ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អឺរ៉ុប

ប្រទេស​លោកខាងលិច​លើក​ទឹកចិត្ត​ឲ្យ​មាន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់

media  
ប្រមុខការបរទេស​អាមេរិកJohn Kerry (ឆ្វេង) និង​សមភាគី​អ៊ីរ៉ង់ លោក​Mohammad Javad Zarif នៅក្នុង​ជំនួប​ទ្វេភាគី​នៅ​ទីក្រុង​វីយ៉ែន ថ្ងៃទី ១៧​ឧសភា​២០១៦ © REUTERS/Leonhard Foeger

ប្រទេស​មហាអំណាច អាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ នៅថ្ងៃ​សុក្រនេះ ដែល​នៅក្នុង​នោះ គេ​បាន​ជំរុញ​ឲ្យ​ធនាគារ និង​ក្រុមហ៊ុន មិនថា ជាតិ​និង​អន្តរជាតិ ផ្តើម​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់។ ការលើកទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​អ៊ីរ៉ង់ គឺ​ផ្នែក​មួយ​នៃ​ការសន្យា​ដក​ទណ្ឌកម្ម ដែល​លោក​ខាងលិច​បាន​សន្យា ជាថ្នូរ​នឹង​កែប្រែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

 

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ប្រទេស​លោកខាងលិច អាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់ បាន​បញ្ជាក់ថា គេ​នឹង​មិន​ដាក់​ជើងរាទឹក បិទខ្ទប់​មិន​ឲ្យ​មាន​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ។ រាល់​ក្រុមហ៊ុន​អន្តរជាតិ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​សេរីភាព​ទៅ​ធ្វើ​ជំនួញ នៅ​អ៊ីរ៉ង់ បើសិន​ជំនួញ​នោះ​ស្រប​តាម​ច្បាប់​ដែល​បាន​ចែង។

 
សេចក្តី​ថ្លែងការណ៍​រួម​របស់​ប្រទេស​មហាអំណាច ធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​នៅទីក្រុង​ព្រុចស៊ែល មានន័យ​ស្មើ​នឹង​ការបើកភ្លើង​ខៀវ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​ធានាគារ បរទេស ចូល​ទៅ​ធ្វើ​ជំនួញ​នៅ​ទឹកដី​អ៊ីរ៉ង់។ តាមរយៈ​សេចក្តី​ថ្លែងការណ៍ រួម ប្រទេស​លោក​ខាង​លិច ជាពិសេស​អាមេរិក​ចង់​និយាយ​ធានា ទៅ​ក្រុមហ៊ុន​បរទេស ជាពិសេស ក្រុមហ៊ុន​អឺរ៉ុប ដែល​រហូត​មក នៅ​រារែក មិនទាន់​ហ៊ាន​ត្រលប់​ទៅ​បោះទុន​វិនិយោគ នៅ​អ៊ីរ៉ង់ ដោយសារ​ខ្លាច​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក។

សូមបញ្ជាក់ថា ធនាគារ​អឺរ៉ុប​ភាគច្រើន​ដែល​មាន​សាខា​របស់ខ្លួន​ក្នុង​ទឹកដី​អាមេរិក នៅ​តែ​មិន​ទាន់​ទុកចិត្ត ត្រលប់​ទៅ​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយខ្លាច​ក្រែង ការប្តឹងផ្តល់ ពិន័យ ពី​តុលាការ​អាមេរិក។ អាមេរិក​ដែល​ដឹកនាំ​ការចរចា ៥ភាគី​បូក ១ រហូត​បាន​សម្រេច​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​តែ​រក្សា​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន ទៅលើ​អ៊ីរ៉ង់ ដោយសារ​តែ​កម្មវិធី​ផលិត​មីស៊ីល អន្តរទ្វីប ហើយ​និង​ការចូលរួម​ផ្នែកយោធា​របស់​អ៊ីរ៉ង់ ទៅក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ដើមបូព៌ា។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក​ម៉ូហាម៉ាដ ហ្សាវ៉ា ហ្សារីហ្វ នៅថ្ងៃ​សុក្រនេះ បាន​ស្វាគម​សេចក្តីថ្លែងការណ៍​របស់​របស់​ប្រទេស​លោកខាងលិច ដែល​តាមពិតទៅ អាច​ជា​លទ្ធផល​នៃ​ការទាមទារ​របស់​ភាគី​អ៊ីរ៉ង់​កន្លងមក។ កាលពី​ខែ​មេសា កន្លងទៅ ប្រមុខ​ការបរទេស​អ៊ីរ៉ង់ ធ្លាប់​បាន​ទាមទារ​ឲ្យ​សមភាគី​អាមេរិក យល់ព្រម​ដក​ជាស្ថាពរ ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅតាម​កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន កាលពី​ខែ​មករា​ដើមឆ្នាំនេះ។ អ៊ីរ៉ង់​ទាមទារ​ដូច្នេះ ព្រោះថា ក្រុមហ៊ុន និង​ធនាគារ​អឺរ៉ុប អាស៊ី អាមេរិក ជាច្រើន នៅ​តែ​អរិភាព មិនទាន់​ចង់​ទៅ​ធ្វើ​ជំនួញ​នៅ​អ៊ីរ៉ង់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ