ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”

បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”
 
បាតុករ​អាវកាក់ពណ៌លឿង (Gilets jaunes) នៅសង្កាត់Champs Elysées ទីក្រុង​ប៉ារីស ​ថ្ងៃទី​១​ធ្នូ ២០១៨ AFP

ជាង២សប្តាហ៍កន្លងមកនេះ ក្រុមចលនាអាវកាក់ពណ៌លឿង បានធ្វើសកម្មភាពតវ៉ា នៅទូទាំងប្រទេសបារាំង ដើម្បីប្រឆាំងនឹងនយោបាយធ្វើបាបអ្នកក្រ របស់​រដ្ឋាភិបាលបារាំង ដែលមានលោកអេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតី។ កាលពីថ្ងៃសៅរ៍ទី១ធ្នូ បាតុករ​អាវកាក់​ពណ៌លឿង បាន​បង្ក​អំពើហិង្សា​បំផ្លិចបំផ្លាច​ទ្រព្យ​សម្បត្តិ​សាធារណៈ ​ដុតបំផ្លាញ​​រថយន្ត និង​​បង្ក​អគ្គីភ័យ​ជាច្រើន​កន្លែង នៅ​សង្កាត់​ហ្សង់អេលីហ៊្សេ បេះដូង​នៃទីក្រុង​ប៉ារីស។ រដ្ឋាភិបាលបារាំង ដែលពីមុន តែងតែអះអាងថា នឹងរឹងមាំ មានះ​ធ្វើកំណែទម្រង់​នោះ ពេលនេះហាក់ដូចជា​បានដកថយមកវិញ តាមរយៈការធ្វើសម្បទានខ្លះ។ ​តើចលនា​អាវកាក់​ពណ៌លឿង​នេះ មាន​ប្រភព​មកពីណា ហើយ​អ្វីទៅ​ជា​ប្រភព​នៃ​កំហឹង របស់​ពួកគេ ទល់នឹងរដ្ឋាភិបាលបារាំង?

“អាវកាក់ពណ៌លឿង” គឺជាអាវមានក្រណាត់ពណ៌លឿងភ្លឺចាំងនឹងភ្លើង ដែលអ្នកបើកបរម្នាក់ៗ ត្រូវពាក់ក្នុងគ្រាមានគ្រោះថ្នាក់ចរាចរណ៍ មុននឹងចុះពីរថយន្ត។ ប៉ុន្តែអាវកាក់នេះ បានក្លាយជានិម្មិតរូបនៃការតវ៉ា របស់ប្រជាជនបារាំង អ្នកមានរថយន្តប្រើប្រាស់ ប្រឆាំងនឹងការដំឡើងពន្ធអាករ ដែលធ្វើឲ្យប្រេងឥទ្ធនៈឡើងថ្លៃ។

តាមពិតទៅ ប្រេងឥន្ធនៈឡើងថ្លៃ គឺគ្រាន់តែជាចំណុចមួយមកបន្ថែម ពីលើបញ្ហាជាច្រើនចំណុច ដែលមាននៅក្នុងចិត្តរបស់ប្រជាជន​បារាំង ជាពិសេស​ប្រជាជនដែលមានជីវភាពក្រីក្រ។ កាត្តាជីវភាព ទំនិញឡើងថ្លៃ រដ្ឋបង្ខំឲ្យបង់ពន្ធកាន់តែច្រើន ទាំងអស់នេះ គឺសុទ្ធតែជាការព្រួយបារម្ភធំបំផុតរបស់ពួកគេ។

គោលនយោបាយអយុតិ្តធម៌ ធ្វើបាបតែអ្នកក្រ

គួរកត់សំគាល់ថា ចាប់តាំងពីឡើងកាន់តំណែងមក លោកអេម៉ានុយអែល ម៉ាក្រុងបានសន្យាប្តេជ្ញាធ្វើកំណែទម្រង់ជាច្រើនវិស័យ ដើម្បីស្តាសេដ្ឋកិច្ចបារាំង បង្កើតការងារធ្វើ និងកាត់បន្ថយបំណុលសាធារណៈរបស់រដ្ឋបារាំង។ ក្នុងទិសដៅកំណែទម្រង់សេដ្ឋកិច្ច បង្កើតការងារ និងជំរុញការធ្វើវិនិយោគក្នុងស្រុក លោកម៉ាក្រុង បានសម្រេចលប់ចោលនូវការយកពន្ធលើទ្រព្យសម្បត្តិ សម្រាប់អ្នកដែលរកចំនូលបាន ចាប់ពី១លាន៣សែនអឺរ៉ូឡើងទៅក្នុងមួយឆ្នាំ។ ធ្វើបែបនេះគឺដើម្បីជំរុញឲ្យអ្នកមានទាំងនោះ កុំរត់ទៅប្រទេសផ្សេង ហើយយកប្រាក់របស់ខ្លួន មកវិនិយោគនៅបារាំង។

ក៏ប៉ុន្តែសម្រាប់ប្រជាជនបារាំង ដែលមានជីវភាពក្រីក្រ គឺវិធានការនេះ វាគឺជាអំណោយអនុគ្រោះ ដែលលោកម៉ាក្រុង បានធ្វើសម្រាប់អ្នកមាន។ ផ្ទុយទៅវិញ លោកម៉ាក្រុង បានងាកមកដំឡើងពន្ធអាករ លើវិស័យផ្សេង ដើម្បីបង្ខំឲ្យប្រជាជនក្រីក្រី បង់ជូនរដ្ឋ យកទៅបំពេញកន្លែងខ្វះចន្លោះ ដោយការធ្វើសម្បទានទៅឲ្យពួកអ្នកមាន។ ក្នុងក្រសែរភ្នែករបស់ប្រជាជនក្រីក្រ វិធានការទាំងនេះ គឺជាវិធានការអយុត្តិធម៌។

កំណែទម្រង់ដ៏ធំមួយទៀតរបស់រដ្ឋាភិបាលលោកម៉ាក្រុង គឺការកាត់បន្ថយការបំពុលបរិស្ថាន ការបញ្ចេញឧស្ម័នពុល។ ស្ថិតក្នុងគោលនយោបាយនេះ​ រដ្ឋាភិបាលមានបំណង ដាក់បន្ទុកការបង់ពន្ធឲ្យកាន់តែធ្ងន់ ទៅលើវិស័យមួយចំនួន ដែលបញ្ចេញផ្សែងពុល ក្នុងនោះ គឺវិស័យចរាចរណ៍រថយន្តនេះតែម្តង។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាល មានបំណងដំឡើងពន្ធលើប្រេងឥទ្ធនៈ ព្រមទាំងមានបំណងចាប់បង្ខំ ឲ្យប្រជាជនបារាំង ឈប់ប្រើរថយន្តដែលដើរដោយប្រេងម៉ាស៊ូត ហើយបង្ខំឲ្យពួកគេ ត្រូវយករថយន្តទៅធ្វើការត្រួតពិនិត្យបច្ចេកទេសបន្ថែម ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក។

ពីវិធានការមួយទៅវិធានការមួយ ភាពអយុត្តិធម៌ មានកាន់តែច្រើនឡើងៗ សម្រាប់ប្រជាជនដែលមានប្រាក់ចំណូលតិច។ ជាទៅ ប្រជាជនដែលមានចំណូលតិច ភាគច្រើនរស់នៅតាមជនបទ ឬជាយក្រុង។ ជានិច្ចជាការ ពួកគេត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីកន្លែងធ្វើការ ពោលគឺនៅឆ្ងាយពីទីប្រជុំជន ឬទីក្រុង ដោយសារតែមិនអាចរ៉ាប់រងថ្លៃជួលផ្ទះ។ រថយន្ត គឺជាមធ្យោបាយធ្វើដំណើរមួយដ៏សំខាន់ និងមិនអាចជៀសបានក្នុងករណីខ្លះ។ មួយវិញទៀត សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង រថភ្លើងជាដើម កាន់តែអន់ថយ ឬត្រូវបិទទាំងស្រុង ដោយសាររដ្ឋពុំមានលទ្ធភាព។ ការដែលរដ្ឋាភិបាល ចង់ដំឡើងពន្ធ បន្ថែមការចំណាយដល់ប្រជាជនក្រីក្រ បូកបន្ថែមនឹងតម្លៃប្រេងឥទ្ធនៈឡើងថ្លៃ គឺជារឿងមួយអយុត្តិធម៌។

រដ្ឋាភិបាល​លោក​ម៉ាក្រុង​​ទទួល​ថ្មបាក់

ជាការពិត សម្រាប់អ្នកវិភាគសង្គមជាច្រើន បានលើកឡើងព្រមៗគ្នា ថាបើទោះបីជាបាតុកម្មហិង្សា បង្កឡើង​ដោយក្រុមអាវកាក់ពណ៌លឿង បំផ្លាញទ្រព្យសម្បតិ្តឯកជននិងសាធារណៈ កាលពីពេលថ្មីៗនេះ គឺជារឿងដែលមិនអាចទទួលយកបានក៏ដោយ​ ក៏ប៉ុន្តែទង្វើទាំង​នេះ គឺវាបានផុសចេញពីកំហឹង ពីការតវ៉ា ពីការអស់សង្ឍឹមរបស់ចលនាអាវកាក់ពណ៌លឿង។ ជាងនេះទៅទៀត វាក៏មិនមែនជាកំហុសរបស់រដ្ឋាភិបាលលោកម៉ាក្រុងតែ​ម្នាក់ឯងដែរ តែវាជាលទ្ធផល នៃគោលនយោបាយដឹកនាំជាច្រើនអាណត្តិ ប្រមាណ២០ឆ្នាំចុងក្រោយនេះ។ ពីរដ្ឋាភិបាលមួយ ទៅរដ្ឋាភិបាលមួយ សេដ្ឋកិច្ចបារាំង កាន់តែចុះអន់ថយ ជីវភាពប្រជាជនក៏កាន់តែលំបាក។ លោកម៉ាក្រុង ទើបតែមកដល់ក្រោយគេ ក៏ប៉ុន្តែមកដល់ក្នុងកាលៈទេសៈមួយ ដែលធ្ងន់ធ្ងរ ហើយដែលប្រជាជនក្រីក្រ មិនអាចទ្រាំទ្រទៀតបាន។ កំហឹងទាំងប៉ុន្មាន បានជះទៅលើរដ្ឋាភិបាលលោកម៉ាក្រុងតែម្នាក់។

បើយើងក្រឡេកទៅមើលលើការវិភាគតួលេខស្តិតិ យើងឃើញថា ប្រមាណ១៥ឆ្នាំមកនេះ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនបារាំង ដែលមានជីវភាពសាមញ្ញធម្មតា បាននៅនឹងថ្កល់ក្នុងកម្រិត ១៧០០អឺរ៉ូ ក្នុងមួយខែ។ យោងតាមតួលេខចុះផ្សាយដោយ​​ កាសែត Le Monde កម្រិតជីវិតភាពរបស់ប្រជាជន បាននៅនឹងថ្កល់ មិនវិវឌ្ឍន៍ធូរធាទេ ក្នុង​រវាង១០ឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញ ពន្ធអាករកាន់តែឡើងថ្លៃ តម្លៃទំនិញទៀតសោតក៏ឡើង។ ក្នុងចំណោមការចំណាយដែលធំៗ ដូចជាថ្លៃឈ្នួលផ្ទះ ថ្លៃសាំង និង​ចំណីអាហារ បានកើនឡើងជាលំដាប់ ហើយដែលវាប៉ះពាល់ដោយផ្ទាល់ ដល់ជីវភាពរបស់ពួកគេ។

ផ្ទុយទៅវិញ គម្លាតគ្នា រវាងអ្នកមានចំណូលច្រើន នឹងអ្នកមានចំណូលតិច គឺមានកាន់តែខ្លាំង។ ជាមួយនឹងការកើនឡើងនូវតម្លៃប្រេងឥទ្ធនៈ តម្លៃភ្លើងអគ្គីសនី តម្លៃហ្គាសជាដើម គឺប្រជាជនដែលមានចំនូលតិច គឺជាអ្នកប្រឈមមុខមុនគេបង្អស់។ គ្រួសារខ្លះ បានបង្ខំចិត្ត រស់នៅក្នុងសីតុណ្ហភាពត្រជាក់ ដោយសារតែគ្មានប្រាក់បង់ថ្លៃអគ្គីសនីដើម្បីបើកម៉ាស៊ីនកំដៅ។

កំហឹងប្រជាជន ទល់នឹងថ្នាក់ដឹងនាំទាំងអស់

សតិអារម្មណ៍ឈឺចាប់ កើតជាកំហិងរបស់ប្រជាជនក្រីក្រ បានជះទៅលើអ្នកនយោបាយ ដឹកនាំប្រទេស គ្រប់ជាន់ថ្នាក់។ គំលាតរវាងអ្នកដឹកនាំ ដែលកាន់អំណាច អង្គុយលើ​កៅអី ចាំសម្រេចកិច្ចការនានា គឺវាបានដាច់ចេញឆ្ងាយ ពីតថៈភាពជាក់ស្តែង ដែលជាជីវភាព​លំបាកលំបិន របស់ប្រជាជន។ សម្រាប់ប្រជាជនក្រីក្រ អ្នកនយោបាយដឹកនាំប្រទេស មិនស្តាប់ មិនយល់ មិនអើពើ ពីការលំបាករបស់ប្រជាជនទាល់តែសោះ។

ជាងនេះទៅទៀត ចាប់តាំងពីបានធ្វើជាប្រធានាធិបតីមក លោកម៉ាក្រុង បានធ្វើរឿងមួយចំនួន ដែលរិតតែជម្រុញទឹកចិត្តប្រជាជនក្រីក្រ ឲ្យកាន់តែខឹងក្រេវក្រោធ។ លោកម៉ាក្រុង បាននិយាយសម្តីជាច្រើនលើកច្រើនសារ ដែលមានខ្លឹមសារ ត្មិះដៀល ឬមើលងាយអ្នកមានជីវភាពក្រីក្រ។ ជាង១ឆ្នាំកន្លងមកនេះ ប្រជាប្រិយភាពរបស់លោកម៉ាក្រុង បានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះថា ក្នុងក្រសែភ្នែកប្រជាជនទូទៅដែលមានជីវភាពមធ្យម ឬក្រីក្រ គឺលោកម៉ាក្រុង ជាប្រធានាធិបតីក្រអឺតក្រទម និងបំរើតែអ្នកមានប៉ុណ្ណោះ។

គួរកត់សំគាល់ថា បារាំងគឺជាប្រទេសប្រជាធិបតេយ្យមួយដ៏ធំនៅអឺរ៉ុប។ រាល់ការតវ៉ា រាល់បាតុកម្មប្រឆាំងរិះគន់ របស់ប្រជាជន គឺតែងតែត្រូវបានអ្នកនយោបាយ ឬថ្នាក់ដឹកនាំប្រទេសព្រួយបារម្ភ យកមកដោះស្រាយជានិច្ច។ ជាង២សប្តាហ៍នៃចលនាក្រុមអាវកាក់​ពណ៌​លឿង បានធ្វើឲ្យរដ្ឋាភិបាលលោកម៉ាក្រុង រងសំពាធពីគ្រប់មជ្ឈដ្ឋាន។ ជា​បឋម​​ត្រូវ​រកវិធី ទប់ស្កាត់អំពើហិង្សា របស់ពួកបាតុករ ហើយបន្ទាប់ទៀត ដោះស្រាយបញ្ចប់ចលនាបាតុកម្មតវ៉ា ដែលកាន់តែរីកធំនេះ។

នៅមានវិស័យផ្សេងទៀត ដែលអាចនឹងផ្ទុះចេញជាការតវ៉ាប្រឆាំងដែរ។ សហព័ន្ធកសិករបារាំង កំពុងតែពិចារណាថានឹងធ្វើបាតុកម្មដែរ បន្ថែមពីលើក្រុមចលនាអាវកាក់​ពណ៌​លឿង។ ចំណែកនៅតាមវិទ្យាល័យមួយចំនួនវិញ សិស្សវិទ្យាល័យ បានធ្វើពហិកាមិនចូលរៀន និងបានគំរាមធ្វើបាតុកម្មបិទសាលា ដើម្បីប្រឆាំងនឹងកំណែទម្រង់ថ្មីរបស់ក្រសួង។ ប្រឈមមុខនឹងការតវ៉ាប្រឆាំង មកពីគ្រប់ច្រកល្ហកទាំងនេះ មានអ្នកវិភាគខ្លះ បានលើកឡើងថា បារាំង កំពុងតែឆ្លងកាត់វិបត្តិនយោបាយ និង សង្គម ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានទេក្នុងរបបសាធារណៈរដ្ឋទី៥នេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ