ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

ប្រជាជនស្វ៊ីស បោះឆ្នោត​ប្រជាមតិ ​យល់ព្រម​រឹតបន្តឹងច្បាប់​គ្រប់គ្រង​​អាវុធ

media  
ច្បាប់ថ្មីរបស់ស្វីស ដែលប្រជាជន​បានធ្វើ​​ប្រជាមតិ​យល់ព្រម​ នៅថ្ងៃ​ទី​​១៩​ឧសភា បាន​កំណត់ជាអាថិ័៖ ការ​ហាមឃាត់​កាន់កាប់​​អាវុធ​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ REUTERS/Denis Balibouse

ថ្ងៃអាទិត្យ ទី១៩ឧសភា ប្រជាជនស្វ៊ីស បានបោះឆ្នោតប្រជាមតិ ចំពោះច្បាប់កំណែទម្រង់ថ្មីមួយ ស្តីពីការកាន់អាវុធ និងគ្រាប់ផ្ទុះ។ ជាលទ្ធផល សម្លេងឆ្នោតភាគច្រើន បានយល់ព្រម ឲ្យមានច្បាប់ ដើម្បីរិតបន្តឹង ការកាន់កាប់អាវុធ ដើម្បីតម្រូវទៅតាមបទដ្ឋានច្បាប់ របស់សហភាពអឺរ៉ុប បើទោះបីជាស្វ៊ីស មិនមែនជាសមាជិកសហភាពអឺរ៉ុបក៏ដោយ។ នេះគឺជាការបោះជំហានមួយដ៏ធំ សម្រាប់ស្វ៊ីស ដែលជាប្រទេសមានប្រពៃណីមានអាវុធសឹងតែគ្រប់ផ្ទះ។

ជាង៤៣%នៃប្រជាជនស្វីស៨លាននាក់ បានទៅបោះឆ្នោតប្រជាមតិ កាលពីថ្ងៃអាទិត្យ ទី១៩ឧសភា លើច្បាប់កំណែទម្រង់ថ្មី ស្តីពីការគ្រប់គ្រង និងការចុះបញ្ជីអាវុធ និងគ្រាប់ផ្ទុះ។ ក្នុងចំណោមអ្នកបោះឆ្នោត សម្លេងយល់ព្រមចំពោះច្បាប់ថ្មីនេះ មានចំនួន៦៣,៧%។ ក្នុងចំណោមកង់តុង (Canton) ទាំង២៦ នៃសហព័ន្ធស្វ៊ីស គឺមានតែកង់តុង Tessin មួយប៉ុណ្ណោះ ដែលមានសម្លេងប្រឆាំងច្រើនជាងសម្លេងគាំទ្រ។

ច្បាប់ថ្មីនេះ គឺជាការឆ្លើយតប ទៅនឹងបទដ្ឋានច្បាប់ គ្រប់គ្រងសន្តិសុខ និងភេរវកម្ម របស់សហភាពអឺរ៉ុប។ ថ្វីត្បិត តែស្វ៊ីស មិនមែនជាសមាជិកសហភាពអឺរ៉ុប តែស្វ៊ីស ជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាឆិនហ្កិន ដែលបើកឲ្យមានការធ្វើដំណើរចេញចូលដោយសេរី។ គួរកត់សំគាល់ថា មុនបោះឆ្នោត អាជ្ញាធរសហព័ន្ធស្វ៊ីស បានក្រឿនរំលឹកប្រជាជនឲ្យបានដឹង អំពីផលវិបាក ក្នុងករណីដែលស្វ៊ីស មិនធ្វើកំណែទម្រង់ឲ្យស្របនឹងច្បាប់សហភាពអឺរ៉ុបទេនោះ។ ស្វ៊ីស អាចត្រូវគេដកចេញពីតំបន់ចរាចរណ៍សេរីឆិនហ្កិន ក៏ដូចជាពីកិច្ចព្រមព្រៀងឌូប្លាំង។ ក្នុងករណីនេះ ស្វ៊ីសអាចខាតបង់ប្រាក់ រាប់ពាន់លានហ្វ្រង់ស្វ៊ីសក្នុងមួយឆ្នាំៗ ដោយសារតែវិស័យទេសចរណ៍ ត្រូវចុះថយ។

តែយ៉ាងណា អង្គការ ProTell ដែលជាក្រុមអ្នកឡុបប៊ីអាវុធ នៅស្វីស បានសំដែងការខកចិត្ត ចំពោះកំណែទម្រង់ច្បាប់កាន់កាប់អាវុធនេះ។ តំណាងអង្គការនេះលើកឡើងថា ការរឹតបន្តឹងការកាន់កាប់អាវុធ គឺជាការរារាំងសិទ្ធិសេរីភាព របស់ប្រជាជនស្វ៊ីស ដែលមានប្រពៃណីទំនៀមទំលាប់ មានអាវុធការពារខ្លួន និងការពារប្រទេសជាតិ។

ដោយឡែក លោក Olivier Français សមាជិកម្នាក់ នៃក្រុមប្រឹក្សារដ្ឋស្វ៊ីស បានលើកឡើងថា ច្បាប់ថ្មីនឹងមិនបំបិទសិទ្ធិសេរីភាពរបស់អ្នកកាន់កាប់អាវុធនោះទេ។ តែច្បាប់ថ្មី អាច ចុះបញ្ជីអាវុធ គ្រប់គ្រងតាមដាន ការផ្ទេរអាវុធបន្ត ពីដៃមួយទៅដៃមួយ ឲ្យបានច្បាស់លាស់។ មានតែអាវុធ ពាក់កណ្តាលស្វ័យប្រវត្តិ ដែលបាញ់ចេញគ្រាប់ច្រើនប៉ុណ្ណោះ ដែលនឹងត្រូវហាមឃាត់។ តែក៏នៅតែមានករណីលើក​លែង លើមនុស្សមួយចំនួនដែរ ដូចជាអ្នកកីឡាបាញ់កាំភ្លើងអាជីព ឬអ្នកមានអាជ្ញាបណ្ណសន្សំទុកអាវុធជាដើម។

សូមរំលឹកថា ប្រជាជនស្វ៊ីសមានទំលាប់ មានអាវុធទុកជាប្រចាំ នៅតាមផ្ទះ ហើយផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយ ដោយសារកងទ័ពស្វ៊ីស អាចធ្វើការកោះហៅប្រជាជនឲ្យចូលបំរើជួរកងទ័ព បានគ្រប់ពេល ដើម្បីការពារទឹកដី។ ការបរបាញ់ ក៏ដូចជាកីឡាប្រកួតបាញ់កាំភ្លើង បានក្លាយជាការកម្សាន្ត សប្បាយ នៃប្រពៃណីរបស់ជនជាតិស្វ៊ីស។

បើយោងតាមតួលេខរបស់អង្គការ Small Armes Survey ក្នុងឆ្នាំ២០១៧ ប្រជាជនស្វ៊ីស មានកាំភ្លើងសរុបយ៉ាងហោច ២លាន៣សែនដើម។ ដែលមានន័យថា ប្រជាជន៣នាក់ ក្នុងចំណោម១០នាក់ គឺមានអាវុធយ៉ាងហោចមួយដើមទុកនៅនឹងផ្ទះ។ ស្វ៊ីសជាប្រទេសលំដាប់ទី១៦ ដែលមានអាវុធច្រើនជាងគេ បើប្រៀបធៀបទៅនឹងចំនួនប្រជាជន។ តែទោះជាយ៉ាងនេះក្តី ករណី បាញ់រះសម្លាប់មនុស្ស គឺកម្រកើតឡើងណាស់ នៅប្រទេសស្វ៊ីស៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ