ពិពណ៌កសិកម្ម៖ លោកម៉ាក្រុងចង់ឲ្យរួមគ្នារកគំនិតថ្មីៗ ដើម្បីគោលនយោបាយកសិកម្មអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៣
ថ្ងៃទី២៣កុម្ភៈនេះ នៅទីក្រុងបារីសប្រទេសបារាំង ដូចជារៀងរាល់ឆ្នាំ គឺមានបើកពិពណ៌កសិកម្មអន្តរជាតិ រយៈពេល១០ថ្ងៃ។ ជាពិពណ៌អន្តរជាតិ ដ៏ធំជាងគេបង្គស់លើលោក ហើយដែលមានការចូលរួម ពីបណ្តាកសិដ្ឋាន និងក្រុមហ៊ុនផលិតចំណីអាហារ កសិឧស្សាហកម្ម មកពីបណ្តាប្រទេសជាច្រើន។ ប្រធានាធិបតីបារាំង តែងតែមានវត្តមាន ដើម្បីបើកសម្ភោធពិពណ៌កសិកម្មនេះ ក្នុងឋានៈបារាំង ជាប្រទេសកសិកម្មធំជាងគេបង្អស់នៅអឺរ៉ុប។ លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទរកថា អំពាវនាវឲ្យអ្នកនយោបាយ អ្នកជំនាញក្នុងវិស័យកសិកម្មទាំងអស់ រួមគ្នារិះរកគំនិតថ្មីៗ ដើម្បីការពារលើកកំពស់ គោលនយោបាយកសិកម្មរួមរបស់អឺរ៉ុប។
ដូចជារៀងរាល់ឆ្នាំ ប្រធានាធិតបីបារាំង តែងតែយកឱកាស ពិពណ៌កសិកម្មអន្តរជាតិនេះ ធ្វើជាវេទិកាដើម្បីថ្លែងសន្ទរកា បង្ហាញពីគំនិតឬក៏ចក្ខុវិស័យរបស់ខ្លួន ក្នុងការលើកកំពស់វិស័យកសិកម្ម។ ជាងនេះទៅទៀត ពិពណ៌កសិកម្មឆ្នាំនេះ គឺវាជួនចំពេល ដែលអឺរ៉ុប ជិតដល់ថ្ងៃបោះឆ្នោត ជ្រើសរើសសមាជិកសភាអឺរ៉ុប នៅខែឧសភា ហើយទន្ទឹមនឹងនេះទៀត គឺគណកម្មការអឺរ៉ុប កំពុងតែប្រជុំគ្នា ដើម្បីធ្វើកំណែទម្រង់ ដល់គោលនយោបាយកសិកម្មរួម របស់អឺរ៉ុប ដែលហៅកាត់ថា « PAC : Politique agricole commune »។
នៅចំពោះមុខមនុស្សប្រមាណជា៥០០នាក់ លោកអេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទរកថា ដោយផ្តោតសំខាន់ ទៅលើចក្ខុវិស័យរបស់លោក ក្នុងការធ្វើកំណែទម្រង់ និងការរិះរកគំនិតថ្មីៗ មកអភិវឌ្ឍន៍ដល់គោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះ។
“PAC គឺជាទ្រព្យរួមរបស់អឺរ៉ុប”
លោកម៉ាក្រុងលើកឡើងថា គាត់មកជួបកសិករ អ្នកជំនាញក្នុងវិស័យកសិកម្មក្នុងពេលនេះ គឺដើម្បីប្រាប់ ទៅដល់អ្នកនយោបាយ ថ្នាក់ដឹកនាំប្រទេស ប្រជាជនដែលជាកសិករ ឬក៏ធ្វើការក្នុងវិស័យកសិឧស្សាហកម្ម នៅទូទាំងអឺរ៉ុបថា គោលនយោបាយរួមរបស់អឺរ៉ុបក្នុងវិស័យកសិកម្ម គឺជាទ្រព្យសម្បត្តិរួមដ៏មានតំលៃ ដែលត្រូវតែការពារ ឲ្យបានជាដាច់ខាត។
លោកបន្តថា៖ "អ្នកជំនាន់មុន ដែលបានស្ថាបនាសហភាពអឺរ៉ុប រិតចំណងសហការក្នុងវិស័យកសិកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងដ៏ត្រឹមត្រូវបំផុត ព្រោះថា បើគ្មានគោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះទេ នោះប្រជាជនទូទាំងអឺរ៉ុប ម្លេះមិនអាចមានលទ្ធភាព ទទួលបាននូវចំណីអាហារ ដែលមានតម្លៃថោកសមរម្យ និងជាចំណីអាហារ ដែលមានគុណភាពខ្ពស់ ដូចសព្វថ្ងៃនេះទេ"។ លោកថា៖ "គឺដោយសារ Politique Agricole Commune នេះហើយ ដែលអឺរ៉ុប រឹងមាំក្នុងវិស័យកសិកម្ម ហើយអាចមានលទ្ធភាព មានជំរើសខ្លួនឯង ក្នុងទីផ្សារពិភពលោក"។
លោកបន្ថែមថា៖ "ដូច្នេះ អ្វីដែលជាការងារត្រូវធ្វើ មិនមែនដូចអ្នកខ្លះលើកឡើងថា ត្រូវលប់រុះរើចោលគោលនយោបាយកសិកម្មរួមរបស់អឺរ៉ុប តែផ្ទុយទៅវិញ គឺត្រូវតែរិះរកគំនិតថ្មីៗ ដើម្បីធ្វើការអភិវឌ្ឍន៍ ពង្រឹងគោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះ ឲ្យកាន់តែល្អប្រសើរ"។
ជាង៥០នៃគោលនយោបាយកសិកម្មរួម តែជីវភាពកសិករកាន់តែលំបាក
ទោះយ៉ាងនេះក្តី កសិករ ឬអ្នកធ្វើការក្នុងវិស័យកសិដ្ឋាន ជាពិសេសនៅបារាំង តែងតែងធ្វើបាតុកម្មតវ៉ា ជារឿយៗ អំពីកត្តាលំបាកជាច្រើន ដូចជាប្រាក់ចំណូលមិនគ្រប់គ្រាន់ ព្រមទាំង ត្រូវគោរពបទវិធានដ៏សែនតែងតែង ដែលដាក់កំហិត ដោយគោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះ។
យើងត្រូវដឹងថា គោលនយោបាយកសិកម្មរួម របស់អឺរ៉ុប ត្រូវបានដាក់ចុះឲ្យអនុវត្ត តាំងតែពីឆ្នាំ១៩៦២ម្លេះ។ ពោលគឺតាំងតែពីសហភាពអឺរ៉ុប មានប្រទេសសមាជិកតែ៦ប្រទេសម្លេះ។ កម្មវត្ថុនៃគោលនយោបាយកសិកម្មរួមនេះ គឺ មាន៥ចំណុច៖
- បង្កើនទិន្នផលកសិកម្ម
- ធានាឲ្យបាននូវកំរិតជីវភាពមួយសមរម្យ និងមានតុល្យភាព ឲ្យដល់ប្រជាកសិករ
- ធានាឲ្យទីផ្សារ តម្លៃផលិតផលកសិកម្ម មានស្ថិរភាព
- ធានាឲ្យមានសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់
- ធានាការពារតម្លៃមួយ ដែលសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅ
ដើម្បីសម្រេចកម្មវត្ថុទាំងនេះ សហភាពអឺរ៉ុប ត្រូវដាក់ចុះនូវវិធានាការ និងអត្ថបទគតិយុទ្ធជាច្រើន ក្នុងវិស័យកសិកម្ម ហើយដែលប្រទេសសមាជិកត្រូវយកទៅអនុវត្ត។ ហើយក្នុងគោលនយោបាយនេះ អឺរ៉ុប មានប្រភពមូលនិធិហិរញ្ញវត្ថុធំ ចំនួន២ ដើម្បីយកថវិកានេះទៅចំនាយ ជួយដល់ប្រជាកសិករ។ ក៏ប៉ុន្តែ ប្រមាណជាង៥០ឆ្នាំមកនេះ វិស័យកសិកម្មមានការប្រែប្រួលច្រើនណាស់ តម្រូវការក៏ចេះតែកើនឡើងដែរ។
ជាងនេះទៅទៀត ទីផ្សារអឺរ៉ុប កាន់តែរីកធំ ដោយសារអឺរ៉ុប មានប្រទេសសមាជិកដល់ទៅ២៨ប្រទេស។ ការប្រកួតប្រជែងរវាងប្រទេសសមាជិក ក៏កាន់តែខ្លាំងក្លា ដែលធ្វើឲ្យកសិករ មានការលំបាកច្រើន។ ជាក់ស្តែង លក្ខខណ្ឌផលិតផ្សេងៗ ឧទាហរណ៍ទាន់ទិននឹងគុណភាព គឺមានការគោរពមិនស្មើគ្នាទេ នៅតាមប្រទេសសមាជិក។ ប្រទេសអឺរ៉ុបខ្លះដែលនៅក្រីក្រ ហើយដែលវិស័យរដ្ឋបាលអាជ្ញាធរនៅទន់ខ្សោយ គឺការតាមដានមិនដិតដល់ទេ។ ដូច្នេះ តម្លៃនៃការផលិតវាខុសគ្នា ដែលធ្វើតម្លៃលក់ចេញមិនស្មើគ្នាដែរ។ ជំនួយបានមកពីមូលនិធិអឺរ៉ុប មិនអាចជួយកសិករបានគ្រប់ទេ។
បន្ថែមពីនេះទៀត ផលិតផលកសិកម្ម មកពីចិន មកពីអាមេរិក និងរុស្ស៊ីជាដើម ក៏បានសម្រុកចូលទីផ្សារអឺរ៉ុបដែរ។ ជាក់ស្តែងលោកម៉ាក្រុង បានលើកឡើងថា ប្រឈមមុខនឹងបញ្ហានេះ អឺរ៉ុបមិនត្រូវបែកខ្ញែកគ្នាទេ គឺត្រូវចងផ្អោបគ្នាជាធ្លុងមួយឲ្យមាំ ក្នុងក្របខណ្ឌគោលនយោបាយកសិកម្មរួមនេះ ទើបអាចមានកម្លាំងទប់បាន។
កសិកម្មទៅអនាគត ត្រូវការធនធានមនុស្សវ័យក្មេង
ក្នុងសម័យទំនើបនេះ វិស័យកសិកកម្ម ជាវិស័យដែលពុំសូវមានប្រជាប្រិយភាពទេ នៅតាមប្រទេសណាក៏ដោយ។ តែមនុស្សយើងតែងតែភ្លេចគិត ថាបើគ្មានកសិកម្ម ក៏គ្មានអ្វីបរិភាគដែរ។ ដូច្នេះវិស័យនេះជាវិស័យអាយុជីវិត។ បរិមាណ និងគុណភាព ត្រូវតែដើរឲ្យទន្ទឹមគ្នា។ កន្លងមក បារាំង ជាប្រទេសធំជាងគេនៅអឺរ៉ុប ក្នុងវិស័យកសិកម្ម ទាំងផ្ទៃដីផលិត ទាំងបរិមាណផលិតផល ទាំងប្រាក់ចំណូល និងជាពិសេស គឺគុណភាព។ បារាំងត្រូវគេទទួលស្គាល់ថា ជាប្រទេសដែលមានគុណភាពផលិតផលកសិកម្ម និងការតាមដាន បានយ៉ាងល្អ លើសប្រទេសណាណាទាំងអស់ក្នុងពិភពលោក។
ដូច្នេះ ការធ្វើកំណែទម្រង់គោលនយោបាយរួមរបស់អឺរ៉ុបនេះ គឺត្រូវដើរ ទៅតាមរបត់ នៃការរីកចំរើននៃបច្ចេកវិទ្យាទំនើប ហើយលៃយ៉ាងណា ទាក់ទាញកម្លាំងពលកម្ម ដែលជាយុវជនវ័យក្មេងពេញកម្លាំង មកធ្វើឲ្យបានច្រើន។ វិស័យកសិកម្ម ត្រូវការមនុស្សណាស់ គ្រាន់តែថាក្មេងៗគេមិនចង់ធ្វើ។ មានយុវជនវ័យក្មេងៗ ចូលរួមច្រើន គឺគេមានគំនិតថ្មីៗច្រើន។ លោកម៉ាក្រុង ក៏បានលើកឡើងដែរថា កសិកម្មទៅថ្ងៃអនាគត ត្រូវតែជាកម្លាំងចលករ ក្នុងការបំផុះគំនិត គិតគូរពីបញ្ហាបរិស្ថាន ពីអាកាសធាតុ ពីសុខភាព ជាចំបង ជាជាងគិតតែពីផលិត ដើម្បីលក់យកចំណេញ។ ផលិតផលចំណីអាហារ មិនមែនជាផលិតផលសាមញ្ញ ដូចផលិតផលឯទៀតទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ