ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង
 
លោក Donald Trump និងលោក​ Emmanuel Macron នៅ​វិមាន​ប្រធានាធិបតី​បារាំង ថ្ងៃទី​១០ វិច្ឆិកា ២០១៨​ Christophe Petit Tesson/Pool via REUTERS

លោកដូណាល់ ត្រាំ ព្រមទាំងភរិយា​នឹងមានវត្តមានក្នុងឱកាសរំលឹកខួប១០០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាម​លោកលើកទី១ នៅថ្ងៃទី១១ វិច្ឆិកា។ ប៉ុន្តែមុននឹងបានធ្វើដំណើរមកដល់ប៉ារីស​ លោកដូណាល់ ត្រាំ បានសរសេរសារ លើទំព័រTwitter ដោយបាន​ប្រើពាក្យធ្ងន់ៗ វាយប្រហារទៅលើ លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ដូចការគ្រោងទុក ប្រធានាធិបតីទាំង២ បានជួបគ្នាបាយថ្ងៃត្រង់ នៅថ្ងៃសៅរ៍នេះ។ ជាជំនួប ដែលគេចាំតាមដានបំផុត ព្រោះប្រធានាធិបតីទាំង២ ថ្វីបើខំ​ព្យាយាមបង្ហាញភាពស្និទស្នាល តែធាតុពិត អ្នកទាំង២​មាន​គំនិតខ្វែងគ្នា និងមាន​សំដីឡកឡើយឲ្យគ្នាទៅវិញទៅមកជារឿយ​ៗ។

ដូចសព្វមួយដង លោកដូណាល់ ត្រាំ បានប្រើ Twitter ជាកន្លែងបញ្ចេញកំហឹង សើចចំអក ឬនិយាយរិះគន់ វាយប្រហារ ​គេឯងគ្រប់គ្នាជាដើម។ លើកនេះ មុននឹងចេញមកដល់ទីក្រុងប៉ារីស លោក ដូណាល់ ត្រាំ បានសរសេរសារ វាយប្រហារមកលើលោកម៉ាក្រុង។

ក្នុងសារនោះ លោកដូណាល់ ត្រាំ សរសេរថា៖ “ប្រធានាធិបតីម៉ាក្រុង ទើបតែស្នើទៅសហភាពអឺរ៉ុប ឲ្យបង្កើតកងទ័ពរួមរបស់អឺរ៉ុប ដើម្បីការពារខ្លួន ទប់ទល់នឹងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី”។ លោកដូណាល់ ត្រាំ សរសេរបន្តថា៖ “និយាយបែបនេះ ដូចជាមើលងាយពេកហើយ យកល្អ រកប្រាក់មកចូលរួមបង់ថ្លៃចំណាយ របស់កងទ័ពអូតង់ ឲ្យបានសមរម្យសិនទៅ ព្រោះថាអាមេរិកចំណាយច្រើនណាស់កន្លងកន្លងមក ដើម្បីការពារអឺរ៉ុប”។

សារខាងលើទាំងអស់នេះ​ គឺលោកដូណាល់ ត្រាំ បានប្រតិកម្ម​ទៅនឹងសម្តីរបស់លោកម៉ាក្រុង ដែលបានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅ ទាក់ទិននឹងបំណង ចង់បង្កើតកងទ័ពរួម សម្រាប់សហភាពអឺរ៉ុប។

“លោកម៉ាក្រុង​ និងខ្ញុំ មានចំណុចដូចគ្នាច្រើន វាណាស់តែអ្នកផ្សេងយល់ផ្ទុយ!”

លោកដូណាល់ ត្រាំ បានចូលទៅ ជួបនឹងលោកម៉ាក្រុង នៅវិមានអេលីហ្សេ វេលាម៉ោង​១០ព្រឹក​ ថ្ងៃសៅរ៍ទី​១០វិច្ឆិកា​។ ក្រោយជំនួបនេះ អ្វីដែលគេសង្កេតឃើញ គឺថាមេដឹកនាំទាំង២ ព្យាយាមសម្តែង ដូចគ្មានរឿងអ្វីកើតឡើង ដោយម្នាក់ៗ​សុទ្ធតែអះអាងថា ​មិនមានអ្វីឲ្យឈ្លោះប្រកែកគ្នាទេ ពោលគឺនិយាយត្រូវគ្នា ប្រកបដោយភាពស្និទស្នាល។

លោកម៉ាក្រុង​បាននិយាយថា ថ្ងៃទី១១វិច្ឆិកា លោកនិងលោកដូណាល់ ត្រាំ និងរួមគ្នារំលឹកខួប នៃវីរៈភាព និងសាមគ្គីភាព រវាងប្រជាជននិងកងទ័ពប្រទេសទាំង២ បារាំង-អាមេរិក ដែលជាសម្ព័ន្ធមិត្តនឹងគ្នា ជារៀងដរាបមក។ លោកម៉ាក្រុងបន្ថែមទៀតថា​ បារាំង ក៏ដូចជាសហភាពអឺរ៉ុប កំពុងពិចារណា ចង់ចូលរួម ឲ្យបានច្រើនជាងនេះ ក្នុងការជួបសម្រាលបន្ទុក មិនថាផ្នែកថវិកា ក៏ដូចជាសមត្ថភាពយុទ្ធសាស្ត្របច្ចេកទេស របស់កងទ័ពអូតង់។

ចំណែកលោកដូណាល់ ត្រាំ វិញ បាននិយាយថា លោកពេញចិត្តនឹងជំនួបបែបមិត្តភាពនេះណាស់។ លោកត្រាំ ថា លោកសប្បាយចិត្ត ដែលលោកម៉ាក្រុង​ មានបំណង ចង់ចូលរួមក្នុងការចំណាយរបស់កងទ័ពអូតង់ឲ្យបានច្រើនជាងមុន។ អ្វីដែលសំខាន់ គឺលោក​ដូណាល់ ត្រាំបន្ថែមថា លោកម៉ាក្រុង និងគាត់ មានចំណុមរួម ដូចគ្នាច្រើនណាស់ វាណាស់តែ​មនុស្សមួយចំនួន យល់ឃើញផ្ទុយទៅវិញ។

តែយ៉ាងណា អ្វីៗគ្រប់គ្នា មើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ថាលោកម៉ាក្រុង និងលោកដូណាល់ ត្រាំ មានការខ្វែងគំនិតគ្នាច្រើនណាស់។ ជាក់ស្តែង ទាក់ទិនកងទ័ពអូតង់​ ព្រមទាំងបំណងបង្កើតកងទ័ពសម្រាប់អឺរ៉ុបនេះ។ នៅមានបញ្ហាអាកាសធាតុបរិស្ថាន បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម សំណុំរឿងអ៊ីរ៉ង់ជាដើម ដែលគ្រប់គ្នា ដឹងយ៉ាងច្បាស់ ថាលោកម៉ាក្រុង និងលោកដូណាល់​ ត្រាំ មានការយល់ឃើញខុសគ្នា ដូចមេឃនឹងដី។

“លោកម៉ាក្រុងមិនដែលនិយាយថា ចង់ឲ្យអឺរ៉ុបមានទ័ព ទុកទប់ទល់នឹងអាមេរិកទេ!”

ទាក់ទិននឹងសម្តីរបស់លោកម៉ាក្រុង ដែលប្រកាសថា ចង់ស្នើឲ្យបង្កើតកងទ័ពផ្ទាល់ខ្លួន សម្រាប់អឺរ៉ុប ហើយដែលលោកដូណាល់ ត្រាំ ចាត់ទុកថា ជាសម្តីមើលងាយអាមេរិកនេះ គឺខាងវិមានប្រធានាធិបតីបារាំង បានអះអាងថា លោកម៉ាក្រុង មិនដែលបាននិយាយថា ចង់បង្កើតទ័ព ទៅទប់ទល់ជាមួយអាមេរិកទេ។ វាជាការយល់ច្រលំ បកស្រាយខុសន័យទាំងស្រុង។

សម្តីរបស់លោកម៉ាក្រុង ដែលគាត់បាននិយាយក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុបារាំង Europe1 កាលពីថ្ងៃអង្គារ មានខ្លឹមថា ថា៖ “បច្ចុប្បន្ននេះ យើងទាំងអស់គ្នា កំពុងហ៊ំព័ទ្ធដោយគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយការវាយប្រហារតាមអ៊ិនធើនែត គ្រប់រូបភាពទាំងអស់។ ដូច្នេះ យើងត្រូវរកវិធីការពារខ្លួន មិនថា ប្រឈមនឹងចិន នឹងរុស្ស៊ី ឬក៏សហរដ្ឋអាមេរិកទេ”។ លោកម៉ាក្រុងបានបន្តទៀតថា៖ “ជាងនេះទៅទៀត លោកប្រធានាធិបតីត្រាំ ទើបបានប្រកាសថ្មីៗនេះ ថាអាមេរិកនឹងដកខ្លួន ចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរ កម្លាំងមធ្យម ដូច្នេះ តើអ្នកដែលអាចប្រឈមនឹងគ្រោះថ្នាក់គឺអ្នកណា គឺអឺរ៉ុប!”។

ទាក់ទិននឹងបំណងបង្កើតកងទ័ពរបស់អឺរ៉ុបនេះ លោកម៉ាក្រុងបានពន្យល់ ចំពោះមុខអ្នកកាសែត នៅព្រឹកថ្ងៃសៅរ៍នេះថា លោកយល់ថាសម្តីលោកកន្លងមក អាចធ្វើឲ្យមានការភ័ន្តច្រឡំខ្លះ។ តែលោកសូមបញ្ជាក់ថា ត្រូវគ្រប់គ្នាបែងចែកឲ្យច្បាស់ ព្រោះជារឿង២ផ្សេងគ្នា មួយជារឿងគំរាមកំហែងភេវរកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា ឯមួយទៀត ជាសំណុំរឿងសន្ធសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម។

ក្នុងសំណុំរឿងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ កម្លាំងមធ្យមនេះ គឺសហភាពអឺរ៉ុប​ បាន​បង្កើតក្រុមការងារ ដើម្បីចាប់ផ្តើមនិ​យាយគ្នាហើយ ព្រោះបើសិន ជាអាមេរិក ដកខ្លួន​ចេញ​ពីសន្ធិសញ្ញានេះ មានន័យថា វាជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយសន្តិសុខរបស់អឺរ៉ុប។ ដូច្នេះ អឺរ៉ុប ត្រូវតែមានសិទ្ធិ មានចំណែកក្នុងការនិយាយជាមួយអាមេរិក។

“អឺរ៉ុបត្រូវមានសមត្ថភាពការពារខ្លួនឯង មិនត្រូវពឹងផ្អែកលើគេទេ!”

ជាការកត់សំគាល់ តាំងតែពីសម័យសង្រ្គាមត្រជាក់មក អឺរ៉ុបទាំងមូល រំពឹងសឹងតែទាំង​ស្រុង ទៅលើសមត្ថភាពយុទ្ធសាស្ត្រា របស់កងទ័ពអូតង់ ក្នុងការការពារសន្តិសុខ។ ក៏ប៉ុន្តែ​ លោកម៉ាក្រុង តាំងតែពីចូលកាន់តំណែងមក បានលើកយោបល់ថា អឺរ៉ុប មិនអាចរំពឹង​តែ​អ្នកផ្សេង ឲ្យមកការពារខ្លួនឯងនោះទេ។ សំដីនេះ គឺលោកម៉ាក្រុង ចង់សំដៅដោយចំពោះ ទៅលើសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ជាមនុស្សមិនទៀតទាត់ មិនអាចទុកចិត្តបានទេ។

ដូច្នេះ វាដល់ពេល ដែលអឺរ៉ុប ត្រូវរកវិធី រៀបចំកម្លាំង ការពារសន្តិសុខដោយខ្លួនឯងចាប់​ពី​ពេល​នេះទៅ បើសិនថ្ងៃណាមួយសហរដ្ឋអាមេរិក ប្តូរចិត្តលែងជួយការពារអឺរ៉ុប៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ