ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT

ប៉ារីស៖ សន្និសីទ​អន្តរជាតិ ​ស្តីពី​ការ​រក​វិធី​កាត់ផ្តាច់​​ប្រភព​ហិរញ្ញវត្ថុ ​របស់​ក្រុម​ភេរវកម្ម​ជីហាត

ប៉ារីស៖ សន្និសីទ​អន្តរជាតិ ​ស្តីពី​ការ​រក​វិធី​កាត់ផ្តាច់​​ប្រភព​ហិរញ្ញវត្ថុ ​របស់​ក្រុម​ភេរវកម្ម​ជីហាត
 
ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ ពេល​​ចូលដល់​ក្រុង​រ៉ាខា​ ប្រទេសស៊ីរី​ ថ្ងៃទី​៣០​ មិថុនា ២០១៤​ Reuters/Stringer

នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃពុធ ទី២៥មេសានេះទៅ នឹងមានបើកសន្និសីទអន្តរជាតិ ស្តីពីកត្តាសន្តិសុខពិភពលោក។ បច្ចុប្បន្ន ថ្វីបើក្រុមភេរវកម្ម មានជាអាថទិ៍ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា បានបាក់ទ័ព បាត់បងដែនដីគ្រប់គ្រង មួយផ្នែកធំមែន ប៉ុន្តែក្រុមនេះអាចនៅតែមានលទ្ធភាព ប្រមូលកម្លាំង រៀបចំធ្វើភេរវកម្ម និងការប្រយុទ្ធនានាបានយ៉ាងងាយ ដោយសារតែក្រុមភេរវកម្មទាំងនេះ មានប្រភពចំណូលជាច្រើន។ យ៉ាងណាមិញ កម្មវត្ថុចំបងនៃកិច្ចពិភាក្សា ក្នុងក្រមខណ្ឌសន្និសីទនេះ គឺផ្តោតធំទៅ​លើ ការស្វែងរកវិធី ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ របស់ក្រុមភេរវកម្មជីហាតទាំងនេះ។

បញ្ហាភេរវកម្មអន្តរជាតិ គឺមានទាក់ទង ពាក់ព័ន្ធគ្រប់ប្រទេសទាំងអស់ មិនថាធំមិនថាតូច។​ដូច្នេះហើយ បានជាសន្និសីនេះ មានការចូលរួម ពីសំណាក់ ប្រទេសចំនួនប្រមាណជា៧២ប្រទេស មកពីគ្រប់ទ្វីបទាំង៥ នៃពិភពលោកយើង។ អ្នកដែលមកចូលរួម មានច្រើនជាងគេ គឺមានក្រុមប្រទេសនៅតំបន់ដើមបូព៌ា សឹងតែទាំងអស់ និងក្រុមប្រទេសទ្វីបអាហ្វ្រិក។ ដូចយើងដឹងហើយ​ ថាតំបន់ទាំង២នេះ គឺជា​ជង្រុក​នៃចលនាភេរវកម្មជីហាត ហើយក៏ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដែរ។ ដោយឡែក ស៊ីរី និងអ៊ីរ៉ង់ មិនមានវត្តមាន ក្នុងសន្និសីទនេះទេ។

ជាសរុប មានរដ្ឋមន្ត្រីមកពីបណ្តាប្រទេសទាំងនេះ មិនតិចជាង៨០នាក់។ ក្រៅពីនេះ នៅមានអ្នកតំណាងអង្គការ សមាគមន៍អន្តរជាតិធំ មានដូចជាអ្នកតំណាងសម្ព័ន្ធប្រទេសអារ៉ាប់ តំណាងសហព័ន្ធប្រទេសអាហ្វ្រិក តំណាងអង្គការសហប្រជាជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើម។ បន្ថែមពីនេះ នៅមានអ្នកជំនាញ​ ផ្នែកស៊ើបការណ៍ អ្នកជំនាញប្រយុទ្ធប្រឆាំងនឹងបណ្តាញភេរវកម្មនេះ ប្រមាណជាជាង៤៥០នាក់ ដែលនឹងមានវត្តមាន ក្នុងសន្និសីទ ដែលមានរយៈពេល​២ថ្ងៃនេះ។

« No money for terror »

ក្រុមជីហាតអង្គារដ្ឋអ៊ីស្លាម បាត់បង់ដែនដីគ្រប់គ្រងមែន តែមិនមែនមានន័យថា ក្រុមនេះរលាយសាបសូន្យនោះទេ។ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក៏ដូចជាក្រុមអាល់កៃដា នៅតែមានបណ្តាញពាសពេញពិភពលោក ហើយអាចមានលទ្ធភាពប្រមូលកំលាំងបានជានិច្ច។ ដូច្នេះហើយ បានជាគេកំពុងតែរកវិធី វាយប្រហារ ធ្វើយ៉ាងណាកុំឲ្យក្រុមភេរវកម្មទាំង២នេះ អាចមានលទ្ធភាព ធ្វើប្រតិបត្តិការបានដោយស្រួលៗ។

កម្មវត្ថុនៃសន្និសីទនេះ គឺផ្តោតសំខាន់​ទៅលើការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ របស់ក្រុមភេរ​វកម្មជីហាត។ គឺហិរញ្ញវត្ថុ ដែលក្រុមភេរវកម្ម យកទៅប្រើប្រាស់ ក្នុងសកម្មភាពប្រយុទ្ធរបស់ពួកវា។ ការចំណាយ ជាទូទៅ គឺចំណាយទៅលើការរៀបចំធ្វើភេរវកម្ម ការចំណាយយកទៅទិញសម្ភារៈ​សិក អាវុធ គ្រាប់បែក ការចំណាយទៅលើការហ្វឹកហាត់ របស់ពួកជីហាត និងចំណាយ ដើម្បីទទួលរ៉ាប់រង​ការចាយវាយស្នាក់នៅ របស់ក្រុមគ្រួសារ ពួកជីហាតជាដើម។ ដូច្នេះ ដរាបណា ក្រុមទាំងនេះ នៅតែមានលុយចំណាយ នោះក្រុមភេវកម្មទាំងនេះនៅតែអាចធ្វើសកម្មភាព បានជានិច្ច។

Money Transfer office, Bitcoins , Crowdfunding…

យើងដឹងថា ក្នុងរវាងឆ្នាំ ២០១៤ ដល់ ២០១៦ រយៈពេល ដែលក្រុមជីហាតអង្គាររដ្ឋអ៊ីស្លាម បានគ្រប់គ្រង ស៊ីរី និងអ៊ីរ៉ាក់ មួយផ្នែកធំ គឺក្រុមនេះ បានប្រមូលប្រាក់ មិនតិចជាង៣ពាន់លានដុល្លារអាមេរិកទេ។ លុយទាំងនេះ បានមកពីអំពើប្លន់ ប្រមូលពីធនាគារ ការលក់វត្ថុបូរាណ និង លុយចំណេញរកស៊ីលក់ប្រេង តាមផ្លូវងងឹតជាដើម។

អ្នកជំនាញបានលើកឡើងថា ក្រុមនេះឆ្លាតណាស់ មិនមែនបានលុយមកហើយ មិនចេះរកស៊ីទេ។ គឺពួកវា បានបង្វិលចុះឡើង យកទៅរកស៊ីក្នុងច្រើនវិស័យ ដោយចាក់បញ្ចូលទឹកប្រាក់នេះ ទៅក្នុងចរន្តសេដ្ឋកិច្ចអន្តរជាតិ។ មុខរបររកស៊ី មួយដ៏កាក់កប របស់ពួកបណ្តាញភេរវកម្មនេះ គឺយកលុយទៅរកស៊ី ឃុបឃិត ជាមួយ ពួកភ្នាក់ងារផ្ទេរ ឬ វេប្រាក់ ដែលបានរីកដុះដូចផ្សិតសឹងគ្រប់ទីកន្លែង។ ភ្នាក់ងារផ្ទេរប្រាក់ ក្រៅផ្លូវការទាំងនោះ ក៏អាចផ្តល់កម្ចីបានដែរ។ ដូច្នេះហើយ បានជាយើងសង្កេតឃើញថា ក្រុមភេរវកម្មជីហាត ជាទូទៅមានកម្លាំងរីកសាយភាពខ្លាំង តែនៅតាមប្រទេសដែលពុំមានប្រពន្ធធនាគាររឹងមាំ ជាក់ស្តែងដូចនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និងប្រទេសតំបន់អាហ្វ្រិក។ ការរកស៊ីផ្ទេរប្រាក់ ផ្តល់កម្ចីក្រៅផ្លូវការនេះ ជាទូទៅ គឺពុំមានការដាមដាន លើអត្តសញ្ញាណរបស់បុគ្គលនីមួយៗ ឲ្យបានល្អិតល្អន់ ដូចនៅតាមធនាគារទេ។

ក្រៅពីបានយកលុយទៅទិញភាគហ៊ុន ធ្វើវិនិយោគលើផ្សារហិរញ្ញវត្ថុ ក្រុមភេរវកម្មនេះ ក៏បានយកលុយទៅទិញលុយអាឡិចត្រូនិច ដូចជាBitcoins ជាដើម។ ក្រសួងហិរញ្ញវត្ថុបារាំង បានសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បន្ទាប់ពី Bitcoins ឡើងថ្លៃបានខ្លាំង ស្រាប់តែមានការផ្ទេរ ដូរ Bitcoins នេះទៅជាលុយចាយធម្មតា ដោយបញ្ចូលទៅក្នុងបណ្ណឥណ្ឌទាន។​ ប្រតិបត្តិការទាំងនេះ​ជាទូទៅ អាចធ្វើទៅបានដោយងាយ ដោយគ្មានអ្នកណាដឹង ពីអត្តសញ្ញារបស់ម្ចាស់លុយផងទេ។

ប្រភពចំណូលមួយទៀតនោះ គឺការបង្កើតការប្រមូលថវិការ នៅលើបណ្តាញអ៊ីនធើនែត ដោយលើកឡើងពីកម្មវត្ថុមនុស្សធម៌ណាមួយ។ ឧទាហរណ៍ ប្រមូលប្រាក់ ដើម្បីជួយប្រជាជនស៊ីរី ជាដើម។ តែធាតុពិត លុយដែលប្រមូលបាន គឺគេយកទៅប្រើប្រាស់ ក្នុងការចំនាយរបស់ក្រុមភេវកម្មកម្ម។ ចំណែកប្រជាជនសាមញ្ញ ដែលខំផ្តល់លុយ មិនទាំងដឹងថា អ្នកប្រមូលនោះ​ ជាអ្នកណាឲ្យពិតប្រាកដទេ។ ចំណែកក្រុមជីហាតអាល់កៃដា ឬក្រុមភេរវកម្មនៅអាហ្វ្រិកវិញ មានវិធីរកលុយម្យ៉ាងទៀត គឺសកម្មភាពស្ទាក់ប្លន់  ការជួញដូរខុសច្បាប់ និងការចាប់ជំរិតមនុស្ស ជាដើម។

ក្រុមភេរវកម្មឆ្លាត ចេះបត់បែន និងឆក់ឱកាស

ជាការពិត ប្រភពចំណូលទាំងអស់នេះ មានភាពស្មុគស្មាញណាស់ ដោយសារបច្ចុប្បន្ន​ ចរាចរណ៍លុយ គឺមានតែតួលេខ ដែលពេលខ្លះ គឺគេមិនអាចដឹងប្រភព ឬគោលដៅពិតប្រាកដ របស់លុយទាំងនោះទេ។ ម្យ៉ាងវិញទៀត ក្រុមជីហាតភេរកម្មទាំងនោះ មានសមត្ថភាព មិនថាក្នុងវិស័យជំនួញ​ ឬក្នុងវិស័យបច្ចេកវិទ្យា ហើយចេះបត់បែន គេចវេសបានគ្រប់កាលៈទេសៈ។ ក្រុមនេះ ត្រូវការលុយសុទ្ធចំនាយជាប្រចាំ។ ដូច្នេះ ឲ្យតែមានច្រកចេញ គឺក្រុមនេះនឹងឆក់ឱកាសរកស៊ី ទិញលក់ វេលុយឲ្យគ្នាទៅវិញទៅមក ដើម្បីបន្តសកម្មភាព។

ដូច្នេះហើយ បានជាសន្និសីទដ៏សំខាន់នេះ មានការចូលរួម ពីអ្នកជំនាញ ជាច្រើនវិស័យ មិនថាផ្នែកស៊ើបការណ៍ ផ្នែកហិរញ្ញវត្ថុ ធនាគារ និងផ្នែកច្បាប់ជាដើម។ វិធានការទីមួយ ដែលសន្និសីទនេះចង់បាននោះ គឺការសហការគ្នា រវាងប្រទេសពាក់ព័ន្ធទាំងអស់ ក្នុងការផ្តល់ទិន្ន័យ ចែកចាយដំណឹងឲ្យគ្នាទៅវិញទៅមក ឲ្យបានទូលំទូលាយ ឲ្យតែពាក់ព័ន្ធនឹងក្រុមភេរវកម្មទាំងនេះ។ ប្រទេសនីមួយ ក៏ត្រូវតែស្វែងយល់ និងប្រឹងប្រែង ដាក់វិធានការរៀងៗខ្លួន ដើម្បីកាត់ផ្តាច់មុខរបបរកស៊ី របស់ពួកភេរវកម្ម។

ដោយឡែក បើយោងតាមប្រភពពីរដ្ឋាភិបាលបារាំង បានឲ្យដឹងថា បារាំង និងប្រទេសមួយចំនួន មានបំណង ស្នើឲ្យមានការរិតបន្តឹងច្បាប់ ទាក់ទិនទៅនឹងចរាចរណ៍សាច់ប្រាក់ ដែលបច្ចុប្បន្ននេះ នៅមានភាពធូររលុងច្រើន ព្រោះគ្មានការតាមដាន ដក់កំហិតឲ្យដឹងអំពីអត្តសញ្ញាណពិតប្រាកដ របស់មនុស្ស ទាំងអ្នកទទួល ទាំងអ្នកផ្ញើរ។

កន្លងមក យើងតែងតែឮ ថាអារ៉ាប៊ីសាអូឌីត និងកាតា គឺជាប្រទេស២ ដែលជាប្រភពធំបំផុត នៃហិរញ្ញវត្ថុរបស់ក្រុមជីហាត។ ចរន្តផ្ទេរប្រាក់ មិនថាប្រាក់រកស៊ី ឬប្រាក់ឧបត្ថម្ភភេរវកម្ម ក្រោមរូបភាពមនុស្សធម៌ បានឆ្លងកាត់ចេញចូល ប្រទេសទាំង២នេះច្រើនណាស់។ ក្នុងកិច្ចប្រជុំនេះ បារាំងបានអញ្ជើញប្រទេសទាំងពីរនេះ  ឲ្យបញ្ហារកាំរកូសរវាងគ្នា មួយអន្លើសិន ហើយងាកមកចូលរួមរកដំណោះស្រាយ ទាក់ទិននឹងបញ្ហាភេរវកម្មនេះ។ នៅថ្ងៃព្រហស្បតិ៍ សន្និសីទនេះ មានគំរោងចុះហត្ថលេខា លើសេចក្តីប្រកាសរួមមួយ ក្រោមអធិបតី លោកប្រធានធិបតីម៉ាក្រុង តែជាសេចក្តីប្រកាស ដែលពុំមានលក្ខណៈចាប់បង្ខំទេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ