អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​បារាំង បង្ក​ការ​ភ្ញាក់ផ្អើល ​តាម​រយៈ​ឯកសារ​កំណត់​តម្លាភាព ​នៃ​តួនាទី​របស់​ភរិយា​ខ្លួន

ជាធម្មតា​តំណែង​លោក​ជំទាវ​ ភរិយា​របស់​ប្រធានាធិបតី​បារាំង ​គឺ​មិនមាន​អ្វី​ជា​ផ្លូវការ​ ហើយ​ក៏​គ្មាន​អត្ថបទ​ច្បាប់​ណា​មួយ​ ចែង​ជា​លាយលក្ខ​អក្សរ ​ឲ្យ​បាន​ច្បាស់​ដែរ។ ជា​ការ​ភ្ញាក់​ផ្អើល ​ លោក​ប្រធានធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង ​ទើបតែ​បាន​សម្រេច ​ផ្សព្វផ្សាយ​ឯកសារ​មួយ​ជា​សារធារណៈ ​ដែល​ឯកសារ​នោះ ​មាន​កំណត់​ពី​តួនាទី​ការងារ ​របស់​លោកស្រី​ ភរិយា​លោក​ម៉ាក្រុង។ តែយ៉ាងណា​ វិមាន​ប្រធានាធិបតី​បារាំង​ បាន​អះអាង​ថា ​ឯកសារ​នោះ​ពុំមាន​តម្លៃ​គតិយុទ្ធ​ផ្លូវការ​ឡើយ ​ហើយ​គេ​ធ្វើ​ឡើង ​គឺ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​តែ​ប៉ុណ្ណោះ។

លោក​​ប្រធានាធិបតី​វ័យក្មេង​​ម៉ាក្រុង ​និង​ភរិយា ​បង្ហាញ​ភាព​ល្អូកល្អឺន​នៅវិមានអេលីហ្សេ
លោក​​ប្រធានាធិបតី​វ័យក្មេង​​ម៉ាក្រុង ​និង​ភរិយា ​បង្ហាញ​ភាព​ល្អូកល្អឺន​នៅវិមានអេលីហ្សេ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

វិមាន​ប្រធានាធិបតី​បារាំង​ បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ចន្ទ​ទី​ ២១ ​សីហា ​នូវ​ឯកសារ​មួយ ​ចែងពី​មុខងារ​និង​តួនាទី ​របស់​ភរិយា​លោក​ប្រធានាធិបតី​ម៉ាក្រុង។ នៅ​ក្នុង​ឯកសារ​នោះ​ បាន​កំណត់​ពី​តួនាទី​ការងារ​របស់​លោក​ជំទាវ ​Brigitte Macron ​មាន​ជា​អាថទិ៍ ​ គឺ​ការងារ​តំណាង​ឲ្យ​មុខមាត់​ប្រទេស​បារាំង ​អម​ដំណើរ​ប្រធានាធិបតី ​ ជួយ​ការងារ​លោក​ប្រធានាធិបតី ​តាម​រយៈ​ការ​ឆ្លងឆ្លើយ​ជាមួយ​ភ្ញៀវ ​តាម​សំបុត្រ ​ឬ​តាម​ទូរស័ព្ទ ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ​មិន​ថា​ក្នុង​វិស័យ​វប្បធម៌ ​ឬ​វិស័យ​សង្គម ​ព្រមទាំង​មាន​តួនាទី​ចាត់ចែង​ រាល់​ការ​ទទួល​បដិសណ្ឋារកិច្ច​ ចំពោះ​ភ្ញៀវ​អន្តរជាតិ​ធំៗ​ ជាដើម។

ក្នុង​ឯកសារ​នេះ ​បាន​កំណត់​ថា ​លោក​ជំទាវ​ភរិយា​ប្រធានាធិបតី​ ពុំត្រូវ​បាន​ទទួល​ប្រាក់​បៀវត្សន៍​ទេ ​ហើយ​ក៏​មិនបាន​ទទួល​កញ្ចប់​ថវិកា​ ដាច់ដោយ​ឡែក​ដែរ។ ការ​ចំណាយ​ទាំងស្រុង ​គឺ​ស្ថិត​នៅ​ក្នុង​ខ្ទង់​ចំណាយ ​របស់​វិមាន​ប្រធានាធិបតី។ លោក​ជំទាវ ​នឹង​មាន​មន្ត្រី​ជា​ទីប្រឹក្សា​ផ្ទាល់​ចំនួន​២រូប។ រាល់​ការ​ចំណាយ ​ទាក់ទិន​នឹង​សកម្មភាព​ការងារ​របស់​ភរិយា​ប្រធានាធិបតី ​គឺ​នឹង​មាន​កត់ត្រា ​ក្នុង​តារាង​គណនី​ច្បាស់លាស់​ ហើយ​បញ្ជូន​ទៅ​ឲ្យ​តុលាការ​គណនី​សាធារណៈ​ពិនិត្យ​ជា​ប្រចាំ។ ដូចគ្នា​ដែរ​ កាលវិភាគ​ នៃ​សកម្មភាព​ការងារ​របស់​លោក​ជំទាវ​ Brigitte Macron ​នឹង​ត្រូវ​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ ​របស់​វិមាន​ប្រធានាធិបតី​បារាំង។

តួនាទី​ការងារ​ដែល​បាន​រៀបរាប់​ខាង​លើ ​គឺ​ជា​តួនាទី​ការងារ​ ដែល​ភរិយា​ប្រធានាធិបតី​មុនៗ ​តែងតែ​ធ្វើ​កន្លង​មក ​គ្រាន់​តែ​ថាពុំ​មាន​ឯកសារ​កំណត់​ជាក់​ច្បាស់​ ដូច​ពេល​នេះ។ តែចំណុច​ដែល​ថ្មី ​ដែល​លោក​ម៉ាក្រុង ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​មួយ​ទៀត​នោះ​ គឺ​លោក​បាន​កំណត់​ថា ​ ប្រធានាធីបតី​អាច​នឹង​ប្រគល់​ការងារ​ពិសេស​ណាមួយ ​ទៅ​ភរិយា​ ដូចជា​ការ​សុំ​ឲ្យ​ភរិយា ​ជួយ​ពិចារណា​យោបល់​ លើក​ជា​សំណើរ​ផ្សេងៗ​ ជាដើម។ លោក​ម៉ាក្រុង​ធ្លាប់​បាន​និយាយ​ថា​ លោក​មិន​ចង់​ទុក​ភរិយា​ឲ្យ​នៅ​ជា​ទីងមោង​ពី​ក្រោយ​ខ្នងឡើយ ​លោក​ចង់​ផ្តល់​តម្លៃ​ឲ្យ​ភរិយា ​និង​បង្ហាញ​តម្លាភាព​ជា​សាធារណៈ ​ព្រោះ​ចង់​មិន​ចង់​ វា​ចៀស​មិនរួច​ទេ ​ដែល​ស្វាមី​និង​ភរិយា​ត្រូវ​ពិគ្រោះ​យោបល់​គ្នា។

ថ្វីបើ​វិមាន​អេលីហ្សេ ​អះអាង​ថា​ឯកសារ​ពិសេស​នេះ ​ពុំមាន​តម្លៃ​គតិយុត្តិ ​ ហើយ​អនុវត្ត​សម្រាប់​តែ​អាណត្តិ​លោក​ម៉ាក្រុង​និង​ភរិយា​ក៏​ដោយ ​ក៏​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ ដែល​ភរិយា​ប្រធានាធិបតី​បារាំង ​មាន​អត្ថបទ​កំណត់​ពី​តួនាទី​ការងារ​ដូច្នេះ។ កន្លង​មក​អ្វីៗ​ គឺ​ធ្វើ​តាម​ទំលាប់ ​ជាក់ស្តែង ​លោកស្រី ​Bernadette​ ភរិយា​លោក ​Jacques Chirac​ មាន​បុគ្គលិក​បំរើ​ការជា​ប្រចាំ​ ដល់​ទៅ​ជាង​២០​នាក់ ​ដែលការ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​បារាំង​រិះគន់ ​ពី​ការ​ចំណាយ​ថវិការ​រដ្ឋ​ដោយ​ខ្ជះខ្ជាយ ​ទាំង​ដែល​ភរិយា​ប្រធានាធិបតី​គ្មាន​មុខ​តំណែង​អ្វី​សោះ។ ជា​ទំលាប់ ​នៅតាម​ប្រទេស​មាន​របប​សាធារណៈរដ្ឋ​ ដូចជា​សហរដ្ឋ​អាមេរិក​ ជាដើម ​ក៏​មុខ​តំណែង​ភរិយា​ប្រធានាធិបតី​ មិន​ត្រូវ​បាន​គេ​កំណត់​ជា​លាយ​លក្ខ​អក្សរ​បែប​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ