អានតួអត្ថបទ
បារាំង

បារាំងនឹង​បំពាក់​គ្រាប់​មីស៊ីល ​ទៅ​លើ​យាន​ដ្រូន​ស៊ើបការណ៍​របស់​ខ្លួន

ក្រសួង​ការពារជាតិ​បារាំង ​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​សម្រេច​ថា ​នឹង​បំពាក់​អាវុធ​មីស៊ីល ​ទៅ​លើយាន​​ដ្រូន​ស៊ើបការណ៍​សំងាត់​របស់​បារាំង។ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង ​បាន​ប្រកាស​ដូច្នេះ ​នៅក្នុង​ពេល​បិទ​បញ្ចប់​ ការ​ជួបជុំ​ជជែក លើកទី១៥ ​នៃ​វិស័យ​ការពារជាតិ​ ដែល​ធ្វើ​ឡើង ​នៅទី​ក្រុង​ទូឡុង​ ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

លោកស្រី Florence Parly ពិនិត្យ​យាន្ត​ដ្រូន​ស៊ើបការណ៍​ ​នៅ​មូលដ្ឋាន ​Barkhane​ ​តំបន់ Niamey ប្រទេសនីហ្សេ ​ថ្ងៃទី ​៣១​ កក្កដា ​២០១៧
លោកស្រី Florence Parly ពិនិត្យ​យាន្ត​ដ្រូន​ស៊ើបការណ៍​ ​នៅ​មូលដ្ឋាន ​Barkhane​ ​តំបន់ Niamey ប្រទេសនីហ្សេ ​ថ្ងៃទី ​៣១​ កក្កដា ​២០១៧ BOUREIMA HAMA / AFP
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ ​ការ​ជជែក​ដេញដោល ​លើក​ហេតុផល​ជា​ច្រើន​ខែ​មក​ហើយ ​ទី​​បំផុត​លោកស្រី ​Florence Parly ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង ​បាន​សម្រេច​ថា ​នឹង​បំពាក់​អាវុធ​មីស៊ីល (Missiles sol-air) ​ទៅ​លើ​យាន​ដ្រូន​ស៊ើបការណ៍​សំងាត់ ​របស់​កងទ័ព​បារាំង។

លោកស្រី​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ​អន្តរាគមន៍​របស់​កងទ័ពបារាំង ​នៅ​ឯ​បរទេស ​ត្រូវ​ជួប​នឹង​សត្រូវ​ ដែល​ធ្វើ​បំលាស់​ទី​យ៉ាង​រហ័ស ​នៅតាម​ទី​វាល​រហោស្ថាន​ធំ​ល្វឹងល្វើយ ​និង​ពេល​ខ្លះ ​នៅលាយ​ឡំ​ជាមួយ​នឹង​ប្រជាជន​ស៊ីវីល។​ ការនេះ​តម្រូវ​​ឲ្យ​កងទ័ព​បារាំង​ ត្រូវតែ​ធ្វើ​ទំនើបកម្ម ​អាច​បត់បែន ​នឹង​ធ្វើ​បំលាស់​ទី​ឲ្យ​រហ័ស ​ឲ្យ​សម​ស្រប​ទៅ​តាម​ស្ថានការណ៍ ​និង​កាលៈទេសៈ។ ដូច្នេះ ​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​របស់​កងទ័ព​បារាំង​ ក៏ត្រូវ​តែ​មាន​ឲ្យ​ច្រើន ​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ ​ហើយ​មិន​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ជីវិត​មនុស្ស។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​ បារាំង​មាន​យាន​​ដ្រូន​ស៊ើបការណ៍​សំងាត់ ​ចំនួន​៦គ្រឿង ​ដែល​បារាំង​ បាន​ទិញ​ពី​អាមេរិក។ ដ្រូន​៥គ្រឿង​ក្នុង​ចំណោម​៦គ្រឿង​នេះ ​កំពុង​បំពេញ​ការងារ​នៅ​ ឯ​ប្រទេស​នីហ្ស៊េ ​ក្នុង​តំបន់​ Niamey។ ដ្រូន​ទាំង​៦គ្រឿង​នេះ ​នឹង​ត្រូវ​យក​ទៅ​កែច្នៃ ​ដើម្បី​បំពាក់​គ្រាប់​មីស៊ីល ​នៅ​រវាង​ឆ្នាំ​២០១៨។ ក្រៅ​ពីនេះ ​បារាំង​បាន​បញ្ជា​ទិញ​យាន​ដ្រូន​ថ្មី ​៦គ្រឿង​ទៀត ​ផលិត​ដោយ​ក្រុមហ៊ុន ​General Atomics ​ដែល​នឹង​ត្រូវ​ផលិត​ឡើង ​បំពាក់​ជាមួយ​នឹង​អាវុធ​មីស៊ីល​តែម្តង។ ដ្រូនថ្មី​ទាំង​៦គ្រឿង ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ ​នៅ​រ​វាង​ឆ្នាំ​២០១៩។

គួរកត់​សំគាល់​ដែរ​ថា​ ​ជាមួយ​នឹង​ប្រតិបត្តិការ​នៅ​ខាងក្រៅ ​ព្រម​ទាំង​ការ​គំរាម​កំហែង​ភេរវកម្ម ​កាន់តែ​ធ្ងន់​ទៅៗ ​ប្រទេស​នៅ​អឺរ៉ុប​ កំពុង​តែ​រក​វិធី​ការពារ​សុវត្ថិភាព ​តាម​រយៈ​បច្ចេកវិទ្យា​ដ្រូន។ យ៉ាងណាមិញ ​​បារាំង​ ក៏មាន​គម្រោង​សហការ​ ជាមួយ​អាល្លឺម៉ង់ ​អ៊ីតាលី ​និង​អេស្ប៉ាញ ​ដើម្បី​ផលិត​យាន​ដ្រូន​ស៊ើបការណ៍​​មួយ​ប្រភេទ ​​ដែល​នឹង​ក្លាយ​ជា​សមិទ្ធិផល​របស់​អឺរ៉ុប។ តាម​ការ​គ្រោងទុក​ យាន​​ដ្រូន​របស់​អឺរ៉ុប​នេះ ​នឹង​ត្រូវ​ដាក់​ឲ្យប្រើ​ប្រាស់ ​នៅ​រវាង​ឆ្នាំ​២០២៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ