ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT

​បារាំង៖ ​​ការ​សួរដេញដោល​​រវាង​​បេក្ខជន​ប្រធានាធិបតី​ និង​ការ​បែងចែក​ពេល​វេលា​ឲ្យ​ស្មើគ្នា​ លើ​បណ្តាញ​ព័ត៌មាន​

​បារាំង៖ ​​ការ​សួរដេញដោល​​រវាង​​បេក្ខជន​ប្រធានាធិបតី​ និង​ការ​បែងចែក​ពេល​វេលា​ឲ្យ​ស្មើគ្នា​ លើ​បណ្តាញ​ព័ត៌មាន​
 
វេទិការកម្មវិធីជជែកដេញដោល​​តទល់​​យោបល់​រវាង​បេក្ខជន​ទាំង​៥ ដែល​រៀបចំ​ដោយ​​ទូរទស្សន៍​​TF1 ថ្ងៃទី​​២០ ​មីនា ​២០១៧ AFP

នៅ​បាំង​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ​ថ្ងៃ​បោះឆ្នោត​ ​ជ្រើសរើស​ប្រធានាធិបតី​បារាំង ​ជុំ​ទីមួយ ​នឹង​មក​ដល់។ បេក្ខជន​ឈរ​ឈ្មោះ​ទាំងអស់​មាន​១១​រូប​ ដែល​មក​ពី​គណបក្ស​ និង​ចលនា​នយោបាយ​ផ្សេងៗ​គ្នា។ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​ទី​២០​មីនា ​ទូរទស្សន៍​ប៉ុស្តិ​លេខ​១​របស់​បារាំង​ បាន​រៀប​ចំ​ការ​ជជែក​ដេញដោល​គ្នា​ រវាង​បេក្ខជន​ឈរ​ឈ្មោះ​សំខាន់ៗ​ តែ​៥រូប​ប៉ុណ្ណោះ ​ដែល​ការ​នេះ ​បាន​ធ្វើ​ឲ្យ​បេក្ខជន​ផ្សេង​ទៀត​ មាន​ការ​ប្រកាន់​ខឹង។ មាន​ការ​ចោទ​សួរ​ អំពី​ភាព​អយុត្តិធម៌ ​នៃ​ការ​ផ្តល់​ឱកាស ​ដល់​ការ​ឃោសនា ​បង្ហាញ​ពី​កម្មវិធី​នយោបាយ ​របស់​បេក្ខជន​ឈរ​ឈ្មោះ​ទាំងអស់ ​ពី​សំណាក់​ បណ្តាញ​ព័ត៌មាន​បារាំង។

យើង​អាច​ចាត់​ទុក​ថា ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ ទើបតែ​បាន​ចាប់​ផ្តើម​កាល​ពី​យប់​ថ្ងៃចន្ទ​ ទី​២០​ មីនា ​តាម​រយៈ​កម្មវិធី​ជជែក​សួរ​ដេញដោល ​ រវាង​អ្នក​និយាយ​កម្មវិធី​ទូរទស្សន៍​ពីរនាក់ ​និង​បេក្ខជន​ឈរឈ្មោះ​៥នាក់​ ដែល​​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ​លេខ​១ ​TF1 ​បាន​រៀប​ចំ​ឡើង។ និយាយ​ដូច្នេះ ​ព្រោះថា​កន្លង​មក​ ថ្វី​បើ​ការ​ឃោសនា​បោះឆ្នោត​ បាន​ចាប់​ផ្តើម​មែន ​ ​ក៏​ប៉ុន្តែ​បរិយាកាស​ឃោសនា​នេះ​ គឺ​ពោរពេញ​ដោយ​រឿង​អាស្រូវ ​រឿង​រ៉ាវ​ប្តឹង​ផ្តល់​នៅ​តុលាការ ​របស់​បេក្ខជន​មួយ​ចំនួន​ ដែល​មិន​អាច​ធ្វើឲ្យ​មតិ​សាធារណៈ​ អាច​មាន​លទ្ធភាព​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជំរៅ ​ពី​កម្មវិធី​នយោបាយ ​និង​ទស្សន​វិស័យ​របស់​បេក្ខជន​ឈរឈ្មោះ​នីមួយៗ​ បាន​ទេ ​ព្រោះរឿង​អាស្រូវ​ទាំង​នោះ ​បាន​មក​បំពុល​ឆាក​នយោបាយបារាំង។

 
ស្ថានីយ៍ទូរទស្សន៍TF1 ​អញ្ជើញ​តែ​បេក្ខជន​ធំៗ​៥រូប

បេក្ខជន​ឈរឈ្មោះប្រធានាធិបតី​ សំខាន់ៗ ទាំង៥រូប

ស្ថានីយ៍​ទូរទស្សន៍ ​TF1 ​បាន​រៀបចំ​កម្មវិធី​ជជែក​ដេញ​ដោល​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ដោយ​បាន​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី ​តែ​៥រូប​ប៉ុណ្ណោះ។ បេក្ខជន​ទាំង​៥រូប​នោះ ​មាន​ដូច​ជា​លោក ​François Fillon ​លោកស្រី ​Marine le Pen ​លោក​ Emmanuel Macron​ លោក ​Jean-Luc Mélenchon ​និង​លោក ​Benoit Hamon។ បេក្ខជន​ទាំង​៥រូប​នេះ ​ ត្រូវ​គេ​ស្គាល់​ថា ​ជា​បេក្ខជន​សំខាន់ ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ច្រើន​ជាងគេ។
 
ចំណែក​បេក្ខជន​៦រូប​ផ្សេងទៀត ​មាន​ដូច​ជា​លោក​ Philippe Poutou ​ លោកស្រី ​Nathalie Arthaud ​លោក ​Nicolas Dupont-Aignan​  លោក François Asselineau ​ លោក ​Jean Lassalle ​និង​លោក ​Jacques Cheminade​ ដែលគេ​ស្គាល់​ថា ជា​បេក្ខជន​តូចៗ​នោះ ​មិន​ត្រូវ​បាន​ស្ថានីយ៍​ទូរទស្សន៍​នេះ ​ អញ្ជើញ​ឲ្យ​ចូល​រួម​ទេ។
 
កន្លង​មក​ ក្នុង​ពេល​មាន​ការ​ឃោសនា​បោះឆ្នោត​ម្តងៗ​នៅ​ប្រទេស​បារាំង ​គេ​តែងតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់ ​ដោយ​ត្រូវ​ធ្វើ​យ៉ាងណា ​ផ្តល់​ឱកាស ​និង​ពេល​វេលា ​ឲ្យ​បេក្ខជន​នីមួយៗ​ អាច​មាន​លទ្ធភាព​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន​ ​ឲ្យបាន​ស្មើៗ​គ្នា ​មិន​ថា​នៅ​តាម​ស្ថាប័ន​ព័ត៌មាន​រដ្ឋ​រឺ​ឯកជន​ទេ។ ក្នុង​កម្មវិធី​សួរ​ដេញ​ដោល ​រវាង​បេក្ខជន​ឈរ​ឈ្មោះ​ម្តងៗ ​ គឺ​អ្នក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​តែងតែ ​ បែងចែក​ពេល​វេលា​និយាយ ​ទៅ​ឲ្យ​បេក្ខជន​ ឲ្យ​ស្មើ​គ្នា ​ចៀងវៀង​ការ​រិះគន់ ​ថា​បណ្តាញ​ព័ត៌មាន​ ​រឺ​ស្ថានីយ៍​ទូរទស្សន៍​ណា​មួយ ​លំអៀង​ទៅ​កាន់​បេក្ខជន​ណាមួយ។
 
បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​មាន​តំលៃ​ និង​សិទ្ធិ​ស្មើគ្នា
ក៏ប៉ុន្តែ​ ការ​សម្រេច​រៀបចំ​កម្មវិធី​ជជែក​ដេញ​ដោល ​របស់​ទូរទស្សន៍TF1​ ដោយ​អញ្ជើញ​តែ​បេក្ខជន​ធំៗ​៥រូប​នេះ ​ ត្រូវ​បាន​មតិ​សាធារណៈ​បារាំង ​រិះគន់​ជាខ្លាំង។ ល្គិកណា ​បេក្ខជន​ឈរ​ឈ្មោះ​នីមួយៗ​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ ​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​ ជា​បេក្ខជន​ឈរ​ហើយ ​នោះ​បេក្ខជន​ទាំង​អស់​ មិន​ថា​មក​ពី​បក្ស​ណា ​ធំរឺ​តូច ​មាន​អ្នក​គាំ​ទ្រ ​តិច​រឺ​ច្រើន​ ទេ ​គឺ​ត្រូវ​តែ​ទទួល​បាន​ ការ​ផ្តល់​តំលៃ​ឲ្យ​ស្មើៗ​គ្នា ​ពី​សំណាក់​បណ្តាញ​ព័ត៌មាន​ វិទ្យុ​និង​ទូរទស្សន៍។
 

លោក Nicolas Dupont aignan

លោក ​Nicolas Dupont-Aignan ​បេក្ខជន​មួយ​រូប​ ក្នុង​ចំណោម​បេក្ខជន​៦រូប ​ដែល​មិន​ត្រូវ​បាន​ស្ថានីយ៍​ទូរទស្សន៍ ​TF1 ​អញ្ជើញ​ឲ្យ​ចូលរួម ​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​នោះ ​បាន​ចេញ​មក​តវ៉ា​ខ្លាំងក្លា​ជាងគេ។ លោក​បាន​ថ្លែង​ថា ​ស្ថានីយ៍​ទូរទស្សន៍​មួយ​នេះ ​ គ្មាន​សិទ្ធិ​អ្វី​ មក​សម្រេច​ជ្រើសរើស​ថា ​បេក្ខជន​ណា ​សំខាន់​ជាង​បេក្ខជន​ណា​ទេ។ ប្រជាជន​បារាំង​មាន​សិទ្ធិ​ស្តាប់ ​និង​ស្វែង​យល់​ពី​បេក្ខជន​ទាំងអស់​ ដូចៗ​គ្នា។
 
លោក​ Nicolas Dupont-Aignan ​ក៏បាន​ដាក់​ពាក្យ​ប្តឹង​ទៅ ​ក្រុម​ប្រឹក្សា​រដ្ឋ​ តែ​ត្រូវ​បាន​ក្រុមប្រឹក្សា​រដ្ឋ​សម្រេច​ថា ​ស្ថានីយ៍​ទូរទស្សន៍ TF1 ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ផ្ទុយ​នឹង​គោលការណ៍​សមភាព​រវាង​បេក្ខជន​ឈរ​ឈ្មោះ​ទេ។ បើ​តាម​ការ​អះអាង​របស់​ស្ថានីយ៍​ទូរទស្សន៍​TF1​ គឺ​ថ្វី​បើ​គេ​មិន​បាន​អញ្ជើញ​បេក្ខជន​ផ្សេងទៀត​ ក្នុង​កម្មវិធី​ដេញដោល ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២០​មែន ​ តែ​គេ​បាន​ និង​មានគម្រោង​អញ្ជើញ​បេក្ខជន​ទាំង​នោះ ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ដ៏ទៃ​ទៀត។ ជាក់ស្តែង​ស្ថានីយ៍​​ទូរទស្សន៍​នេះ ​បាន​អញ្ជើញ​លោក​ Nicolas Dupont-Aignan ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៨​​ មីនា​ ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​យប់។ ក៏​ប៉ុន្តែ​ ដើម្បី​សំដែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ លោក​ Nicolas Dupont-Aignan ​បាន​ចូលរួម​និយាយ​តែ​ប៉ុន្មាន​ម៉ាត់ ​ហើយ​ក៏​ដើរ​ចេញ​ ទាំង​កណ្តាល​កម្មវិធី​ បន្ទាប់​ពី​បាន​រិះគន់ ​ពី​ភាព​លំអៀង​ របស់​ស្ថានីយ៍​ទូរទស្សន៍​នេះ។
 
ការតទល់​យោបល់​រវាង​បេក្ខជន ​ជា​ឱកាស​ឲ្យ​មហាជន​ធ្វើការ​ប្រៀបធៀប៖
ជា​ការពិត​ វា​ជា​ការ​លំបាក​ណាស់ ​ក្នុង​ការ​ស្វែងរក​សមភាព​ គុណគូរ​ឲ្យ​ដឹង​ថា​បេក្ខជន​នីមួយៗ ​ មាន​ពេល​វេលា​បច្ចេញ​មតិ​យោបល់ ​និយាយ​បង្ហាញ​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន ​ បាន​ស្មើៗ​គ្នាៗ​នោះ។ គ្មាន​ច្បាប់​ណា ​កំណត់​ថា ​ស្ថានីយ៍​ទូរទស្សន៍​មួយ ​ត្រូវតែ​ហៅ​បេក្ខជន​ម្តង​ មក​ទាំង​អស់​នោះ​ទេ។ អ្វីៗ​គឺ​​វា​ឈរ​លើ​គោលការណ៍​មនសិកា​រួម​ របស់​ស្ថាប័ន​នីមួយៗ។
 
ការ​ជជែក​ដេញដោល ​តទល់​យោបល់​រវាង​អ្នក​នយោបាយ ​រឺ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ​គឺ​ជា​ទំលាប់​នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​។ យើង​ទទួល​ស្គាល់​ថា​ កម្មវិធី​ជជែក​ដេញដោល​ ពី​បញ្ហា​នយោបាយ​ គឺមាន​ច្រើន​រាប់​មិន​អស់ ​ជា​រៀងរាល់​ថ្ងៃ ​មិន​ថា​តាម​កញ្ចក់​ទូរទស្សន៍ ​រឺ​តាម​វិទ្យុ។ បេក្ខជន​ឈរឈ្មោះ ​រឺវាគ្មិន​ជាច្រើន ​ត្រូវ​បាន​អញ្ញើញ​ឲ្យ​ចូលរួម​ ជា​ប្រចាំ ​ដោយ​អ្នក​រៀបចំ​កម្មវិធី។ ចំណុច​នេះ​វា​គ្មាន​បញ្ហា​ទេ។
 
ក៏ប៉ុន្តែ​អ្វី​ដែល​ចោទ ​​គឺ​កម្មវិធី​ជជែក​ដេញដោល​ធម្មតា ​វាខុស​ពី​កម្មវិធី​ជជែក​តទល់​យោបល់ ​រវាង​បេក្ខជន​ឈរ​ឈ្មោះ។ កម្មវិធី​សួរ​ឆ្លើយ​ដេញដោយ​ រវាង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​គឺ​ជា​ឱកាស​តែមួយ​គត់​ ដែល​អាច​ឲ្យ​មហាជន​ មើលឃើញ ​ស្តាប់ឮ ​និង​ធ្វើការ​ប្រៀបធៀប​ រវាង​បេក្ខជន​នីមួយៗ។ ដូច្នេះវា​ចាំបាច់​ណាស់ ​ដែល​កម្មវិធី​របៀប​នេះ​ ត្រូវតែ​មាន​ការ​ចូលរួម​ ពី​គ្រប់​បេក្ខជន​ទាំងអស់​ ព្រម​គ្នា។ ក៏ប៉ុន្តែ​សម្រាប់​អ្នក​រៀប​ចំ​កម្មវិធី​ខ្លះ ​ក៏បាន​លើកឡើង​ពី​ការ​លំបាក ​ក្នុង​ការ​ចាត់ចែង​កម្មវិធី​ជជែក​ដេញដោយ​ រវាង​បេក្ខជន​ទាំង​អស់​ព្រមគ្នា ​ព្រោះ​ថា​បេក្ខជន​ឈរ​ឈ្មោះបោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​លើក​នេះ ​មាន​ដល់​ទៅ​១១​នាក់​ ឯណោះ។
 
ដោយឡែក​ បើតាម​ការ​គ្រោងទុក​ នឹង​មាន​កម្មវិធី​ជជែក​តទល់​យោបល់​រវាង​បេក្ខជន​ទាំង​១១រូប ​ចំនួន​ពីរលើក ​មុន​នឹង​ថ្ងៃ​បោះឆ្នោត​ជុំ​ទីមួយ​មក​ដល់។ លើក​ទីមួយ​គឺ​នៅ​ថ្ងៃ​ទី ​៤​មេសា ​ដែល​រៀប​ចំ​ឡើង​រួមគ្នា​ ដោយ​ស្ថានីយ៍​ទូទស្សន៍ ​BFMនិង​ទូរទស្សន៍​ CNews ​ហើយ​មួយ​លើក​ទៀត ​រៀបចំ​ដោយ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​បារាំង​ ប៉ុស្តិ​លេខ​២ (France 2) ​ គឺ​នៅ​ថ្ងៃ​ទី​២០​មេសា ​មុន​ថ្ងៃ​បោះឆ្នោត​៣ថ្ងៃ៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ