ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT

ភាពរ៉ាំរ៉ៃ អូស​ដំណើរ នៃ​សំណុំ​រឿង Brexit ជា​កំហុស​អ្នកណា?

ភាពរ៉ាំរ៉ៃ អូស​ដំណើរ នៃ​សំណុំ​រឿង Brexit ជា​កំហុស​អ្នកណា?
 
លោកស្រី​Theresa May និងលោក​ទូតអង់គ្លេសប្រចាំសហភាព​អឺរ៉ុប Tim Barrow ពេលមក​ដល់​វេទិកា​កំពូល​ ​ក្រុង​ព្រុចសែល ថ្ងៃ​ទី​១០ មេសា​ ២០១៩​ REUTERS/Yves Herman

កាលពីយប់ថ្ងៃពុធ ទី១០មេសា សមាជិកទាំង២៧របស់សហភាពអឺរ៉ុប បានជួបប្រជុំគ្នាសឹងតែពេញមួយយប់ ដើម្បីដោះស្រាយបញ្ហា Brexit។ បន្ទាប់ពីបានសុំពន្យាពេលចាកចេញ ដល់ថ្ងៃទី​១២មេសា ទាំងសភា ទាំងរដ្ឋាភិបាលអង់គ្លេស នៅតែនិយាយមិនត្រូវគ្នា ហើយកិច្ចព្រមព្រៀងចាកចេញ ដែលអង់គ្លេ បាន​សចុះជាមួយសហភាពអឺរ៉ុប ក៏ភាគីអង់គ្លេស នៅមិនទាន់អនុម័តទទួលយក។ ការដែលភាគីអង់គ្លេស មិនចុះសម្រុងគ្នា ក្នុងការចាកចេញដោយមាន ឬគ្មានកិច្ចព្រមព្រៀង វាបានធ្វើឲ្យបញ្ហានេះអូសបន្លាយ។ តើសហភាពអឺរ៉ុប គួរទុកពេលបន្តទៀតឲ្យអង់គ្លេស ដើម្បីរៀបចំផ្ទៃក្នុង មុននឹងចាកចេញ ឬមួយក៏អឺរ៉ុប ត្រូវបង្ខំចិត្តឲ្យអង់គ្លេស ចាកចេញដោយគ្មានកិច្ចព្រមព្រៀង?

រឿងរ៉ាBrexit កំពុងបន្តភាគ យ៉ាងត្រដាបត្រួស ជាមួយនឹងវិបត្តិនយោបាយ ស្រែកបន្ទោសដំឡឹងសរសៃកដាក់គ្នា នៅក្នុងសភាអង់គ្លេស។ បោះឆ្នោតប្រជាមតិ ថាចាកចេញ ពីសហភាពអឺរ៉ុប។ ដល់កាលបរិច្ឆេទចុងក្រោយត្រូវតែចាកចេញ អង់គ្លេស បែរជាសុំពន្យាពេល។ កិច្ចព្រមព្រៀងចាកចេញ ដែលកំណត់គូសវាស នូវទំនាក់ទំនងសេដ្ឋកិច្ច ចរាចរណ៍ទំនិញ ចរាចរណ៍មនុស្ស រវាងអឺរ៉ុប និងអង់គ្លេស មិនត្រូវបានសភាអង់គ្លេសទទួលអនុម័តឡើយ។ តើបញ្ហាទាំងអស់នេះ ជាកំហុសអ្នកណា?

ថ្នាក់ដឹកនាំអង់គ្លេស មើលស្រាលការផ្តាច់ខ្លួនថាងាយ៖

ជាការពិត ប្រមាណជាង២ឆ្នាំមកនេះ ពីមួយដំណាក់ទៅមួយដំណាក់ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំអង់គ្លេស ទាំងខាងរដ្ឋាភិបាល ទាំងខាងសភា សុទ្ធតែមានកំហុស។ កំហុសដែលមិនបានគិតវែងឆ្ងាយ កំហុសដែលមើលស្រាកការលំបាកស្មុគស្មាញ ជុំវិញការផ្តាច់ខ្លួនចេញពីអឺរ៉ុបនេះ។ តាមពិតទៅ ថ្នាក់ដឹកនាំអង់គ្លេស ខ្លួនឯង មិនបានចោទសួរទេ ថាតើត្រូវផ្តាច់ខ្លួនរបៀបណា? ជាមួយកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀង? បញ្ហាផ្សេងៗទៀត ដែលជាផលវិបាកកើតចេញពីការផ្តាច់ខ្លួននេះ តើអង់គ្លេស មានបានប្រមើរមើល រកវិធីដោះស្រាយទេ? ជាក់ស្តែងបញ្ហាព្រំដែនរវាងប្រទេសអៀរឡង់ និងដែនដីអៀរឡង់ខាងជើង។

នៅពេលភ្ញាក់ពីសុបិន រដ្ឋាភិបាលអង់គ្លេស បានចរចារៀបចំឲ្យមានកិច្ចព្រមព្រៀងមួយ​ ជាមួយសហភាពអឺរ៉ុប ដើម្បីចាត់ចែងដោះស្រាយបញ្ហានានា នៅក្រោយពេលដែលអង់គ្លេសផ្តាច់ខ្លួនចេញ។ តែផ្ទុយទៅវិញ កិច្ចព្រមព្រៀងនេះ ត្រូវបានសភាអង់គ្លេសបដិសេធចោល ម្តងហើយម្តងទៀត។ នេះវាបានស្តែងឲ្យ​ឃើញ ពីភាពមិនចុះសម្រុងគ្នាផ្ទៃក្នុងរបស់អង់គ្លេស ដែលបានធ្វើឲ្យBrexit ត្រូវអូសបន្លាយ។

ពេលនេះ ទឹកដល់ច្រមុះ អង់គ្លេសបានសុំពន្យាពេលចាកចេញ ដែលតាមធម្មតា បាន​ដល់តាំងតែពីថ្ងៃទី២៩មីនាម្លេះ​។ សហភាពអឺរ៉ុប បានព្រមព្រៀងពន្យាពេល រហូតដល់ថ្ងៃទី១២មេសា។ ក៏ប៉ុន្តែការពន្យាពេលនេះ ហាក់មិនបានចេញជាលទ្ធផលអ្វីសោះឡើយ ព្រោះអង់គ្លេសគ្មានបានសម្រេចអ្វីឲ្យជាក់លាក់ ទាក់ទិននឹងកិច្ចព្រមព្រៀងផ្តាច់ខ្លួនទាល់តែសោះ?

ទាំងសងខាង សុទ្ធតែដឹងច្បាស់ក្នុងចិត្ត ថាបើផ្តាច់ខ្លួនទាំងគ្មានកិច្ចព្រមព្រៀង នោះពិតជាមានគ្រោះថ្នាក់ ខាតបង់ទាំងសងខាង មិនថាខាងអង់គ្លេស មិនថាខាងអឺរ៉ុប។ បញ្ហាចរាចរណ៍របស់មនុស្ស បញ្ហាចរាចរណ៍ទំនិញ តម្លៃពន្ធដា ការនាំចេញនាំចូល កិច្ចសន្យាការងារ រវាងអង់គ្លេស និងប្រទេសសមាជិកអឺរ៉ុប ប្រាកដជាជំពាក់វាក់វិន ស្ថិតក្នុងភពមួយ ដែលគ្មានច្បាប់ចាត់ចែង។

អឺរ៉ុប មានគោលជំហររឹងរូសពេក?

មានមតិខ្លះចោទសួរថា បញ្ហារ៉ាំរ៉ៃដល់ពេលនេះ ក៏ព្រោះតែសហភាពអឺរ៉ុបរឹងរូសពេក ឬយ៉ាងណា? អ្នកដែលគាំទ្រ Brexit ខ្លះបានទាំងនិយាយទៀតថា អឺរ៉ុប ចង់សងសឹងអង់គ្លេស ដែលបានផ្តាច់ខ្លួន ទើបធ្វើបាបរករឿង ដាក់លក្ខខណ្ឌចាកចេញ យ៉ាងធ្ងន់ធ្ងរបែបនេះ។ មានអ្នកនយោបាយជាតិនិយមអង់គ្លេសខ្លះ យល់ឃើញថា កិច្ចព្រមព្រៀងកម្រាស់៦០០ទំព័រ ដែលអឺរ៉ុបនិងរដ្ឋាភិបាសលោកស្រីតេរ៉េហ្សា ម៉េ បានចុះហត្ថលេខា គឺជាការដាក់កំហិតមកលើអង់គ្លេស ទាំងអយុត្តិធម៌។​

ប៉ុន្តែ អ្នករិះគន់ទាំងនោះ ប្រហែលជាមិនបានអាន ឬមិនបានសិក្សាលើកិច្ចព្រមព្រៀងនេះផងទេ។ លោកស្រី Cécile Ducourtieux អ្នកសារព័ត៌មាននៅកាសែត Le Monde បានអះអាងថា កិច្ចព្រមព្រៀងនេះ មានខ្លឹមសារ ដែលសមភាពល្អគួរអាចទទួលយកបាន។ អឺរ៉ុបមិនបានព្យាយាម សងសិក ឬធ្វើបាបអង់គ្លេស ដោយប្រការណាមួយនោះទេ។ តម្លៃទឹកប្រាក់ចាត់ចែង ក្នុងការផ្តាច់ខ្លួន ចំនួន៤ម៉ឺនលានអឺរ៉ូ មិនមែនអឺរ៉ុបអ្នកកំណត់ទេ តែជាការស្រុះស្រួលគ្នា ហើយដែលរដ្ឋាភិបាលអង់គ្លេសខ្លួនឯងបានសុខចិត្តយូរយាមកហើយ។

មួយវិញទៀត កិច្ចព្រមព្រៀងដែលអ្នកខ្លះចាត់ទុកថាអយុត្តិធម៌សម្រាប់អង់គ្លេស គឺតាមពិតទៅជាកិច្ចព្រមព្រៀង ដែលជួយការពារអង់គ្លេសទៅវិញទេ។ ទាក់ទិនបញ្ហាព្រំដែនអៀរឡង់ គឺក៏ព្រោះតែចង់កុំឲ្យមានការដាក់តាំងព្រំដែនរវាងប្រទេសអៀរឡង់ និងដែនដីអៀរឡង់ខាងជើង ទើបអឺរ៉ុបស្នើឲ្យអង់គ្លេស ស្ថិតនៅក្នុងចំណងសហប្រតិបត្តិការគយពន្ធដា ជាមួយអឺរ៉ុប ក្នុងអំឡុងពេលអន្តរកាលសិន។ ធ្វើបែបនេះ ដើម្បីការពារកិច្ចព្រមព្រៀងសន្តិភាព ដែលអង់គ្លេស មានជាមួយអៀរឡង់ ទាក់ទិននឹងដែនដីអៀរឡង់ខាងជើងនេះ។

ក្នុងន័យនេះដែរ បើអង់គ្លេស បន្តនៅក្នុងចំណងសហប្រតិបត្តិការគយពន្ធដារបស់អឺរ៉ុប អង់គ្លេសក៏អាចទទួលបាន​ផលមួយផ្នែកដែរ ក្នុងវិស័យនាំចេញផលិតផលរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសអឺរ៉ុបខ្លះ ដូចជាបារាំងជាដើម មិនទាំងចង់គាំទ្រ ចំណុចនេះផង ដោយគេឡើងថា បើអង់គ្លេសចាកចេញហើយ ហេតុអ្វីបន្តនៅទទួលផលពី ចំណងសហការផ្នែកគយពន្ធដា ?

ទុកមុខរាប់គ្នា

ទោះយ៉ាងណាក៏ដោយ ក្នុងបញ្ហាជម្លោះបែកបាក់នីមួយៗ បើភាគីម្នាក់ ប្រកាន់ចិត្តខ្លាំងក្រេវក្រោធ រឹងរូសរាងខ្លួន នោះគ្មានថ្ងៃដោះស្រាយចេញទេ។ ទះដៃតែម្ខាង ក៏វាមិនឮនោះដែរ។ ពិតមែន ដែលថាថ្នាក់ដឹកនាំនយោបាយអង់គ្លេស មិនបានគិតវែងឆ្ងាយ ប្រកាន់ជំហរយកឈ្នះតែរៀងៗខ្លួន។ ពិតមែនដែលថា អឺរ៉ុបទំនង ជាមានជំហររឹងរូសពេកកន្លងមក។ អឺរ៉ុបមានគោលការណ៍ច្បាស់លាស់ ដែលគោលការណ៍ អាចត្រូវភាគីអង់គ្លេស យល់ថាជាភាពរឹងរូស។

ក៏ប៉ុន្តែ បើយើងនិយាយថាអឺរ៉ុប ចង់ធ្វើបាបសងសិកអង់គ្លេសនោះក៏វាហួសហេតុពេកដែរ។ លោក Michel Barnier តំណាងអឺរ៉ុប នៅក្នុងសំណុំរឿងBrexitនេះ បានអះអាងថា អឺរ៉ុបគ្មានចេតនាអាក្រក់ណាមួយ ទៅលើអង់គ្លេសទេ។ ហេតុផលគ្រាន់តែថា អឺរ៉ុបព្យាយាមការពារប្រទេសសមាជិករបស់អឺរ៉ុប។ ប្រទេសដ៏ទៃដែលមិនមែនជាសមាជិក មិនអាចមានសិទ្ធិដូចប្រទេសសមាជិកបានឡើយ។ នេះជារឿងសាមញ្ញងាយយល់បំផុត។ អង់គ្លេសចាកចេញហើយ អង់គ្លេសមិនអាច បន្តទាមទារសិទ្ធិដូចអ្នកនៅបានទេ។

ឥឡូវពេលនេះ អង្ករក្លាយជាបាយទៅហើយ តើបន្ទោសគ្នាបានផលអ្វីមកវិញ? បើដឹងថា ចាកចេញដោយគ្មានកិច្ចព្រមព្រៀង នឹងខាតបង់ទាំងអស់គ្នា តើហេតុអ្វីមិនផ្តល់ពេលវេលាឱ្យគ្នាបន្តិចទៀតទៅ? ថ្នាក់ដឹកនាំអឺរ៉ុប​ គួរតែបោះដៃ សង្រ្គោះរដ្ឋាភិបាលអង់គ្លេស របស់លោកស្រីតេរ៉េហ្សា ម៉េ ដែលព្យាយាមចាត់ចែង រឿងនេះ យ៉ាងត្រដាបត្រដួស។

ចូរកុំភ្លេចថា ទោះជាចាកចេញពីសហភាពអឺរ៉ុបក្តី អង់គ្លេស នៅតែជាមហាអំណាចមួយដ៏សំខាន់។ អឺរ៉ុប មិនអាចមិនត្រូវការអង់គ្លេសនោះទេ។ ទាំងវិស័យយោធា វិស័យ​ទិន្នន័យស៊ើបការណ៍សំងាត់ ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះ គឺអង់គ្លេសមានតួនាទីសំខាន់ណាស់។ បើទោះជាបែកគ្នា អឺរ៉ុបគួរចៀស​វាងភាពល្អក់កករ ចៀសវាងមើលមុខគ្នាមិនត្រង់ទៅថ្ងៃក្រោយ។ រក្សាមិត្តប្រសើរជាងបង្កើតសត្រូវ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ