អានតួអត្ថបទ

បារាំង៖ ហិង្សា​ធ្ងន់ធ្ងរ​កណ្តាល​ប៉ារីស ជាមួយ​នឹង​បាតុកម្ម​លើក​ទី១៨ របស់​ក្រុម​អាវកាក់​លឿង

នៅបារាំង ដូចជារៀងរាល់ថ្ងៃសោរ៍ ប្រមាណជាង៣ខែមកនេះ គឺក្រុមអាវកាក់​ពណ៌​លឿង​ បានធ្វើបាតុកម្ម ​ដើម្បីប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកម៉ាក្រុង។ បន្ទាប់ពីបានថមថយកម្លាំង​មួយរយៈ ចលនា​​បាតុកម្​មនេះ បានបង្កឲ្យមានអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃ​សោរ៍​ទី​១៦​មីនា នៅ​ទីក្រុង​ប៉ារីស។ ភោជនីយដ្ឋាន ហាងទំនិញ​ធំៗ​ជាច្រើន ​ត្រូវ​បា​នក្រុមបាតុករ​ជ្រុល​និយម វាយ​បំផ្លាញ និង​ចូលលួច​យក​ទំនិញ។ ក្រុមបាតុករ ក៏​បាន​ដុត​បំផ្លាញអាគារ​មួយកន្លែង។ រដ្ឋាភិបាល​បារាំង បាន​សន្យាថា​នឹង​មិន​អត់ឱន ឲ្យ​ជាដាច់​ខាត​ដល់​ជន​​ឆក់ឱកាស ដែល​មកចូលរួម​បាតុកម្ម ក្នុង​គោល​បំណង​តែ​មួយគត់ គឺ​វាយកំទេច​ បំផ្លេច​បំផ្លាញ បង្ក​អគ្គីភ័យ។

បាតុករម្នាក់ដែល​ពុំ​មាន​ពាក់​អាវកាក់​ពណ៌​លឿង លើក​ដៃ​បង្ហាញ​មោទនភាព​ ខណៈភ្លើង​ឆេះ​​សន្ធោសន្ធៅ​​នៅ​ពីក្រោយ លើ​ទ្រូង​​មហាវិធី​​សង់អេលីហ្សេ។ ថ្ងៃទី​១៦មីនា ២០១៩​
បាតុករម្នាក់ដែល​ពុំ​មាន​ពាក់​អាវកាក់​ពណ៌​លឿង លើក​ដៃ​បង្ហាញ​មោទនភាព​ ខណៈភ្លើង​ឆេះ​​សន្ធោសន្ធៅ​​នៅ​ពីក្រោយ លើ​ទ្រូង​​មហាវិធី​​សង់អេលីហ្សេ។ ថ្ងៃទី​១៦មីនា ២០១៩​ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ដូចសព្វមួយដង ទីលានរង្វង់មូលវិមានជ័យជំនះ ក្នុងសង្កាត់សង់អេលីហ្សេ បានក្លាយជាចំណុចប្រមូលផ្តុំ របស់ក្រុមអាវកាក់ពណ៌លឿង។ ចាប់ពីម៉ោង១១ព្រឹក​ បាតុករអាវកាក់ លឿង មានចំនួនយ៉ាងហោច១ម៉ឺននាក់ បាននាំគ្នាដើរសំដៅទៅទីនោះ ខណៈដែលការប្រឈម​មុខដាក់គ្នា រវាងហ្វូងបាតុករ និងសមត្ថកិច្ច បានចាប់ផ្តើម។

ភាពចលាចលអនាធិបតេយ្យបានកើតឡើង ដោយក្នុងចំណោមហ្វូងបាតុករអាវកាក់​លឿង មានលាយឡំទៅដោយក្រុមជនជ្រុលនិយម ស្លៀកខ្មៅ បិទមុខជិត។ លោក Christophe Castaner រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងចំណោមបាតុករ​១ម៉ឺននាក់ មានយ៉ាងហោច ១៥០០នាក់ គឺជាបាតុករក្លែងក្លាយ ហើយពួកនេះ គឺជាពួកហិង្សាជ្រុលនិយមបំផុត។

យោងតាមក្រុមអ្នកយកព័ត៌មានបារាំង ហ្វូងបាតុករបានចាប់ផ្តើម គាស់ដុំថ្មពីផ្លូវ គប់​ចោល​ទៅលើ​សមត្ថកិច្ច។ ទីលានវិមានជ័យជំនះ បានគ្រប់ដណ្តប់ទៅដោយផ្សែងក្រាស់ឃ្មឹក ដែលចេញពីគ្រាប់បែបផ្សែង រាប់រយគ្រាប់ ដែលសមត្ថកិច្ចបានប្រើ ដើម្បីបំបែកបាតុករ ដែលពុះកញ្ជ្រោល។ ក្រុមបាតុករបានគាស់រំលើង វាយកំទេចហាងទំនិញធំៗ ជាច្រើនកន្លែងនៅក្នុងសង្កាត់សង់អេលីហ្សេ។ តូបលក់កាសែតជាច្រើនកន្លែង ត្រូវបានក្រុមបាតុករដុតកម្ទេច។ ភោជនីយដ្ឋានបារាំង តម្លៃថ្លៃ ដ៏ល្បី ឈ្មោះLe Fouquet’s ត្រូវបានហ្វូងបាតុករវាយកម្ទេច សឹងតែគ្មានសល់។ នៅតាមជញ្ជាំងអាគារ បាតុករខ្លះ បានសរសេរថា “ពួកអ្នកមានត្រូវតែស្លាប់”។ ហើយបាតុករខ្លះ បានស្រែកថា “យើងនឹងដុតឲ្យឆេះខ្ទេច”។

នៅវេលាម៉ោងប្រមាណ១និង៣០នាទី ក្រុមមនុស្សមួយក្រុម បានដុតបំផ្លាញ​ការិយាល័យធនាគារមួយកន្លែង។ អគ្គិភ័យបានឆាបឆេះអាគារទាំងមូល ដោយក្រុមពន្លត់អគ្គិភ័យ បានចូលទៅជន្លៀស​ប្រជាជនដែលរស់នៅអាគារនោះ។ មនុស្សយ៉ាងហោចណាស់​១១​នាក់​បាន​រងរបួស។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានចាត់ទុកអ្នកបង្កអគ្គីភ័យនេះ ថាគឺជា “ឃាតករ”។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានអះអាងថា រដ្ឋាភិបាលនឹងមិនអត់ឱនឲ្យជាដាច់ខាត ចំពោះអំពើហិង្សា បំផ្លេចបំផ្លាញទ្រព្យសម្បតិ្តសាធារណៈនិងឯកជន បង្កឡើយដោយក្រុមជ្រុលនិយម។ សមត្ថកិច្ចនិងមិនរាថយ មិនចុះញ៉ម ជាដាច់ខាត ដើម្បីការពារ​សន្តិសុខសុវត្ថិភាព​ជូនពលរដ្ឋ ក៏ដូចជាពាណិជ្ជករទូទៅ។

គួរកត់សំគាល់ថា នៅថ្ងៃសៅរ៍ ទី១៦មីនា​ដែរ នៅទីក្រុងប៉ារីស មានការដង្ហែរក្បួនបាតុកម្មមួយទៀត ដែលមានមនុស្សចូលរួមប្រមាណ ៣ម៉ឺននាក់។ ជាក្បួនបាតុកម្មទាមទារឲ្យរដ្ឋភិបាល គិតគូរពីបញ្ហា​បរិស្ថានធម្មជាតិ​ និងអាកាសធាតុនៃភពផែនដី។ ខុសពីបាតុកម្មរបស់ក្រុមអាវកាក់លឿង បាតុកម្មរបស់ក្រុមអ្នកបារម្ភពីអាកាសធាតុ បានប្រព្រឹត្តធ្វើទៅក្នុងសភាព យ៉ាងស្ងប់ស្ងាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ