាំង​អស់​ ឲ្យ​គោរព​កាតព្វកិច្ច​ខ្លួន​ ក្នុង​ការ​គ្រប់គ្រង​ចរាចរណ៍​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។
     
    អន្តោប្រវេសន៍​ ជា​បញ្ហា​សកល
    រវាង​បេក្ខជនធំៗ​ ទាំង​៥រូប​ យើង​ឃើញ​ថា ​គោល​នយោបាយ ​ទស្សនវិស័យ ​ស្តីពី​បញ្ហា​ជន​អន្តោប្រវេសន៍​និង​ជន​ភៀសខ្លួន​នេះ ​មាន​លក្ខណៈ​ដាច់​ពីគ្នា។ ជា​ការពិត ​បារាំង​តែ​ម្នាក់ ​មិន​អាច​ទទួល​ជនភៀស​ខ្លួន ​ទូទាំង​សកល​លោក​ទេ។ តែគួរ​គិត​ដែរ​ថា ​បញ្ហា​ជនភៀសខ្លួន ​គឺ​ជា​បញ្ហា​រួម​របស់​សកលលោក ​ដែល​កើត​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច ​ភាព​ក្រីក្រ ​រឺ​សង្រ្គាម​ជាដើម។ គ្មាន​នរណា​ម្នាក់​ ស្ម័គ្រចិត្ត​វេច​បង្វេច​ចាក​ចោល​ក្រុម​គ្រួសារ ​ផ្ទះ​សម្បែង​ស្រុក​ភូមិ​ទេ ​បើ​សិន​ជា​ពួក​គេ​មាន​ជំរើស​ផ្សេង។ ដូច្នេះ ​ការ​កំណត់​កូតា ​ការ​បិទ​ច្រក​ព្រំដែន​ មិនមែន​ជា​ដំណោះស្រាយ​ឡើយ។ ក្នុង​សម័យ​សកល​ភាវូបនីយកម្ម​នេះ ​គ្មាន​ប្រទេស​ណា​មួយ​ អាច​បិទ​ទ្វារ​រស់​តែ​ម្នាក់​ឯង​បាន​ទេ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ