ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង
 
សមត្ថកិច្ច​ប្រើគ្រាប់បែកផ្សែង ដើម្បីបំបែក​ក្រុមបាតុករ ដែលពុះកញ្ជ្រោល​ហិង្សា។ ក្រុុង​ប៉ារីស សង្កាត់ Champs-Elysées ថ្ងៃទី​៨ធ្នូ ២០១៨​ REUTERS/Benoit Tessier

នៅទីក្រុងប៉ារីស ក៏ដូចជាតាមទីក្រុងជាច្រើននៅប្រទេសបារាំង នៅថ្ងៃសៅរ៍ទី៨ធ្នូនេះ ក្រុមចលនាអាវកាក់ពណ៌លឿង បានរៀបចំជួបជុំគ្នា ធ្វើបាតុកម្ម ទ្រង់ទ្រាយធំជាលើក​ទី៣។​ កាលពីថ្ងៃសៅរ៍ទី១​ធ្នូ នៅទីក្រុងប៉ារីស បាតុកម្មរបស់ចលនាអាវកាក់​ពណ៌​លឿង​នេះ ​បានបង្កជាអំពើហិង្សា យ៉ាងធ្ងន់ធ្ងរជាទីបំផុត។ សម្រាប់បាតុកម្មលើកទី៣នៅថ្ងៃនេះ សមត្ថកិច្ច​បារាំង បានពង្រាយកម្លាំង ដើម្បីទប់ទល់នឹងសកម្មភាពហិង្សានាៗ ហើយ​ឈាន​ទៅចាប់ឃាត់ខ្លួនមនុស្សជាច្រើនរយនាក់ ដែលតាមការអះអាងរបស់សមត្ថកិច្ច គឺជាជនជ្រុលនិយម ដែលគ្មានបំណងធ្វើបាតុកម្មដោយសន្តិវិធីទេ តែគឺជាជនដែល​មានបំណងបន្លំខ្លួន ក្នុងហ្វូងបាតុករ ដើម្បីពន្យុះញុះញង់អំពើហិង្សា។

កាលពីថ្ងៃសៅរ៍ទី១ធ្នូ បាតុកម្មនៅទីក្រុងប៉ារីស របស់ក្រុមអាវកាក់ពណ៌លឿង បានបង្កអំពើហិង្សាច្រើនណាស់។ ក្រុមបាតុករជ្រុលនិយម បានដុតរថយន្ត បង្កអគ្គីភ័យនៅតាមអាគារមួយចំនួន នៅសង្កាត់ហ្សង់អេលីហ្សេ។ ភោជនីយដ្ឋាន ហាងទំនិញធំៗនៅសង្កាត់នោះ មួយចំនួន ក៏បានរងការខូចខាតយ៉ាងដំណំ។ ជាពិសេស វិមានជ័យជំនះ ដែលជាវិមាននិម្មិតរូបរបស់ប្រទេសបារាំង ត្រូវបានក្រុមបាតុករ យកថ្នាំទៅបាញ់សរសេរអក្សរពីលើ ទៀតផង។

សម្រាប់បាតុកម្មលើកទី៣នេះ គឺគេមានការព្រួយបារម្ភខ្លាំងណាស់ ថាអាចនឹងផ្ទុះជាអំពើហិង្សាជាថ្មី ព្រោះគេសង្កេតឃើញថា ក្នុងចំណោមបាតុករ គឺពោរពេញដោយកំហឹងពុះកញ្ជ្រោល ទល់នឹងកងកម្លាំងសម្ថកិច្ច។ ក្រុមអាវកាក់ពណ៌លឿងមួយក្រុម ឈ្មោះ ចលនា​អាវកាក់ពណ៌លឿងសេរី ដែលអះអាងថាជាក្រុមកណ្តាលនិយម បានអំពាវនាវ ឲ្យបាតុករធ្វើបាតុកម្ម តែកុំទៅធ្វើនៅកណ្តាលក្រុងប៉ារីសអី។ ចំណែកក្រុមខ្លះទៀត គឺបានអំពាវនាវ ឲ្យទៅធ្វើសកម្មភាពបិទផ្លូវ នៅតាវផ្លូវខ្សែក្រវ៉ាតព័ត្រជុំវិញក្រុងប៉ារីស។ តែយ៉ាងណា គេសង្កេតឃើញថា នៅសង្កាត់ហ្សង់អេលីហ្សេ នៅព្រឹកនេះ មានបាតុករអាវកាក់ពណ៌លឿង រាប់ម៉ឺននាក់ដដែល។

សម្រាប់ថ្ងៃសៅរ៍នេះ នៅសង្កាត់ហ្សង់អេលីហ្ស៊ី សឹងតែទាំងស្រុង ព្រមទាំងសង្កាត់ អូបេរ៉ា គឺហាងទំនិញធំៗ ផ្សារទំនើប ភោជនីយដ្ឋានភាគច្រើនបានបិទទ្វារ​ ដើម្បីចៀសវៀង រងគ្រោះដោយសកម្មភាពហិង្សាណាមួយ។ សង្កាត់ទាំងនេះ គឺសុទ្ធតែជាសង្កាត់ទេសចរណ៍ដ៏ធំរបស់ក្រុងប៉ារីស។ ហាងទំនិញបិទទ្វារថ្ងៃសៅរ៍ ជាពិសេសក្នុងអំឡុងពេល​ជិតដល់ថ្ងៃបុណ្យណូអែលទៀតបែបនេះ គឺមិនធ្លាប់មានទេ។​ សូម្បីតែសារៈមន្ទីរ​Louvre និង Tour Eiffel ក៏បិទទ្វារដែរ ព្រោះខ្លាចក្រែងមានការជួបជុំបាតុកម្ម បង្កជាចលាចល និងអាចមានគ្រោះថ្នាក់ដល់ អ្នកទេសចរណ៍។  ស្ថានីយ៍Metro ក្រោមដីចំនួន៣៦ស្ថានីយ៍ ក៏ត្រូវបិទទ្វារដែរ ព្រោះវាស្ថិតចំចំណុចសំខាន់ៗ ដែលអាចមានការជួបជុំ ធ្វើបាតុកម្ម។

កម្លាំងសមត្ថកិច្ចដាក់ពង្រាយ ៨៩០០០នាក់

បើតាមប្រភពពីក្រសួងមហាផ្ទៃបារាំង នៅថ្ងៃនេះ កម្លាំងសមត្ថកិច្ចចំនួន៨៩០០០នាក់ ត្រូវបានដាក់ពង្រាយ នៅទូទាំងប្រទេសតាមចំនុចនានា ដែលមានបាតុកម្ម។ គ្រាន់តែនៅក្រុងប៉ារីស មានកម្លាំងសមត្ថកិច្ច ចំនួន៩ពាន់នាក់។ នេះគឺជាចំនួន ដែលច្រើនមិនធ្លាប់មានទេ សម្រាប់ការពារសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាតុកម្ម។ ក៏ប៉ុន្តែបទពិសោធន៍ កាលពីថ្ងៃទី១ធ្នូ បានបង្ហាញថា សមត្ថកិច្ច មិនអាចបន្ធូរដៃបានទេ។

ទីក្រុងប៉ារីស គឺជាចំណុចក្តៅបំផុត។ សង្កាត់ហ្សង់អេលីហ្សេ ត្រូវបានកម្លាំងសមត្ថកិច្ច ដាក់ពង្រាយរនាំងការពារច្រកចូល ជាច្រើនកន្លែង។ ភាគច្រើននៃក្រុមបាតុករ គឺពួកគេមកជួបជុំនៅក្បែរទីលានវិមានជ័យជំនះ ដើម្បីដើរចុះតាមដងមហាវិថី ហ្សង់អេលីហ្សេ។ ក៏ប៉ុន្តែសមត្ថកិច្ច បានដាក់រនាំងបាំង ដើម្បីធ្វើការត្រួតពិនិត្យ។ សមត្ថកិច្ចមិនបានបិទទាំងស្រុង មិនឲ្យមានបាតុករចូលទៅលើដងមហាវិថី ហ្សង់អេលីហ្សេទេ តែគេបានត្រួតពិនិត្យ ឆែកឆេរ យ៉ាងតឹងតែង បំផុត។ ប្រការនេះ បានបង្កជាភាពតាន តឹងប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករ និងកងសមត្ថកិច្ចដែរ។ តាមចំនុចខ្លះ សមត្ថកិច្ច បានប្រើគ្រាប់បែកផ្សែង ដើម្បីបំបែកបាតុករ។

អ្វីដែលជាការលំបាករបស់សមត្ថកិច្ច គឺភាពរញ៉េរញ៉ៃ គ្មានមេកើយ គ្មានការគ្រប់គ្រងត្រឹមត្រូវ របស់ក្រុមចលនាអាវកាក់ពណ៌លឿងនេះ។ បញ្ហានេះគឺវាខុសពីបាតុកម្មផ្សេង ដែលមានសមាគម ឬអង្គការណាមួយជាអ្នករៀបចំ ឬយ៉ាងហោចណាស់ មានក្រុមការងារតំណាងក្រុមបាតុករ ដែលមានតួនាទីឆ្លងឆ្លើយ ទាក់ទងជាមួយសមត្ថកិច្ច ដើម្បីចាត់​ចែង រៀបចំសណ្តាប់ធ្នាប់។ ក៏ប៉ុន្តែក្រុមអាវកាក់ពណ៌លឿងនេះ គឺមានច្រើនក្រុមរាយប៉ាយ ពុំមានតំណាងតែមួយទេ។ គ្រាន់តែនៅលើហ្វេសប៊ុក មានក្រុមដែលអំពាវនាវ ឲ្យ​មកធ្វើបាតុកម្មចុះផ្លូវនៅប៉ារីស ដល់ទៅជិត១០០ក្រុមខុសៗគ្នា។ ដូច្នេះ សមត្ថិកិច្ច មិនដឹងថា ក្រុមណាទៅកន្លែងណា ឲ្យពិតប្រាកដកនោះទេ។

គិត​ចាប់ពីម៉ោង៧ព្រឹកថ្ងៃសៅរ៍ទី ៨ធ្នូនេះមក សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន មនុស្សចំនួន ជាង៥០០នាក់ ហើយ ដែលក្នុងចំណោមនោះ គឺជាមានជាង២៧០នាក់ហើយ ដែលត្រូវស្ថិតក្នុងការឃុំខ្លួនបណ្តោះ​អាសន្ន។ ក្នុងត្រឹមតែមួយព្រឹកនេះ ឃាត់ខ្លួន និងឃុំខ្លួន ក្នុងចំនួននេះ គឺ ច្រើនមែនខ្លាំងណាស់។

ឃាត់ខ្លួន និងឃុំខ្លួនច្រើនរយនាក់

ជាទូទៅ តំណាងក្រសួងមហាផ្ទៃ បានអះអាងថា មនុស្សដែលគេបានឃាត់ខ្លួន និងឃុំខ្លួននៅព្រឹកថ្ងៃសៅរ៍នេះ គឺសុទ្ធតែមិនមែនជាបាតុករអាវកាក់ពណ៌លឿងធម្មតាទេ។ តែជាក្រុមមនុស្ស ដែលមានចេតនាតែមួយគត់ គឺទៅបង្កអំពើហិង្សា ទៅវាយបំផ្លាញហាងទំនិញ ទៅដុតរថយន្ត ដុតកម្ទេចទ្រព្យសម្បតិ្តសាធារណៈអីជាដើម។

អ្នកដែលគេឃាត់ខ្លួនបាន គឺជាក្រុមមនុស្ស ដែលមានជាប់នៅនឹងខ្លួន នូវសម្ភារៈមួយចំនួន ដែលអាចយកទៅប្រើធ្វើជាអំពើហិង្សា។ ជាក់ស្តែង នគរបាលក្រុងប៉ារីស បានបង្ហាញរូបភាពជាច្រើន ដើលនៅក្នុង​រថយន្ត​របស់អ្នកដែលគេឃាត់ខ្លួនបាន  គឺមានដូចជាដបសាំង បំពង់ហ្កាស ដបទឹកអាស៊ីត គ្រាប់ប៊ូលប៉េតង់ និងកម្ទេចដែកជាដើម។ សម្ភារៈទាំងអស់នេះ គឺគេអាចយកទៅច្នៃ ធ្វើជាគ្រាប់បែក ដាក់បំផ្ទុះ ក្នុងហ្វូងបាតុកម្ម។ ចំណែក អ្នកខ្លះទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែពួកគេ បានសរសេរសារ នៅតាមបណ្តាញសង្គម អំពាវនាវ ឲ្យក្រុមបាតុករ ប្រព្រឹត្តិអំពើហិង្សា ញុះញង់ឲ្យមានការស្អប់គុំគួនទៅលើសមត្ថកិច្ច ញុះញង់ថាត្រូវតែប្រើកម្លាំងហិង្សាគ្រប់រូបភាព ដើម្បីយកឈ្នះលើសមត្ថកិច្ចជាដើម។

ព្រឹកថ្ងៃសៅរ៍ ទី៨ធ្នូ លោកនាយករដ្ឋមន្ត្រី Edouard Philippe បានដឹកនាំការប្រជុំបន្ទាន់មួយ ជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រោយកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវថា ក្រុមបាតុករចលនាអាវកាក់ពណ៌លឿង ដែលមានចេតនាធ្វើបាតុកម្មដោយស្មោះត្រង់ ដោយសន្តិវិធី គឺសមត្ថកិច្ចនៅចាំការពារជានិច្ច។ ផ្ទុយទៅវិញ សមត្ថកិច្ចមិនអត់ឱនឲ្យជាដាច់ខាត ទៅលើក្រុមជ្រុលនិយម ដែលញុះញង់អំពើហិង្សា។ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់ក្រុមអាវកាក់ពណ៌លឿងថា៖ “ត្រូវតែប្រុងប្រយ័ត្ន កុំជ្រួលជ្រើម តាមការអូសទាញ ឬញុះញង់ របស់ក្រុមជ្រុលនិយមហិង្សា។ ក្រុមទាំងនោះ គ្មានចេតនាណាមួយមកធ្វើបាតុកម្មដោយសន្តិវិធីទេ តែគឺបន្លំខ្លួនក្នុងហ្វូងបាតុករ ដើម្បីស្រែកពន្យុះ ធ្វើសកម្មភាព ដើម្បីឲ្យក្រុមបាតុករពុះកញ្ជ្រោលកំហឹងកាន់តែខ្លាំង ឈានទៅធ្វើអំពើហិង្សា”

ធ្វើសម្បទានខ្លះ តែនៅតែមិនស្ងប់កំហឹង

តាំងតែពីដំបូងមក ចលនាអាវកាក់ពណ៌លឿង ទាមទារឲ្យរដ្ឋាភិបាលត្រូវគិតគូរ ដល់ជីវភាពរបស់ប្រជាជនដែលកាន់តែក្រីក្រទៅ។ ពួកគេមិនសុខចិត្តនឹងគម្រោងដំឡើងពន្ធលើប្រេងឥទ្ធនៈ ព្រមទាំងពន្ធអាករផ្សេងៗទៀត។ តែបន្តិចម្តងៗ យើងឃើញថា ក្រុមអាវកាក់ពណ៌លឿងនេះ មានការទាមទារច្រើនចំណុច ដែលជាទូទៅ គឺពុំមានមូលដ្ឋានច្បាស់លាស់ទេ ហើយក៏និយាយមិនដូ​ចគ្នាដែរ ដោយសារតែគ្មានអង្គការចាត់តាំងតំណាងឲ្យបានត្រឹមត្រូវ។ ក្រុមខ្លះ ស្រែកទាមទារឲ្យលោកម៉ាក្រុងចុះចេញពីតំណែង ហើយមានអ្នកខ្លះស្រែកថាត្រូវតែធ្វើបដិវដ្តន៍ផ្តួលរំលំរបបដឹកនាំ អីជាដើម ដែលស្តាប់ទៅ គឺពុំមានមូលដ្ឋានគំនិត អាចយកជាការបានទេ។

តែយ៉ាងណា រដ្ឋាភិបាលបានដកថយខ្លះ ដោយបានធ្វើសម្បទាន សន្យាថានឹង​លប់​ចោល​​នូវ​​គំរោង ការដំឡើងពន្ធលើប្រេងឥន្ធនៈ។ ក៏ប៉ុន្តែ ក្រុមអាវកាក់ពណ៌លឿងហាក់ដូច​ជា​មិនស្ងប់ទេ។ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីបារាំង បានទទួលជួបរយៈពេល១ម៉ោងកន្លះ ជាមួយនឹងតំណាងក្រុមចលនាអាវកាក់ពណ៌លឿងសេរី ដើម្បីសាកល្បងនិយាយគ្នា។ បញ្ហាចោទត្រង់ថា ចលនាអាវកាក់ពណ៌លឿងនេះមិនរួមគ្នាទេ ដូច្នេះហើយពិបាកក្នុងការនិយាយចរចាគ្នាណាស់។ តាមការគ្រោងទុក នៅដើមសប្តាហ៍ក្រោយនេះ លោកប្រធានាធិបតីម៉ាក្រុង និងចេញមុខមកនិយាយ ជាសាធារណៈ ដើម្បីសាកល្បងរំងាប់កំហិងតវ៉ា របស់ចលនាមហាជនដ៏ធំនេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ