ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

ប្រទេស​អឺរ៉ុប​៦ ចង់ឲ្​យអឺរ៉ុប​បង្កើត​អង្គភាព​ឃ្លាំមើល​ការ​លាងលុយ​កខ្វក់

media  
ធនាគារ​ Danske Bank របស់ប្រទេសដាណឺម៉ាក ដែលទទួលសារភាព​​ថា​ធ្លាប់​ស៊ីឈ្នួល​ផ្ទេរប្រាក់​ ដែល​មាន​​ប្រភព​គួរឲ្យសង្ស័យ​​ Reuters

ធនាគារ និង​គ្រិះស្ថានហិរញ្ញវត្ថុធំៗនៅអឺរ៉ុប កំពុងតែរងនូវការចោទប្រកាន់ជាច្រើន ពីបទចូលរួមធ្វើសកម្មភាព​លាងលុយកខ្វក់ ឬ លាងសម្អាតមូលធន ដែលមានប្រភពមិនស្របច្បាប់ ឲ្យក្លាយជាមូលធនស្របច្បាប់។ ប្រឈមនឹងបញ្ហានេះ ប្រទេសអឺរ៉ុប ចំនួន៦ បានរួមគ្នាធ្វើលិខិតចំហរមួយ អំពាវនាវឲ្យសហភាពអឺរ៉ុប បង្កើតអង្គភាពពិសេសមួយ ដែលមានតួនាទីឃ្លាំមើលគ្រិះស្ថានហិរញ្ញវត្ថុ ទាក់ទិននឹងសកម្មភាពលាងលុយកខ្វក់ទាំងនេះ។

នៅក្នុងលិខិតប្រកាសមួយ ​ចុះហត្ថលេខាដោយតំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ហូឡង់ និងឡេតូនី បានលើកឡើងថា សហភាពអឺរ៉ុប ត្រូវតែបង្កើត អង្គភាពពិសេសមួយ ដែលមានអំណាចកណ្តាល ក្នុងការឃ្លាំមើលរាល់សកម្មភាព​លាងលុយកខ្វក់​ ឬលាងមូលធនដែលមានប្រភពមិនស្របច្បាប់ នៅតាមគ្រិះស្ថានហិរញ្ញវត្ថុ​នានា នៅទូទាំងសហភាពអឺរ៉ុប។

នៅក្នុងលិខិតប្រកាសនេះ ប្រទេសទាំង៦បានលើកឡើងនូវករណីមួយចំនួន​ ដែលបង្ហាញពីសកម្មភាព និងបណ្តាញ​លាងលុយកខ្វក់ នៅតាមធនាគារមួយចំនួន នៅក្នុង​ប្រទេសឡេតូនី ប្រទេសម៉ាល់តិ៍ និងប្រទេសឈីព្រ ជាដើម។ ជាក់ស្តែង ធនាគារ Danske Bank ដែលជាធនាគារធំជាងគេបង្អស់នៅដាណឺម៉ាក បានទទួលស្គាល់ថា សាខាខ្លួននៅប្រទេសអេសតូនី បានធ្វើចាត់ចែងការផ្ទេរប្រាក់ចំនួន​២០ម៉ឺន​លាន​អឺរ៉ូ រវាងឆ្នាំ​២០០៧ ដល់ឆ្នាំ ២០១៥​ ទាំងដែលដឹងថាប្រាក់ទាំងនោះ មានប្រភពគួរឲ្យសង្ស័យខ្លាំង។ ធនាគារនៅតាមប្រទេសអឺរ៉ុបខាងជើង មួយចំនួនធំ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ដ៏ធំសម្បើម។

ប្រទេសទាំង៦ ដែលជាអ្នកផ្តើមគំនិត បង្កើតអង្គភាពពិសេសឃ្លាំមើលការលាងលុយកខ្វក់នេះ បាន​អះអាងថា កន្លងមក​ គោលនយោបាយ​ជាតិ តាមប្រទេសនីមួយៗ ក្នុងការទប់ស្កាត់បញ្ហានេះ បានជួប​បរាជ័យជាប្រចាំ ហើយសកម្មភាព​លាងលុយកខ្វក់ កាន់តែរីកធំទៅៗ ពាក់ព័ន្ធរវាងប្រទេសជាច្រើន ដោយសារតែសាខារបស់គ្រិះស្ថានហិរញ្ញវត្ថុ។ ផលប្រយោជន៍ហិរញ្ញវត្ថុ រវាងរដ្ឋាភិបាល ជាមួយធនាគារឯកជនខ្លះ បានបង្កជាឧបសគ្គ ដល់ការទប់ស្កាត់បញ្ហានេះ ឲ្យមានប្រសិទ្ធិភាព។ ទោះយ៉ាងនេះក្តី ប្រទេសទាំង៦នេះ បាន​ទទួលស្គាល់ថា ការងាររបស់អង្គភាពពិសេសនេះ អាចត្រូវបានប្រគល់ ឲ្យស្ថិតនៅក្រោមបង្គាប់ នៃអាជ្ញាធរធនាគារអឺរ៉ុប (ABE) តែត្រូវតែមានកញ្ចប់ថវិកាបន្ថែម ឲ្យគ្រប់គ្រាន់។

គួរកត់សំគាល់ថា អាជ្ញាធរធនាគារអឺរ៉ុបនេះ ទើបតែត្រូវបានធ្វើកំណែទម្រង់មួយចំនួនធំ ដើម្បីពង្រឹងតួនាទី​ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។ ​ជាច្រើនខែមកហើយ ដែលបារាំង អេស្ប៉ាញ និងអ៊ីតាលី បានទាមទារឲ្យមានការពង្រឹងវិធានការ ដើម្បីទប់ស្កាត់​ការលាងលុយកខ្វក់ តែជានិច្ចជាកាល អាល្លឺម៉ង់ តែងតែបដិសេធរាល់ការធ្វើកំណែទំរង់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ