ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT

បារាំង៖២ឆ្នាំ​ក្រោយ​ភេរវកម្ម​ ការគំរាម​កំហែង​ភេរវកម្ម​នៅតែ​មាន​កំរិត​ខ្ពស់

បារាំង៖២ឆ្នាំ​ក្រោយ​ភេរវកម្ម​ ការគំរាម​កំហែង​ភេរវកម្ម​នៅតែ​មាន​កំរិត​ខ្ពស់
 
ទាហានបារាំង យាមល្បាត នៅ Tour Eiffel Reuters

កាលពីថ្ងៃទី ១៣ វិ​ច្ឆិកា ម្សិលមិញនេះ នៅទីក្រុងប៉ារីស មានប្រារព្ធពិធីរលឹកខួប ២ឆ្នាំ នៃហេតុការណ៍ភេរវកម្ម ថ្ងៃទី១៣ វិច្ឆិកា ២០១៥។ ហេតុការណ៍ភេរវកម្ម ដ៏កាចសាហាវ នៅច្រើនកន្លែងផ្ទួនគ្នា ក្នុងយប់តែមួយ​នៅទីក្រុងប៉ារីស កាលពី២ឆ្នាំមុន  បានផ្តាច់ជីវិតមនុស្សអស់ ១៣០នាក់ និងរបួសជាង៣៥០នាក់។ ការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម មិនមែនជាការងាយស្រួលឡើយ​ ដោយត្រូវប្រើគ្រប់មធ្យោបាយ ទាំងការទប់ស្កាត់សកម្មភាពវាយប្រហារ ក៏ដូចជាការទប់ស្កាត់ នូវចរន្តងុបងល់នឹងទ្រឹស្តីជ្រុលនិយម ដែលជាប្រភពនៃបានអូសទាញ​ឲ្យជនជីហាត ឈានទៅប្រព្រឹត្តិអំពើព្រៃផ្សៃទាំងនោះ។ តើ ២ឆ្នាំមកនេះ ការគំរាមកំហែងដោយភេរវកម្មនេះ កំពុងចោទឡើងមកលើសន្តិសុខបារាំង ក្នុងកំរិតណា?​ តើបារាំង មានយុទ្ធសាស្ត្រ​ ការពារសន្តិសុខបែបណាដែរ?

ឆ្នាំ២០១៥ កន្លងទៅ បារាំង បានរងអំពើភេរវកម្មពីរនៅទីក្រុងប៉ារីស។ ទីមួយនៅថ្ងៃ​ទី​៧ខែមករា ដោយជនជីហាត បានចូលទៅបាញ់រះសម្លាប់ អ្នកកាសែតនៅទីស្នាក់ការ ​កាសែតត្លុក Charlie Hepdo។​ ទីពីរ គឺនៅយប់ថ្ងៃទី ១៣ វិច្ឆិកា ដែលជនជីហាតមួយក្រុម បាន​រៀបចំគ្នាជាបណ្តាញ ធ្វើប្រតិបត្តិការបាញ់រះ ច្រើនកន្លែងផ្សេង គ្នា ក្នុងពេលតែមួយ។ ក្រោយមកនៅឆ្នាំ ២០១៦ ក្នុងយប់ថ្ងៃបុណ្យជាតិបារាំង ថ្ងៃទី ១៤ កក្កដា ភេរវកម្ម​ប្រើរថយន្តបុករះសម្លាប់មនុស្ស នៅទីក្រុងនីស បានធ្វើឲ្យរន្ធត់ប្រទេសបារាំង សាជាថ្មី។

ការគំរាមកំហែងនៅតែស្ថិតក្នុងកំរិតខ្ពស់

ពីមួយថ្ងៃទៅមួយថ្ងៃ ការគំរាមកំហែងនៃអំពើភេរវកម្មនេះ កាន់តែធ្វើឲ្យអាជ្ញាធរ​ មិនថាបារាំង ឬប្រទេសផ្សេងៗនៅអឺរ៉ុប​ មានការប្រុងប្រយ័ត្ន និងត្រូវរិះរកវិធីសាស្ត្រ ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ លោក Laurent Nuñez អគ្គនាយកការិយល័យសន្តិសុខផ្ទៃក្នុងបារាំង ហៅកាត់ថា DGSI ដែលបានផ្តល់បទសម្ភាសន៍ ឲ្យ​កាសែត Le Figaro បានលើកឡើងថា បច្ចុប្បន្ននេះ បារាំងនៅតែប្រឈមមុខនិងការគំរាមកំហែងភេរវកម្ម ក្នុងកំរិត​ខ្ពស់ដដែល។

អ្វីដែលអាជ្ញាធរ ផ្តោតការចាប់អារម្មណ៍បំផុតនោះ គឺក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅតែធ្វើសកម្មភាព ផ្សព្វផ្សាយអូសទាញមនុស្ស ពន្យុះមនុស្សឲ្យធ្វើភេរវកម្ម យ៉ាងសកម្មដដែល។ ថ្វីបើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​ បានបាត់បង់ទីតាំងធំៗ នៅស៊ីរី និងនៅអ៊ីរ៉ាក់ តែក្រុមនេះ នៅតែមានបណ្តាញ ហើយអាចរៀបចំ បញ្ជាឲ្យធ្វើភេរវកម្ម នៅបារាំង ឬនៅប្រទេសផ្សេងបានដដែល។ ​ចំនុចនេះ ត្រូវបានអាជ្ញាធរបារាំង ផ្តល់អាទិភាព និងប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់។ ក្រៅពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  គេមិនត្រូវភ្លេចទេ ថានៅមានក្រុមអាល់កាយដាមួយទៀត ដែលអាចជាមុខសញ្ញាធ្វើភេរវកម្មដែរ។

ក្រៅពីមុខសញ្ញាភេរវកម្ម ដែលក្រុមជីហាត អាចបញ្ជាឲ្យរៀបចំធ្វើ គឺនៅមានភេរវកម្មមួយប្រភេទទៀត ដែលបង្ករឡើយ ដោយអ្នកនៅក្នុងស្រុកស្រាប់ ដែលបានធ្លាក់អន្លង់នៃការផ្សព្វផ្សាយអូសទាញ នៃទ្រឹស្តីជ្រុលនិយមនេះ។ ភេរវកម្មប្រភេទនេះ គឺជនដៃដល់ ភាគច្រើនធ្វើសកម្មភាពតែម្នាក់​ឯង ដោយប្រើសម្ភារៈ ឬវិធីសាមញ្ញងាយៗ ដែលអាចសម្លាប់មនុស្សបាន ដូចជា ការយកកាំបិតទៅដើរចាក់មនុស្ស ឬបើករថយន្តទៅបុករះមនុស្សនៅតាមផ្លូវ ក្នុងករណីភេរ​វកម្មនៅទីក្រុងនីស ជាដើម។

វីដេអូ បង្រៀនមនុស្សឲ្យចេះច្នៃគ្រាប់បែក

អ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរមួយទៀតនោះ  គឺការប្រើប្រាស់វត្ថុ ឬមធ្យោបាយសាមញ្ញ កាន់តែមានលក្ខណៈ ស្មុគស្មាញ និងគ្រោះថ្នាក់ឡើង។ កាលពីមុន ក្រុមជីហាត បានអំពាវនាវឲ្យមនុស្ស ដែលជឿងុបតាមខ្លួន ឲ្យយកកាំបិត យកពូថៅ ឬបើកឡានទៅសម្លាប់មនុស្ស។​ តែមួយរយៈពេលក្រោយនេះ គេសង្កេតឃើញថា ក្រុមនេះ បានធ្វើវីដេអូជាច្រើន ដើម្បីបង្ក្រៀនមនុស្ស ឲ្យចេះផលិតគ្រាប់បែកច្នៃ ដើម្បីធ្វើឲ្យមានមនុស្សស្លាប់កាន់តែច្រើន។ តួយ៉ាងករណី ធុងហ្គាសច្នៃធ្វើជាគ្រាប់បែក ហើយបញ្ជារដោយទូរស័ព្ទដៃ ដែលបានគេបានប្រទះ និងកំទេចបានទាន់ពេលវេលា នៅទីក្រុងប៉ារីស កាលពីប៉ុន្មានខែមុននេះ។

ក្រៅពីការបង្រៀនមនុស្សសាមញ្ញ ឲ្យចេះច្នៃអាវុធឲ្យកាន់តែសាហាវ ដើម្បីប្រើក្នុងការធ្វើសកម្មភាព  ក្រុមជីហាតក៏អាចប្រើប្រាស់ វិធីសាស្ត្រធ្វើភេរវកម្មផ្សេងៗ ដែលពួកវាធ្លាប់ធ្វើនៅតាមដែនដីស៊ីរី ឬអ៊ីរ៉ាក់។ ឧទាហរណ៍ ភេវកម្មបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ត  ឬភេរវកម្មអត្តឃាត យកគ្រាប់បែកចង់ភ្ជាប់នឹងខ្លួនជាដើម។ ករណីទាំងអស់នេះ ថ្វីបើមិនទាន់ធ្លាប់បានកើតឡើងនៅបារាំងមែន ក៏ប៉ុន្តែ អាជ្ញាធរបារាំង មិនអាចបដិសេធថា វានឹងមិនអាចទៅរួចនោះឡើយ។ ក្រុមជីហាត ដែលបាក់ទ័ពចេញពីស៊ីរី និងអ៊ីរ៉ាក់​ អាចត្រលប់មកកាន់អឺរ៉ុប ហើយអាចនាំមក នូវវិធីសាស្ត្រធ្វើភេរវកម្មប្រភេទនេះបាន។

ជនជីហាតត្រលប់មកពីស៊ីរី និងអ៊ីរ៉ាក់វិញ

យោងតាមតួលេខកន្លងមក  មានជនជីហាតសញ្ញាតិបារាំង ចំនួន២៨១នាក់ ដែលត្រូវគេជឿថាបានស្លាប់ នៅឯសមរភូមិស៊ីរី និងអ៊ីរ៉ាក់។ តែបើយោងតាមតួលេខចុងក្រោយបំផុត នៅមានមនុស្សទាំងប្រុសទាំងស្រី ប្រមាណ៦៨៦នាក់ ដែលជាជនជីហាតសញ្ញាតិបារាំង ដែលកំពង់សំងំស្នាក់នៅតាមតំបន់ទាំងនោះនៅឡើយ។ បន្ថែមពីនេះ នៅមានកុមារចំនួន៥០០ផ្សេងទៀត។

យោងតាមប្រសាសន៍ របស់លោកអគ្គនាយកការិយាល័យសន្តិសុខផ្ទៃក្នុងបារាំង គឺរហូតមកទល់ពេលនេះ មានមនុស្សធំ ប្រមាណ២៤៤នាក់ និងក្មេង៥៨នាក់ ដែលបានត្រលប់មកដល់ដីបារាំងវិញ។ ក្នុងចំណោមជនជីហាត ធ្វើមាតុភូមិនិវត្តន៍ទាំងនេះ គឺភាគច្រើន​ត្រូវបានប្រគល់ ឲ្យស្ថិតក្រោមការតាមដានយ៉ាងជាប់ស្អិត នៃអាជ្ញាធរសន្តិសុខផ្ទៃក្នុងរបស់បារាំង។ តែយ៉ាងណា លោកអគ្គនាយកនៃការិយាល័យនេះ បានលើកឡើង ថាគេមិនសង្ឃឹមថា ក្រុមជីហាតនឹងសម្រុកត្រលប់មកវិញ ក្នុងពេលនេះទេ។​ ចាប់តាំងពីដើមឆ្នាំ២០១៧មក គឺមានការត្រលប់មកវិញតែ៩ករណី ហើយភាគច្រើនជាស្ត្រី រួមជាមួយនឹងកូនតូចៗ។ ចំណែកជនជីហាតភេទប្រុស ត្រូវបានគេជឿថាបានបន្តសំងំនៅតាមតំបន់ផ្សេងៗ  ហើយអាចរត់ទៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។

តែយ៉ាងណា អាជ្ញាធរបារាំង នៅតែប្រុងប្រយ័ន្នមិនឲ្យជនជីហាតរបូតចូលមកដីបារាំង ដោយគ្មានការតាមដានជាប់ស្អិតនោះឡើយ។ មន្ត្រីជំនាញ នៃការិយាល័យសន្តិសុខផ្ទៃក្នុងបារាំង បានធ្វើការយ៉ាងជាប់ស្អិត ជាមួយការិយាល័យស៊ើបការ នៅតាមមូលដ្ឋានច្រកព្រំដែន និងមន្ទីរឃុំឃាំងនានា នៅតាមប្រទេសដែលជាផ្លូវឆ្លងកាត់។ សរុបទាំងអស់ ការិយាល័យសន្តិសុខផ្ទៃក្នុងបារាំង មានបណ្តាញចំនួន១៦០ ដើម្បីខ្វែងទិន្ន័យ ហើយអាចឈានទៅតាមដានជនជីហាត ដែលបាន ឬកំពុងធ្វើដំណើរចូលទឹកដីបារាំង។

សហប្រតិបត្តិការដោះដូរទិន័្នយ ជាមួយប្រទេសផ្សេង

ការគំរាមកំហែងភេរវកម្ម មិនមែនជាបញ្ហារបស់បារាំងតែម្នាក់ឯងទេ។ ទីក្រុងធំៗទាំងអស់នៅអឺរ៉ុប សុទ្ធតែ​ប្រឈមមុខ មិនថាឡុងដ៍ ព្រុចសែល ប៊ែរឡាំង ឬបាសេឡូណា។ ជនជីហាត អាចមានបណ្តាញ ឬធ្វើដំណើរឆ្លងកាត់ រៀបចំធ្វើសកម្មភាព ឆ្លងពីប្រទេសមួយទៅប្រទេសមួយ។ ដូច្នេះហើយ ទើបការសហការគ្នា ផ្តល់ទិន្ន័យឲ្យគ្នា រវាងប្រទេសទាំងអស់ គឺជារឿងចាំបាច់បំផុត។ ចាប់ពីឆ្នាំ ២០១៦មក ក្រុមការងារប្រឆាំងភេរវកម្មមួយ ត្រូវបានគេបង្កើតឡើង នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយមានការចូលរួម ពីប្រទេសសមាជិកសហភាពអឺរ៉ុប រួមជាមួយន័រវ៉េហ្ស និងស្វីស។ កិច្ចសហប្រតិបត្តិការ នេះមិនមែនធ្វើតែនៅជាមួយប្រទេសអឺរ៉ុបទេ។ ប្រទេសបារាំង ក៏ដូចជាប្រទេសអឺរ៉ុបផ្សេងទៀត បានចាប់ផ្តើមចាប់ដៃសហការ ដោះដូរទិន្ន័យជាមួយប្រទេស នៅតំបន់អាហ្វ្រិកខាងជើង ដើម្បីឈានទៅស្ទាក់ចាប់ ជនសង្ស័យដែលមានគំរោង ធ្វើដំណើរមកធ្វើភេរវកម្ម​នៅលើដីអឺរ៉ុប។

បន្ទាប់ពីរងភេរវកម្មផ្ទួនៗ ក្នុងឆ្នាំ២០១៥ និង២០១៦ បារាំង បានឈរជើងដោយប្រុងប្រយ័ត្ន ដោយបានប្រើគ្រប់មធ្យោបាយ មិនថាក​ម្លាំងយោធា កម្លាំងនគរបាលសម្ងាត់ ដើម្បី​ការពារសន្តិសុខ និងទប់ស្កាត់ ឲ្យទាន់ពេលវេលា។ បើគិតពីដើមឆ្នាំ ២០១៧​នេះ​មក  មានភេរវកម្មចំនួន១៣ករណី ដែលត្រូវបានទប់ស្កាត់ បានទាន់ពេលវេលា។

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទើបតែបានដាក់ចេញនូវផែនការថ្មី  ដើម្បីសាកល្បង។ ផែនការដែលមានគោលដៅបង្កា​រ និងទប់ស្កាត់ឲ្យទាន់ពេលវេលា នូវសកម្មភាព​ភេរវកម្មនេះ នឹងត្រូវដាក់ពង្រាយកម្លាំងសមត្ថិកិច្ច មានទាំងស្លៀកពាក់ឯកសណ្ឋាន​ និងមិនពាក់ឯកសណ្ឋាន នៅតាមផ្លូវសាធារណៈ។ ជាការពិត គេត្រូវទទួលស្គាល់​ថា គ្មានវិធីទិព្វឯណា មកអាចទប់ស្កាត់ភេរវកម្ម ហើយ ការពារសន្តិសុខ បាន​១០០%នោះទេ។ គ្រោះថ្នាក់នៅតែមានជានិច្ច គ្រប់ពេលវេលា គ្រប់ទីកន្លែង ទោះបីជាអាជ្ញាធរ ​ប្រឹងប្រែងយ៉ាងណាក៏ដោយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ