អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុង និង​លោក​ពូទីន បង្ហាញ​ភាព​ស្រុះស្រួល​គ្នា ​បើ​ទោះ​បី​ជា​ការពិត​មាន​ការ​ខ្វែង​គំនិត​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិតបីបារាំង កំពុងតែបំពេញទស្សនៈកិច្ច នៅទីក្រុងសាំងប៉េតេសបួរ ​ប្រទេស​រុស្ស៊ី។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ឧសភា​ លោកពូទីន បានទទួល​លោក​​ម៉ាក្រុង ឲ្យចូលជួប។ មេដឹកនាំ​ទាំង២ បាន​និយាយគ្នា អស់​រយៈពេល​៣ម៉ោង លើ​សំណុំរឿង​​ជាច្រើន ដែលបារាំង និងរុស្ស៊ី ត្រូវរួមគ្នាដោះស្រាយ មិនថាសំណុំរឿងសេដកិច្ច សំណុំរឿង​ស៊ីរី ឬ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃទស្សនៈកិច្ចនេះ ដែល​លោក​ម៉ាក្រុង នឹងត្រូវ​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស នៃ​វេទិការ​សេដ្ឋកិច្ច​អន្តរជាតិ ដែល​កំពុង​បើកទ្វារ នៅក្រុង​សាំងប៉េតេសបួរ។

លោក ម៉ាក្រុង ​និង​លោក​ពូទីន ​ក្នុង​ពេល​​ធ្វើ​សន្និសីទ ​នៅក្រុង ​សាំងប៉េតេសបួរ ថ្ងៃទី​​២៤ ឧសភា ​២០១៨
លោក ម៉ាក្រុង ​និង​លោក​ពូទីន ​ក្នុង​ពេល​​ធ្វើ​សន្និសីទ ​នៅក្រុង ​សាំងប៉េតេសបួរ ថ្ងៃទី​​២៤ ឧសភា ​២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

បារាំងនៅតែចង់រកស៊ី ជាមួយរុស្ស៊ី

វត្តមានរបស់លោកម៉ាក្រុង នៅក្នុងវេទិកាសេដ្ឋកិច្ចរុស្ស៊ី ក្រុងសាំងប៉េតេសបួរនេះ គឺមានន័យថា បារាំងចង់រកស៊ី ចង់ធ្វើជំនួញជាមួយរុស្ស៊ីជានិច្ច បើទោះបីជាមានរឿងខ្លះ​មិនត្រូវគ្នា មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅវិញទៅមកក៏ដោយ។ យ៉ាងណាមិញ លោក ម៉ាក្រុង បានថ្លែងថា បើទោះបីជាមានទណ្ឌកម្មសេដ្ឋកិច្ច ដែលបារាំង រួមទាំងប្រទេសអឺរ៉ុបផ្សេងទៀត និងសហរដ្ឋអាមេរិកផងនោះ បានដាក់ទៅលើរុស្ស៊ី ក៏បារាំង​ នៅតែជាដៃគូរដោះដូរពាណិជ្ជកម្ម ម្នាក់ដ៏សំខាន់ សម្រាប់រុស្ស៊ី។

ចំពោះរុស្ស៊ី វិញ ដូចគ្នាដែរ ការមានវត្តមានលោក ម៉ាក្រុង ប្រធានាធិបតីបារាំងទៅចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចនេះ គឺមានន័យថា រុស្ស៊ី នៅតែជាដៃគូរ រកស៊ីជាមួយបារាំង។​ ជាងនេះទៅទៀត បារាំង គឺជាតំណាង ឲ្យក្រុមហ៊ុនធំៗ នៅអឺរ៉ុបមួយភាគធំដែរ។ តាមរយៈវត្តមានរបស់ប្រធានាធិបតីបារាំងនេះ គឺក្រុមហ៊ុនរុស្ស៊ីនៅតែមានសង្ឃឹម ថាអាចបន្តរកស៊ី ជាមួយក្រុមហ៊ុនអឺរ៉ុបខាងលិចបានតទៅទៀត។

បើតាមការគ្រោងទុក ក្នុងឱកាសនេះ មានកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មមិនតិចជាង ២៥ទេ ដែលនឹងត្រូវចុះហត្ថលេខា រវាងក្រុមហ៊ុនបារាំង និងរុស្ស៊ី។ ដូច្នេះ នេះគឺជាពន្លឺសង្ឃឹមមួយ​សម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលកំពុងតែត្រូវការការវិនិយោគ ពីខាងក្រៅឲ្យបានច្រើន។ យើងកុំឃើញថា រុស្ស៊ីជាប្រទេសធំ ជាមហាអំណាចយោធា តែធាតុពិត សេដ្ឋកិច្ចរុស្ស៊ី មានចំណុចខ្សោយច្រើនណាស់។ គំលាតរវាងអ្នកមាននឹងអ្នកក្រ នៅរុស្ស៊ី មានកាន់តែខ្លាំង។ ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ នៅរុស្ស៊ី គឺមានការលំបាកណាស់។ ១៤% នៃប្រជាជនរុស្ស៊ី ទាំងអស់ រស់នៅជាមួយនឹងប្រាក់ចំណូល មិនដល់ ១៥០អឺរ៉ូ ផងទេក្នុងមួយខែ។ ដូច្នេះ លោកពូទីន មិនអាចបណ្តោយឲ្យឱកាសរកស៊ី ជាមួយក្រុមហ៊ុនបារាំងនេះ រំលងបានទេ។

បង្កើតយន្តការ​ផ្តល់ដំណឹង​ឲ្យគ្នា ក្នុង​ដំណើរការ​ចរចាសន្តិភាពស៊ីរី

ជាការពិត មានសំណុំរឿងជាច្រើន ដែលរុស្ស៊ី និងបារាំង មានការខ្វែងគំនិតគ្នា។ លោក ម៉ាក្រុង បានប្រើពាក្យ មិនយល់ចិត្តគ្នា  ជាជាងពាក្យខ្វែងគំនិតគ្នា។ តែយ៉ាងណាក៏ដោយ គឺមានន័យជារួម ថាបារាំង និងរុស្ស៊ី មានគោលគំនិតមិនស្របគ្នា ជាក់ស្តែងក្នុងសំណុំរឿងស៊ីរីនេះតែម្តង។ រុស្ស៊ីការពាររដ្ឋាភិបាលបាឆា អាល់អាសាដ ឯបារាំង ក៏ដូចជាសម្ព័ន្ធមិត្តវិញ ទាមទារឲ្យបាឆា អាល់អាសាដ ចុះចេញ។

ក៏ប៉ុន្តែត្រង់ចំណុចនេះ ឆ្លងកាត់ការប្រជុំអស់រយៈពេល៣ម៉ោង កាលពីថ្ងៃម្សិលមិញ យើងឃើញថា ភាគីទាំង២​មិន​បានលើក​មកនិយាយទេ។ ក៏ប៉ុន្តែ​គេ​ឃើញ​ថា​បារាំង និងរុស្ស៊ី បានព្រមព្រៀងគ្នាលើចំណុចមួយ។ ចំណុចនោះ គឺខាងលោកម៉ាក្រុងជាអ្នកស្នើ ដោយ​សុំឲ្យ​មាន​ការ​ជូនដំណឹងឲ្យគ្នា សហការគ្នា ស្តីពីការ​ចរចា​សន្តិភាព​ពីរ ដាច់​ដោយឡែក។ ការចរចាទីមួយ ដែលគេហៅថាជាការចរចាក្រុងអាស្តាណា ដែល​​មាន​​រុស្ស៊ី​ជា​អ្នក​ផ្តួចផ្តើម ហើយមានអ៊ីរ៉ង់ និងតួកគីចូលរួម។ ចំណែកការចរចាមួយទៀត គឺមានបារាំង ជាអ្នករៀបចំផ្តួចផ្តើម កាលពីខែមេសាកន្លងទៅ ដោយមានអាល្លឺម៉ង់ អង់គ្លេស អាមេរិក  ហ្សកដានី និងអារ៉ាប៊ីសាអូឌីត ចូលរួមដែរ។

កម្មវត្ថុនៃការផ្តល់ដំណឹងឲ្យគ្នា សហការគ្នាស្តីពីដំណើរទៅមុខនៃការចរចា​ទាំង២នេះ គឺបារាំងមានកម្មវត្ថុ ចង់ឲ្យឈានទៅសម្រេចបាន នូវអត្ថបទរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់ប្រទេសស៊ីរី ហើយបន្ទាប់មកទៀត នឹងឈានទៅរៀបចំការបោះឆ្នោត នៅស៊ីរី។ លោក​ពូទីន បានឆ្លើយតបមកវិញថា វិបត្តិស៊ីរី មានភាពស្មុគស្មាញណាស់ ដែលមានតែការដោះស្រាយ​តាម​ផ្លូវនយោបាយមួយគត់ ដែលអាចនាំប្រទេសនេះ ឲ្យមានស្ថិរិភាពយូរអង្វែងបាន។ លោកពូទីនឆ្លៀតបន្ថែមថា ដើម្បីស្វែងរកស្ថិរិភាពនេះ ត្រូវតែគ្រប់ភាគីទាំងអស់​នៅស៊ីរី ចូលតុចរចា ដោយមិនអាចចោលនរណាម្នាក់បានទេ។ ក្នុងនេះ យើងអាចកាត់យល់​បានថា លោក​ពូទីន ចង់សំដៅថា ការចរចាសន្តិភាព ត្រូវតែមានភាគីរដ្ឋាភិបាល​បាឆា អាល់អាសាដ ចូលរួមដែរ។

ក្រៅពីគំរោងសហការគ្នា ក្នុងការចរចាស​ន្តិភាពនេះ បារាំង និងរុស្ស៊ី បានសន្យាសហការគ្នា ក្នុងការរៀបចំកិច្ច​ការងារ​មនុស្សធម៌ ជួយដល់ប្រជាជនស៊ីរី។ តែចំណុចមួយ ដែលលោកពូទីន មិនបានឆ្លើយតបនឹងលោក​ម៉ាក្រុង គឺរឿងបង្កើតយន្តការឯករាជ្យ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការប្រើប្រាស់​អាវុធគីមី នៅស៊ីរី។

អាចចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​បន្ថែម​ជាមួយ​អ៊ីរ៉ង់ តែ​មិន​ត្រូវ​រំខាន​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់

តាំងតែពីដំបូង បារាំងនិងរុស្ស៊ី មានជំហរស្របគ្នា ថាត្រូវតែការពារទប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នេះកុំឲ្យ​រលាយ​ បើទោះបីជាអាមេរិក ​បានដកខ្លួនចេញក៏ដោយ។ តែយ៉ាងណា រឿងនេះ មិនមែនជារឿងស្រួលទេ ព្រោះថា អាមេរិក បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់ និងលើក្រុមហ៊ុនណាទាំងអស់ ដែលហ៊ានរកស៊ីជាមួយអ៊ីរ៉ង់។ ដូច្នេះ​ទោះ​ចង់មិនចង់ បារាំង ក៏ដូចជារុស្ស៊ី​ ត្រូវតែរកវិធី ដើម្បីធ្វើតាមការចង់បាន របស់អាមេរិកខ្លះដែរ។

អញ្ចឹងហើយ បានជាបារាំង អង់គ្លេស និងអាល្លឺម៉ង់ កំពុងព្យាយាមចរចា ជាមួយអ៊ីរ៉ង់ ក្នុងការតាក់តែងកិច្ចព្រមព្រៀងថ្មីមួយបន្ថែមទៀត។ ចំពោះមុខអ្នកកាសែត លោកម៉ាក្រុង បាននិយាយថា​ ត្រូវបន្តអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅក្រុងវីយ៉ែន កាលពីឆ្នាំ២០១៥មែនហើយ តែវាក៏ជាការចាំបាច់ដែរ ដែលត្រូវតែចរចាជាមួយអ៊ីរ៉ង់ ដើម្បីឈានទៅតាក់តែង កិច្ចព្រមព្រៀងថ្មីមួយបន្ថែមទៀត។ កិច្ចព្រមព្រៀងថ្មីបន្ថែមនេះ ត្រូវកំណត់អំពីកម្មវិធីកាំជ្រួចបាលីស្ទីករបស់អ៊ីរ៉ង់ ការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ចាប់ពីឆ្នាំ២០២៥ទៅ ព្រមទាំងមហិច្ឆិតាក្នុងតំបន់របស់អ៊ីរ៉ង់។ លោកពូទីន បានឆ្លើយមកវិញថា យើងអាចជជែកគ្នា ពីបញ្ហាទាំងនេះបាន​ តែសូមកុំឲ្យការជជែកចរចានេះ ប៉ះពាល់រំខានដល់ការអនុវត្តកិច្ចព្រមព្រៀងដែលមានជាធរមានស្រាប់ឲ្យសោះ។

និយាយតែរឿងត្រូវគ្នា រឿងមិនត្រូវគ្នាទុកមួយអន្លើ

បើមើលពីខាងក្រៅ លោកពូទីន និងលោកម៉ាក្រុង មានជំហរត្រូវរ៉ូវគ្នាច្រើន។ តែធាតុពិត វាគឺជារបៀបធ្វើការបែបការទូតទាំងស្រុង ដែលគេលើកឡើង តែបញ្ហាណា ដែលគេគិត​ថាអាចត្រូវគ្នា ចំណែករឿងឈ្លោះគ្នា រឿងមិនត្រូវគ្នា គេទុកមួយអន្លើ។ ជាក់ស្តែង ក្នុងសំណុំរឿងស៊ីរី ទាក់ទិននឹងការដែលទាហានបារាំង រួមគ្នាជាមួយអាមេរិក បាញ់មីស៊ីល កំទេច​មូលដ្ឋានស្តុកនិងផលិត​អាវុធគីមី ​របស់ស៊ីរីនោះ គឺលោកម៉ាក្រុង មិននិងលោក​ពូទីន មិនបានលើកមកនិយាយគ្នាទេ។

ដូចគ្នាដែរ សំណុំរឿងវិបត្តិការទូត ក្រោយពេលមានអំពើប៉ុនប៉ងធ្វើអត្តឃាតលើអតីតគេញសំងាត់រុស្ស៊ី ព្រមទាំងកូនស្រី នៅលើទឹកដីអង់គ្លេសនោះ ក៏គេមិនលើកមកនិយាយដែរ។ ទាក់ទិននឹងសំណុរឿងវិបត្តិការទូតរវាងអង់គ្លេស និងរុស្ស៊ីនេះ អង់គ្លេសបានសម្រេច​ មិនបញ្ជូនគណប្រតិភូកីឡាបាល់ទាត់ ឲ្យចូលរួមក្នុងការប្រកួង World Cup នៅ​រុស្ស៊ី នាខែមិថុនាខាងមុខនេះទេ។ បារាំង ក៏បានចូលរួមថ្កោលទោសរុស្ស៊ី ដែរ។ តែផ្ទុយទៅវិញ កាលពីថ្ងៃម្សិសមិញ លោកម៉ាក្រុង​បានអះអាងថា បើក្រុមជំរើសជាតិបារាំង ឈ្នះការជំរុះ នោះក្រុមជំរើសជាតិបារាំង នឹងចូលរួមប្រកួតនៅWorld Cup។

តែយ៉ាងណាក៏ដោយ ក្នុងឱកាសទស្សនៈកិច្ច២ថ្ងៃនេះ លោកម៉ាក្រុង ក៏បានឆ្លៀតទៅជួប តំណាងអង្គការ Mémorial ដែលជាអង្គការប្រយុទ្ធទាមទារ ការគោរពសិទ្ធិមនុស្សដំបូងគេបង្អស់នៅរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនៅចំពោះមុខអ្នកកាសែត លោកម៉ាក្រុងបានទាំងឆ្លៀត ​និយាយលេងសើចបែបបញ្ឆិតបញ្ឆៀងដាក់​លោកពូទីនទៀតផង ថា អ្នកកាសែត ពិតជាសួររឿងសិទ្ធិមនុស្ស និងរឿងរសើបផ្សេងទៀតពិតមែន បើទោះបីលោកខំគេចមិននិយាយក៏ដោយ។

ជារួម យើងឃើញថា ប្រធានាធិបតីបារាំង និងរុស្ស៊ី ហាក់កំពុងតែសម្តែងឲ្យគេឃើញថា មហាអំណាចទាំង២នេះ ចាត់ចែងការងារ យកប្រយោជន៍រួមជាធំ អ្វីដែលអាចដើរទៅមុខបាន គឺដើរទៅសិន ដោយទុកចំណុចរសើបៗ មួយអន្លើសិន។ លោកម៉ាក្រុង មានបំណង​យកចិត្ត​លោកពូទីន ច្រើន បើទោះបីម្តងម្កាល គាត់បានព្យាយាម បង្ហាញសញ្ញាថា គាត់មិនធ្មេចភ្នែកលើបញ្ហាខ្លះៗ ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ