អានតួអត្ថបទ
បារាំង

បារាំង៖ ភាព​ប្រទាំងប្រទឹស ក្នុង​បក្ស​ប្រធានាធិបតី ​មួយថ្ងៃ​មុន​លោក​ម៉ាក្រុង ចូលកាន់​តំណែង

ថ្ងៃ​អាទិត្យទី​​១៤​ ឧសភា​​នេះ​ គឺ​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​បារាំង​ថ្មី ​ លោក​ អេម៉ានុយអែល ម៉ាក្រុង ​ត្រូវ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ។ ទន្ទឹម​គ្នា​នេះ ​គណបក្ស​នយោបាយ​បារាំង​ទាំង​អស់ ​ កំពុង​តែ​រៀបចំ​បញ្ជីឈ្មោះ ​បេក្ខជន​សមាជិក​សភា ​រៀងៗ​ខ្លួន​ ព្រោះ​ការ​បោះឆ្នោត​សភា ​នឹង​មក​ដល់ ​នៅថ្ងៃ​ទី​១១​ មិថុនា ​នេះ។ ក៏​ប៉ុន្តែ ​គណបក្ស​របស់​លោក​ម៉ាក្រុង ​កំពុងតែ​ឈឺក្បាល ​ជាមួយ​នឹង​ភាព​ប្រទាំង​ប្រទឹស​ជាច្រើន​​ ដែល​ទាក់ទង​ទៅ​នឹង​បញ្ជី​ឈ្មោះ​នេះ។ គណបក្ស​លោក​ម៉ាក្រុង ​ដែល​ជា​គណបក្ស​ថ្មី​នោះ ​កំពុង​តែ​ប្រមែរ​ប្រមូល ​បេក្ខជន​សមាជិក​សភា ​មកពី​គ្រប់​បក្ស ​ដើម្បី​ឲ្យ​មាន​សំលេង​ភាគច្រើន​ នៅ​ក្នុង​សភា។

លោក François Bayrou
លោក François Bayrou JACQUES DEMARTHON / AFP
ផ្សាយពាណិជ្ជកម្ម

 

មួយថ្ងៃ​មុន​ចូលកាន់​តំណែង​ជាផ្លូវការ​ លោក​អេម៉ានុយអ៊ែល ​ម៉ាក្រុង ​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុង​បក្ស ​ទាក់ទិន ​ទៅនឹង​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​សភា។ បេសកកម្ម​ចំបង​បំផុត​របស់​គណបក្ស ​La République en marche ​របស់​លោក​ម៉ាក្រុង​នា​ពេល​នេះ ​ គឺ​​ធ្វើ​យ៉ាង​ណា​យក​ឈ្នះ​ឲ្យ​បាន​សម្លេង​ភាគច្រើន​ក្នុង​សភា ​នៅ​ក្នុង​ការ​បោះឆ្នោត ​ដែល​មក​ដល់​ នៅ​ថ្ងៃ​​ទី​១១​មិថុនា ​ខាង​មុខ​នេះ។

កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ​ គណបក្ស ​La République en marche ​បាន​ប្រកាស​បញ្ជី​ឈ្មោះ ​ដែល​មាន​បេក្ខជន​ចំនួន​៤២៨​នាក់ ​ ក្នុង​ចំណោម​ចំនួន​បេក្ខភាព​សុរប​ចំនួន​៥៧៧។ ក៏ប៉ុន្តែ​ បញ្ជី​ឈ្មោះនេះ​ ត្រូវ​បាន​គេរិះគន់ ​ព្រោះវា​ពោរពេញ​ទៅ​ដោយ​កំហុស ​និង​ការ​ភ័ន្ត​ច្រឡំ។ ក្រុម​បក្ស​ដែល​ចេញ​មុខ​រិះគន់​នោះ គឺ​បក្ស ​MoDem ​របស់​លោក​ ហ្វ្រង់ស័រ បៃរូ ​ដែល​ជា​បក្ស​តែមួយ​គត់​ ដែល​បាន​ចុះ​ហត្ថលេខា​ធ្វើ​សម្ព័ន្ធមិត្ត​នយោបាយ ​ជាមួយ​នឹង​បក្ស​លោក​ម៉ាក្រុង។

គណបក្ស​របស់​លោកបៃរូ​ មាន​ការ​មិន​សុខចិត្ត​ នៅពេល​ឃើញ​បញ្ជី​ឈ្មោះនេះ ​មាន​ឈ្មោះ​បេក្ខជន​ដែល​មក​ពី​បក្ស​ខ្លួន ​ប្រមាណ​តែ​ជាង​៤០នាក់​ ខុស​ពី​អ្វី​ដែល​ខ្លួន​បាន​ទាមទារ ​ពោល​គឺ​ជាង​មួយ​រយ​នាក់។ តែ​យ៉ាងណា ​ថ្នាក់​ដឹកនាំ ​បក្ស​ទាំងពីរ​នេះ ​បាន​ជួប​ប្រជុំ​គ្នា​ភ្លាមៗ ​ដើម្បី​ដោះស្រាយ​បញ្ហា។ នៅល្ងាច​ថ្ងៃ​សុក្រ​ លោក​ហ្វ្រង់ស័រ បៃរូ ​បាន​បញ្ជាក់​ថា ​បក្ស​លោក​ និង​បក្ស​របស់​លោក​ប្រធានាធិបតី​ ទើបតែ​បាន​ស្រុះស្រួល​គ្នា ​ម្នាក់​បន្តិច​ ដោយបាន​កំណត់​បាន​នូវ​ការ​ត្រូវរូវគ្នា​ ដើម្បី​កសាង​ទំនុកចិត្ត​នឹង​គ្នា​ ឲ្យ​បាន​រឹងមាំ ​និង​មាន​សមភាព។

សូមបញ្ជាក់ថា​ បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សភា ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត​ ដោយ​ត្រូវ​ដាក់​បេក្ខជន ​ដែល​អាច​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ នៅ​តាម​មណ្ឌល​នីមួយ។ ដោយសារ​តែ​បក្ស​របស់​លោកម៉ាក្រុង​ ជា​បក្ស​ថ្មី​ កកើត​ទើបតែ​បាន​មួយ​ឆ្នាំ ​ការ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​សភា​នេះ ​គឺ​មាន​ការ​លំបាក​ណាស់។ ជាងនេះ​ទៅទៀត ​បក្ស​លោក​ម៉ាក្រុង ​បាន​សន្យា​ថា​ដាក់​មនុស្ស​ថ្មីៗ ​តែ​ទន្ទឹម​គ្នា​នេះ​ បក្ស​នេះ ​ក៏ត្រូវការ​ការ​ចុះចូល​ពី​សំណាក់​សមាជិក​សភា ​មកពី​គណបក្ស​ធំៗ​ផ្សេងទៀត​ដែរ។

យ៉ាងណាមិញ ​មាន​សមាជិក​សភា ​មក​ពី​គណបក្ស​សង្គម​និយម​ប្រមាណ​ជា​១៦​នាក់ ​ដែល​បាន​ចុះចូល ​ហើយ​ឈរឈ្មោះ​ក្នុង​បញ្ជី​របស់​បក្ស​លោក​ម៉ាក្រុង។ ក្រៅពីនេះ ​ក៏​នៅ​មាន​សមាជិក​សភា ​របស់​បក្ស​ស្តាំនិយ​មួយ​ចំនួន​ទៀត​ដែរ​ ដែល​បាន​ប្រកាស​ថា​គេ​ អាច​សុខចិត្ត​ធ្វើ​ការ​ចុះចូល ​រឺ​ធ្វើការ​ជាមួយ​បក្សប្រធានាធិបតី ​បើសិន​ជា​មាន​ការ​ត្រូវរូវ​គ្នា។ ដោយឡែក ​មន្ត្រី​ដឹកនាំ​បក្ស​ស្តាំនិយម ​បាន​រិះគន់​បក្ស​លោក​ម៉ាក្រុង ​ថា​កំពុង​បំភ័ន​ភ្នែក​ប្រជាជន ​ដោយ​សន្យា​ថា​ខ្លួន​ នឹង​ធ្វើ​នយោបាយ​បែប​ថ្មី​ជាមួយ​មនុស្សថ្មី​ តែ​ធាតុពិត​បក្ស​នេះ​បានដាក់​បញ្ចូល​មនុស្ស​ចាស់ៗ ​របស់​បក្ស​សង្គម​និយម​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ