អានតួអត្ថបទ

ឯកសារបែកធ្លាយថា គ្រឿង​សព្វាវុធ​ផលិត​នៅ​បារាំង ត្រូវ​គេ​យក​ទៅធ្វើ​សង្រ្គាម​នៅ​យេម៉ែន

យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន Disclose របស់បារាំង បានឲ្យដឹងថា គ្រឿងសព្វាវុធផលិត​ដោយប្រទេសបារាំង ត្រូវបានគេយកទៅប្រើប្រាស់ ក្នុងការធ្វើសង្រ្គាម នៅប្រទេសយេម៉ែន។ ការចុះផ្សាយនេះ គឺបានអះអាងថា បានប្រភពពីឯកសារសំងាត់នៃក្រុមចារកិច្ចកងទ័ពបារាំង ដែលបានបែកធ្លាយ។ ដោយឡែក រដ្ឋាភិបាលបារាំង តែងតែអះអាងជានិច្ច ថា គ្រឿងសព្វាវុធ ដែលបារាំង បានលក់ទៅឲ្យប្រទេសសម្ព័ន្ធមិត្ត ដូចជាអារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់ អារ៉ាប់រួម គឺត្រូវបានគេយកទៅប្រើ ក្នុងក្របខណ្ឌនៃប្រតិបត្តិការការពារខ្លួនប៉ុណ្ណោះ។

យោងតាមតួលេខអង្គការសហប្រជាជាតិ​​ សង្រ្គាមយេម៉ែន បានផ្តាច់ជីវិតជនស្លូត​ត្រង់​​យ៉ាង​ហោច​ ​១ម៉ឺននាក់ គិត​ចាប់ពី​ឆ្នាំ​​២០១៥ នៅ​​ពេល​​អារ៉ាប៊ីសាអូឌីត ចូល​​ធ្វើ​​អន្តរាគមន៍
យោងតាមតួលេខអង្គការសហប្រជាជាតិ​​ សង្រ្គាមយេម៉ែន បានផ្តាច់ជីវិតជនស្លូត​ត្រង់​​យ៉ាង​ហោច​ ​១ម៉ឺននាក់ គិត​ចាប់ពី​ឆ្នាំ​​២០១៥ នៅ​​ពេល​​អារ៉ាប៊ីសាអូឌីត ចូល​​ធ្វើ​​អន្តរាគមន៍ BSS/AFP
ផ្សាយពាណិជ្ជកម្ម

យោងតាមឯកសារសំងាត់មួយ របស់នាយកដ្ឋានស៊ើបការណ៍កងទ័ពបារាំង (DRM) ដែលឯកសារនោះ បានប្រគល់ជូនទៅរដ្ឋាភិបាលបារាំង កាលពីខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា គ្រឿងសព្វាវុធ ដែលបារាំងបានលក់ ទៅឲ្យអារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់អារ៉ាប់រួម គឺត្រូវបានប្រទេសទាំង២នេះ យកទៅប្រើ ដើម្បីធ្វើសង្រ្គាមនៅយេម៉ែន។ នេះបើតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន Disclose នៅថ្ងៃចន្ទ ទី១៥មេសា។

យោងតាមឯកសារសំងាត់ខាងលើ បានឲ្យដឹងលំអិតថា កាណុងកាំភ្លើងធំចំនួន​៤៨គ្រឿង ផលិតដោយក្រុមហ៊ុន Nexter របស់បារាំង ត្រូវបានកងទ័ពអារ៉ាប៊ីសាអូឌីត យក​ទៅ​ដាក់ពង្រាយនៅតាមបណ្តោយព្រំដែន  ដើម្បីបាញ់ផ្លោងគ្រាប់ចូលទៅទឹកដី​យេម៉ែន ជួយដល់កងទ័ពដែលគាំទ្ររដ្ឋាភិបាលយេម៉ែន ហើយដែល​មាន​កងទ័ពអារ៉ាប៊ីសាអូឌីត ជាបង្អែក។ ឯកសារលំអិតថា ប្រជាជនយេម៉ែនស្លូតត្រង់ ប្រមាណ​ជាង​៤៣ម៉ឺននាក់ អាចក្លាយជាជនរងគ្រោះ នៃគ្រាប់កាំផ្លើងធំបាញ់ចេញពីកាណុងកាំភ្លើង ផលិតផល​របស់​បារាំង។

នៅលើសមរភូមិវិញ រថពាសដែលបារាំង ជាច្រើនគ្រឿង ត្រូវបានគេយកទៅប្រើ ដើម្បីរំកិលទៅមុខ។ ជាក់ស្តែង យោងតាមការអះអាងរបស់អង្គការ Acled គឺរថពាសដែកបារាំង ដែលត្រូវបានក្រុមកងទ័ពគាទ្ររដ្ឋាភិបាលយេម៉ែន យកទៅប្រើក្នុងសមរភូមិ Al Hodeïda ហើយដែលបានផ្តាច់ជីវិតជនស៊ីវីលយេម៉ែន៥៥នាក់ កាលពីខែវិច្ឆិកា ២០១៨។ នៅលើអាកាសវិញ យន្តហោះចម្បាំងបារាំង ប្រភេទ Mirage 2000-9 បាននឹងកំពុង​ហោះហើរ​យ៉ាង​សកម្ម នៅលើមេឃសមរភូមិយេម៉ែន។ ហើយបើនៅក្នុងសមុទ្រវិញ នាវាចម្បាំង​ផលិតនៅបារាំង យ៉ាងហោចណាស់២គ្រឿង ត្រូវបានគេប្រើ ដើម្បីរារាំងបិទផ្លូវ ចេញចូល ការដឹកជញ្ជូនស្បៀងនឹងទំនិញរបស់ប្រជាជនយេម៉ែន។

គួរកត់សំគាល់ថា ក្រោយការបែកធ្លាយឯកសារសំងាត់នេះ​ រដ្ឋាភិបាលបារាំង និងតែបន្តអះអាងថា “យោងតាមព័ត៌មានដែលគេមាន គឺគ្រឿងសព្វាវុធបារាំង ត្រូវបានគេយកទៅប្រើ តែក្នុងប្រតិបត្តិការណ៍ការពារខ្លួន របស់អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់ អារ៉ាប់រួមតែប៉ុណ្ណោះ ហើយក៏គេពុំបានដំណឹងអំពីប្រជាជនស្លូតត្រង់ណាម្នាក់ ស្លាប់ដោយសារគ្រឿងសព្វាវុធបារាំងឡើយ”។

គួររំលឹកថា សំណុំរឿងលក់គ្រឿងសព្វាវុធ​ ទៅឲ្យប្រទេសមួយចំនួននៅតំបន់ដើមបូព៌ានេះ ត្រូវបានអង្គការ​ក្រៅរដ្ឋាភិបាល លើកឡើងមកបរិហាររដ្ឋាភិបាលបារាំងជារឿយៗ។ មតិរិះគន់ បានទាមទារឲ្យរដ្ឋាភិបាលបារាំង ​ត្រូវតែមានតម្លាភាព ហើយធានាឲ្យបាន ថាខ្លួនមិនលក់គ្រឿងសព្វាវុធ ឲ្យទៅប្រទេសផ្សេង ដែល​យកទៅធ្វើសង្រ្គាម សម្លាប់ជីវិតប្រជាជនស្លូតត្រង់ ជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ