អានតួអត្ថបទ
បារាំង-តួកគី

លោកម៉ាក្រុង​ថា ស្ថានភាព​នៅ​តួកគី​បច្ចុប្បន្ន ​មិន​អាច​អនុញ្ញាត​ឲ្យ​​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ទេ

កាលពីថ្ងៃសុក្រ ទី៥មករា ម្សិលមិញនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទទួលជួបលោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី នៅឯទីក្រុងប៉ារីស។ វាគឺជាជំនួប ដែលគេបានតាមដានបំផុត ដោយសារតែមួយរយៈពេលចុងក្រោយនេះ តួកគីត្រូវបានគេរិះគន់ពីគ្រប់ច្រកល្ហក ថាបានបំពានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការចាប់ខ្លួនអ្នកកាសែត បញ្ញវន្ត ឬមន្ត្រីរដ្ឋកាលណា ដែលមាននិន្នាកានយោបាយ ផ្ទុយពីការដឹកនាំរបស់លោកអ៊ែរដូហ្កាន់។

លោក Emmanuel Macron (ស្តាំ) និងលោក Recep Tayyip Erdogan ក្រោយសន្និសីទកាសែត​ ក្រុងប៉ារីស ថ្ងៃទី ៥មករា ២០១៨
លោក Emmanuel Macron (ស្តាំ) និងលោក Recep Tayyip Erdogan ក្រោយសន្និសីទកាសែត​ ក្រុងប៉ារីស ថ្ងៃទី ៥មករា ២០១៨ REUTERS/Ludovic Marin/Pool
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសន្យាពាណិជ្ជកម្ម កិច្ចសហការក្នុងការបោសសំអាតបណ្តាញភេរវកម្ម បញ្ហាគោរពសិទ្ធិមនុស្ស បេក្ខភាពចូលជាសមាជិក​សហភាពអឺរ៉ុបរបស់តួកគី ទាំងអស់នេះ សុទ្ធសឹងតែជាបញ្ហាធំៗ ដែលលោកអេម៉ានុយអែល ម៉ាក្រុង ត្រូវតែថ្លឹងថ្លែង យកមកនិយាយ​ជាមួយនឹងលោកអ៊ែរដូហ្កាន់ ប្រធានធិបតី​តួកគី។ វាមិនមែនជារឿងងាយស្រួលទេ សម្រាប់លោកម៉ាក្រុង ក្នុងការនិយាយធានាកសាង​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​ជាមួយតួកគី​ផង ហើយត្រូវនិយាយ​រិះគន់​តួកគី ស្តីពី​បញ្ហា​សិទ្ធិមនុស្សផងនោះ។

នៅចំពោះមុខអ្នកកាសែតរាប់រយនាក់ ក្រោយជំនួបមួយទល់នឹងមួយនេះ  លោកម៉ាក្រុងបានថ្លែងថា អ្វីដែលបានកើតឡើង និងកំពុងតែកើតឡើងនៅតួកគីរាល់ថ្ងៃនេះ  គឺមិនអាចអនុញ្ញាត ឲ្យមានដំណើរការទៅមុខ ក្នុងការចរចាស្តីពីបេក្ខភាពរបស់តួកគី ចូលក្នុងសហភាពអឺរ៉ុបបានទេ។ លោកម៉ាក្រុងបន្ថែមថា យើងគ្រប់គ្នាត្រូវទទួលស្គាល់ការពិត ស្តីពីចំណុចនេះ ហើយឈប់កុហកខ្លួនឯងទៀតទៅ។ គ្មានទំព័រថ្មីណាមួយ នៃការចរចា ដែលត្រូវបើកទៀតទេ សម្រាប់ពេលនេះ។

ទាក់ទិននឹង​ការចរចា សុំចូលជាសមាជិកសហភាពអឺរ៉ុបនេះ លោកប្រធានាធិបតីតួកគី បានឆ្លើយតបមកវិញថា តួកគីមិនអាច បន្តនៅអង្គុយ អង្វរកសហភាពអឺរ៉ុប អស់មួយជីវិតទេ។​​ តួកគីនឿយណាយ នឹងការរងចាំនេះណាស់។

ក្រៅពីបញ្ហាសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសសំអាតចលនាភេរវកម្ម លោកម៉ាក្រុង បានអះអាងប្រាប់អ្នកកាសែតថា លោកបាននិយាយត្រង់ទៅត្រង់មក ជាមួយលោកប្រធានាធិបតីតួកគី ស្តីអំពី​បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតួកគី ក្នុងពេលបច្ចុប្បន្ននេះ។ លោក ម៉ាក្រុង បានលើកឡើង​អំពីការយល់ឃើញរបស់លោក ទាក់ទិននឹងការ​គោរពសិទ្ធិបុគ្គល សិទ្ធិនយោបាយ សិទ្ធិបញ្ចេញ​មតិ របស់ប្រជាពលរដ្ឋម្នាក់ៗ។ ក្នុងន័យនេះ លោកម៉ាក្រុង បានអំពាវនាវ ឲ្យលោកអ៊ែរដូហ្កាន់ ពិចារណាឡើងវិញ ស្តីពីការឃុំខ្លួន អ្នកកាសែត សាស្ត្រាចារ្យសកលវិទ្យាល័យ សកម្មជនសិទ្ធិមនុស្សជា​ច្រើននាក់នៅតួកគី។ លោកអ៊ែរដូហ្កាន់ បានសន្យាថា ថាលោកនឹងយកបញ្ជីឈ្មោះ ដែលលោកម៉ាក្រុងប្រគល់ឲ្យ ទៅពិនិត្យមើល​ ហើយបញ្ជូនករណីទាំងនោះ ទៅកាន់ក្រសួងយុត្តិធម៌តួកគី។

ដោយឡែក បន្ទាប់ពីបាននិយាយដោយត្រង់ ថាតួកគីមិនអាចចរចាសុំចូលជាសមាជិកសហភាពអឺរ៉ុបបានទេ ក្នុងពេលនេះ លោកម៉ាក្រុង បានឆ្លៀតនិយាយបន្ថែមថា លោកចង់ឲ្យតួកគី នៅតែស្ថិតនៅក្នុងរង្វង់គ្រួសារអឺរ៉ុប បែរមកមករកអឺរ៉ុប ចាប់ដៃជាមួយអឺរ៉ុប។ ក្នុងន័យនេះ លោកម៉ាក្រុងមានបំណង ផ្តួចផ្តើមឲ្យមានកិច្ចសន្យាភ្ជាប់ចំណង ក្នុងនាមជាដៃគូ រវាងតួកគី និងសហភាពអឺរ៉ុប បើទោះបីជាតួកគី មិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបក៏ដោយ។ លោកប្រធានាធីបតីបារាំង ក៏បានសុំឲ្យតួកគី ជួយជ្រោមជ្រែង ក្នុងការកសាង និងស្តារសន្តិភាពនៅស៊ីរី ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ