អានតួអត្ថបទ
ចំណីអាហារ

ប្រជាជន​អឺរ៉ុប​ជាង​១លាន​នាក់ ធ្វើ​ញត្តិ​សុំបង្កើត​ច្បាប់​ បង្ខំ​ឲ្យ​ហាង​ទំនិញ​​កុំ​បោះចោល​​​ចំណី​​អាហារ ​ដែល​​លក់​​មិន​អស់

ខណៈដែលប្រជាជនក្រីក្រ គ្មានអ្វីបរិភោគមានកាន់តែច្រើន ហាងលក់ទំនិញ ផ្សារទំនើបឯណោះ បានបោះចោលក្នុងធុងសម្រាម នូវផលិតផលចំណីអាហាររាប់សិបតោន ដែលខ្លួនលក់មិនអស់ ឬផុតកាលបរិច្ឆេទប្រើប្រាស់។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយចំណីអាហារបែបនេះ សកម្មជនមួយក្រុមនៅអឺរ៉ុប បានផ្តួចផ្តើមគំនិត ធ្វើញត្តិមួយដើម្បីស្នើទៅសហភាពអឺរ៉ុប ឲ្យធ្វើច្បាប់ចាប់បង្ខំ ឲ្យហាងទំនិញទាំងអស់ ត្រូវតែប្រគល់ទំនិញដែលខ្លួនបំរុងបោះចោលទាំងនោះ ទៅឲ្យអង្គការ ឬសមាគមន៍នានា ដើម្បីយកទៅចែកដល់អ្នកដែលគ្មានអ្វីបរិភោគ។

ផ្សារ​លក់​ទំនិញ​មួយ នៅ​បារាំង
ផ្សារ​លក់​ទំនិញ​មួយ នៅ​បារាំង AFP PHOTO MYCHELE DANIAU
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃសៅរ៍ ទី៣កុម្ភៈ វេលាម៉ោង៨ព្រឹក ចំនួនអ្នកចុះហត្ថលេខាគាំទ្រញត្តិ មានដល់ទៅ ១លាន ១រយនាក់។ នេះគឺជាជោគជ័យ មិននឹកស្មានដល់ របស់ក្រុមការងារដែលប្រយុទ្ធប្រឆាំង និងការខ្ជះខ្ជាយចំណីអាហារ។ ញត្តិនេះ ត្រូវបានគេផ្សព្វផ្សាយ នៅលើគេហទំព័រ Change.org នៅក្នុងប្រទេសអឺរ៉ុប ​ចំនួន៧ មានដូចជាបារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ប៊ែលហ្សិក អង់គ្លេស និងក្រិក។

តាមរយៈញត្តិនេះ ក្រុមសកម្មជនបានសំណូមពរ សុំឲ្យសហភាពអឺរ៉ុប បង្កើតច្បាប់មួយ ចាប់បង្ខំទៅហាងលក់ទំនិញទាំងអស់ នៅតាមបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ទាំង២៧ ថាត្រូវតែប្រគល់ទំនិញជាម្ហូបអាហារ ដែលខ្លួនលក់មិនអស់ ឬផុតកាលបរិច្ឆេទប្រើប្រាស់ ទៅឲ្យអង្គការមនុស្សធម៌នានា ដើម្បីឲ្យគេយកទៅចែកដល់មនុស្សក្រីក្រ ដែលគ្មានអ្វីបរិភោគ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានតែប្រទេសបារាំងមួយទេ ដែលបានអនុម័តច្បាប់ កាល​ពី​ឆ្នាំ២០១៦ តម្រូវឲ្យហាង ឬផ្សារលក់ទំនិញទាំងអស់ ប្រគល់ទំនិញជាចំណីអាហារ ដែល​លក់មិនអស់ ទៅឲ្យអង្គការមនុស្សធម៌ ជាជាងយកទៅបោះចោលក្នុង​ធុង​សម្រាម។ ពី​មុន​មក មានអង្គការ ឬសមាគមន៍ជាច្រើន​ ដែលធ្វើសកម្មភាព ជួយយកអាសារ​ជនក្រីក្រ បានត្អូញត្អែរថា ហាងទំនិញ ឬផ្សារភាគច្រើន មិនព្រមប្រគល់ទំនិញដែល​បោះ​ចោល មកឲ្យពួកគេទេ​ សុខចិត្តយកទៅកំទេចចោល។

ក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីបារាំង បានអនុម័តច្បាប់ ចាប់បង្ខំឲ្យហាងទំនិញ ប្រគល់ស្បៀងអាហារ ដែលលក់មិនអស់ ទៅឲ្យអង្គការមនុស្សធម៌នេះមក គឺចំនួនម្ហូបអាហារ​បរិភោគ ដែលអង្គការនានា បានចែកជូនទៅអ្នកក្រីក្រ បានកើនឡើងដល់​ទៅ​២២%។ នេះបើតាមការអះអាង របស់លោកស្រី Geneviève Wills ប្រធានកម្មវិធីចំណីអាហារពិភពលោក ប្រចាំប្រទេសបារាំង។

គួរបញ្ជាក់ដែរថា យោងតាមច្បាប់សន្ធិសញ្ញាទីក្រុងលីស្បូន របស់សហភាពអឺរ៉ុប ប្រជាជន​អឺរ៉ុបសាមញ្ញទូទៅ អាចផ្តួចផ្តើមគំនិត បង្កើតច្បាប់ថ្មីបាន បើសិនជាបានទទួលការ​គាំទ្រ យ៉ាងហោចណាស់ ពីមនុស្ស១លាននាក់ នៅតាមបណ្តាប្រទេសយ៉ាងហោចណាស់ ១ភាគ៤ នៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់។ លោក Arash Derambarsh តំណាងប្រជាជនបារាំងនៅតំបន់ Courbevoie និងជាស្ថាបនិកម្នាក់នៃញត្តិនេះ ​បានលើកឡើងថា លោកសង្ឃឹមថា លោកប្រធានាធិបតីបារាំង នឹងធ្វើសម្នើ​ច្បាប់មួយ ទៅកាន់ក្រុមប្រឹក្សាសហភាព ក្នុងរវាងឆ្នាំ២០១៨នេះ ដើម្បីឲ្យមានច្បាប់រួមទូទាំងអឺរ៉ុប ប្រយុទ្ធប្រឆាំង នឹងការខ្ជះខ្ជាយចំណីអាហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ